សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កូនប្រុសអតីតមន្ត្រីCNRP ត្រូវបានចាប់ខ្លួនក្រោមបទចោទញុះញង់តាមរយៈសារ តេឡេក្រាម

សមាជិកគ្រួសាររបស់អតីតមន្រ្តីគណបក្សសង្គ្រោះជាតិដែលជាប់ពន្ធនាគារបានដាក់ញត្តិកាលពីថ្ងៃសុក្រជូនស្ថានទូតអង់គ្លេសនៅរាជធានីភ្នំពេញដោយ ស្នើសុំរដ្ឋមន្រ្តីការបរទេស ដូមីនិក រ៉ាអាប់ (Dominic Raab) ធ្វើអន្តរាគមន៍ជួសមុខឲ្យមនុស្សជាទីស្រឡាញ់របស់ពួកគេ។ នៅថ្ងៃដដែលនោះ កូនប្រុសរបស់ស្ត្រីម្នាក់ ដែលធ្វើការតវ៉ា ត្រូវបានចោទប្រកាន់ដោយសាលាដំបូងរាជធានីភ្នំពេញពីបទញុះញង់និងប្រមាថមន្រ្តីសាធារណៈ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១។ខេមបូចា/ បញ្ញា ឆព័ណ្ណ
សមាជិកគ្រួសាររបស់អតីតមន្រ្តីគណបក្សសង្គ្រោះជាតិដែលជាប់ពន្ធនាគារបានដាក់ញត្តិកាលពីថ្ងៃសុក្រជូនស្ថានទូតអង់គ្លេសនៅរាជធានីភ្នំពេញដោយ ស្នើសុំរដ្ឋមន្រ្តីការបរទេស ដូមីនិក រ៉ាអាប់ (Dominic Raab) ធ្វើអន្តរាគមន៍ជួសមុខឲ្យមនុស្សជាទីស្រឡាញ់របស់ពួកគេ។ នៅថ្ងៃដដែលនោះ កូនប្រុសរបស់ស្ត្រីម្នាក់ ដែលធ្វើការតវ៉ា ត្រូវបានចោទប្រកាន់ដោយសាលាដំបូងរាជធានីភ្នំពេញពីបទញុះញង់និងប្រមាថមន្រ្តីសាធារណៈ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១។ខេមបូចា/ បញ្ញា ឆព័ណ្ណ

កូនប្រុសអាយុ១៦ឆ្នាំរបស់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិត្រូវបានចោទប្រកាន់កាលពីថ្ងៃសុក្រពីបទញុះញង់និងជេរប្រមាថមន្រ្តីសាធារណៈ ខណៈពេលជជែកលើកម្មវិធីផ្ញើសារតេឡេក្រាមតាមទូរសព្ទ។

នេះគឺជាសកម្មភាពជាក់ស្តែងថ្មីទីបីរបស់នគរបាលឬក្រុមការពារសណ្តាប់ធ្នាប់មកលើ យុវជន កាក់ សុវណ្ណច្ឆ័យ ដែលធ្លាប់ត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុន បន្ទាប់ពីចូលទៅទីស្នាក់ការកណ្តាលអតីតគណបក្សប្រឆាំង ហើយកាលពីចុងខែមេសា គាត់ត្រូវបានជនមិនស្គាល់មុខលបវាយនឹងដុំឥដ្ឋចំក្បាល ដែលធ្វើឲ្យគាត់ប្រេះឆ្អឹងលលាដ៍ក្បាល។

ក្រុមសង្គមស៊ីវិលបានរិះគន់ការចោទប្រកាន់បទព្រហ្មទណ្ឌថ្មីបំផុតនេះ ដែលជាសកម្មភាពតាមដានដោយសម្ងាត់មួយទៀតពីរដ្ឋាភិបាល ដើម្បីរឹតបន្តឹងការគ្រប់គ្រងលើការសន្ទនានយោបាយនៅប្រទេសកម្ពុជា ទោះបីការសន្ទនាបែបនេះធ្វើឡើងតាមមធ្យោបាយទំនាក់ទំនងជាលក្ខណៈឯកជនក៏ដោយ។

លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់ពីការចាប់ខ្លួន កាក់ សុវណ្ណច្ឆ័យ កាលពីថ្ងៃព្រហស្បតិ៍ ដែលជាកូនប្រុសរបស់លោក កាក់ កុម្ភារ ប៉ុន្តែមិនបានធ្វើអត្ថាធិប្បាយបន្ថែមទេ។ លោក កាក់ កុម្ភារ គឺជាអតីតសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញមកពីគណបក្សសង្គ្រោះជាតិនិងជាជនជាប់ចោទម្នាក់ក្នុងចំណោមជនជាប់ ចោទជាង១៣០នាក់ ដែលត្រូវបានចោទប្រកាន់ពីបទរួមគំនិតក្បត់និងបទញុះញង់ដែលពាក់ព័ន្ធនឹងផែនការវិលត្រឡប់មិនបានសម្រេចកាលពីឆ្នាំ២០១៩របស់លោក សម រង្ស៊ី ជាមេដឹកនាំគណបក្សប្រឆាំងដែលស្ថិតនៅនិរទេសខ្លួន។ គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច បានរកឃើញពិរុទ្ធភាពរបស់លោក សម រង្ស៊ី  និងអ្នកនយោបាយនិរទេសដទៃទៀតក្នុងបទឧក្រិដ្ឋកម្មដោយកំបាំងមុខ បានចាត់ទុកការប៉ុនប៉ងរបស់លោក សម រង្ស៊ី ថាជាចលនាដើម្បីផ្តួលរំលំរដ្ឋាភិបាល។

លោក ប្លង់ សុផល ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានថ្លែងថា តំណាងអយ្យការបានសាកសួរនិងចោទប្រកាន់ កាក់ សុវណ្ណច្ឆ័យ ពីបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម និងបទប្រមាថចំពោះអ្នករាជការសាធារណៈ ហើយឥឡូវកំពុងបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរដើម្បីសាកសួរបន្ត។

 អ្នកស្រី ព្រំ ចន្ថា ជាម្តាយរបស់ សុវណ្ណច្ឆ័យគឺជាមនុស្សម្នាក់ក្នុងចំណោមក្រុមស្ត្រីនិងសមាជិកគ្រួសារផ្សេងទៀតរបស់មន្ត្រីគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ពន្ធនាគារ ដែលគេស្គាល់ថាជា«ស្ត្រីថ្ងៃសុក្រ»ដោយសារតែសកម្មភាពតវ៉ារបស់ពួកគេធ្វើនៅថ្ងៃនោះ រៀងរាល់សប្តាហ៍ចាប់តាំងពីឆ្នាំ២០២០មក ដើម្បីទាមទារឱ្យដោះលែងមនុស្សជាទីស្រលាញ់របស់ពួកគេ។ អ្នកស្រី ចន្ថា បានប្រាប់ខេមបូចាថា ការចាប់ខ្លួនកូនប្រុសរបស់អ្នកស្រី ដែលអ្នកស្រីនិយាយថា មានជំងឺអូទីសឹមនោះ គឺជារឿងនយោ បាយ ដើម្បីបំភិតបំភ័យអ្នកដែលចូលរួមក្នុងសកម្មភាពតវ៉ា។

អ្នកស្រីបាននិយាយថា មន្រ្តីប៉ូលីសប្រហែល២០នាក់រួមទាំងមួយចំនួនស្លៀកសម្លៀក បំពាក់ស៊ីវិលផង បានឆ្មក់ចូលផ្ទះរបស់អ្នកស្រី ដើម្បីចាប់ខ្លួនកូនប្រុសរបស់អ្នកស្រីនៅម៉ោងប្រហែល៨យប់ កាលពីថ្ងៃព្រហស្បតិ៍នៅសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជ ធានីភ្នំពេញ។ អ្នកស្រី ចន្ថា បាននិយាយថា មន្ត្រីមិនបានបង្ហាញដីកាចាប់ខ្លួនទេ។

អ្នកស្រីបាននិយាយថា៖ «មាននរណាម្នាក់នៅក្នុងក្រុមតេឡេក្រាម ដែលបានប្រមាថឪពុករបស់ [សុវណ្ណច្ឆ័យ] ថា ជាអ្នកក្បត់ឬជាអ្នកបះបោរ ហើយកូនប្រុសរបស់ខ្ញុំបានជេរពួកគេវិញ។ គេចោទប្រកាន់គាត់ពីបទញុះញង់ ប៉ុន្តែតើគាត់ញុះញង់យ៉ាង ដូចម្តេច?»។

