UPDATES:
ម៉ោង ១៦:០០ រសៀល៖ គិតត្រឹមម៉ោង 4 រសៀលថ្ងៃទី២ ខែសីហា ភាគីថៃមិនទាន់បញ្ជូនកងកម្លាំងកម្ពុជាចំនួន១៨រូប ត្រឡប់មកវិញនៅឡើយទេ។ យោងតាមអ្នកនាំពាក្យក្រសួងការពារជាតិ។
ម៉ោង ១១:២៥ រសៀល ៖ រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ ទទួលយកសំណើក្រសួងការពារជាតិកម្ពុជា អនុញ្ញាតឱ្យតំណាងមកពីប្រទេសម៉ាឡេស៊ី សហរដ្ឋអាម៉េរិក និងប្រទេសចិន ចូលរួមសង្កេតការណ៍ក្នុងប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (GBC)។
ម៉ោង ១១:១០ ៖ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បានថ្លែងថា នៅថ្ងៃទី១ ខែសីហា រាជរដ្ឋាភិបាលកម្ពុជា បានចេញនូវសេចក្តីសម្រេចមួយ ស្តីពីការបង្កើតក្រុមការងារសម្របសម្រួលជាមួយក្រុមសង្កេតការណ៍មកត្រួតពិនិ្យបទឈប់បាញ់គ្នា។ នេះបង្ហាញពីឆន្ទៈច្បាស់លាស់នៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងការត្រៀមខ្លួនរួចជាស្រេចក្នុងការបំពេញការងារមួយនេះ។
លោកស្រីបន្តថា ក្រុមការងារកម្ពុជា មានសមាសភាព រួមមាន លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី នៃក្រសួងការពារជាតិ ជាប្រធាន លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ ជាអនុប្រធាន និងរួមនឹងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀតជាសមាជិក។
លោកស្រីបានបញ្ជាក់ថា ក្រុមការងារនេះ មានភារកិច្ច «គឺសម្របសម្រួល និងផ្តល់លក្ខណៈងាយស្រួលគ្រប់បែបយ៉ាងដល់ការបំពេញភារកិច្ចរបស់ក្រុងសង្កេតការណ៍ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ី ផ្ទៀងផ្ទាតៀ និងធានាការអនុវត្តបទឈប់បាញ់»។
លោកស្រីក៏បានលើកឡើងថា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្រុមសង្កេតការណ៍អាស៊ានអន្តរកាល បានចុះពិនិត្យតំបន់រងផលប៉ះពាល់នៃការប៉ះទង្គិចរវាងយោធាកម្ពុជា និងយោធាថៃ។
លោកស្រីបានបន្តថា ក្នុងការដំណើរចុះពិនិត្យតំបន់រងផលប៉ះពាល់នៃការប៉ះទង្គិចរវាងយោធាកម្ពុជា និងយោធាថៃ របស់ក្រុមសង្កេតការណ៍អាស៊ានអន្តរកាល រួមមាន អនុព័ន្ធយោធាម៉ាឡេស៊ីជាអ្នកដឹកនាំ ជំនួយការអនុព័ន្ធយោធាវៀតណាម និងជំនួយការអនុព័ន្ធយោធាហ្វីលិពីន ក្នុងជំនួបជាមួយ លោក ពៅ ហេង មេបញ្ជាការភូមិភាគទី៤ នៅភូមិសាស្ត្រដែលទទួឡខុសត្រូវ។ ជាមួយគ្នានេះផងដែរ ក្នុងជំនួបក៏បានធ្វើបទបង្ហាញអំពីស្ថានភាព បន្ទាប់ពីបទឈប់បាញ់ត្រូវបានអនុវត្ត ហើយចូលជាធរមានមក បានចែកជូនគណៈប្រតិភូ។
ទី២ បានធ្វើបទបង្ហាញផងដែរជូនទៅគណៈប្រតិភូ គឺអំពីលទ្ធផលដែលជួបជាមួយោធភូមិភាគទី២ថៃ កាលពីថ្ងៃទី២៩ ខែកក្កដា ជូនទៅគណៈប្រតិភូក្រុមសង្កេតការណ៍អាស៊ានអន្តរកាល ដើម្បីឱ្យបានជ្រាបពីដំណើរការនីមួយៗអំពីការខិតខំប្រឹងប្រែងរបស់កម្ពុជា។
លោកស្រីបានបន្ថែមថា កម្ពុជានៅតែបន្តការអំពាវនាវឱ្យភាគីថៃធ្វើការបញ្ជូនត្រឡប់មកនូវកងកម្លាំកម្ពុជាចំនួន១៨រូបដែលស្ថិតនៅក្រោមការគ្រប់របស់ភាគីថៃ ឱ្យបានឆាប់រហ័ស និងមានសុវត្ថិភាព។
ម៉ោង ៧:១៥ព្រឹក ៖ កម្ពុជានៅតែបន្តអំពាវនាវដល់ភាគីថៃឱ្យបញ្ជូនកងកម្លាំងខ្មែរចំនួន១៨រូបទៀតត្រឡប់មកវិញ។ អ្នកនាំពាក្យក្រសួងការពារជាតិ ម៉ាលី សុជាតា បានថ្លែងក្នុងសន្និសីទសារព័ត៌មាន។
ម៉ោង ១៦:២០ ៖ អ្នកនាំពា្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ថា កងកម្លាំង២រូបដែលបានមកដល់ទឹកដីកម្ពុជា នៅពេលនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ និងស្ថាប័នពាក់ព័ន្ធ ហើយនិងក្រុមគ្រូពេទ្យពិសេសស កំពុងមើលថែ និងព្យាបាល យ៉ាងយកចិត្តទុកដាក់បំផុត។
លោកស្រីបន្តថា មកដល់ពេលនេះ ក្រោមការយកចិត្តទុកដាក់ មើលថែយ៉ាងដិតដល់ជាទីបំផុត ទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត ពីសំណាក់ក្រុមគ្រូពេទ្យរបស់យើង និងមានការចាត់ចែងដោយផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំ ដែលបាននិងកំពុងយកចិត្តទុកមើលថែ ព្យាបាល ទៅលើបញ្ហាទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តរបស់គាត់ផង។
លោកស្រីបញ្ជាក់ថា ក្នុងន័យនេះ ក្រសួងការពារជាតិ និងកងខេមរៈភូមិន្ទ នៅតែបន្តអំពាវនាវហើយអំពាវនាវទៀតទៅភាគីថៃសូមបញ្ជូនកងកម្លាំងខ្មែរចំនួន១៨រូបផ្សេងទៀតមកកម្ពុជាឱ្យបានឆាប់។ ជាមួយគ្នានេះ យើងនឹងបន្តការចរចាឱ្យអស់លទ្ធភាព ដើម្បីយកបងប្អូនយើងត្រឡប់មកវិញឱ្យឆាប់ ជាមួយនិងសុវត្ថិភាពរបស់ពួកគាត់។
លោកស្រីបន្ថែមថា កម្ពុជាសុំឱ្យអ្នកសារព័ត៌មាន និងបណ្ដាញសង្គមថៃបញ្ឈប់ជាបន្ទាន់នូវរាល់ការផ្សព្វផ្សាយព័ត៌មានមិនពិត លាបពណ៌ បំផុសបំផុល ដែលធ្វើឱ្យស្ថានភាពកាន់តែតានតឹងឡើង ភាពល្អក់កករឡើងដែលមិនឆ្លុះបញ្ចាំងពីឆន្ទៈនៃប្រទេសទាំងពីរ ដែលកំពុងធ្វើការដោះស្រាយ ដោយសន្តិវិធី ដើម្បីនាំមកនូវសុខសន្តិភាព ជួនប្រជាជនទាំងសងខាង។
ម៉ោង ១៤:៤០៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយបណ្តាអង្គទូតបរទេសប្រចាំនៅព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅពិនិត្យមើលការខូចខាតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ និងគ្រាប់បែក MK-84 ដែលមានទម្ងន់ប្រមាណ ១តោន នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។ យោងតាមព័ត៌មានក្រសួងព័ត៌មាន។ (រូបថត៖ លន ហ្សាឌីណា AKP)
ម៉ោង១១:៣០៖ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី ១ ខែសីហា ឆ្នាំ២០២៥ ភាគីថៃបានប្រគល់មកឱ្យកម្ពុជាវិញនូវកងកម្លាំងចំនួន២រូបប៉ុណ្ណោះ ដូច្នេះកម្ពុជាបន្តជំរុញឱ្យភាគីថៃប្រគល់កងកម្លាំងរបស់យើងដែលនៅសេសសល់ដទៃទៀតឱ្យបានឆាប់រហ័ស ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា។
ម៉ោង ១១:០០ព្រឹក៖ គិតត្រឹមម៉ោង ១១:០០ ព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ភាគីថៃមិនទាន់បញ្ជូនកងកម្លាំងខ្មែរ២០រូបត្រឡប់មកវិញនៅឡើយ។ កម្ពុជាបន្តអំពាវនាវហើយអំពាវនាវទៀតទៅកាន់ភាគីថៃ ដើម្បីឱ្យបញ្ជូនកងកម្លាំងខ្មែរទាំងនោះត្រឡប់មកវិញឱ្យបានឆាប់។ អ្នកនាំពាក្យក្រសួងការពាជាតិ លោស្រី ម៉ាលី សុជាតា។
កម្ពុជាបានឯកភាពតាមសំណើររបស់ថៃក្នុងការរៀបចំកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការកិច្ចការព្រំដែនទូទៅនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចំនួនបីថ្ងៃ ដោយចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ យោងតាមអ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា។
ជាមួយនេះគ្នា កម្ពុជាក៏បានស្នើឱ្យប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងប្រទេសចិន ចូលរួមកិច្ចប្រជុំ ក្នុងនាមជាអ្នកសង្កេតការណ៍ ដោយសារប្រទេសទាំងបីនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលមានបទឈប់បាញ់រវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
លោកស្រី សុជាតា បានថ្លែងថា៖ «យើងសង្ឃឹមយ៉ាងម៉ឺងម៉ាត់ថា កិច្ចប្រជុំខាងលើនេះនឹងប្រព្រឹត្តទៅដោយស្ថាបនានិងប្រកបដោយផ្លែផ្កា»។ លោកស្រីបន្តថា កម្ពុជាក៏សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់ប្រទេសម៉ាឡេស៊ី ដែលបានសម្របសម្រួល និងផ្តល់ទីតាំងសម្រាប់កិច្ចប្រជុំនេះ។
ក្រសួងការពារជាតិថៃ បានដាក់សំណើសុំប្តូរទីតាំងកិច្ចប្រជុំ GBC នៅថ្ងៃទី៤ ខែសីហា ដោយមិនឱ្យរៀបចំនៅភ្នំពេញនោះទេ គឺប្រជុំនៅប្រទេសម៉ាឡេស៊ី ហើយឱ្យរៀបចំប្រជុំរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែសីហា ដើម្បីមានវេលាគ្រប់គ្រាន់ក្នុងកិច្ចពិភាក្សាលើការងារទាំងនេះ។
នាយឧត្តមសេនីយ៍ ទៀ សីហា បានផ្ញើលិខិតឆ្លើយតបទៅរដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ ទាក់ទងនឹងសំណូមពរក្នុងការរៀបចំកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅក្នុងទីតាំងអព្យាក្រឹតដែលស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី ក្នុងកំឡុងថ្ងៃទី៤ ដល់ទី៧ ខែសីហា ឆ្នាំ២០២៥ ដោយបង្ហាញពីការយល់ព្រមតាមសំណូមពរ។
លោកស្រី ម៉ាលី សុជាតា ក៏បានបញញ្ជាក់ថា ចាប់តាំងពីមានបទឈប់បាញ់ ស្ថានភាពនៅតាមព្រំដែនកម្ពុជា និងថៃ មានស្ងប់ស្ងាត់ធម្មតា។
ប្រធានសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ លោក Volker Türk បានអំពាវនាវឱ្យប្រទេសថៃ និងកម្ពុជាការពារជនស៊ីវិលដោយគោរព និងអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ ដោយសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ក្នុងការកសាងទំនុកចិត្ត និងគាំទ្រសន្តិភាព។
លោកស្រី សុជាតា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តធ្វើការចរចាហើយក៏កំពុងបន្តជំរុញឱ្យភាគីថៃប្រគល់កងកម្លាំងរបស់យើងមកយើងវិញឱ្យបានឆាប់រហ័សស្របតាមច្បាប់មនុស្សធម៌អន្តរ។
លោកស្រីបានបន្តថា ចំនួន២០រូបដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថៃ ចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ កម្ពុជាកំពុងបន្តការចរចា និងជំរុញឱ្យភាគថៃប្រគល់ពួកគេត្រឡប់មកវិញឱ្យបានឆាប់រហ័ស។
លោកស្រី សុជាតា បានបញ្ជាក់ថា ជាមួយគ្នានេះ យោធាថៃក៏បានបញ្ជាក់ថា ពួកគេមានសុវត្ថិភាព។
លោកស្រីបានថ្លែងទៀតថា កម្ពុជាក៏បានស្នើឱ្យម៉ាឡេស៊ីដែលជាប្រធានអាស៊ានឲ្យជួយអន្តរាគមន៍ដើម្បីជំរុញឲ្យភាគីថៃឆាប់ប្រគល់ពួកគេឲ្យយើងវិញ។
លោកស្រី បានបន្ថែមថា៖ «ក្រសួងការពារជាតិនិងកងយុទ្ធពលខេមរភូមិន្ទនឹងមិនទុកសមាជិករបស់ខ្លួនណាម្នាក់ចោលនោះទេទោះក្នុងកាលៈទេសៈណាក៏ដោយ»។









