សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សភាសហភាពអឺរ៉ុបទទូចឱ្យកម្ពុជាបញ្ចប់ការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងដោះលែងលោក កឹម សុខា

លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ចាកចេញពីគេហដ្ឋានរបស់លោកនៅខណ្ឌទួលគោកកាលពីថ្ងៃទី៣ ខែមីនា ដើម្បីស្តាប់ការប្រកាសសាលក្រមនៃសវនាការដែលប្រើពេល៣ឆ្នាំនៅសាលាដំបូងរាជធានីភ្នំពេញ។ (ខេមបូចា /ព្រីង សំរាំង)
លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ចាកចេញពីគេហដ្ឋានរបស់លោកនៅខណ្ឌទួលគោកកាលពីថ្ងៃទី៣ ខែមីនា ដើម្បីស្តាប់ការប្រកាសសាលក្រមនៃសវនាការដែលប្រើពេល៣ឆ្នាំនៅសាលាដំបូងរាជធានីភ្នំពេញ។ (ខេមបូចា /ព្រីង សំរាំង)

សភាអឺរ៉ុបបានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាដោះលែង លោក កឹម សុខា អតីតប្រ​ធាន​គណបក្សប្រឆាំង និងឲ្យគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយដោយតុលាការកំពូល​នោះ​ ដំណើរ​ការ​ឡើង​វិញ ដើម្បី​ចូលរួមក្នុងការបោះឆ្នោតឆ្នាំ២០២៣ នេះ​បើ​តាមសេចក្តី​សម្រេច​មួយដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។  

សេចក្តី​សម្រេច​នេះ​បាន​ទទូច​​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​អ្នក​ទោស​នយោ​បាយនិង​សកម្មជន បញ្ឈប់​ការ​បំភិត​បំភ័យ​សមាជិក​បក្ស​ប្រឆាំង និង​​ឲ្យ​​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​សំឡេង​ប្រជាធិបតេយ្យ(VOD) ដែល​ត្រូវ​បាន​បិទនោះ​ ដំណើរ​ការ​ឡើង​វិញ។  

សេចក្តីសម្រេចនេះ​បានព្រមានថា ការព្យួរបន្ថែមទៀត​នូវ​ប្រព័ន្ធអនុគ្រោះពន្ធ​ «អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ» របស់កម្ពុជាអាចកើតមាន​ «ប្រសិនបើការបោះឆ្នោតឆ្នាំ២០២៣ មិន​ស្រប​នឹង​ស្តង់ដារអន្តរជាតិ ឬការ​រំលោភសិទ្ធិមនុស្សនៅតែបន្តកើត​មាន​»។      

សេចក្តីសម្រេចរបស់សភាអឺរ៉ុប​បានលើកឡើង​ថា៖ «[យើង] អំពាវនាវឱ្យអាជ្ញាធរបញ្ចប់រាល់ទម្រង់នៃការយាយី ការបំភិតបំភ័យ និងការចោទប្រកាន់ពីបទឧក្រិដ្ឋដោយហេតុផលនយោបាយលើ​សមាជិកគណបក្សប្រឆាំង។ អនុញ្ញាត​ឲ្យ​គ្រប់គណបក្សនយោបាយទាំង​អស់​ធ្វើ​យុទ្ធនាការបោះឆ្នោតដោយស្មើភាព សេរី និងតម្លាភាព ក្រោមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាតិដែលប្រកបដោយ​បរិយាប័ន្ន​​និង​តម្លាភាពជាងមុន»។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌និងជា​អនុប្រធានគណៈកម្មាធិការសិទ្ធិ​មនុស្សកម្ពុជាមានប្រសាសន៍ថា កម្ពុជាមិនបានរំលោភសិទ្ធិមនុស្ស ឬធ្វើ​ឲ្យ​ប៉ះពាល់ដល់ការបោះឆ្នោតដោយសេរីនិងតម្លាភាពនោះទេ។  

លោក​មាន​ប្រសាសន៍ថា៖ «ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​មិន​កើត​ឡើង​នៅ​កម្ពុជា​ទេ ហើយ​កម្ពុជា​​អនុវត្ត​ទៅ​តាម​ច្បាប់។ សំណុំរឿងរបស់​លោក កឹម សុខា ត្រូវ​បាន​ធ្វើឡើងតាមនីតិវិធីច្បាប់ត្រឹមត្រូវ»។

លោក ម៉ាលីន បាន​ថ្លែង​ថា ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​នឹង​មិន​ប៉ះពាល់​ដល់​កម្ពុជា​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «យើង​មិន​យក​​អធិបតេយ្យភាព​របស់​ប្រទេស​កម្ពុជា​​​ប្តូរ​យក​​ជំនួយនោះ​​ទេ។ ពួកគេ [សហភាពអឺរ៉ុប​] បាន​ដក EBA ២០ភាគរយ​រួច​ហើយ ហើយ​មិន​មាន​អ្វី​ប៉ះពាល់ទេ​»។  

សភាអឺរ៉ុបក៏បានទទូច​ឱ្យក្រុមប្រឹក្សាសហភាពអឺរ៉ុបអនុម័តទណ្ឌកម្មជា​គោលដៅ «ឲ្យទទួលខុសត្រូវ ចំពោះបុគ្គលទាំងឡាយ​ណា​ដែលទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ការរំលាយ និងការគាបសង្កត់ជាបន្តបន្ទាប់លើគណបក្សប្រឆាំងនៅ​កម្ពុជា»។

លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាមានប្រ​សាសន៍ថា រដ្ឋាភិបាលគួរតែពិចារណាដោយប្រុងប្រយ័ត្នលើសេចក្តី​សម្រេច​របស់សហភាពអឺរ៉ុប ពីព្រោះ​ការមិនអើពើនឹងប៉ះពាល់ដល់ផលប្រយោជន៍ជាតិទាំងមូល។  

លោក​ស្រី​មាន​ប្រសាសន៍ថា៖ «ដូច​​យើង​ដឹង​ហើយ​ថា កម្ពុជា​បានជួប​ការលំបាក​ដោយសារ​​ការ​ដក​ EBA ហើយ​ប្រសិន​បើ​ស្ថានភាព​​ [ការ​រំលោភ​សិទ្ធិ​មនុស្ស​] បន្ត​ធ្លាក់​ចុះ​​ទៀត វា​នឹង​នាំ​ឲ្យ​បាត់បង់​ទាំង​ស្រុង។ ការមិនអើពើនឹងអនុសាសន៍ទាំង​នេះ​ នឹងមិនផ្តល់ផលប្រយោជន៍ណាមួយដល់រដ្ឋាភិបាល ឬកម្ពុជាឡើយ»។

អ្នកនយោបាយគណបក្ស​ប្រឆាំង​ និងប្រព័ន្ធផ្សព្វផ្សាយបានរងការ​គាបសង្កត់​បន្ថែមទៀតនៅឆ្នាំនេះ ខណៈការបោះឆ្នោតខែកក្កដាខិតជិតមកដល់។

មេដឹកនាំកំពូលៗជាច្រើនរបស់​គណបក្សភ្លើងទៀនត្រូវបានចាប់ខ្លួន ឬប្រឈមនឹងការពិន័យប្រាក់​យ៉ាងច្រើន​សន្ធឹក​សន្ធាប់។

លោក កឹម សុខា ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ២៧ឆ្នាំនិង​ដាក់​ឲ្យ​​ស្ថិត​ក្រោម​ការ​​​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​កាល​ពី​ថ្ងៃ​ទី៣ ខែ​មីនា បន្ទាប់​ពី​ដំណើរ​ការ​ជំនុំ​ជម្រះ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ពី​បទក្បត់ជាតិ។ ចាប់​តាំង​ពី​ពេល​នោះ​មក លោក​​ត្រូវ​បាន​គេ ​បដិសេធ​មិនឲ្យ​​ជួប​មេធាវី​របស់​លោកទេ​។

រដ្ឋាភិបាល​បាន​ដក​អាជ្ញាប័ណ្ណ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ VOD កាល​ពី​ខែ​កុម្ភៈ។

កាល​ពី​ឆ្នាំ២០២០ សហភាពអឺរ៉ុបបានសម្រេចចិត្តដក២០ភាគរយ​នៃកូតា​រ​អ​នុគ្រោះ​​ពន្ធរបស់កម្ពុជាចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុបសម្រាប់ម្លៀកបំពាក់ ស្បែកជើងនិងសម្ភារធ្វើដំណើរ ដោយសារកង្វល់ខ្លាំង​និងជាប្រព័ន្ធទាក់ទងនឹងបញ្ហា​សិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា​។

ប្រព័ន្ធអនុគ្រោះពន្ធ​របស់សហរដ្ឋអាមេរិក (GSP) ដែលអនុញ្ញាតឱ្យកម្ពុជា​នាំចេញទំនិញទៅ​កាន់​ទីផ្សារ​អាមេរិក​ដោយឥតបង់ពន្ធនោះ​ ត្រូវ​បាន​ទុក​ឲ្យ​អស់​សុពល​ភាព​កាល​ពី​ឆ្នាំ២០២០​ហើយមិនទាន់ត្រូវបា​ន​បន្ត​ឡើងវិញ​ទេ។

លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយយល់ថា រដ្ឋាភិបាលកម្ពុជានឹងមិនធ្វើតាមសំណើរបស់សភាសហភាពអឺរ៉ុបទេ​ ពាក់ព័ន្ធនឹងករណីលោក កឹម សុខា និងមន្ត្រីបក្សប្រឆាំងផ្សេងទៀត។ ទោះ​ជា​យ៉ាង​ណា លោកមាន​ប្រសាសន៍​ថា នេះ​ជា​សញ្ញា​មួយ​ដែលថា ​សហភាព​អឺរ៉ុប​កំពុង​ដាក់​សម្ពាធ​កាន់​តែ​ខ្លាំង​ទៅ​លើ​គណបក្ស​​កាន់​អំណាចនិង​រដ្ឋាភិបាល។  

លោកមានប្រសាសន៍ថា៖ «សហភាពអឺរ៉ុបកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើក​ស្ទួយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយអាចមានវិធានការជាក់ស្តែង​មួយ​ចំនួនបន្ទាប់ពីការបោះឆ្នោត»។ លោកបន្ថែមថា៖ «សក្តានុពលរបស់កម្ពុជាក្នុងការទាក់ទាញវិនិយោគិន​បរទេស និងការនាំចេញទៅកាន់សហភាពអឺរ៉ុបនឹងបាត់បង់ ប្រសិនបើ EBA ត្រូវបានដកចេញទាំងស្រុង ខណៈ​ប្រជាជនកម្ពុជានឹងប្រឈមនឹងការបាត់​បង់ការងារធ្វើ​»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ EU Parliament Urges End to Political Persecution, Calls for Free and Fair Elections

479 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម