សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សមាជិកគណបក្សភ្លើងទៀនបួននាក់ត្រូវបានចាប់ខ្លួន និងឃុំខ្លួនដោយចោទថាបានក្លែងបន្លំឯកសារ

សាលាដំបូងខេត្តព្រៃវែងកំពុងបន្តសំណុំរឿងមួយចំនួនដោយចោទប្រកាន់សមាជិកគណបក្សភ្លើងទៀនចំនួនបួននាក់ទាក់ទងនឹងការក្លែងបន្លំឯកសារ ដែលអ្នកទាំងនោះបានចាប់ខ្លួនតាំងពីសប្ដាហ៍មុន។ (រូបភាពពីហ្វេសប៊ុកផេកសាលាដំបូងខេត្តព្រៃវែង)
សាលាដំបូងខេត្តព្រៃវែងកំពុងបន្តសំណុំរឿងមួយចំនួនដោយចោទប្រកាន់សមាជិកគណបក្សភ្លើងទៀន​ចំនួនបួននាក់ទាក់ទងនឹងការក្លែងបន្លំឯកសារ ដែលអ្នកទាំងនោះបានចាប់ខ្លួនតាំងពីសប្ដាហ៍​មុន។ (រូបភាពពីហ្វេសប៊ុក​ផេកសាលាដំបូងខេត្តព្រៃវែង)

ព្រះ​រាជអាជ្ញារងសាលាដំបូង​ខេត្ត​ព្រៃ​វែង ​លោក ចាន់ វណ្ណៈ បាន​ឱ្យ​ដឹង​ថា​ សមាជិក​គណបក្ស​ភ្លើងទៀន​ចំនួន​បួន​នាក់ ដោយ​មាន​ពីរ​នាក់​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ផង ត្រូវ​បាន​ចាប់​ខ្លួន និង​​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​​ទាក់ទង​នឹង​បទ​ចោទ​ក្លែង​បន្លំ​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​កាល​ពី​ឆ្នាំ​២០២២​។

លោក វណ្ណៈ ​ប្រាប់​ខេមបូចាថា៖ «​[យើង] បាន​អនុវត្ត​នីតិវិធី​ច្បាប់របស់ចៅ​ក្រម​ស៊ើប​សួរ»។​

ចៅ​ក្រម​ស៊ើប​សួរ​បាន​បញ្ជា​ឱ្យ​ឃុំ​ខ្លួន​សមាជិក​ទាំង​បួន​នាក់​ ​មាន​លោក អៀង ជា លោក ហេង សំអឿន លោកស្រី សេង វិសាល និង​លោក ប៊ិន ជឹង។ អ្នក​ទាំ​ង​បួន​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ក្លែង​បន្លំ​ឯកសារ និង​ប្រើ​ប្រាស់ឯកសារ​ក្លែង​ក្លាយ​ តាម​មាត្រា​២០៤ និង​២០៥​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​។ នេះ​បើតាម​សេចក្ដី​ថ្លែង​ការណ៍​របស់​សាលា​ដំបូង​ខេត្ត​ព្រៃ​វែង​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​។ សម្រាប់​លោក អៀង ជា និង​លោក ហេង សំអឿន ប្រឈម​នឹង​បទ​ចោទ​បន្ថែម​ទៀត​ពី​បទ​សម​គំនិតក្នុងអំពើ​ក្លែង​បន្លំ​។​ 

​​ស្នង​ការ​ខេត្ត​ព្រៃ​វែង លោក ឈឿន ប៊ុន​ឆន មានប្រសាសន៍ថា ​ក្រុម​ប្រឹក្សា​ឃុំ​កន្សោម​អក លោក អៀង ជា និង​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​កំពង់​ត្របែក លោក ហេង សំអឿន ត្រូវ​បាន​ចាប់​ខ្លូន​កាល​ពី​ថ្ងៃទី​១២ ខែមេសា តាម​ដីការ​របស់​តុលាការ​។

​ចំណែក​​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​ខេត្ត​ព្រៃ​វែង​របស់​គណបក្ស​ភ្លើង​ទៀន​លោក សេង​ វិសាល និង​ក្រុម​ប្រឹក្សា​ឃុំ​លោក ប៊ិន ជឹង ត្រូវ​បាន​កោះ​ហៅ​មក​សាក​សួរនៅ​ថ្ងៃពុធ និង​ត្រូវ​បាន​ចាប់​ខ្លូន និង​ឃុំ​ខ្លួន​នៅ​ពេល​បន្ទាប់​នោះ​ដែរ​។​

អ្នក​ដែល​ត្រូវ​ចាប់​ខ្លួន​ទាំង​នេះ​សុទ្ធ​តែ​ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​បញ្ជី​បេក្ខជន​សម្រាប់​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០២២។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក សំ សុគង់ មេធាវីការពារ​ក្ដី​ឱ្យ​អ្នក​ទាំង​បួន។​

អ្នក​នាំពាក្យ​គណបក្ស​ភ្លើង​ទៀន លោក គឹមសួរ ភិរិទ្ធ មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន​សមាជិក​បក្ស​នេះ គឺ​ជា​ការ​គំរាម​កំហែង​ដល់​ស្មារតី​សកម្មជន និង​អ្នក​គាំទ្រ​គណបក្ស​មុន​ការ​បោះ​ឆ្នោត​ជាតិ​​នា​ខែ​កក្កដា​ ខាង​មុខ​។​

លោក​បញ្ជាក់​ថា៖ «​ពួកគេ​មិន​បាន​ស៊ើប​អង្កេត​ថា​តើ​វា​ពិត​ឬអត់ ពេលមាន​អ្នក​ប្ដឹង​ថា​បាន​យក​ឈ្មោះពួកគេ​ដាក់​ក្នុង​បញ្ជី​ឈ្មោះ​[បេក្ខជន]»

លោក​ថ្លែងទៀត​ថា៖ «​បើ​សិនជា​ករណីនេះ​កើត​ឡើង​ពិត​មែន [ការ​ស៊ើប​អង្កេត និង​ការ​ចាប់​ខ្លួន] គួរ​តែ​ធ្វើ​ឡើង​តាំង​​ពីការ​បោះ​ឆ្នោត​​ឆ្នាំ​មុន​មក​ម្លេះ ហេតុ​អ្វី​បាន​ជា​ពួក​គេ​ទើប​តែ​មក​ចាត់​វិធានការ​ពេល​នេះ វា​នឹង​ធ្វើ​ឱ្យ​បរិយាកាស​នយោបាយ​អាប់អួ»។ លោក​បន្ត​ថា៖​ «នេះ​ជា​សកម្ម​ភាព​​ដែល​បំពាន​ទាំង​ទៅ​លើ​ផ្លូវ​កាយ និង​ចិត្តទៅ​លើ​អ្នក​គាំទ្រ និង​សកម្មជន​គណបក្ស រួម​ទាំង​អ្នក​បោះ​ឆ្នោត​ផង​ដែរ»។​

សភាសហភាព​អ៊ឺរ៉ុបកាល​ពី​ខែ​មីនា បាន​ព្រមាន​ពី​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​កម្ពុជា បើ​សិន​ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​សកម្ម​ជន​និង​សមាជិក​គណបក្ស​ប្រឆាំង​នៅ​តែ​បន្ត​មាន​។​

អ្នកនាំ​ពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​លោក សុខ ឥសាន បាន​ច្រាន​ចោល​ថា ​គណបក្ស​កាន់​អំណាច​ធ្វើទុក្ខ​បុក​ម្នេញ​លើ​សមាជិក​គណបក្ស​ប្រឆាំង។ លោក​ថា​ច្បាប់​គួរ​តែ​ត្រូវ​បាន​អនុវត្ត​លើ​អ្នក​ដែល​បាន​ប្រព្រឹត្ត​ខុស​។​ លោក​មាន​ប្រសាសន៍​ថា៖ «ពេល​ពួកគេ​ធ្វើ​ខុស វាមិន​មែន​ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទេ»។ លោក​ថា៖ «វា​ជា​ការ​អនុវត្ត​ច្បាប់​ចំពោះ​អ្នក​ដែល​បំពាន​ច្បាប់»៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖​ Four Candlelight Party Members Arrested, Detained on Forgery Allegations

380 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម