ដោយប្រឈមមុខនឹងការរឹបអូសទ្រព្យសម្បត្តិ បន្ទាប់ពីចាញ់ក្តីក្នុងបណ្តឹងបរិហារកេរ្តិ៍របស់គណបក្សប្រជាជនកម្ពុជា ដែលទារសំណងជំងឺចិត្ត១លានដុល្លារ លោក សុន ឆ័យ បានកាត់បន្ថយវោហារសាស្ត្រនយោបាយ និងកាន់តែមានភាពប្រយ័ត្នប្រយែងជាងមុនដែលលោកធ្លាប់បានធ្វើនៅក្នុងអាជីពនយោបាយច្រើនទសវត្សរ៍មកនេះតាមរយៈការបញ្ចេញទស្សនរបស់លោក។
ក្នុងបទសម្ភាសជាមួយខេមបូចា លោក សុន ឆ័យ និយាយថា៖ «ពីមុន ខ្ញុំអាចនិយាយអ្វីៗដោយសេរីក្នុងនាមជាតំណាងរាស្ត្រម្នាក់ ប៉ុន្តែនៅពេលនេះ វាផ្សេង។ ខ្ញុំត្រូវតែប្រយ័ត្នប្រយែងក្នុងការនិយាយជាសាធារណៈ ពិសេសការនិយាយជាមួយសារព័ត៌មាន»។
ប៉ុន្តែនោះមិនមែនមានន័យថា លោកបិទមាត់មិននិយាយអ្វីនោះទេ ខណៈពេលលោកដឹកនាំគណបក្សភ្លើងទៀនដោយប្រយ័ត្នប្រយែងដើម្បីឆ្ពោះទៅរកការបោះឆ្នោតជាតិនៅខែកក្កដា ឆ្នាំ ២០២៣។
ជាអនុប្រធានគណបក្សប្រឆាំងឈានមុខគេនៅកម្ពុជា លោក សុន ឆ័យ វ័យ៦៦ឆ្នាំ បានជួបប្រទះឆ្នាំដ៏ច្របូកច្របល់មួយ បន្ទាប់ពីត្រូវគណបក្សកាន់អំណាច និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្តឹងដោយសារតែធ្វើការអត្ថាធិប្បាយជាសាធារណៈថា គ.ជ.ប មានភាពលម្អៀងទៅគណបក្សទៅគណបក្សប្រជាជននៅក្នុងការបោះឆ្នោតឃុំសង្កាត់កាលពីថ្ងៃទី៥ ខែមិថុនា។
គណបក្សកាន់អំណាចឈ្នះអាសនៈមេឃុំឬចៅសង្កាត់ទាំងអស់លើកលែងតែបួនអាសនៈ ដែលដណ្តើមបានដោយគណបក្សភ្លើងទៀន នៅក្នុងការបោះឆ្នោតឃុំសង្កាត់។
សាលាឧទ្ធរណ៍បានតម្កល់សេចក្តីសម្រេចរបស់តុលាការដំបូង និងបានបង្កើនសំណងជំងឺចិត្តដោយបង្គាប់ឲ្យលោក សុន ឆ័យ បង់ជំងឺចិត្ត១លានដុល្លារទៅឲ្យគណបក្សប្រជាជនកម្ពុជា។
ប៉ុន្តែមកដល់ពេលនេះលោក សុន ឆ័យ បដិសេធមិនព្រមបង់ដែលតុលាការអាចនឹងចេញដីកាបង្គាប់ឲ្យអាជ្ញាធររឹបអូសផ្ទះរបស់លោកពីរកន្លែងនៅក្នុងទីក្រុងភ្នំពេញនិងនៅខេត្តសៀមរាប បន្ទាប់ពីគណបក្សប្រជាជនបានស្នើឲ្យតុលាការបង្កកទ្រព្យលោកសុន ឆ័យ សម្រាប់យកមកទូទាត់សំណង។
លោកបានប្តឹងសារទុក្ខទៅតុលាការកំពូលហើយគេមិនទាន់ច្បាស់ថា តើតុលាការកំពូលនឹងសម្រេចនៅពេលណានោះទេ។
លោក សុន ឆ័យ ថ្លែងថា៖ «ខ្ញុំមិនបានធ្វើអ្វីខុសនោះទេ ហើយខ្ញុំនឹងបន្តការតស៊ូមតិទៅតុលាការកំពូល និងបន្តយន្តការអង្គការសហប្រជាជាតិផ្អែកលើការគោរពសិទ្ធិសេរីភាពនៃការបញ្ចេញមតិ។ ខ្ញុំពិតជាមិនយល់ថា ហេតុអ្វីបានជា [CPP] ទាមទារសំណងពីខ្ញុំច្រើនបែបនេះ តើគេមានបំណងអ្វី?»។
សមាជិកសហភាពអឺរ៉ុបមួយចំនួនបានចេញសេចក្តីថ្លែងការណ៍ជាសាធារណៈកាលពីថ្ងៃទី១៣ ខែធ្នូ ដោយសម្តែងការព្រួយបារម្ភចំពោះការគាបសង្កត់នយោបាយនៅក្នុងប្រទេសកម្ពុជា ដោយអំពាវនាវឲ្យសហភាពអឺរ៉ុបតាមឃ្លាំមើលឲ្យបានដិតដល់ពីស្ថានភាពនៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើឲ្យប្រាកដថា គណបក្សភ្លើងទៀននឹងមិនត្រូវបានរំលាយនៅក្នុងរយៈពេលប៉ុន្មានខែមុនការបោះឆ្នោតជាតិនៅខែកក្កដានេះទេ។
នៅពេលសួរថា តើលោកចាត់ទុកថា បណ្តឹងបរិហាកេរ្តិ៍នេះជាការគាបសង្កត់ផ្នែកនយោបាយឬយ៉ាងណា លោក សុន ឆ័យ បានឆ្លើយតបថា៖ «ខ្ញុំមិនអាចឆ្លើយចំណុចនេះទេ ប៉ុន្តែវាកំពុងតែរំខានការងាររបស់ខ្ញុំក្នុងការជួយគណបក្សក្នុងឋានៈជាមេដឹកនាំម្នាក់នៅក្នុងគណបក្ស»។
លោក សុន ឆ័យ មានប្រសាសន៍ថា លោកមិនអាចទស្សទាយបានទេថា តើគណបក្សភ្លើងទៀននឹងត្រូវរំលាយនាពេលអនាគតឬយ៉ាងណា ខណៈផ្លូវឆ្ពោះទៅកាន់ការបោះឆ្នោតពោរពេញដោយគ្រាប់មីន។ លោក ហ៊ុន សែន បានព្របានមានថា គណបក្សនេះនឹងត្រូវរំលាយប្រសិនបើរកឃើញមានការជាប់ពាក់ព័ន្ធណាមួយជាមួយនឹងមេដឹកនាំបក្សប្រឆាំងនិរទេសខ្លួន សម រង្ស៊ី។
លោក សុន ឆ័យ មានប្រសាសន៍ថា៖ «យើងមិនត្រូវធ្វើអ្វីដែលបង្កើតជាភស្តុតាងសម្រាប់គណបក្សកាន់អំណាចប្រើប្រាស់ ដើម្បីរំលាយ [គណបក្សភ្លើងទៀន] នោះទេ។ ការប្រយ័ត្នប្រយែងនឹងការពារបក្សពីការរំលាយដូចដែលធ្លាប់កើតមានចំពោះគណបក្សសង្គ្រោះជាតិ»។
លោក សុន ឆ័យ ជាមន្ត្រីម្នាក់ក្នុងចំណោមមន្ត្រី១១៨រូបដែលត្រូវបានហាមមិនឲ្យធ្វើនយោបាយ បន្ទាប់ពីតុលាការកំពូលរំលាយគណបក្សប្រឆាំងដ៏មានប្រជាប្រិយភាពកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ បានដាក់ពាក្យសុំសិទ្ធិធ្វើនយោបាយឡើងវិញដើម្បីវិលត្រឡប់ចូលនយោបាយកាលពីឆ្នាំ២០២០។
លោកបានដឹកនាំគណបក្សភ្លើងទៀនជាមួយនិងសមាជិកសេសសល់មកពីគណបក្សសម រង្ស៊ី ប៉ុន្តែដំបូងឡើយលោករងការរិះគន់ពីសកម្មជននយោបាយកំពុងនិរទេសខ្លួន ដែលស្មោះត្រង់ជាមួយនឹងគណបក្សសង្គ្រោះជាតិ។
ខណៈពេលស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក សុន ឆ័យ ក្នុងការវិលត្រឡប់ចូលឆាកនយោបាយវិញកាលពីឆ្នាំ២០២០ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជានៅពេលនេះបានហៅលោក សុន ឆ័យ ថា គ្រាន់តែជាអ្នកដើរតាមនយោបាយប៉ុណ្ណោះ។
លោកថ្លែងថា៖ «គាត់គ្រាន់តែជាអ្នកធ្វើតាមមេដឹកនាំនយោបាយ ហើយការសម្រេចចិត្តទាំងអស់មិនមែនធ្វើដោយឆន្ទៈផ្ទាល់របស់គាត់ទេ។ គាត់គ្រាន់តែធ្វើតាមចៅហ្វាយរបស់គាត់» ដោយលោកនិយាយសំដៅដល់លោក សម រង្ស៊ី។
ទោះបីជាយ៉ាងណា លោក សុន ឆ័យ មានជំហរឯករាជ្យយូរមកហើយ ដោយបង្ហាញភាពប្រយ័ត្នប្រយែងជុំវិញការពឹងផ្អែករបស់គណបក្សសង្គ្រោះជាតិលើលោក សម រង្ស៊ី និងលោក កឹម សុខា។ លោកសង្ឃឹមថា នឹងធ្វើវិមជ្ឈការអំណាចនៅក្នុងគណបក្សភ្លើងទៀន។
លោកបន្តថា៖ «ខ្ញុំចង់ធ្វើឲ្យគណបក្សប្រឆាំងមួយមានរចនាសម្ព័ន្ធរឹងមាំដោយមិនពឹងផ្អែកលើបុគ្គលជាក់លាក់ណាមួយទេ»។
ការតស៊ូមតិរយៈពេលជាងពីរទសវត្សរ៍
កើតនៅឆ្នាំ១៩៥៦ ជាកូនទី៣នៅក្នុងចំណោមបងប្អូន១១នាក់នៅខេត្តសៀមរាប លោក សុន ឆ័យ បានក្លាយជាសកម្មជនសង្គមកាលលោកនៅជាសិស្សវិទ្យាល័យដោយបានដឹកនាំការតវ៉ាប្រឆាំនឹងតម្លៃទំនិញឡើងថ្លៃនៅក្នុងខេត្តកាលពីដើមទសវត្សរ៍៧០។
បន្ទាប់ពីបាត់បង់ឪពុក និងបងប្អូនបង្កើតពីរនាក់នៅក្នុងរបបខ្មែរក្រហម លោក ឆ័យ បានទៅរស់នៅប្រទេសអូស្ត្រាលីនៅក្នុងឆ្នាំ១៩៨០ និងធ្វើការងារជាគ្រូបង្រៀនគណិតវិទ្យាមុនពេលលោកវិលត្រឡប់មកប្រទេសកម្ពុជាវិញនិងចូលរួមការបោះឆ្នោតជាតិដែលគាំទ្រដោយអង្គការសហប្រជាជាតិកាលពីឆ្នាំ១៩៩៣។
លោកបានជាប់ឆ្នោតជាតំណាងរាស្ត្រប្រចាំខេត្តសៀមរាបរបស់គណបក្សសេរីនិយមព្រះពុទ្ធសាសនា ដែលប្រឆាំងកុម្មុយនីស្ត ហើយក្រោយមកលោកបានចូលរួមជាមួយគណបក្សជាតិខ្មែរកាលពីឆ្នាំ១៩៩៥ មុនប្តូរមកគណបក្សភ្លើងទៀន។
លោកបានក្លាយជាតួអង្គលេចធ្លោជាងមុននៅលើឆាកនយោបាយជាតិ បន្ទាប់ពីរដ្ឋប្រហារដឹកនាំអ្នកស្មោះត្រង់នឹងគណបក្សប្រជាជនកម្ពុជាកាលពីឆ្នាំ១៩៩៧ ដែលបណ្តេញគណបក្សហ្វុនស៊ីនប៉ិចដែលដឹកនាំដោយព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ពីការរៀបចំបែងចែកអំណាច។
ឥស្សរជនបក្សប្រឆាំងរួមទាំងលោក សុន ឆ័យ ផងបានគេចខ្លួនទៅប្រទេសថៃ ប៉ុន្តែលោក ឆ័យ បានវិលត្រឡប់មកវិញ ហើយព្យាយាមធ្វើឲ្យជម្លោះថមថយ ដោយជំរុញឲ្យមានការបោះឆ្នោតថ្មីកាលពីឆ្នាំ១៩៩៨។
លោក គង់ គាំ ដែលជាអ្នកនយោបាយជើងចាស់បច្ចុប្បន្នជាឧត្តមទីប្រឹក្សារបស់គណបក្សភ្លើងទៀនបានមានប្រសាសន៍ថា លោក សុន ឆ័យ គឺជាអ្នកសម្របសម្រួលនយោបាយនិងមានបំណងលើកស្ទួយលទ្ធិប្រជាធិបតេយ្យ។
លោកមានប្រសាសន៍ថា៖ «សុន ឆ័យ គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកដំបូងគេដែលវិលត្រឡប់មកប្រទេស ដើម្បីសម្របសម្រួលរវាងភាគីទាំងពីរស្វែងរកការបោះឆ្នោតឡើងវិញ។ លោកសុន ឆ័យ ធ្វើបេសសកម្មផ្ទាល់ខ្លួន»។
លោក សុន ឆ័យ មានប្រសាសន៍ថា លោកមិនមែនជាមនុស្សដែលមានឥទ្ធិពលនោះទេនៅពេលនោះ ប៉ុន្តែមានទឹកចិត្តក្នុងការស្វែងរកការផ្សៈផ្សាជាតិ។
លោកមានប្រសាសន៍ថា៖ «នៅពេលនោះ ខ្ញុំបានជួបជាមួយសម្តេចតា [នរោត្តម សីហនុ] និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជជែកអំពីការរៀបចំការបោះឆ្នោត។ ខ្ញុំមិនដឹងថា កិច្ចប្រឹងប្រែងរបស់ខ្ញុំនាំមកនូវការបោះឆ្នោតសកលកាលពីឆ្នាំ១៩៩៨នោះទេ ប៉ុន្តែខ្ញុំបានធ្វើការងារនេះ»។
លោក កែវ ភីរម្យ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមកពីខេត្តក្រចេះ និង ជាសហសេវិកម្នាក់ក្នុងចំណោមសហសេវិកជិតស្និទ្ធម្នាក់របស់លោក សុន ឆ័យ ហើយបាននិយាយថា កម្លាំងនយោបាយរបស់លោក សុន ឆ័យ គឺភាពស្មោះត្រង់និងសេចក្តីថ្លៃថ្នូររបស់លោក។
លោកថ្លែងថា៖ «លោកមានទំនាក់ទំនងល្អជាមួយអ្នកផ្សេងក្នុងគណបក្ស ប៉ុន្តែគាត់គឺជាមនុស្សដែលចូលចិត្តធ្វើការម្នាក់ឯង ដោយគ្មានបក្សពួកនិយមនៅក្នុងគណបក្ស។ គាត់គឺជាតំណាងរាស្ត្រដែលហ៊ាននិយាយ ហ៊ានទាមទាររកយុត្តិធម៌។ គាត់គឺជាអ្នកការពារយុត្តិធម៌សង្គមម្នាក់ដោយមិនបារម្ភពីសុវត្ថិភាពខ្លួនឯង»។
លោក សុន ឆ័យ មានប្រសាសន៍ថា លោក ហ៊ុន សែន ធ្លាប់ចង់ឲ្យលោកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាកាលពីឆ្នាំ១៩៩៨ ប៉ុន្តែលោកបដិសេធនិងបានក្លាយជាផ្នែកមួយនៃគណបក្សប្រឆាំងដែលដឹកនាំដោយលោក សម រង្ស៊ី។ បន្ទាប់ពីគណបក្ស សម រង្ស៊ី ច្របាច់បញ្ចូលជាមួយគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា ដើម្បីបង្កើតជាគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១២ លោក សុន ឆ័យ ត្រូវបានជ្រើសរើសជាប្រធានក្រុមតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ។
អំឡុងពេលជាងពីរទសវត្សរ៍ក្នុងឋានៈជាតំណាងរាស្ត្រគណបក្សប្រឆាំង លោក សុន ឆ័យ មានឈ្មោះបោះសំឡេងដោយសារតែការតស៊ូមតិរបស់លោកនៅរដ្ឋសភា។ លោកជាតំណាងរាស្ត្រប្រឆាំងដំបូងដែលបានស្នើសេចក្តីព្រាងច្បាប់ប្រឆាំងអំពើពុករលួយកាលពីឆ្នាំ១៩៩៥ និងច្បាប់ប្រកាសទ្រព្យសម្បត្តិ ដែលត្រូវបានអនុម័ត១៥ឆ្នាំក្រោយមក។
ក្នុងឋានៈជាអនុប្រធាននៃគណៈកម្មាធិការហិរញ្ញវត្ថុរបស់រដ្ឋសភាពីឆ្នាំ២០១៤ដល់ឆ្នាំ២០១៧ លោក សុន ឆ័យ មានអំណាចឃ្លាំមើលការចំណាយរបស់រដ្ឋាភិបាលនិងមិនខ្លាចនឹងលាតត្រដាងពីអំពើពុករលួយ ដែលសង្ស័យរបស់មន្ត្រីផ្សេងទៀត។ ស្មារតីមោះមុតរបស់លោកកម្រទទួលបានការពេញចិត្តពីសមាជិកផ្សេងទៀតនៅក្នុងរដ្ឋសភាណាស់។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៤ លោក សុន ឆ័យ បានដាក់ពាក្យបណ្តឹងទៅប្រធានរដ្ឋសភា ដែលរៀបរាប់លម្អិតអំពីបក្សពួកនិយមនៅក្នុងចំណោមបុគ្គលិករដ្ឋសភាដោយគូសបញ្ជាក់ថា មន្ត្រីរដ្ឋបាលម្នាក់នៅរដ្ឋសភាមានសាច់ញាតិ១៤នាក់ធ្វើការងារនៅទីនោះ។ លោករំឭកថា គ្មានការចាត់វិធានការណាមួយទេ។
នៅក្នុងករណីមួយផ្សេងទៀត លោក ឆ័យ បានរកឃើញថា លេខាធិការដ្ឋានរដ្ឋសភាបានចំណាយប្រាក់៣៥.០០០ដុល្លារសម្រាប់បង្គោលដងទង់ជាតិមួយដើមនិងចំណាយប្រាក់៥០.០០០ដុល្លារសម្រាប់ធ្វើទ្វាររបងរដ្ឋសភា។ លោកទទូចឲ្យមានការស៊ើបអង្កេត ប៉ុន្តែមិនដែលមានការស៊ើបអង្កតណាមួយទេ។
បើទោះបីជាខ្វះការឆ្លើយតបច្បាស់លាស់ជាញឹកញាប់ចំពោះការស៊ើបអង្កេតរបស់លោកលើថវិកាជាតិនិងសំណើច្បាប់ច្រើនឆ្នាំមកនេះ លោក សុន ឆ័យ មានប្រសាសន៍ថា លោកនៅតែផ្តោតលើការកសាងបក្សប្រឆាំងប្រកបដោយទំនុកចិត្តនិងរឹងមាំមួយ ដើម្បីកែលម្អស្ថាប័នរដ្ឋ និងសង្គមស៊ីវិល។
លោកបានមានប្រសាសន៍ថា៖ «យុត្តិធម៌សង្គម និងលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជាគឺជារឿងសំខាន់។ បើគ្មានយុត្តិធម៌សង្គម គឺគ្មានសន្តិភាពពិតប្រាកដនោះទេ។ ដូច្នេះ ខ្ញុំត្រូវបន្តទាមទារយុត្តិធម៌សង្គម»។
បក្សប្រឆាំងស្ថិតក្រោមការគំរាមកំហែង
ថ្លែងនៅក្នុងពិធីសម្ពោធផ្លូវនៅខេត្តព្រះសីហនុកាលពីថ្ងៃទី២២ ខែធ្នូ លោក ហ៊ុន សែន បានព្រមានថា នរណាដែលចោទគណបក្សប្រជាជនកម្ពុជាថា លួចសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតនាពេលខាងមុខនឹងប្រឈមការប្តឹង។
លោក ហ៊ុន សែន ថ្លែងថា៖ «បន្ទាប់ពីការបោះឆ្នោត ពួកគេតែងតែចោទ [ CPP] ថា ជាចោរ នេះមិនមែនជាសេរីភាពនៃការបញ្ចេញមតិទេ។ ចាប់ពីពេលនេះតទៅ អ្នកណាដែលចោទគណបក្សប្រជាជនកម្ពុជាថា ជាចោរ ពួកគេនឹងត្រូវប្តឹង»។
ខណៈដែលលោកនាយករដ្ឋមន្ត្រីនិងគណបក្សកាន់អំណាចការពារកិត្តិយសរបស់ខ្លួននៅក្នុងការបោះឆ្នោតឃុំសង្កាត់នោះ របាយការណ៍ពីក្រុមអ្នកឃ្លាំមើលការបោះឆ្នោតឯករាជ្យបានរកឃើញវត្តមានរបស់កម្លាំងប្រដាប់អាវុធនៅតាមមណ្ឌលបោះឆ្នោត និងការស្រង់ឈ្មោះអ្នកបោះឆ្នោតពីសំណាក់អាជ្ញាធរមូលដ្ឋាន។
មន្ត្រីបោះឆ្នោតមួយចំនួនរួមទាំងអ្នកដែលពាក់ព័ន្ធការរាប់សន្លឹកឆ្នោតគឺជាសកម្មជនគណបក្សកាន់អំណាច។ នេះបើយោងតាមគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រេល)។
លោក ហ៊ុន សែន បានអះអាងថា សំណងជំងឺចិត្តដ៏ច្រើនដែលតុលាការបានបង្គាប់ទៅលើលោក សុន ឆ័យ គឺជាវិធានការមួយ ដើម្បីលុបបំបាត់វប្បធម៌លាភពណ៌ បន្ទាប់ពីការបោះឆ្នោត និងបានព្រមានឲ្យដាក់ដេញថ្លៃលក់អចលនទ្រព្យរបស់លោកផងដែរ។
លោក គង់ គាំ ទីប្រឹក្សាគណបក្សភ្លើងទៀនបានអះអាងថា ការអត្ថាធិប្បាយរបស់លោក សុន ឆ័យ ស្តីពីការបោះឆ្នោតឃុំសង្កាត់កាលពីថ្ងៃទី៥ ខែមិថុនា ពិតមានលក្ខណៈជាការបរិហារ ប៉ុន្តែថា សំណងជំងឺចិត្តនេះគឺវាហួសហេតុ។
លោកថ្លែងថា៖ «ខ្ញុំគិតថា ទាំងបក្សប្រឆាំង និងគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចមានមនុស្សជ្រុលនិយមដូចគ្នា ដូច្នេះយើងគួរស្វែងរកមធ្យោបាយបញ្ឈប់ការវាយប្រហារ និងការចោទប្រកាន់គ្នាទៅវិញទៅមក។ ខ្ញុំគិតថា វានឹងមិនជាបញ្ហាចំពោះគណបក្សភ្លើងទៀនទេ ប៉ុន្តែវាអាចជាឧបសគ្គមួយចំពោះជីវិតនយោបាយរបស់លោក សុន ឆ័យ ដោយសារតែតុលាការមិនលើកលែងចំពោះគណបក្សប្រឆាំង»។
ប្រសិនបើតុលាការកំពូលសម្រេចឲ្យគាត់ចាញ់ លោក សុន ឆ័យ នឹងក្លាយជាអ្នកនយោបាយប្រឆាំងទី២ បន្ទាប់ពីលោក សម រង្ស៊ី ដែលត្រូវបានរឹបអូសទ្រព្យ ដើម្បីសងសំណងជំងឺចិត្តក្នុងបណ្តឹងបរិហារកេរ្តិ៍។
ទីស្នាក់ការគណបក្សសង្គ្រោះជាតិនៅរាជធានីភ្នំពេញជាផ្ទះរបស់លោក សម រង្ស៊ី ត្រូវបានលក់ក្នុងតម្លៃ១,៦លានដុល្លារកាលពីឆ្នាំមុន ដើម្បីសងសំណងជំងឺចិត្តក្នុងសំណុំរឿងបរិហារកេរ្តិ៍ដែលប្តឹងដោយលោក ហ៊ុន សែន និងមន្ត្រីកំពូលគណបក្សកាន់អំណាចពីររូបផ្សេងទៀត។
ដោយមិនបង្ហាញនូវក្តីបារម្ភ លោក សុន ឆ័យ បានពន្យល់ថា នេះមិនមែនជាលើកទី១ទេ ដែលទ្រព្យរបស់លោករងការគំរាមកំហែង ដោយលោកគូសបញ្ជាក់ថា កាលពីឆ្នាំ២០១០ អាជ្ញាធរបានយកដីបីហិកតានៅខេត្តសៀមរាប ដោយអះអាងថា ជាដីរបស់អាជ្ញាធរអប្សរា។ ប៉ុន្តែក្រោយមកដីនោះត្រូវបានប្រគល់ឲ្យក្រុមហ៊ុន សុខា របស់លោក សុខ គង់ ដើម្បីអភិវឌ្ឍន៍ជាសណ្ឋាគារ។
ប៉ុន្តែលោក សុន ឆ័យ ដែលភរិយា និងកូនទាំង៥របស់លោករស់នៅប្រទេសអូស្ត្រាលីបានឲ្យដឹងថា លោកមិនខ្វល់ពីការបាត់បង់ទ្រព្យសម្បត្តិទេ ហើយថាការបារម្ភពីទ្រព្យសម្បត្តិនឹងរារាំងជីវិតនយោបាយរបស់លោក។
លោក សុន ឆ័យ ថ្លែងថា៖ «វាមិនមែនជាផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្ញុំទ និងជាអ្វីដែលខ្ញុំបារម្ភនោះទេ។ ប្រសិនបើខ្ញុំបារម្ភពីទ្រព្យសម្បត្តិ ខ្ញុំមិនអាចបន្តជួយគណបក្សបានទេ» ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Facing $1 million lawsuit, Candlelight Leader Son Chhay Cautious But Intent On Reaching Elections