សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ឃាតកសម្លាប់អ្នកសារព័ត៌មានបរិស្ថាននៅខេត្តសៀមរាបត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ១២ឆ្នាំ

គ្រួសារអ្នកកាសែតដែលបានស្លាប់ លោក ឈឿង ឈឹង ប្រារព្ធពិធីបុណ្យសពរបស់គាត់នៅឯគេហដ្ឋានរបស់គាត់ ក្នុងស្រុកនគរធំ ខេត្តសៀមរាប នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤។ (រូបភាពផ្តល់ឱ្យ)
គ្រួសារអ្នកកាសែតដែលបានស្លាប់ លោក ឈឿង ឈឹង ប្រារព្ធពិធីបុណ្យសពរបស់គាត់នៅឯគេហដ្ឋានរបស់គាត់ ក្នុងស្រុកនគរធំ ខេត្តសៀមរាប នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤។ (រូបភាពផ្តល់ឱ្យ)

សាលាដំបូងខេត្តសៀមរាបបានផ្តន្ទាទោសកម្មករកាប់ឈើខុសច្បាប់ម្នាក់ឈ្មោះ ស៊ី លឿយ ឱ្យជាប់ពន្ធនាគាររយៈពេល១២ឆ្នាំ ពីបទបាញ់សម្លាប់អ្នកសារព័ត៌មានបរិស្ថាន គឺលោក ឈឿង ឈឹង កាលពីខែធ្នូ ឆ្នាំ២០២៤កន្លងទៅ។ សាលក្រម​នេះ​ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ប៉ុន្តែ​មិនធ្លាប់បាន​រាយការណ៍​​នៅឡើយ។

បន្ថែមលើការដាក់ពន្ធនាគារនេះ លោក លឿយ មានអាយុ ៤០ឆ្នាំ ក៏ត្រូវ​បាន​បង្គាប់​ឱ្យ​សង​សំណងការខូចខាត និងជំងឺ​ចិត្ត​ជាប្រាក់ចំនួន ១៣ ៥០០ដុល្លារ​ដល់​គ្រួសារ​ជនរងគ្រោះ​ផងដែរ​។

លោក ឈឿង ឈឹង មានអាយុ ៦៣ឆ្នាំ ជាអ្នករាយការណ៍ព័ត៌មានយូរឆ្នាំនៃគេហទំព័រព័ត៌មានឌីជីថលកម្ពុជាអភិវឌ្ឍន៍ ត្រូវបានបាញ់សម្លាប់ដោយលោក លឿយ កាលពីថ្ងៃទី៤ ខែធ្នូ ខណៈពេលកំពុងស៊ើបអង្កេតបទល្មើសព្រៃឈើនៅស្រុកមួយនៅភាគខាងលិចខេត្តសៀមរាប។

លោកបានស្លាប់នៅរយៈពេលបីថ្ងៃក្រោយពីរងការបាញ់ប្រហារ។

ឃាតកបានសារភាពចំពោះការបាញ់ប្រហារនេះ ដោយប្រាប់តុលាការថា លោក ឈឹង បានទារលុយជាថ្នូរនឹងការមិនផ្សព្វផ្សាយរូបភាពដែលប៉ះពាល់ខ្លួន ឬរាយការណ៍ប្រាប់សមត្ថកិច្ច។ លោក​បាន​អះអាង​ថា លោក​គ្មាន​ចេតនា​សម្លាប់​អ្នក​សារព័ត៌មាន​នោះ​ទេ នេះ​បើ​តាម​ច្បាប់​ចម្លង​នៃ​សាលក្រម​ដែល​សារព័ត៌មានខេមបូចា បានឃើញ។

ករណី​នេះ​ជា​ការ​សម្លាប់​អ្នក​សារព័ត៌មាន​លើក​ដំបូង​នៅ​កម្ពុជា​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍ចុងក្រោយ។ កាលពីឆ្នាំ២០១៤ អ្នក​យក​ព័ត៌មាន​ស៊ើប​អង្កេតលោក តាំង ទ្រី ត្រូវ​បាន​គេ​បាញ់​សម្លាប់ នៅអំឡុងចុះប្រមូលព័ត៌មានជុំវិញករណី​កាប់​ឈើ​ខុស​ច្បាប់។ អ្នក​រាយការណ៍​បរិស្ថាន​ម្នាក់​ទៀត​ក៏​ត្រូវ​បាន​សម្លាប់​នៅ​ឆ្នាំ​នោះ​ដែរ។ 

នាយកប្រតិបត្តិអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា លោក រុន សារ៉ាយ ដែលផ្តល់មេធាវីសម្រាប់គ្រួសាររបស់ លោក ឈឹង បាននិយាយថា សវនាការបានចាប់ផ្តើមនៅថ្ងៃទី២២ ខែឧសភា ដោយសម្រេចបានសាលក្រមក្នុងរយៈពេល៦ថ្ងៃក្រោយមក។

ភរិយារបស់លោក ឈឹង គឺអ្នកស្រី ជៀវ ចាប ឱ្យដឹងថា ការ​កាត់​ទោស​នេះ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​បាត់​បង់​ស្វាមី​របស់​គាត់​ទេ។

អ្នកស្រីនិយាយថា៖ «ជាប់[ពន្ធនាគារ] ១២ ឆ្នាំ វាស្រាលណាស់ វាមិនទាន់ធ្ងន់ទេ»។ អ្នកស្រីបន្តថា៖ «វានៅស្រាល ព្រោះម្នាក់រស់ ម្នាក់ស្លាប់»

ស្ត្រីមេម៉ាយរូបនេះ បានបន្តថា សំណងនេះនឹងជួយសម្រួលកម្ចីរបស់ធនាគារ ដោយសារគ្រួសារអ្នកស្រីកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ ជាពិសេសចាប់តាំងពីគាត់ឈឺ និងមិនអាចធ្វើការបាន។ ក្នុង​ចំណោម​កូន​បួន​នាក់​របស់​ពួក​គេ មាន​បី​នាក់​ជា​មនុស្ស​ពេញ​វ័យ ហើយ​ម្នាក់ទៀតកំពុងរស់នៅ​ក្នុងបន្ទុក។

យ៉ាងណាមេធាវីការពារក្ដីជនជាប់ចោទ ​លោក នាង សុភាក់ ចាត់ទុកថា ការ​ផ្តន្ទាទោស និង​ប្រាក់​សំណង​គឺ​ធ្ងន់ធ្ងរ ហើយលោក​ថា​​នឹងទៅ​និយាយ​ជាមួយ​ក្រុម​គ្រួសារ​របស់លោក លឿយ ថាតើ​ត្រូវ​ប្តឹង​ឧទ្ធរណ៍​ ឬយ៉ាងណា។

នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ណុប វី បានស្វាគមន៍ចំពោះសេចក្តីសម្រេចរបស់តុលាការដោយនិយាយថា ការដាក់ទណ្ឌកម្មយ៉ាងតឹងរឹងគឺចាំបាច់ដើម្បីរារាំងការវាយប្រហារមកលើអ្នកសារព័ត៌មាន។

លោកមានប្រសាសន៍ថា៖ «ករណីនេះវាគួរតែពិន័យផ្ដន្ទាទោសកម្រិតខ្ពស់ ដើម្បីធានាថាអ្នកផ្សេងទៀតគឺរាងចាល មិនហ៊ានអនុវត្ត ឬប្រព្រឹត្តអំពើល្មើសយ៉ាងដូច្នេះទៀត»

ប៉ុន្តែ​លោក​បាន​ជំរុញ​ឱ្យអាជ្ញាធរ​បន្ត​ស៊ើបអង្កេត ជាពិសេស​អ្នកពាក់ព័ន្ធដែល​នៅ​ពីក្រោយ​ការ​កាប់​ឈើ​ខុស​ច្បាប់ និង​ការ​ទន្ទ្រាន​យក​ដី។

លោកបន្តថា៖ «ជនល្មើសទាំងអស់ គឺមិនដែលពេញចិត្តនឹងទង្វើរបស់អ្នកសារព័ត៌មានដែលរាយការណ៍ពីការកាប់បំផ្លាញ រុករាន ទន្រ្ទានយកដីទាំងអស់នោះទេ»។ លោកបន្ថែមថា៖ «យើងស្នើឱ្យមានការស៊ើបអង្កេត វែកមុខចាប់យកជនល្មើសដែលមិនមែនជាជនល្មើសសម្លាប់លោក ឈឿង ឈឹង ផ្ទាល់ក៏ដោយ ប៉ុន្តែជនល្មើសដែលពាក់ព័ន្ធជាមួយនឹងការចាប់បំផ្លាញ ការរុករានទន្ទ្រានយកនូវព្រៃឈើ តំបន់អភិរក្សរបស់សហគមន៍ទាំងអស់នោះ»

អ្នក​នាំ​ពាក្យ​ក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ មាន​ប្រសាសន៍​ថា លោក​មិន​បាន​ដឹង​ពី​សាលក្រម​នោះ​ទេ ប៉ុន្តែ​បាន​សង្កត់​ធ្ងន់​ថា អាជ្ញាធរ​បាន​ចាត់​វិធានការ​យ៉ាង​ឆាប់​រហ័ស​ដើម្បី​ស្វែង​រក​យុត្តិធម៌។ លោក​ក៏​បាន​ជំរុញ​ឱ្យ​អ្នក​សារព័ត៌មាន​ធ្វើ​តាម​ច្បាប់ និង​បទដ្ឋាន​វិជ្ជាជីវៈ និង«​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​» ពេល​រាយការណ៍​អំពី​បញ្ហា​រសើប។

ការរឹតបន្តឹងមិនច្បាស់លាស់ និងក្រៅផ្លូវការជុំវិញតំបន់អភិរក្សត្រូវបានកត់សម្គាល់កាន់តែខ្លាំងឡើងក្នុងអំឡុងពេលឃុំខ្លួនសកម្មជន និងអ្នកសារព័ត៌មានស៊ើបអង្កេតបទល្មើសព្រៃឈើ។ កាល​ពី​ខែ​វិច្ឆិកា អ្នក​ការពារ​បរិស្ថាន​ប្រាំមួយ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ព្រៃ​អភិរក្ស​ខេត្ត​ស្ទឹងត្រែង ខណៈ​ពួកគេចុះទៅស៊ើបអង្កេត​ពីការ​កាប់​ឈើ​ខុស​ច្បាប់។ ក្រោយមកពួកគេត្រូវបានដោះលែងវិញ។

កាលពីពេលថ្មីៗនេះ អ្នកសារព័ត៌មានបរិស្ថានមួយរូបទៀតគឺ លោក អ៊ុក ម៉ៅ ត្រូវបានចោទប្រកាន់ពីបទញុះញង់ ដែលជាករណីចុងក្រោយបង្អស់ប្រឆាំងនឹងរូបគាត់ បន្ទាប់ពីធ្លាប់ត្រូវបានចោទប្រកាន់ពីបទ​ល្មើស​ព្រៃ​ឈើ​ដូច​គ្នា​ដែល​លោក​បាន​រាយការណ៍​មក។ បច្ចុប្បន្ន លោកត្រូវបានអនុញ្ញាតឱ្យនៅ​ក្រៅ​ឃុំ។

សាលក្រម​ក្នុង​សំណុំ​រឿង​របស់​លោក ឈឹង បាន​ទាញ​ការ​ចាប់​អារម្មណ៍​ពី​ក្រុមអ្នកតស៊ូមតិ​ផង​ដែរ។

អ្នកគ្រប់គ្រងផ្នែកតស៊ូមតិនៃអង្គការអ្នកសារព័ត៌មានគ្មានព្រំដែនប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (RSF) លោកស្រី Aleksandra Bielakowska បានមានប្រសាសន៍ថា៖ «RSF ស្វាគមន៍ការកាត់ទោសដាក់ពន្ធនាគាររយៈពេល១២ឆ្នាំ ដល់ឃាតកសម្លាប់លោក ឈឿង ឈឹង»។ ដោយបន្ថែមថា៖ «សេចក្តី​សម្រេច​របស់​តុលាការ​នេះ​ជា​ការ​ក្រើន​រំឭក​ថា អ្នក​ដែល​យក​ជីវិត​អ្នក​សារព័ត៌មាន​ត្រូវតែ​ទទួល​ខុស​ត្រូវ»

លោកស្រីបានមានប្រសាសន៍ថា៖ «សោកនាដកម្មនេះត្រូវតែសម្គាល់ចំណុចរបត់មួយ និងនាំទៅរកការកែទម្រង់ក្នុងគោលបំណងបញ្ចប់អំពើហិង្សាដែលប្រឈមមុខដោយអ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា ជាពិសេសអ្នកសារព័ត៌មានបរិស្ថាន»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Environmental Journalist Chhoeung Chhoeng’s Killer Gets 12 Years 

73 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម