សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សហភាពអឺរ៉ុបបង្ហាញថាការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់កើនជាថ្មី

សមាជិកបណ្ដាញសហគមន៍ព្រៃឡង់ដើរល្បាតក្នុងតំបន់ព្រៃឡង់កាលពីខែធ្នូ ឆ្នាំ២០២០ ដែលរបាយការណ៍ថ្មីរកឃើញថាការកាប់បំផ្លាញព្រៃឈើកើនឡើង។ ផ្តល់ឲ្យពីសហគមន៍ព្រៃឡង់
សមាជិកបណ្ដាញសហគមន៍ព្រៃឡង់ដើរល្បាតក្នុងតំបន់ព្រៃឡង់កាលពីខែធ្នូ ឆ្នាំ២០២០ ដែលរបាយការណ៍ថ្មីរកឃើញថាការកាប់បំផ្លាញព្រៃឈើកើនឡើង។ ផ្តល់ឲ្យពីសហគមន៍ព្រៃឡង់

របាយការណ៍​មួយ​របស់​គណៈកម្មាធិការអឺរ៉ុប បាន​បង្ហាញ​ពី​ការ​កើត​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​​ដែនជម្រង​សត្វព្រៃ​នៅ​តំបន់ព្រៃ​ឡង់​ជា​ថ្មី បន្ទាប់​ពី​ការ​កាប់​បំផ្លាញ​នេះបាន​កើត​ឡើង​ខ្លាំង​កាលពី​ឆ្នាំ​២០១៦ នៅពេលដែល​តំបន់នេះ​បាន​ដាក់​ចូល​ជា​តំបន់ការពារ។​

​មជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​​របស់​គណៈកម្មាធិការអឺរ៉ុប បាន​ផ្សាយ​របាយការណ៍​ថ្មី​មួយ​ពី​ការ​កាប់​ឈើ​ដោយ​ខុស​ច្បាប់​នៅ​តំបន់ព្រៃឡង់ ដោយ​បាន​ប្រើ​រូប​ភាពពី​ផ្កាយ​រណប និង​ទិន្ន័យ​ពី​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ដែល​បាន​ដើរ​ល្បាត​នៅ​តំបន់​ដីព្រៃ​ដែលកំពុង​បាត់​បង់​យ៉ាង​លឿន​នេះ។​

របាយការណ៍​បាន​រក​ឃើញ​ថា​គម្រប​ព្រៃឈើ​ទាំង​នោះ​ចាប់​ផ្ដើម​បាត់​បង់​ខ្លាំង​ពី​ឆ្នាំ​២០១៣ និង​បាត់​បង់​ខ្លាំង​បំផុត​នៅ​ឆ្នាំ​២០១៦ ពេល​ដែល​ដីព្រៃ​ចំនួន ​៩ ៨៣៦ហិកតា​ត្រូវ​កាប់​បំផ្លាញ។ នៅ​ឆ្នាំ​២០១៧ ការ​បាត់​បង់​ដី​គម្រប​ព្រៃ​ឈើ​នេះ​បាន​ថយ​ចុះ​បន្តិច​វិញ និង​មក​ដល់​ឆ្នាំ​២០១៩ ផ្ទៃ​ដី​ព្រៃ​ដែល​បាត់​បង់​មាន​ចំនួន ៤ ២៣៩​ហិកតា។​

​រូប​ភាពពី​ផ្កាយ​រណប​បាន​បង្ហាញ​ថា​ផ្នែក​ខាង​ជើង និង​ខាង​ត្បូង​តំបន់​ព្រៃ​ឡង់​បាន​បាត់​បង់​ដីព្រៃ​ក្នុង​ទ្រង់​ទ្រាយ​ធំ ប៉ុន្តែ​នៅ​ផ្នែក​កណ្ដាល​វិញ មាន​ការ​ចូល​កាប់​ឈើ​ដោយ​ចោះៗ ដោយ​មាន​ដើម​ឈើមួយ​ៗ​ត្រូវបាន​កាប់​រំលំ។​ GPS​ របស់​បណ្ដាញ​សហគមន៍​ព្រៃឡង់​​​ក៏​បាន​បង្ហាញ​ដូច​គ្នា​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ការ​កាប់​ឈើ​មួយ​ដើមៗ​នេះដែរ​។​​

របាយការណ៍​សរសេរទៀតថា៖ «​ខណៈ​ដែល​ផ្នែក​កណ្ដាល​នៃ​ដែនជម្រក​សត្វព្រៃ​តំបន់​ព្រៃឡង់ភាគ​ច្រើ​ន​រង​ផល​ប៉ះពាល់ដោយ​ការ​កាប់​ឈើ​ចោះៗ នៅផ្នែក​ខាង​ត្បូង និង​ជើង​ដែលជម្រក​សត្វព្រៃនេះ​គឺជា​តំបន់​គ្មាន​ដើម​ឈើ»។​

​ទិន្ន​ន័យដែល​របាយការណ៍​​នេះ​បាន​រក​ឃើញ​​ឆ្លើយ​តប​ទៅ​នឹង​ការ​រក​ឃើញ​របស់​សាកល​វិទ្យាល័យ​ Maryland ដែរ​ ដែល​សាកលវិទ្យាល័យ​នេះ​មាន​ស្ថាប័ន​សម្រាប់​ស្វែង​រក និង​វិភាគ​លើ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​សកល​។​

សាកល​វិទ្យាល័យ​បាន​រក​ឃើញ​ថា​ក្នុង​ឆ្នាំ​២០១៦ គម្របព្រៃឈើ​ប្រហែល​ ១១ ០០០​ហិកតា​បាន​បាត់​បង់ ខ្ពស់ជាង​តួលេខ​ដែលទើប​រក​ឃើញ​ថ្មីនេះ។ ដូច​គ្នា​ដែរ​នៅ​ឆ្នាំ​២០១៩ សាកល​វិទ្យាល័យ​បាន​រក​ឃើញ​ថា​ដីព្រៃ​​ ៧ ៥១០​ហិកតា​បាន​បាត់​បង់​។​

កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ប្រទេស​មាន​អត្រា​កាប់​បំផ្លាញ​ព្រៃ​ឈើ​លឿន​បំផុត​មួយ​ក្នុង​ពិភព​លោក ក្រោម​គម្រោង​ផ្ដល់​ដីសម្បទាន​សេដ្ឋ​កិច្ច​ក្នុងលក្ខណៈ​​ទ្រង់​ទ្រាយ​ធំ​ដល់​ក្រុម​ហ៊ុន​ឯកជន​ពី​សំណាក់​រដ្ឋា​ភិបាល​។​ ថ្មី​ៗ​នេះ ដី​រដ្ឋ​ក៏​ត្រូវ​បាន​ផ្ដល់​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ឯក​ជន​សម្រាប់​គម្រោង​លំនៅ​ដ្ឋាន ទេសចរណ៍​ និង​ហេដ្ឋារចនាសម្ព័ន្ធ។​

លោក ហឿន សុភាព តំណាង​បណ្ដាញ​សហគមន៍ព្រៃ​ឡង់​ក្នុង​ខេត្ត​កំពង់ធំ មាន​ប្រសាសន៍ថា​ការរក​ឃើញ​នេះ គឺ​ត្រូវ​គ្នា​នឹង​ការ​សង្កេត​ឃើញ​របស់​ក្រុម​ល្បាត​ដែរ​។​

លោកបន្ត​ថា​ក្រ​សួង​បរិស្ថាន​បាន​ច្រាន​ចោល​ការ​រក​ឃើញ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដោយ​ខុស​ច្បាប់ ដែលថា​​ធ្វើ​ឡើង​ដោយ​មានការ​សមគំនិត​ជាមួយ​មន្ត្រី​ថ្នាក់​ក្រោម។​

លោក​បន្ថែមថា៖ «​ច្បាប់​មាន​តែលើ​ក្រ​ដាស ប៉ុន្តែ​ខ្វះការ​អនុវត្ត​ ដើម្បី​ការ​ពារ​ការ​បំផ្លាញព្រៃឈើ។​យើង​បារម្ភ​ការបាត់បង់គម្រប​ព្រៃ​ឈើ​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខទៀត»

មន្ត្រី​មូល​ដ្ឋាន​តែង​តែ​ច្រាន​ចោល​ពី​កង្វល់​ដែល​បាន​លើក​ឡើង​ដោយ​បណ្ដាញ​សហគមន៍ព្រៃ​ឡង់ និងអង្គការ​បរិស្ថាន​ផ្សេង​ទៀត។ កាលពី​ឆ្នាំទៅ អាជ្ញាធរ​ប្រដាប់​អាវុធ បាន​រារាំង​ការ​ធ្វើពិធី​បំបួស​ដើម​ឈើ​ ដែល​រៀបចំដោយ​ព្រះ​សង្ឃ យុវជន និង​ក្រុម​សង្គម​ស៊ីវិល។​

ក្រសួង​បរិស្ថាន​បាន​គាំទ្រ​ដល់​ការរារាំងនោះ និង​បាន​ហៅ​បណ្ដាញ​សហគមន៍ព្រៃឡង់ថា​ជាស្ថាប័ន​មិន​ស្រប​ច្បាប់ គ្មាន​ចុះបញ្ជី នេះ​បើតាម​ព័ត៌មាន​​ពីអង្គការ​លីកាដូ។ ក្រ​សួង​ក៏​បាន​ច្រាន​ចោល​ការវិភាគដោយ​ផ្អែក​តាម​រូបភាព​ផ្កាយ​រណប​នេះដែរ ដោយថា​នេះជា​ចេតនា​ញុះញង់​របស់​ក្រុម​ណាមួយ​។​​

អ្នកស្រី ឆៀង លី សមាជិក​បណ្ដាញ​ព្រៃឡង់​ប្រចាំខេត្ត​ស្ទឹង​ត្រែង លើក​ឡើង​ថា​តម្រូវ​ការឈើ ធ្វើឲ្យ​ព្រៃ​ឈើ​នឹង​បន្ត​រង​ការ​កាប់​បំផ្លាញ​ដោយ​ក្រុម​ហ៊ុន ក្រោម​ការ​អះអាង​ថា​កាប់​ចេញពី​តំបន់​សប្បទាន​របស់ពួកគេ​។​​

អ្នកស្រី​បន្ថែមថា៖ «​ការ​កាប់​បំផ្លាញព្រៃឈើ​នៅ​តែ​បន្ត​កើត​មាន ព្រោះ​ថា​ក្រុម​ហ៊ុន​ជា​ច្រើន​នៅ​តែ​បន្ត​ទិញ​ឈើ​ទាំង​នោះ»។​

អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្រ្តា បដិសេធអត្ថាធិប្បាយ​លើ​របាយការណ៍​នេះ ដោយ​គ្រាន់​តែ​ឆ្លើយ​នឹង​សំណួរ​​អំពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ក្រសួង​ក្នុងការ​អភិរក្ស​ព្រៃ​ឡង់តែប៉ុណ្ណោះ​។​

លោក​មាន​ប្រ​សាសន៍ថា​៖ «ក្រ​សួង​បរិស្ថាន​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​របាយការណ៍​​របស់ភាគី​ទី​បីណាមួយឡើយទ»។​

លោក​ឲ្យ​ដឹង​ថា​រដ្ឋាភិបាល និងមន្ត្រីឧទ្យានុរក្ស​​ក្រសួង​បរិស្ថាន ក៏​ដូច​ជា​សហគមន៍​ផ្សេងៗ​បានធ្វើ​ការ​រួម​គ្នា​ដើម្បីការពារ និង​អភិរក្សធនធានធម្មជាតិ និង​ជីវចម្រុះ​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​។​

ក្នុង​ឆ្នាំ​២០២០​កន្លង​ទៅ មន្ត្រី​ឧទ្យានុរក្ស និង​ប្រជា​សហគមន៍​បាន​រក​ឃើញ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ចំនួន​១ ០១៩​ករណី និង​មាន​៤៧​ករណី​ត្រូវ​បញ្ជូនទៅ​តុលាការ។ អាជ្ញាធរ និង​មន្ត្រីឧទ្យានុរក្ស បាន​រឹបអូស​រណារ​យន្ត​ចំនួន​៤៨១គ្រឿង​ និង​ដក​ហូត​ឈើ​ចំនួន​២៧៥ ម៉ែតគូប។​

បើតាម​របាយការណ៍​កន្លងមកឲ្យដឹងថា ព្រៃឡង់​ស្ថិត​នៅ​ភាគ​ខាងជើងនៃប្រទេស​កម្ពុជា​ នៅក្នុង​ខេត្ត​ចំនួន​បួន ​លាតសន្ធឹង​លើ​ផ្ទៃ​ដី​​ប្រហែល​ ៤៣១ ០០០ ហិកតា។ តំបន់​ព្រៃ​ឡង់មាន​មនុស្ស​រស់នៅ​ជាង​២៥០ ០០០​នាក់ ដែល​ភាគ​ច្រើនជា​ក្រុម​ជនជាតិដើម​ភាគតិច​កួយ​។

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ EU report reveals resurgence in Prey Lang deforestation

101 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម