សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

អាងប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ចំនួន១៤​កំពុង​សាង​​សង់ ខណៈតំណាងសកម្មជនអំពាវនាវឱ្យមានការអភិរក្ស​បឹងធម្មជាតិ

អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ជើង​ឯក ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ ជា​ទីតាំង​មួយ​ក្នុង​ចំណោម​ទីតាំង​ប្រព្រឹត្តិកម្ម​ចំនួន១៤ នៅទូទាំងប្រទេស។ រូបថតនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)
អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ជើង​ឯក ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ ជា​ទីតាំង​មួយ​ក្នុង​ចំណោម​ទីតាំង​ប្រព្រឹត្តិកម្ម​ចំនួន១៤ នៅទូទាំងប្រទេស។ រូបថតនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥។ (ខេមបូចា/ ព្រីង សំរាំង)

កម្ពុជា​បាន​ដាក់​ដំណើរការ​គម្រោង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ដែលចំណាយថវិកាចំនួន៩០លានដុល្លារ​នៅខេត្តកណ្ដាល​ ​នាំឱ្យ​ចំនួន​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ទូទាំងប្រទេសមានសរុប១៤ទីតាំង។ គំនិតផ្តួចផ្តើមនេះត្រូវបានស្វាគមន៍ដោយអង្គការសង្គមស៊ីវិលដែលបានសរសើររដ្ឋាភិបាលសម្រាប់ការធានានូវនិរន្តរភាពបរិស្ថាន និងសុខភាពសាធារណៈ។

ពិធីបើកការដ្ឋានសាងសង់ប្រព័ន្ធលូក្រុងតាខ្មៅ ដែលផ្តល់ហិរញ្ញប្បទានតាមរយៈកម្ចីសម្បទានដោយរដ្ឋាភិបាលកូរ៉េក្នុងភាពជាដៃគូជាមួយប្រទេសកម្ពុជា គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រីកហេដ្ឋារចនាសម្ព័ន្ធអនាម័យរបស់ប្រទេស។

ជុំវិញរឿងនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គោលដៅរបស់ជាតិមួយត្រូវបានកំណត់ដើម្បីកាត់បន្ថយឱ្យបាន៥០ភាគរយនូវការបញ្ចេញទឹកកខ្វក់ដែលមិនបានកែច្នៃទៅក្នុងអាងទឹកសាធារណៈ រួមទាំងបឹង ទន្លេ អូរ និងសមុទ្រត្រឹមឆ្នាំ២០៥០។

លោកលើកឡើងថា៖ «ក្រោយពីយើងបើកការដ្ឋាននៅក្នុង៣៦ខែ ដីនេះនឹងក្លាយជាកន្លែងចម្រុះទឹកមួយដែលជួយទៅដល់ ១ម៉ឺនខ្នងផ្ទះ​ […]​ កន្លែងអាងប្រព្រឹត្តិកម្មចម្រុះទឹកកខ្វក់នេះដើម្បីជួយទៅដល់សុខភាពពលរដ្ឋរាប់សែននាក់នៅពេលអនាគត»

លោកជំរុញាអាជ្ញាធរនៅតាមបណ្តាខេត្តដែលជាប់ទន្លេ សមុទ្រ ធ្វើយ៉ាងណា ត្រូវធានាថា រោងចក្រ សហគ្រាសដែលទីតាំងនៅជិតនោះត្រូវបង្ហូរត្រូវធ្វើយ៉ាងណាឱ្យឆ្លងកាត់អាងប្រព្រឹត្តិកម្មឱ្យបានស្អាត​។

កម្ចីសម្បទានរបស់រដ្ឋាភិបាលកូរ៉េនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងបន្សុទ្ធទឹកស្អាតនៅក្នុងឃុំចំនួន៦ ក្នុងក្រុងតាខ្មៅ ដើម្បីឆ្លើយតបទៅនឹងការពន្លឿនគម្រោងអភិវឌ្ឍន៍ និងប្រជាពលរដ្ឋនៅក្នុងតំបន់។

រដ្ឋមន្ត្រីនៃក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉ាន សូរស័ក្តិ មានប្រសាសន៍ថា រដ្ឋាភិបាលបានសាងសង់ប្រព័ន្ធលូចំនួន១៤កន្លែង និងកន្លែងចាក់សំរាមចំនួន១១កន្លែង រួមទាំង​ហេដ្ឋារចនាសម្ព័ន្ធលូក្នុងទីក្រុង និងទីប្រជុំជនជុំវិញតំបន់បឹងទន្លេសាប តំបន់ឆ្នេរ និងតំបន់ទេសចរណ៍សំខាន់ៗ។

លោកបន្តថា ការសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ រួមមានកន្លែងប្រព្រឹត្តិកម្មដោយវិធីចម្រោះធម្មជាតិ (ស្រះរក្សាលំនឹងសំណល់) លើផ្ទៃដី៣០ហិកតា ដែលមានសមត្ថភាពបន្សុទ្ធទឹកកខ្វក់បាន ១២ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។

គម្រោងនេះក៏រួមបញ្ចូលផងដែរនូវការសាងសង់ស្ថានីយ៍បូមទឹកកខ្វក់ចំនួន៧ និងបណ្តាញលូប្រភេទផ្សេងៗដែលមានប្រវែងសរុប ១២៥,៣គីឡូម៉ែត្រ ព្រមទាំងការងារតភ្ជាប់ទៅកាន់ប្រជាពលរដ្ឋចំនួន១ម៉ឺនគ្រួសារគ្របដណ្ដប់ចំនួន៦ឃុំ ដើម្បីបញ្ជូនទឹកកខ្វក់ចូលទៅក្នុងប្រព័ន្ធប្រព្រឹត្តកម្ម។

គម្រោងប្រព្រឹត្តិកម្មទឹកនេះកើតឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងលើការបង្កើនការបំពុលទឹកពីរោងចក្រ និងអាជីវកម្ម ខណៈដែលក្រសួងបរិស្ថានបានរាយការណ៍ថា រោងចក្រ និងក្រុមហ៊ុនចំនួន២៨ បានបញ្ចេញកាកសំណល់ទៅក្នុងអាងទឹកសាធារណៈ។.

លោក សាន់ ម៉ាឡា ប្រធាន​កម្មវិធីបណ្តាញ​ និ​ងតស៊ូមតិនៃអង្គការ​ភាពជា​ដៃគូដើម្បីបរិស្ថាន និងកាអភិវឌ្ឍបានកោតសរសើររដ្ឋាភិបាលចំពោះការពង្រីកហេដ្ឋារចនាសម្ព័ន្ធកែច្នៃទឹកកខ្វក់ស្របតាមការអភិវឌ្ឍដែលកំពុងបន្តរបស់កម្ពុជា។

លោក​បាន​បន្ត​ថា​៖ «​វិស័យ​ទេសចរណ៍​គឺ​ជា​ផ្នែក​មួយ​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ប៉ុន្តែ​ប្រសិន​បើ​ប្រភព​ទឹក​ក្នុង​តំបន់​ទេសចរណ៍​សំខាន់ៗ​ត្រូវ​បាន​បំពុល វា​នឹង​បញ្ឈប់​ភ្ញៀវ​ទេសចរ​មិន​ឱ្យ​មក​ប្រទេស​របស់​យើង​»

លោក ម៉ាឡា បានកត់សម្គាល់ថា វាពិតជាមានសារៈសំខាន់ណាស់ក្នុងការថែរក្សាបឹងធម្មជាតិ​។ ក្នុងនោះលោកជំរុញរដ្ឋាភិបាលកុំឱ្យបំពេញ ឬផ្ទេរដីទៅឱ្យវិស័យឯកជនដើម្បីធ្វើការ​អភិវឌ្ឍ​។

លោក ម៉ាឡា បានមានប្រសាសន៍ថា៖ «បឹងធម្មជាតិទាំងនេះ ជាមួយនឹងជីវៈចម្រុះរបស់វា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចម្រោះជាតិពុល ដោយសារកម្ពុជានៅតែខ្វះខាតកន្លែងប្រព្រឹត្តិកម្មទឹកកខ្វក់ដ៏ទូលំទូលាយ»។

ដោយ​ឡែក​លោក​ក៏បាន​កត់​សម្គាល់ដែរ​ថា កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​បញ្ឈប់​ការ​បញ្ចេញ​ទឹក​កខ្វក់​ដែល​មិន​បាន​កែច្នៃ​ចូល​សមុទ្រ​ បាន​កើត​ឡើង​ដោយ​សារ​តែ​សកម្មភាព​និង​ការ​តស៊ូ​មតិ​ពី​សកម្មជន​បរិស្ថាននៃ​អង្គការ​មាតា​ធម្មជាតិ​កម្ពុជា៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Fourteen Wastewater Treatment Plants Under Construction Nationwide, As Activist Rep Calls for Preservation of Natural Lakes

44 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម