លោក អ៊ុក ឆន អាយុ ៦០ឆ្នាំ ជាកសិករនៅខេត្តសៀមរាប កំពុងប្រឈមនឹងគ្រោះមហន្តរាយក្នុងរដូវដាំដុះនេះ។ មិនត្រឹមតែទឹកជន់លិចពូជស្រូវដែលបានព្រោះហើយអស់នោះទេ ប៉ុន្តែភ្លៀងខ្លាំងធ្លាក់មកជាបន្តបន្ទាប់ និងតម្លៃជីហក់ឡើងថ្លៃខ្ពស់ រឹតតែធ្វើឱ្យលោក ឆន ប្រឈមនឹងបញ្ហាថែមទៀត។
លោក ឆន ដែលរស់នៅភូមិកំពង់ត្រយ៉ង ស្រុកពួក បានមានប្រសាសន៍ថា ភ្លៀងធ្លាក់មកលឿនដោយមិននឹកស្មានដល់នៅឆ្នាំនេះ។ លោកបន្ថែមថាដោយសារឆ្នាំមុនទិន្នផលស្រូវទទួលបានមិនគ្រប់គ្រាន់ផងនោះ ធ្វើឱ្យលោកខ្វះពូជក្នុងការសាបព្រោះ។
លោកបានបន្តថា៖ «ខ្ញុំមានដីស្រែ ៣ហិកតា ហើយខ្ញុំបានព្រោះរួចរាល់ហើយកាលពីខែឧសភា ប៉ុន្តែវាខូចអស់ជាងមួយហិកតាដោយសារទឹកជន់លិច»។ លោកបានឱ្យដឹងថាលោកគ្មានលទ្ធភាពព្រោះម្តងទៀតទេ។
លោកបាននិយាយថា លោកបានបាចជីលើស្រូវរបស់លោករួចហើយ ដែលជីមានតម្លៃរហូតដល់ទៅ ២៥០ ០០០ រៀល (ប្រហែល ៦១ ដុល្លារ) ក្នុងមួយបាវ។ នៅទូទាំងពិភពលោក តម្លៃជីក៏ឡើងថ្លៃផងដែរ ដោយសារតែការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ដែលជាប្រទេសមួយក្នុងចំណោមប្រទេសនាំចេញទំនិញដ៏ធំបំផុតរបស់ពិភពលោក។
លោក ឆន បានបន្ថែមថា ទោះបីជាកសិករធ្លាប់ជជែកជាមួយអាជ្ញាធរមូលដ្ឋានពីបញ្ហាទឹកជំនន់ដែលប៉ះពាល់ដល់ផលដំណាំរបស់ពួកគេហើយក៏ដោយ ប៉ុន្តែលោកពុំទាន់ឃើញអាជ្ញាធរចាត់វិធានការណាមួយដើម្បីជួយអ្នកភូមិនៅឡើយទេ។
ក្នុងខែនេះ ក្រសួងកសិកម្មបានព្រមានថារដូវវស្សាឆ្នាំនេះនឹងមានភ្លៀងធ្លាក់ច្រើនដែលធ្វើឱ្យប៉ះពាល់ដល់ការដាំដុះស្រូវ ជាពិសេសនៅតំបន់ទំនាបកណ្តាល ដែលកសិករបានសាបព្រោះស្រូវមុនកាលកំណត់។
លោក អែម រាត្រី កសិករ វ័យ ២៦ឆ្នាំ នៅភូមិជ្រាស់ ស្រុកពួក ក៏មានបញ្ហាស្រដៀងគ្នានឹងលោក ឆន ដែរ។
លោកបានប្រាប់ថា៖ «ឆ្នាំមុន មានការយឺតយ៉ាវ [នៅក្នុងការធ្វើស្រែចម្ការ] ពីព្រោះអ្នកភូមិបានព្រោះស្រូវហើយ ប៉ុន្តែគ្មានភ្លៀងធ្លាក់សោះ។ តែឆ្នាំនេះលោកថាផ្ទុយស្រលះពីឆ្នាំមុនដោយសារមានទឹកច្រើន ដែលធ្វើកសិករមិនអាចសាបព្រោះបាន»។
លោក រាត្រី បានព្រោះស្រូវក្នុងស្រែរបស់លោកកាលពីចុងខែមេសា ប៉ុន្តែវាត្រូវបានបំផ្លាញទាំងស្រុងដោយសារតែភ្លៀង។ ប៉ុន្តែលោកថាលោកនឹងព្រោះម្តងទៀត ដែលវាត្រូវចំណាយយ៉ាងច្រើន។
លោកបានបន្ថែមថា៖ «វាក៏ពិបាកដែរ ព្រោះថ្លៃជីខ្ពស់ហើយជួលត្រាក់ទ័រភ្ជួររាស់ក៏ថ្លៃ»។
កសិករម្នាក់ទៀតឈ្មោះ ភូង សិទ្ធ អាយុ ៤៣ឆ្នាំ រស់នៅស្រុកជីក្រែង ខេត្តសៀមរាប បានប្រាប់ខេមបូចាថា លោកនិងអ្នកភូមិដទៃទៀតមិនទាន់បានដាំដុះស្រូវនៅឡើយទេ ដោយសារទឹកជំនន់។
លោកបានបន្តថា៖«ខ្ញុំមិនដឹងថាតើខ្ញុំអាចព្រោះបាននៅដើមខែកក្កដា ឬចុងខែកក្កដានោះទេ។ កាលពីឆ្នាំមុនខ្ញុំធ្វើរួចហើយដល់ខែនេះនោះ»។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប មានប្រសាសន៍ថា លោកបានចុះពិនិត្យទីតាំងជន់លិចរួចហើយ ដោយថាតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺ ឃុំក្តីរុន ស្រុកពួក។
លោក គឹមសុទ្ធ មានប្រសាសន៍ថា៖ «នៅក្នុងឃុំក្ដីរុន គឺលិច និងខូចខាតទាំងស្រុងអស់ប្រហែលជាង ១៣០ ហិកតាទេ។ ក្រៅពីហ្នឹង លិចហើយ ក៏ទឹកស្រកទៅវិញ ហើយកន្លែងដែលទីទួលមួយចំនួន [ស្រូវ] ក៏អាចរស់ឡើងវិញបាន។»។
ទោះយ៉ាងណាក៏ដោយ លោកថាកសិករនៅតំបន់ខ្លះនឹងភ្ជួរហើយព្រោះម្តងទៀត។
លោក គឹមសុទ្ធ បានបន្ថែមថា៖ «មកទល់ពេលនេះ ប្រជាពលរដ្ឋប្រមាណ តែ២០% ប៉ុណ្ណោះដែលបានដាំដុះស្រូវរួចរាល់ បើធៀបនឹងឆ្នាំមុន កសិករនៅសៀមរាបនេះ ៦០% ទៅ ៧០% បានព្រោះហើយ»។
លោកថា ជារៀងរាល់ឆ្នាំ អាជ្ញាធរជួយផ្តល់ពូជស្រូវដល់កសិករក្នុងខេត្ត ប៉ុន្តែឆ្នាំនេះមានភាពយឺតយ៉ាវជាងឆ្នាំមុន។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានមានប្រសាសន៍ថា មានតែខេត្ត៤ប៉ុណ្ណោះដែលបានបង្កបង្កើនផលលឿនជាងឆ្នាំមុន ដែលខេត្តទាំងនោះរួមមានរតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង។ ដោយឡែកខេត្តជាង២០ផ្សេងទៀត ការដាំដុះមានភាពយឺតយ៉ាវព្រោះមិនមានរដូវប្រាំងនៅឆ្នាំនេះ ហើយទឹកជំនន់បានធ្វើឱ្យកសិករមិនអាចភ្ជួររាស់បាន។
លោកបានបន្តថា៖ «ពួកគាត់ [កសិករ] ប្រញាប់ប្រញាល់ចាប់ផ្តើមភ្ជួររាស់និងសាបព្រោះជាបន្តបន្ទាប់ហើយ»។
លោកបានបន្ថែមថា៖ «ក្រសួងក៏បានស្នើសុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីដាក់សំណើទៅគណៈកម្មការស្ដីពីការត្រៀមស្បៀងបំរុង ដែលដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ»។
លោកក៏បានត្អូញត្អែរផងដែរពីនិតិវិធីផ្តល់ជំនួយបន្ទាន់ដល់កសិករ ព្រោះពីមុនក្រសួងរបស់លោកអាចចែកចាយគ្រាប់ពូជដោយផ្ទាល់ដល់កសិករ ប៉ុន្តែពេលបច្ចុប្បន្នដំណើរការនេះត្រូវឆ្លងកាត់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកបានថ្លែងថា៖ «ទោះបីជាខ្ញុំទៅដល់ទីណា ក៏ដោយខ្ញុំមិនអាចយកគ្រាប់ពូជចែកបានទេ។ វាទាមទារឱ្យពួកគាត់[កសិករ] រៀបចំសំណើទៅក្រសួងហិរញ្ញវត្ថុដើម្បីផ្តល់គ្រាប់ពូជឱ្យប្រជាជន»។ លោកបានបន្ថែមថាដំណើរនេះប្រហែលជាត្រូវចាយពេលវេលាខ្លះ។
ប៉ុន្តែ លោក សាន ស៊ីណា មន្ត្រីបច្ចេកទេសនៃលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា ក្រសួងកំពុងដោះស្រាយបញ្ហានេះ។
លោកបានប្រាប់ថា៖ «ក្រុមការងារលេខាធិការដ្ឋានកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ…ដើម្បីពិនិត្យមើលកសិករឲ្យស្របទៅនឹងលក្ខណៈវិនិច្ឆ័យដែលមានសិទ្ធិទទួលគ្រាប់ពូជស្រូវ»។
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានពន្យល់ថាបម្រែបម្រួលអាកាសធាតុជាដើមចមនៃបញ្ហាទាំងនេះ។
លោកបានបន្តថា៖ «ទោះបីជារដូវវស្សាចាប់ផ្ដើមនៅលឿននៅឆ្នាំនេះក៏ដោយ ប៉ុន្តែអ្វីដែលយើងព្រួយបារម្ភគឺនៅចុងឆ្នាំនេះនឹងមិនមានភ្លៀងធ្លាក់។ វានឹងបណ្តាលឱ្យការធ្វើកសិកម្មប្រជាពលរដ្ឋប្រឈមនឹងការខ្វះខាតទឹក និងខូចខាតដំណាំ»។
លោកបានបន្ថែមថា វាពិបាកសម្រាប់ប្រជាជនក្នុងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ហើយលោកបានអំពាវនាវឱ្យរដ្ឋាភិបាលផ្សព្វផ្សាយការអប់រំទៅដល់ពលរដ្ឋអំពីការរៀបចំ និងឆ្លើយតបទៅនឹងវិបត្តិដូចជាគ្រោះរាំងស្ងួត និងទឹកជំនន់ជាដើម។
លោកបានលើកឡើថា៖ «ក្រសួង និងអាជ្ញាធរត្រូវចាត់វិធានការដោយស្រាវជ្រាវថាតើពូជដំណាំណាដែលក្នុងរយៈពេលខ្លីអាចជួយប្រជាជនប្រមូលផលបានលឿន ហើយថាតើគ្រាប់ពូជហ្នឹងធន់នឹងអាកាសធាតុដែរឬអត់ ទើបកសិករអាចប្រើប្រាស់បាន ទោះបីជាអាកាសធាតុប្រែប្រួលក៏ដោយ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Early rainy season, floods delay rice planting season