អ្នកស្រី ចន្ថា បន្តទៀតថា៖«វាគឺជារឿងអយុត្តិធម៌ចំពោះគ្រួសារខ្ញុំ ដែលពេលនេះ ពួក គេបានចាប់ខ្លួនកូនប្រុសខ្ញុំ ខណៈពេលប្តីខ្ញុំកំពុងជាប់ក្នុងពន្ធនាគារនៅឡើយ។ វាជាការរំលោភសិទ្ធិរបស់គាត់ ដែលពួកគេមកចាប់ខ្លួនគាត់ទាំងពេលយប់»។

អ្នកស្រីបានអំពាវនាវឲ្យក្រុមអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិជួយអន្តរាគមន៍ដោះលែងកូនប្រុសអ្នកស្រី ដែលអ្នកស្រីអះអាងថា គ្មានកំហុស។

លោក អំ សំអាត អនុប្រធានអង្គការសិទ្ធិមនុស្សលីកាដូមានប្រសាសន៍ថា ការតាម ដានការសន្ទនាឯកជននិងតាមបណ្តាញសង្គមគឺរំលោភសិទ្ធិឯកជន។

លោក សំអាត មានប្រសាសន៍ថា៖ «យើងមិនដឹងអត្ថន័យនៃសារទាំងនោះទេ ប៉ុន្តែប្រ សិនបើ [សុវណ្ណច្ឆ័យ] ខ្លួនឯងបានឈ្លោះប្រកែកជាមួយនរណាម្នាក់ ហើយជជែកគ្នា តាមតេឡេក្រាម ខ្ញុំមិនគិតថា វាជាការញុះញង់នោះទេ។ ការចាប់ខ្លួននេះកំពុងគំរាម កំហែងនិងបំភិតបំភ័យដល់គ្រួសាររបស់គាត់ ពីព្រោះម្តាយរបស់គាត់តែងតែធ្វើសកម្ម ភាពតវ៉ារៀងរាល់ថ្ងៃសុក្រ»។

មានស្ត្រីប្រមាណ១០នាក់បានធ្វើការតវ៉ាកាលពីថ្ងៃសុក្រនៅឯស្ថានទូតអង់គ្លេសក្នុងទីក្រុងភ្នំពេញ ប៉ុន្តែពួកគេរងការរុញច្រានដោយកម្លាំងសន្តិសុខនិងមិនអនុញ្ញាតឲ្យពួក គេកាន់បដា ខណៈពួកគេបានដាក់ញត្តិសុំអន្តរាគមន៍ពីរដ្ឋមន្រ្តីក្រសួងការបរទេសអង់ គ្លេស លោក ដូមីនិក រ៉ាអាប់ (Dominic Raab )ដើម្បីជួយដល់សាច់ញាតិរបស់ពួកគេ ដែលកំពុងជាប់ពន្ធនាគារ។

អ្នកស្រី សេង ចាន់ថន ដែលប្តីរបស់អ្នកស្រី គឺលោក ស៊ុន ធន់ បច្ចុប្បន្នកំពុងជាប់ពន្ធនាគារពីបទឧក្រិដ្ឋនយោបាយនោះ បានចូលរួមក្នុងការតវ៉ាកាលពីថ្ងៃសុក្រដែរហើយបាននិយាយថា អ្នកស្រីសង្ឃឹមថា លោក រ៉ាអាប់ និងចក្រភពអង់គ្លេសនឹងស្តាប់ការអង្វរកររបស់ពួកគាត់។

អ្នកស្រីបាននិយាយថា៖ «[ចក្រភពអង់គ្លេស] គឺជាប្រទេសមហាអំណាចមួយដែលគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ដូច្នេះពួកគាត់នឹងអន្តរាគមន៍ទៅរដ្ឋាភិបាលដើម្បីឲ្យដោះលែងអ្នកទោសមនសិការទាំងនោះ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Former CNRP official’s son arrested on charge of incitement in Telegram chat

476 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម