ប្រជាពលរដ្ឋប្រមាណ ១០០គ្រួសារ នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ បានតវ៉ានៅថ្ងៃទី១៦ ខែកុម្ភៈ ដើម្បីទាមទារបណ្ណកម្មសិទ្ធិដីធ្លីនៅតំបន់កោះមាសពីអាជ្ញាធរ។ ប្រជាពលរដ្ឋបានអះអាងថា ពួកគាត់បានកាន់កាប់ដីនៅកោះមាស និងធ្វើស្រែចម្ការជាច្រើនឆ្នាំមកហើយ ប៉ុន្តែពេលនេះរដ្ឋាភិបាលបានជួលឲ្យក្រុមហ៊ុនរបស់លោកឧកញ៉ា ឃុន សៀ អស់រយៈពេល ៥០ឆ្នាំ។
យោងតាមអនុក្រឹត្យលេខ ២១០ ចុះថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ២០២០ ដីកោះមាស មានទំហំ ៣៤០ ហិកតា និង ៦១ អា ដែលលាតសន្ធឹងលើខណ្ឌចំនួន ៣ គឺខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងស្រុកល្វាឯម និងស្រុកកៀនស្វាយ ខេត្តកណ្តាល ត្រូវបានចាត់ថ្នាក់ជាដីឯកជនរបស់រដ្ឋ។
អនុក្រឹត្យដដែលបានបញ្ជាក់ថា ដីមួយផ្នែកត្រូវចុះបញ្ជីផ្ទេរទៅរដ្ឋបាលរាជធានីភ្នំពេញ និងមួយផ្នែកទៀតទៅរដ្ឋបាលខេត្តកណ្តាល ដែលត្រូវជួលឱ្យក្រុមហ៊ុន ឃុន សៀ អ៊ិចផត អ៊ិចផត ដើម្បីអភិវឌ្ឍរយៈពេល ៥០ឆ្នាំ។
លោក ឈឹម រី អាយុ ៦៧ឆ្នាំ រស់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ បានប្រាប់ សារព័ត៌មានខេមបូចា ថា គាត់មករស់នៅតំបន់នេះតាំងពីឆ្នាំ១៩៧៩ មកម្ល៉េះ។ ពេលនោះ ប្រជាពលរដ្ឋបានកកើតជាភូមិ ធ្វើស្រែចំការ និងចិញ្ចឹមគ្រួសារ។ ទោះបីជាមិនមានប្លង់រឹង ប៉ុន្តែគាត់មានលិខិតបញ្ជាក់កម្មសិទ្ធិលើដីទំហំ៤ហិកតាពីអាជ្ញាធរមូលដ្ឋាន។
នៅពេលដែលគាត់ដឹងថាដីនៅកោះមាសត្រូវបានបែងចែកទៅជាក្រុមហ៊ុនរបស់ឧកញ៉ា ដូច្នេះលោក រី ព្រួយបារម្ភខ្លាចបាត់បង់ដី និងផ្ទះរបស់គាត់ដែលគាត់រស់នៅរាប់ឆ្នាំ។ លោកអះអាងថា អាជ្ញាធរមិនបានប្រាប់អ្នកភូមិអំពីការអភិវឌ្ឍនោះទេ។
លោក រី និយាយថា៖ «ពួកយើងធ្លាប់តែរីករាយតាំងពីដើមមក ព្រោះយើងមានសិទ្ធិ។ ចាប់តាំងពីបែកជំនាន់ ពល ពត មក ពួកយើងមានលិខិតស្នាម លុះឆ្នាំ២០២០ ពួកគេបានវាស់វែងដី ហើយមានអនុក្រឹត្យបែងចែកដីឲ្យក្រុមហ៊ុនឧកញ៉ា ឃុន សៀ។ ដូច្នេះខ្ញុំ មានការព្រួយបារម្ភខ្លាចតែបាត់ដី ពួកយើងបារម្ភបាត់បង់សិទ្ធិ ដូច្នេះគេវាស់វែងដោយគ្មានការជូនដំណឹង»។
លោកបានបន្តថា ប្រជាពលរដ្ឋនៅកោះមាស កំពុងស្វែងរកការអន្តរាគមន៍ពីរដ្ឋាភិបាលលើបីចំណុចគឺ ដើម្បីឱ្យស្ថាប័នពាក់ព័ន្ធពន្លឿនការចេញកម្មសិទ្ធិជាគ្រួសារ ស្នើឱ្យទីស្តីការគណៈរដ្ឋមន្ត្រីលុបចោលអនុក្រឹត្យបែងចែកដីឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ និងស្នើឱ្យប្រជាពលរដ្ឋមានសិទ្ធិផ្ទេរកម្មសិទ្ធិជូនកូនចៅ ឬអ្នកកាន់កាប់បន្តដូចពលរដ្ឋទូទៅ។
លោក រី បន្ថែមថា៖ «ខ្ញុំមានអារម្មណ៍ថាខ្ញុំបាត់បង់ជំនឿ។ អ្នកដឹកនាំមិនគិតពីប្រជាជនទាល់តែសោះ។ [ពួកគេ] មិនប្រាប់យើងអ្វីទាំងអស់។ មន្ត្រីខណ្ឌរុញប្រជាជនទៅលិចទៅកើតគេលាក់ព័ត៌មាន។ យូរៗទៅ ប្រជាពលរដ្ឋបាត់បង់ជំនឿលើអាជ្ញាធរ»។
លោក ពឹង រតនៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានថ្លែងថា លោកមិនទាន់ទទួលបានព័ត៌មានអំពីការទិញដីនៅកោះមាសនៅឡើយទេ។
ចំណែក លោក សេង គឹមលី អភិបាលរងស្រុកកៀនស្វាយ ខេត្តកណ្តាល បដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញការជួលដីឲ្យក្រុមហ៊ុន លោក ឃុន សៀ ដោយបញ្ជាក់ថាលោកជាប់រវល់ប្រជុំ។
ប្រជាពលរដ្ឋម្នាក់ទៀត គឺលោក ជុំ សំអឿន អាយុ៧១ឆ្នាំ មកពីភូមិជ្រោយអំពិល១ បាននិយាយថា ប្រជាពលរដ្ឋចង់បានបណ្ណកម្មសិទ្ធិស្របច្បាប់ និងកំណត់ផ្ទៃដីអាស្រ័យផលច្បាស់លាស់នៅតំបន់នោះ។ លោកព្រួយបារម្ភអំពីការបាត់បង់ដីដែលមានតាំងពីឆ្នាំ១៩៧៩ ដោយអះអាងថាមិនបានកាន់កាប់ដោយខុសច្បាប់។ ដូច្នេះ រដ្ឋាភិបាលត្រូវដោះស្រាយបញ្ហា និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ។
លោក សំអឿន និយាយថា៖ «ដីនេះមិនមែនជាដីកាន់កាប់ដោយខុសច្បាប់ទេ។ មានបណ្ណកម្មសិទ្ធិលក់ និងសំបុត្រទិញពីមេឃុំក្បាលកោះ។ យើងយល់ថានេះ [ការជួលដីឲ្យឧកញ៉ា] គឺជាការរំលោភសិទ្ធិមនុស្ស និងអយុត្តិធម៌ធ្ងន់ធ្ងរ ព្រោះអ្នកខ្លះមាន [ដី] ប៉ុន្តែយើងអត់មាន»។
លោកអះអាងថា បានទទួលរបាយការណ៍ដែលនិយាយអំពីដីនៅតំបន់កោះមាសត្រូវបានជួលទៅឲ្យលោក ឃុន សៀ ដើម្បីអភិវឌ្ឍ និងដោះស្រាយក្នុងតម្លៃ៥ដុល្លារទៅ៨ដុល្លារក្នុងមួយម៉ែត្រការ៉េ។ អាស្រ័យហេតុនេះ លោកបានស្នើឱ្យរដ្ឋាភិបាលពិចារណាឡើងវិញ ក្នុងការបំប្លែងដីឯកជនទៅជាដីសាធារណៈរបស់រដ្ឋ និងផ្ទេរទៅឱ្យក្រុមហ៊ុនឯកជនគ្រប់គ្រង។
អ្នកគ្រប់គ្រងកម្មវិធីនៃអង្គការសមាគមធាងត្នោត លោក ស៊ាង មួយឡៃ បានប្រាប់ សារព័ត៌មានខេមបូចា ថា ការកំណត់ដីរដ្ឋឯកជនជាដីសាធារណៈរបស់រដ្ឋ គួរតែត្រូវបានផ្សព្វផ្សាយជាសាធារណៈឱ្យទូលំទូលាយ និងមានការចូលរួមពីប្រជាពលរដ្ឋមុនពេលសម្រេចចិត្តជួល ឬអភិវឌ្ឍន៍វា។
លោកលើកឡើងថា ប្រជាពលរដ្ឋដែលមានដីនៅតំបន់កោះមាស មានបណ្ណកម្មសិទ្ធិដោយកត់សម្គាល់ថា ជាដីឯកជន។ ដូចនេះមុននឹងមានការបំប្លែងជាដីរដ្ឋណាមួយរដ្ឋគួរតែពិភាក្សាជាមួយប្រជាពលរដ្ឋដែលអះអាងថា ខ្លួនមានសិទ្ធិកាន់កាប់ដីស្របតាមច្បាប់ភូមិបាល។ លោកសង្កត់ធ្ងន់ថា បើរដ្ឋមិនចាត់ទុកចំណុចនេះទេ គឺជាការរំលោភសិទ្ធិដីធ្លី។
លោកបន្តថា នីតិវិធីទាក់ទងនឹងការកំណត់តំបន់ជាដីរដ្ឋ ឬប្រគល់ឲ្យឧកញ៉ាដើម្បីអភិវឌ្ឍធ្លាប់មានពីមុនមកដែរ។ លោកបន្តថា៖ «វាគ្រាន់តែថាការអនុវត្តមិនទាន់ល្អទេ រដ្ឋាភិបាលគួរតែប្រកាសដល់ពលរដ្ឋ [ដើម្បីទទួលបានទស្សនៈ] ទោះពួកគេយល់ស្រប ឬមិនយល់ស្របក៏ដោយ។ រដ្ឋាភិបាលគួរតែពង្រឹងចំណុចនេះម្តងទៀត»។
នៅឆ្នាំ២០២៣ អនុក្រឹត្យចុះហត្ថលេខាដោយលោក ហ៊ុន សែន កាលពីថ្ងៃទី៦ ខែមីនា បានបង្ហាញថា ផ្ទៃដីទំហំ ១ ២៤៧ហិកតាក្នុងខេត្តកែប ត្រូវបានផ្ទេរទៅឱ្យក្រុមហ៊ុន TP Moral Group ដែលជាសាជីវកម្មមួយទៀតដែលតភ្ជាប់ជាមួយឧកញ៉ា ឃុន សៀ សម្រាប់ការអភិវឌ្ឍន៍ទីក្រុងរណបថ្មី និង «តំបន់ទេសចរណ៍ពិសេស»។
អ្នកអភិវឌ្ឍន៍ដីធ្លីដ៏លេចធ្លោនៅកម្ពុជា ឃុន សៀ បានទទួលងារជាអ្នកឧកញ៉ាកាលពីឆ្នាំ ២០០៨។ ហើយនៅឆ្នាំ២០២១ លោក ឃុន សៀ បានចាក់ដីលប់ច្រាំងទន្លេមេគ្គងដើម្បីសាងសង់ទីក្រុងរណប ទំហំ៧០ហិកតា នៅក្រុងអរិយក្សត្រ។ ពលរដ្ឋធ្លាប់លើកឡើងប្រាប់ សារព័ត៌មានខេមបូចា ថា ពួកគេមិនត្រូវបានគេជូនដំណឹងអំពីគម្រោងនេះជាមុនទេ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Families Protest Koh Meas Land Lease to Tycoon; Demand Land Titles









