នៅពេលដល់រដូវធ្វើស្រែម្តងៗ អ្នកភូមិព្រែកជីក ដែលមានដីស្រែរាប់រយហិកតា និងមានសត្វគោរាប់រយក្បាល មានក្តីព្រួយបារម្ភជាខ្លាំងពីការគ្រោះថ្នាក់ដោយសារគ្រាប់មីនដែលបន្សល់ទុករាយប៉ាយតាំងពីសម័យសង្គ្រាមនៅកប់តាមវាលស្រែដែលមន្រ្តីស៊ីម៉ាក់មិនទាន់ចុះទៅបោសសម្អាតនៅឡើយ។
លោក ហែម សុផល វ័យ៦៩ឆ្នាំ ជាកសិករម្នាក់ដែលបានប្រមូលគ្រាប់មីនដោយផ្ទាល់ដៃពីវាលស្រែ ចំណុចហុងទី៥ ប្រមាណ ៤៧គ្រាប់ នៅដើមខែនេះ មីនទាំងនោះជាប្រភេទមីនសញ្ញាលេខបូក ផលិតនៅសហភាពសូវៀត ហើយគ្រាប់មីនទាំងនោះបានផុសឡើង បន្ទាប់ពីគាត់និងប្អូនប្រុសគាត់បានភ្ជួរគោយន្តលើផ្ទៃដីប្រមាណ ៧០អា ដែលជាដីភ្ជួរបង្ហើយចុងក្រោយ។
លោក សុផល ប្រាប់ថា៖ «ពេលភ្ជួរម្តងៗ ខ្ញុំនិងប្អូនត្រជាក់ដៃត្រជាក់ជើង បែកញើស ស្រៀវអស់ហើយ ព្រោះឃើញគ្រាប់មីនអណ្តែតពីក្រោយនង្គ័លគោយន្ត ខៀវស្រងាត់ តែដោយជីវភាពខ្វះខាតមិនដឹងរកអី មានតែប្តូរដើម្បីបានអង្ករហូប »។
នេះជាឆ្នាំទីបីហើយដែលគាត់ប្រមូលគ្រាប់មីនពីដីស្រែរបស់គាត់និងអ្នកភូមិក្បែរគ្នា រាយការណ៍ទៅអាជ្ញាធរ ដែលលើកទី១ និងលើកទី២ សរុបប្រហែលជិត៦០គ្រាប់ដែលជាប្រភេទសញ្ញាលេខបូកដូចគ្នា។ លោក សុផល បន្តថា អ្នកភូមិទីនេះសុទ្ធតែជាអ្នកក្រ ពួកគាត់ចេះតែប្តូរភ្ជួរដីធ្វើស្រែមួយឆ្នាំបន្តិចៗ មិនហ៊ានបង្ខំទេព្រោះមានមីនកប់ក្នុងដីច្រើន ដែលមិនទាន់មានការបោសសម្អាតពីមន្រ្តីស៊ីម៉ាក់នៅឡើយ បើទោះជាពួកគាត់ធ្លាប់រាយការណ៍ច្រើនដងហើយក៏ដោយ។
កសិករដែលជាអតីតទាហានសម័យរដ្ឋកម្ពុជារូបនេះបាននិយាយថាចំណុចនេះជាអតីតតំបន់ ក្រវ៉ាត់បន្ទាយទាហានសម័យរដ្ឋកម្ពុជា ដែលកាលនោះទាហានបានដឹកគ្រាប់មីនជាច្រើនឡានដំរីទឹក មកដាក់ពង្រាយនៅទីនេះ ធ្វើជាឈ្នាន់ការពារទ័ពថ្មើរជើងដើម្បីការពារសត្រូវកុំឱ្យរុលចូលក្នុងភូមិបាន។
លោក សុផល បន្ថែមថា គ្រាប់មីននេះបើដើរជាន់វាផ្ទុះដាច់ជើងទាំងពីររឺរហូតដល់ស្លាប់ ដែល គេដាក់ពង្រាយជាឈ្នាន់ការពារ លើទំហំដីដែលមានទទឹង២០ទៅ៣០ម៉ែត្រ បណ្តោយ៥គីឡូម៉ែត្រ ដែលមានដីស្រែអ្នកភូមិរាប់រយហិកតា ដែលកំពុងធ្វើស្រែទាំងព្រលឹងចុងសក់រាល់ឆ្នាំ ហើយវាធ្លាប់ផ្ទុះងាប់គោញឹកញាប់ដែរ។
ចំណុចហុងទី៥ខាងលើនេះ ស្ថិតនៅចម្ងាយប្រហែល៥គីឡូម៉ែត្រ ពីទីប្រជុំជន ស្ថិតក្នុងភូមិព្រែកជីក ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលគេអាចធ្វើដំណើរតាមផ្លូវលំក្រួសក្រហម ឆ្លងកាត់ដីស្រែរាប់រយហិកតាដែលមានហ្វូងគោរាប់រយក្បាលកំពុងស៊ីស្មៅកណ្តាលវាលស្រែ។
លោក ញឹក កង វ័យ៦៦ឆ្នាំ មានដីស្រែនៅទីនោះប្រហែល ១០ហិកតា ដែលទិញតពីអតីតខ្មែរក្រហម បាននិយាយថា គាត់នៅតែព្រួយបារម្ភពីសុវត្ថិភាពជាខ្លាំង ថ្វីត្បិតស្រែរបស់គាត់ភ្ជួរមិនដែលឃើញគ្រាប់មីន តែស្រែនៅក្បែរគាត់ ដែលជាប់នឹងតំបន់ឈ្នាន់ការពារនេះ ឃើញគ្រាប់មីនម្តង ១០ទៅ២០គ្រាប់ នៅពេលដែលដល់រដូវភ្ជួរដីធ្វើស្រែម្តងៗ។
លោក ញឹក កង ឱ្យដឹងថា៖ «ពេលភ្ជួរស្រែម្តងៗខ្ញុំមានការភ័យខ្លាចក្នុងចិត្តជាខ្លាំង ខ្លាចប៉ះគ្រាប់មីនពេលភ្ជួរស្រែម្តងៗ ព្រោះទីនេះមិនទាន់ឃើញគេមករាវយកគ្រាប់មីនចេញឱ្យអស់ពីក្នុងដីនៅឡើយ» ។
លោក ហ៊ាន ឆេន មេភូមិព្រែកជីក បាននិយាយថា ភូមិព្រែកជីកនេះមានប្រជាជនរស់៤៩៥គ្រួសារ គិតជាមនុស្ស ១៩៩៣នាក់ ដែលប្រជាពលរដ្ឋភាគច្រើនប្រកបរបរធ្វើស្រែ ចំការ និង ចិញ្ចឹមគោ ព្រលែង តាមវាលស្រែប្រមាណ១០០០ក្បាល ។
លោកលើកឡើងថា ចំណុចអតីតឈ្នាន់ការពាររបស់វរៈ២ របស់កងពលតូច៩៥នេះ មានប្រជាជនប្រមាណ៦០គ្រួសារ ដែលក្នុងនោះមានប្រជាជន ក្នុងភូមិប្រហែល៣០គ្រួសារនិងមកពីចម្ងាយ៣០គ្រួសារ មកធ្វើស្រែរាប់រយហិកតាក្បែរនោះ ដែលកំពុងប្រឈមនឹងគ្រាប់មីន ហើយសត្វគោអ្នកភូមិរាប់រយក្បាលក៏កំពុងប្រឈមផងដែរ ។
លោក ហ៊ាន ឆេន ប្រាប់ថា៖ «កន្លងទៅយូរឆ្នាំហើយចំណុចនេះ ធ្លាប់មានផ្ទុះស្លាប់ម្នាក់ និង ហ្វូងគោ ៣០ក្បាល បានងាប់ នៅ ពេលដែល ពួកវាដើរចូលក្នុងតំបន់នេះ រាប់រយក្បាល »។
លោកមេភូមិនិយាយថា ទីនេះត្រូវបានអ្នកភូមិផ្អាកភ្ជួរស្រែច្រើនឆ្នាំមកហើយ ដោយសារតែភ្ជួរស្រែឃើញគ្រាប់មីនច្រើនពេក ទើបតែបីឆ្នាំចុងក្រោយនេះពួកគាត់ប្រថុយភ្ជួរដីបង្ហើយ១ឆ្នាំបន្តិចៗ លើដីស្រែព្រៃរបោះ ដែលទុកចោលរាប់ឆ្នាំ ក៏ឃើញគ្រាប់មីនផុសឡើងខៀវពេញដី ក្រោយផាលគោយន្តជាថ្មី។ លោកបន្ថែមថាអាជ្ញាធរធ្លាប់បានហាមពលរដ្ឋ កុំឱ្យភ្ជួររាស់នៅទីនេះដែរ តែដោយសារតែជីវភាពពួកគាត់ខ្វះខាត ហើយអាជ្ញាធរគ្មានដីដោះដូរឱ្យ គាត់ទៀតនោះ គឺពួកគាត់គ្មានជម្រើសផ្សេងនោះទេ។
លោក ហ៊ាន ឆេន ឱ្យដឹងថា កន្លងទៅមន្រ្តីស៊ីម៉ាក់ធ្លាប់មករាវគ្រាប់មីននៅតំបន់នេះដែរ តែរាវគ្រាប់មីនតែបរិវេណដងផ្លូវលំដែលជិះចូលមកតំបន់នេះតែប៉ុណ្ណោះ គឺមិនទាន់មានការបោសសម្អាតនៅចំណុចតាមវាលស្រែដែលមានការប្រឈមនៅឡើយ ។
លោក ឆេន ឱ្យដឹងទៀតថា៖ «ខ្ញុំសំណូមពរដល់រាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរមីន ឱ្យមកជួយដោះមីនពីដីស្រែប្រជាពលរដ្ឋនៅចំណុចនេះ ដែលកំពុងប្រឈមនិងគ្រោះថ្នាក់ ហើយពួកគាត់ធ្វើស្រែទាំងភ័យខ្លាច យកជីវិតទៅផ្សងព្រេង ដើម្បីបានដីបន្តិចបន្តួចធ្វើស្រែ»។
លោកមេភូមិបន្ថែមថា ក្រៅពីតំបន់ឈ្នាន់ការពារខាងលើនេះ ដីនៅចំណុចអណ្តូងឫស្សីដែលស្ថិតនៅប៉ែកខាងលិចជាប់គ្នានឹងតំបន់នេះជាអតីតតំបន់ខ្មែរក្រហមកាន់កាប់ មានដីស្រែរាប់ពាន់ហិកតាក៏ប្រឈមដូចគ្នាដែរ ។ លោកបន្ថែមថា ចំណុចអណ្តូងឫស្សីនេះ ធ្លាប់មានផ្ទុះមីនតោនកាលពីឆ្នាំមុន ពេលដែលប្រជាពលរដ្ឋយកត្រាក់ទ័រភ្ជួរដីធ្វើស្រែ តែសំណាងមិនគ្រោះថ្នាក់ដល់មនុស្ស គ្រាន់តែខូចខាតត្រាក់ទ័រ ។
អ្នកស្រី ផាន់ ម៉ាច មេឃុំព្រែកជីក ស្រុករុក្ខគិរី បាននិយាយថានៅក្នុងឃុំគាត់តែងតែមានការរាយការណ៍ពីប្រជាពលរដ្ឋប្រទះឃើញគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះស្ទើរគ្រប់ភូមិរៀងរាល់ឆ្នាំ ដែលយ៉ាងហោចណាស់ ភូមិខ្លះឃើញមួយគ្រាប់រឺពីរគ្រាប់អីជាដើម ហើយក៏ធ្លាប់មានការផ្ទុះស្លាប់មនុស្សនិងសត្វផងដែរ។
អ្នកស្រី ផាន់ ម៉ាច ថ្លែងថា៖ «នៅចំណុចអូរច្រកថ្លាង ធ្លាប់ផ្ទុះមីនតោនស្លាប់ម្នាក់ នៅភូមិឆ្កែខាំប្រើសឃើញគ្រាប់មិនទាន់ផ្ទុះ និងភូមិផ្សេងៗទៀតងាប់គោច្រើនក្បាល ហើយអ្នកភូមិ តែងតែរាយការណ៍ពីការប្រទះឃើញគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះបន្តបន្ទាប់ ហើយកន្លងទៅអាជ្ញាធរធ្លាប់ចុះអប់រំពីគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះដែរ»។
ទោះបីយ៉ាងណាអ្នកស្រីមេឃុំទទួលស្គាល់ថា បច្ចុប្បន្ននេះ ចំណុចហុងទី៥ ដែលជាទីតាំងឈ្នាន់បន្ទាយទាហាននេះ ប្រជាពលរដ្ឋមានការប្រឈមនឹងគ្រាប់មីនខ្លាំងមែន ហើយអាជ្ញាធរ ក៏ធ្លាប់រាយការណ៍ទៅមន្រ្តីស៊ីម៉ាក់ដែរនាឆ្នាំកន្លងទៅ តែមិនទាន់ឃើញឆ្លើយតបយ៉ាងណា។
អ្នកស្រី ផាន់ ម៉ាច បន្ថែមថា៖ «ខ្ញុំនឹងធ្វើរបាយការណ៍ស្នើរសុំទៅកាន់មន្រ្តីស៊ីម៉ាក់ ដែលប្រចាំការនៅតំបន់នេះទៀត ដើម្បីឱ្យមករំដោះគ្រាប់មីន ទីតាំងប្រឈមខាងលើ ខ្ញុំនិងពិភាក្សាជាមួយថ្នាក់លើ ថាតើគួរស្នើរបៀបម៉េច»។
លោក គា ជឿម នាយសម្របសម្រួលគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រចាំនៅស្រុករុក្ខគិរីនិងស្រុកមោងឬស្សី ខេត្តបាត់ដំបង បានឱ្យដឹងថាចំណុចហុងទី៥ ដែលជាអតីតឈ្នាន់ការពាររបស់បន្ទាយទាហាននេះ លោកធ្លាប់បានទទួលព័ត៌មានពីប្រជាពលរដ្ឋ និងអាជ្ញាធរក្នុងឆ្នាំកន្លងមក ហើយក៏បានប្រមូលគ្រាប់មីនពីប្រជាពលរដ្ឋ ដែលរកឃើញនៅព្រៃដំបូកនិងដីស្រែក្បែរដំបូកតំបន់នោះមកកំទេចចោលរួចហើយដែរ ។
លោកបញ្ជាក់ថា ឆ្នាំកន្លងមក ប្រជាពលរដ្ឋហាក់ធ្វើធម្មតាមិនបារម្ភខ្លាំង ហើយគ្រាន់តែរាយការណ៍នឹងមាត់មិនមានរបាយការណ៍ជាលាយលក្ខណ៍អក្សរដើម្បីស្នើសុំមកបោសសម្អាតមីនទេ ទើបលោកមិនអាចស្នើសុំទៅថ្នាក់លើបាន។
លោក ជឿម ថ្លែងថា៖ «ខ្ញុំមន្រ្តីជំនាញខ្ញុំបារម្ភណាស់ បានណែនាំអប់រំពួកគាត់ ពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងបានឱ្យគាត់ធ្វើសំណើរស្នើរសុំបោសសម្អាតជាលាយលក្ខណ៍អក្សរមក តែគាត់ធ្វើធម្មតា ហីៗ ក៏ស្ងាត់ឈឹងទៅ»។
មន្រ្តីរូបនេះ បានឱ្យដឹងបន្ថែមថា ឆ្នាំនេះប្រជាពលរដ្ឋបានរកឃើញគ្រាប់មីនច្រើនលើដីស្រែ នៅចំណុចខាងលើ រហូតដល់៤៧គ្រាប់ ដែលជាក្តីព្រួយបារម្ភខ្លាំងមួយ ហើយអាចចាត់ទុកចំណុចនេះ ជាចំការមីនថ្មី ដែលត្រូវដាក់ក្នុងគម្រោងបោសសម្អាតជាបន្ទាន់ សម្រាប់ដីធ្វើ កសិកម្មដែល បោសសម្អាត ក្រោមមួយម៉ឺនម៉ែត្រការ៉េក្នុងមួយផែនការ។
លោក ជឿម លើកឡើងថា៖ «លើកនេះឃើញច្រើនយើងកំពុងចាប់អារម្មណ៍ខ្លាំង យើងនឹងសង្ខុញគាត់ឱ្យអាជ្ញាធរភូមិនិងប្រជាពលរដ្ឋធ្វើ របាយការណ៍ស្នើសុំបោសសម្អាតបន្ទាន់ ជាលាយលក្ខណ៍អក្សរ ត្រូវដោះចំណុចណាខ្លះ ទំហំប៉ុន្មានអី។ ហើយយើងកំពុងសិក្សាលម្អិតលើតំបន់សង្ស័យ ចាប់យកចំណុចដែលធ្លាប់ប្រទះឃើញហ្នឹងមួយចំណុចៗ ដើម្បីសាកល្បងបោសសម្អាតលើផ្ទៃដីក្រោមមួយម៉ឺនម៉ែត្រការ៉េសិនថាតើវាចេញលទ្ធផលយ៉ាងណា»។
លោក ជឿម ឱ្យដឹងទៀតថា នៅស្រុករុក្ខគិរីមានចំណុចឈ្នាន់ការពារបន្ទាយទាហាននេះ ចំនួន៨កន្លែងតែ៧កន្លែងផ្សេងទៀតមិនទាន់មានរបាយការណ៍ណាទាក់ទងនឹងការរកឃើញគ្រាប់មីនច្រើនដូចចំណុចហុងទី៥នេះទេ។ តែទោះបីយ៉ាងណា ចំណុចហុងទី៥នេះ វាជាចំណុចចាប់ផ្តើមមួយ ដែលឱ្យយើងឈានទៅបើកការសិក្សាស្រាវជ្រាវគ្រាប់មីនលើ៧កន្លែងបន្តទៀត។
