កម្មវិធីបណ្តុះបណ្តាលនិងវិនិយោគសម្រាប់សហគ្រិនស្រ្តីនឹងដាក់គោលដៅជួយដល់ស្រ្តីអ្នកលក់ដូរតាមដងផ្លូវដែលកំពុងតស៊ូរកប្រាក់ចិញ្ចឹមក្រពះ អំឡុងពេលមានការរីករាលដាលនៃជំងឺរាតត្បាតសកល។
អង្គការចំនួនប្រាំ រួមទាំងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍ (USAID) បានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍មុនថាពួកគេនឹងផ្តល់មូលនិធិដើម្បីគាំទ្រអាជីវកម្មខ្នាតតូចតាមដងផ្លូវ។ មូលនិធិនេះ ដាក់គោលដៅជួយដល់ស្ត្រីជាអាជីវករលក់ដូរតាមដងផ្លូវសរុបចំនួន១២០នាក់ ដែលក្នុងនោះ ៣៩នាក់ក្នុងរាជធានីភ្នំពេញ និង៨១នាក់ទៀតក្នុងខេត្តបាត់ដំបង សៀមរាប និង ព្រះសីហនុ។ សិក្ខាកាមជាស្ត្រីម្នាក់ៗនឹងទទួលបានប្រាក់៣០០ដុល្លារ ពេលបញ្ចប់វគ្គបណ្តុះបណ្តាលគ្រប់គ្រងអាជីវកម្មខ្នាតតូចពីអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក។
វគ្គបណ្តុះបណ្តាល នឹងត្រូវបានអនុវត្តដោយវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) អង្គការសម្ព័ន្ធភាពដៃគូ ដើម្បីអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ (CPDD) និងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA)។
សេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិលទាំង៥នោះ លើកឡើងថា៖ «ទោះបីជាវិស័យក្រៅប្រព័ន្ធនេះ បានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបង្កើតការងារក៏ដោយ ក៏ស្ត្រីអ្នកលក់ដូរតាមដងផ្លូវមិនត្រូវបានការពារដោយច្បាប់នោះទេ»។ សេចក្តីថ្លែងការណ៍ដដែលក៏បានឱ្យដឹងផងដែរថាអ្នកលក់ដូរតាមដងផ្លូវទាំងនោះក៏មិនត្រូវបានបញ្ចូលក្នុងការទទួលបាននូវសេវាសង្គម ហើយជួនកាលពួកគេអាចត្រូវបានរំលោភបំពានសិទ្ធិ ដោយអាជ្ញាធរមូលដ្ឋានទៀតផង។
អ្នកស្រី សោម មាលា វ័យ៣៥ឆ្នាំ ជាអ្នកនំបុ័ងនៅកែងផ្លូវបឹងកេងកង២ក្នុងរាជធានីភ្នំពេញ។ អ្នកស្រីត្រៀមខ្លូនដើម្បីចូលរួមក្នុងកម្មវិធីជួយដល់ស្រ្តីជាអ្នកលក់ដូរតាមផ្លូវ ហើយអ្នកស្រីនិយាយថាពេលនេះវាកាន់តែលំបាកឡើងៗសម្រាប់អ្នកស្រីក្នុងការរកប្រាក់ចិញ្ចឹមជីវិត បើទោះពីជាការរឹតបន្តឹងដោយសារជំងឺកូវីដ-១៩ បានបន្ធូរបន្ថយក៏ដោយ។
អ្នកស្រី មាលា បានប្រាប់ថា៖«ខ្ញុំត្រូវបង់ថ្លៃភ្លើង អាហារប្រចាំថ្ងៃសម្រាប់ចិញ្ចឹមកូនខ្ញុំ ហើយត្រូវសងប្រាក់ខ្ចី៣៥០០ដុល្លា ដែលខ្ចីគេទិញTuk Tuk ឱ្យប្តីខ្ញុំរត់ ដោយការប្រាក់មាន១៥០ដុល្លាក្នុងមួយខែ»។
អ្នកស្រី បាននិយាយបន្តថាអំឡុងពេលមានជំងឺរាតត្បាតសកល ស្វាមីរបស់គាត់ មិនអាចបើកកង់បីបានទេ ដែលមានន័យថាគ្រួសារអ្នកស្រីពឹងផ្អែកទាំងស្រុងលើចំណូលរបស់អ្នកស្រី។
អ្នកស្រី មាលា បានប្រាប់ថា៖ «មុនពេលកូវីដ១៩ ខ្ញុំរកបាន២០ដុល្លាក្នុងមួយថ្ងៃ ប៉ុន្តែពេលនេះបានតែ៥ទៅ១០ដុល្លាប៉ុណ្ណោះ»។
អ្នកស្រី មាលា បានបន្ថែមថា៖ «សន្តិសុខ ក៏បានហាមយើងមិនឱ្យលក់ [តាមដងផ្លូវ] ព្រោះ [ពួកគេនិយាយថាវាបណ្តាលឱ្យ] ខូចសណ្តាប់ធ្នាប់ និងធ្វើឱ្យស្ទះចរាចរណ៍។ គេមកពីរដងក្នុងមួយថ្ងៃដើម្បីដេញយើងចេញ អ៊ីចឹងខ្ញុំត្រូវបើកទៅកន្លែងផ្សេង ហើយបន្ទាប់មកត្រលប់មកលក់ធម្មតាវិញ»។
យោងតាមរបាយការណ៍ស្ទង់មតិរបស់អង្គការអុកស្វាម (Oxfam)ក្នុងឆ្នាំ២០១៩ នៅប្រទេសកម្ពុជាមានអាជីកម្មឬអ្នកលក់ដូរតាមដងផ្លូវចំនួន១ ៦៧៣ ៣៩០នាក់ ដែលមានប្រមាណជា១០ភាគរយនៃចំនួនប្រជាជនសរុប។ ក្នុងចំណោមនោះមានអ្នកលក់ដូរចំនួន១៦ ៤១៩នាក់ ធ្វើការរកស៊ីនៅរាជធានីភ្នំពេញ ហើយ៧៥ភាគរយជាស្រ្តី។
ការស្ទង់មតិនេះ ក៏បានបង្ហាញពីបញ្ហាប្រឈមរបស់អ្នកលក់ដូរតាមដងផ្លូវ មុនការផ្ទុះឡើងនៃជំងឺរាតត្បាតសកលទៅទៀត ដែលបញ្ហាទាំងនោះរួមមានប្រាក់ចំណូលទាប និងការចំណាយក្នុងការរស់នៅប្រចាំថ្ងៃខ្ពស់ជាដើម។
កញ្ញា យុគ ស្រីនិត វ័យ២៦ឆ្នាំ ជាអ្នកធ្វើក្រចកនៅជិតផ្សារអូរឬស្សី ហើយនឹងចូលរួមក្នុងកម្មវិធីសហគ្រិនភាពនេះដែរ។ ស្រីនិត បានប្រាប់ថាតាំងពីមានជំងឺរាតត្បាត អតិថិជនរបស់កញ្ញាខ្លាចមិនហ៊ានមកកន្លែងធ្វើក្រចករបស់គាត់នោះទេ។
កញ្ញា បានបន្តថាគាត់បានជួលទីតាំងមួយតម្លៃប្រមាណ១០០ដុល្លាក្នុងមួយខែ។ កញ្ញាអាចរកប្រាក់បានប្រមាណពី១ដុល្លាទៅ៣ដុល្លាក្នុងមួយថ្ងៃ ប៉ុន្តែថ្ងៃខ្លះកញ្ញារកមិនបានសោះ។
កញ្ញា ស្រីនិត បាននិយាយទៅកាន់អ្នកសារព័ត៌មានថា៖ «ដូចឃើញចឹង ឥឡូវម៉ោង១១ហើយ គ្មានម៉ូយមកម្នាក់សោះ»។
ដោយសារតែខ្សត់ភ្ញៀវ ស្រីនិត បាននិយាយទាំងទឹកភ្នែកថាវាជាការលំបាកសម្រាប់កញ្ញា ដើម្បីរកប្រាក់ផ្គត់ផ្គង់ម្តាយជរារបស់ខ្លួន។
កញ្ញា បានប្រាប់បន្តថា៖ «ប្រសិនបើខ្ញុំសន្សំលុយបង់ថ្លៃជួលកន្លែងនៅមុខហាងម៉ូតូហ្នឹងមិនគ្រប់ទេ គេនឹងឈប់ជួលឱ្យខ្ញុំ។អ៊ីចឹងហើយខ្ញុំចេះតែអង្គុយហើយចាំមើលម៉ូយពីមួយថ្ងៃទៅមួយថ្ងៃ ហើយខ្ចីលុយពីគេទៀត»។
កញ្ញា និយាយថាសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បានជួយគាត់ពីរបីដងរួចហើយ ក៏ដូចជាបានជួយគិតពីបញ្ហាអាជីវកម្មរបស់កញ្ញា ក្នុងអំឡុងពេលវិបត្តិកូវីដ១៩ផងដែរ។ ជាផ្នែកមួយក្នុងកម្មវិធីថ្មី IDEA បានសន្យាផ្តល់ប្រាក់៣០០ដុល្លាដល់កញ្ញាដើម្បីដំណើរការនិងពង្រីកអាជីវកម្មរបស់ខ្លួន។
លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បាននិយាយថាអ្នកលក់ដូរតាមដងផ្លូវដែលជាស្រ្តី មិនមានការគាំទ្រផ្លូវច្បាប់ពីរដ្ឋាភិបាលនោះទេ។
លោក បានលើកឡើងថា៖ «រដ្ឋាភិបាលមិនបានផ្តល់តម្លៃឱ្យពួកគាត់ទេ ឬក៏មិនមានការគាំទ្រផ្នែកច្បាប់សម្រាប់ពួកគាត់ទេ។ ជាជាងដេញគាត់ឱ្យទៅលក់ពីកន្លែងមួយទៅកន្លែងមួយ ហេតុអ្វីមិនផ្តល់ឱ្យពួកគាត់ទីតាំងជាក់លាក់មួយសម្រាប់លក់ដូរឱ្យបានស្រួលទៅ»។
លោក ពៅ បានបន្តថាអ្នកលក់ដូរតាមដងផ្លូវត្រូវបានហាមឃាត់មិនឱ្យលក់នៅតំបន់សេដ្ឋកិច្ចពិសេស។ បើតាមលោក ពៅ នៅខេត្តព្រះសីហនុ អ្នកលក់ដូរតាមផ្លូវត្រូវបានគេទុកដូចជាចោរដែលត្រូវវេចអីវ៉ាន់ហើយរត់គេចពីនគរបាល។
លោក បានបន្តទៀតថា៖ «វាជាការរើសអើង [ប្រឆាំងពួកគាត់]។ ចុះអ្នកមានដែលអាចបើកភោជនីយដ្ឋាន និងសណ្ឋាគារ?គ្មាននរណារើសអើងទេ» ហើយលោកបានថ្កោលទោសដល់អាជ្ញាធរ ដែលកេងប្រវ័ញ្ចអ្នកលក់ដូរតាមដងផ្លូវដោយឱ្យពួកគេ«បង់ប្រាក់ថ្លៃសន្តិសុខ» ជាថ្នូរនឹងការបានលក់ដូរ។
លោក បានបន្ថែមទៀតថាកម្មវិធីសហគ្រិនភាពថ្មីនេះនឹងផ្តល់ការបណ្តុះបណ្តាល ក្នុងការគ្រប់គ្រងអាជីវកម្មតាមបែបឌីជីថលសម្រាប់អាជីវកម្មខ្នាតតូច ដែលក្នុងនោះរួមមានការតាមដានកត់ត្រា និងធ្វើរបាយការណ៍ហិរញ្ញវត្ថុផងដែរ។ ក្រៅពីថវិការចំនួន៣០០សម្រាប់អាជីករម្នាក់ៗ សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសបន្ថែម ក៏ដូចជាបញ្ចូលជាសមាជិកភាពក្នុងសមាគមរបស់ខ្លួន។
ក្រៅពីការជួយពីសង្គមស៊ីវិល លោក ពៅ ក៏បានអំពាវនាវឱ្យរដ្ឋាភិបាលរៀបចំការពារផ្នែកផ្លូវច្បាប់ សម្រាប់អ្នកលក់ដូរតាមដងផ្លូវ ដើម្បីជួយពួកគេទទួលបានការគាំទ្របន្ថែម។
លោក តូច ចាន់នី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសនៃក្រសួងសង្គមកិច្ច មានប្រសាសន៍ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានភារកិច្ចចម្បងក្នុងការជួយដល់អ្នករកស៊ីក្រៅប្រព័ន្ធ។
លោក បាននិយាយថា៖« ខ្ញុំគិតថាវាជាគម្រោងល្អ ប្រសិនបើពួកគេពិតជាចង់ជួយអ្នកក្រមែន» ប៉ុន្តែគាត់ហាក់ដូចជាមានមន្ទិលដោយសារតែមានការពាក់ព័ន្ធនឹងទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍ។ លោក បានដាក់ជាចម្ងល់ថា៖« វាគ្រាន់ជាការចាប់អារម្មណ៍របស់ខ្ញុំ លុយរបស់ USAID ដើម្បីគាំទ្រក្រុមគោលដៅក្នុងសហគមន៍ក្រីក្រជារឿយៗគឺមានបង្កប់រឿងនយោបាយ ហើយនេះជាការព្រួយបារម្ភរបស់ខ្ញុំ»។
ទោះយ៉ាងណាក៏ដោយ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានកោតសរសើរគម្រោងនេះ។ លោកបាននិយាយថាកម្មវិធីនេះស្របទៅតាមគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការការពារ និងលើកកម្ពស់សហគ្រាសធុនតូចនិងមធ្យម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
លោក បានបន្តថាក្នុងអំឡុងពេលដែលមានមានជំងឺរីករាតត្បាតសកល រដ្ឋាភិបាលមានគោលនយោបាយគាំទ្រសហគ្រាសធុនតូចនិងមធ្យម តាមរយៈវិធានការពន្ធដារ និងការបណ្តុះបណ្តាលធនធានមនុស្ស។ អ្នកលក់ដូរតាមដងផ្លូវដែលកំពុងជួបបញ្ហាអាចចុះឈ្មោះនៅក្នុងឃុំសង្កាត់របស់ខ្លួនដើម្បឱ្យមានការទទួលស្គាល់ដើម្បីទទួលបានការគាំពារសង្គម។
លោក ហេង សួរ បានបន្ថែមថា៖«ប្រសិនបើពួកគាត់នៅក្នុងលក្ខខណ្ឌ [ក្រីក្រ] ពួកគាត់នឹងទទួលបានជំនួយពីរដ្ឋាភិបាលយើង។ នៅពេលអនាគត យើងនឹងស្វែងរកយន្តការសម្រាប់អ្នកលក់តាមចិញ្ចើមផ្លូវដើម្បីទទួលបានការថែទាំសុខភាពដោយភ្ជាប់នឹងលក្ខខណ្ឌបង់ប្រាក់មួយចំនួន»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Entrepreneur program aims to help female street vendors challenged by pandemic, lack of legal status