លោកបន្ថែមថា ស្រុករុក្ខគិរីនេះមន្រ្តីស៊ីម៉ាក់ចាប់ផ្តើមបោសសម្អាតគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះតាំងពីឆ្នាំ២០០៤មកម្លេះ គឺធ្វើការបោសសម្អាតតាមផែនការដែលភូមិឃុំធ្វើការស្នើសុំបោសសម្អាតមីនអស់ហើយ គឺនៅសល់តែចំណុចឈ្នាន់ការពារនេះនោះទេ ដែលអាជ្ញាធរភូមិឃុំមិនចាត់ទុកជាចំការមីន ហើយមិនបានដាក់បញ្ចូល ក្នុងផែនការបោសសម្អាតគ្រាប់មីន ។
លោកបញ្ជាក់ថា ចំណុចឃុំព្រែកជីកនេះកន្លងទៅមានប្រជាពលរដ្ឋរងគ្រោះថ្នាក់ដោយសារគ្រាប់មីនតោនមួយគ្រាប់ បណ្តាលឱ្យស្លាប់ម្នាក់និងខូចខាតត្រាក់ទ័រមួយគ្រឿង។ ហើយក្រៅពីនោះគឺបានប្រមូលគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះជាច្រើនដែលប្រជាពលរដ្ឋប្រទះឃើញ និងគ្រាប់ដែលមន្រ្តីរុករកឃើញជាច្រើនទៀត។
លោកបន្ថែមទៀតថា នៅឆ្នាំ២០២១ នៅស្រុករុក្ខគិរី មន្រ្តីស៊ីម៉ាក់បានប្រមូលគ្រាប់ដែលប្រជាពលរដ្ឋប្រទះឃើញចំនួន ២២៨គ្រាប់ ក្នុងនោះគ្រាប់មិនទាន់ផ្ទុះ ១១៩គ្រាប់ និងមីន១០៩គ្រាប់។ នៅឆ្នាំ២០២២នេះ ប្រមូលគ្រាប់ដែល ប្រជាពលរដ្ឋប្រទះឃើញចំនួន ៨៩គ្រាប់ ក្នុងនោះ គ្រាប់មីន៤៧គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះចំនួន ៤២គ្រាប់។
លោក ព្រីង បញ្ញារិទ្ធ ប្រធានមជ្ឈមណ្ឌលកំចាត់មីនទី២ (CMAC) ខេត្តបាត់ដំបង មិនអាចសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ។
លោក ហែម សុផល ដែលជាអតីតទាហានម្នាក់ដែលហ៊ានប្តូរជីវិតប្រមូលគ្រាប់មីនពីក្នុងស្រែរបស់គាត់ និងស្រែអ្នកភូមិមិនតិចជាង១០០គ្រាប់ក្នុងរយៈពេលបីឆ្នាំនេះប្រគល់ឱ្យមន្រ្តីស៊ីម៉ាក់នោះ បាននិយាយថា ពួកគាត់តែងតែព្រួយបារម្ភពីគ្រាប់មីនដែលនៅមានកប់ក្នុងដីស្រែរបស់គាត់ ពីព្រោះវាងាយបង្កគ្រោះថ្នាក់ដល់ពួកគាត់និងកូនចៅ។
លោក ហែម សុផល បន្ថែមទៀតថា៖ «មន្រ្តីស៊ីម៉ាក់មកយកគ្រាប់មីន គេគ្រាន់តែប្រាប់ពីបច្ចេកទេសខ្លះ និងផ្តាំឱ្យខ្ញុំប្រយ័ត្នគ្រោះថ្នាក់កុំហ៊ានពេក តែគេមិនបញ្ជាក់ថាមកជួយរាវគ្រាប់មីននៅទីនេះដែររឺអត់ទេ ? ប៉ុន្តែបើមិនមក ពួកខ្ញុំនៅតែបន្តធ្វើស្រែទាំងភ័យខ្លាចទៀតហើយ»៕