កម្ពុជាបានប្រកាសយកថ្ងៃទី៥ ខែសីហា នាសប្តាហ៍ក្រោយនេះ ជាថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោដែលមានតម្លៃ១,៧ពាន់លានដុល្លារ ចំពេលមានយុទ្ធនាការគាំទ្រក្នុងស្រុក និងការតាមដានជាអន្តរជាតិអំពីផលប៉ះពាល់នៃគម្រោងនេះ ដែលអាចមានលើទន្លេមេគង្គ និងការចោទប្រកាន់ពាក់ព័ន្ធទៅនឹងប្រតិបត្តិការរបស់យោធាចិន។ ប៉ុន្តែរដ្ឋាភិបាលបានបដិសេធការចោទប្រកាន់នេះ។
កាលពីថ្ងៃទី២៦ ខែមេសា អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានជំរុញឲ្យប្រជាពលរដ្ឋកម្ពុជាផ្តល់ការគាំទ្រ និងធ្វើឲ្យប្រាកដថា ការគាំទ្រនេះ ក្លាយជាចលនាជាតិមួយ។
ចាប់តាំងពីពេលនោះមក ប្រជាពលរដ្ឋ រួមទាំងកម្មករ ស្ថាប័នរដ្ឋនិងនិស្សិតបានចូលរួមចលនាគាំទ្រគម្រោងនេះ ដោយនិយាយតាមរយៈវីដេអូ ការធ្វើជាញត្តិ និងបង្ហោះនៅលើបណ្តាញសង្គម។
កាលពីថ្ងៃទី៨ ខែឧសភា ក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) បានចាប់ផ្តើមយុទ្ធនាការដាក់ស៊ុមរូបភាព «យើងគាំទ្រព្រែកជីកហ្វូណនតេជោ»។ តំណភ្ជាប់ ដែលបង្ហោះដោយក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញថា មាន មនុស្សជិត៤០២.០០០នាក់បានចូលរួមក្នុងយុទ្ធនាការនេះ។
ស្របពេលជាមួយគ្នានេះ ក្រសួង និងស្ថាប័នមួយចំនួនបានបង្កើតស៊ុមរូបភាពមួយទៀតដែលសរសេរថា «អបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ» ដើម្បីអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមអបអរសាទរពិធីបើកការដ្ឋាននេះ។
ការពិនិត្យមើលចំនួនអ្នកគាំទ្របានបង្ហាញថា ក្រសួងសុខាភិបាលមានអ្នកគាំទ្រចំនួន ៦.៥៤៨ នាក់ ក្រសួងសាធារណការ និងដឹកជញ្ជូន (មានអ្នកគាំទ្រ ៥.៤៥៨ នាក់) សហភាពសហព័ន្ធយុវជនកម្ពុជា (មានអ្នកគាំទ្រ ២៩.២៨១ នាក់) និងអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ (មានអ្នកគាំទ្រ ២៤.៤៩៩ នាក់)។
អំឡុងពេលនៃការចាប់ផ្តើមយុទ្ធនាការដំបូងរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន មានសំណួរ និងមតិយោបល់ជាច្រើនជុំវិញការបង្ហោះសាររបស់ក្រសួងនេះ ដែលបានអំពាវនាវឱ្យពលរដ្ឋប្រើប្រាស់ស៊ុមរូបភាព ជាសញ្ញានៃការគាំទ្រចំពោះព្រែកជីកហ្វូណនតេជោ។
មជ្ឈដ្ឋានខ្លះបានបង្ហាញការគាំទ្រដោយប្រកាសថា «យើងគាំទ្រព្រែកជីកហ្វូណនតេជោ» នៅលើគេហទំព័រ ដោយលើកឡើងពីអត្ថប្រយោជន៍ដល់ប្រទេស។ អ្នកខ្លះទៀតបានឆ្លើយថា «ខ្ញុំបានផ្លាស់ប្តូររូបភាពរួចហើយ» ខណៈអ្នកខ្លះទៀតសួរថា ហេតុអ្វីបានជារដ្ឋាភិបាលចាំបាច់ស្វែងរកការគាំទ្រ ប៉ុន្តែមិនដែលឃើញធ្វើរបៀបនេះទេ នៅពេលនិយាយអំពីគម្រោងធំៗដែលពាក់ព័ន្ធការទន្ទ្រានយកដី ឬបឹងនោះ។
លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល មានប្រសាសន៍ថា «មានតែអ្នកដែលប្រឆាំងផលប្រយោជន៍ជាតិទេ ដែលប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណនតេជោ ព្រោះពួកគេកំពុងព្យាយាមរារាំងគម្រោងនេះមិនឲ្យដំណើរការដោយរលូន»។
លោកមានប្រសាសន៍ថា៖ «ចំពោះប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសដែលស្រឡាញ់ជាតិ និងការពារផលប្រយោជន៍ជាតិ ពួកគាត់គាំទ្រព្រែកជីកនេះពេញទំហឹង»។
«តើខ្ញុំគួរសប្បាយចិត្តឬពិបាកចិត្ត»
កាលពីថ្ងៃទី១៨ ខែកក្កដា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះប្រជាជនកម្ពុជាជុំវិញពិភពលោកក្នុងពិធីបើកការដ្ឋានសាងសង់សារមន្ទីរនៅវត្តរាជបូណ៌ ខេត្តសៀមរាប ដែលបានជួយគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ។
លោកបានមានប្រសាសន៍ថា៖ «ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះព្រះសង្ឃ មន្ត្រីរដ្ឋាភិបាល និងប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានគាំទ្រយ៉ាងពេញទំហឹងដល់រដ្ឋាភិបាលក្នុងការសាងសង់ព្រែកជីកនេះ»។
គម្រោងនេះគ្រោងនឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ហើយបានអំពាវនាវឱ្យប្រជាពលរដ្ឋវាយស្គរ និងបាញ់កាំជ្រួច ដើម្បីអបអរសាទរសមិទ្ធផលជាប្រវត្តិសាស្ត្រសម្រាប់កម្ពុជានេះ។ លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «នេះគឺជាចលនាជាតិនិយមដ៏ធំមួយ»។
គម្រោងនេះនឹងត្រូវបានអភិវឌ្ឍរួមគ្នា ដោយក្រុមហ៊ុនឯកជនដែលនឹងកាន់កាប់ភាគហ៊ុន៥១ភាគរយ គឺកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងភ្នំពេញ និងវិនិយោគិនបរទេសមួយចំនួនទៀត ក្រោមកិច្ចសន្យាសាងសង់ ប្រតិបត្តិការ និងផ្ទេរ (BOT)។
គម្រោងនេះ នឹងចាប់ផ្តើមសាងសង់ក្នុងរយៈពេលមិនដល់មួយសប្ដាហ៍ទៀតទេ ប៉ុន្តែប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយព្រែកមិនទាន់ត្រូវបានជូនដំណឹងអំពីសំណងនៅឡើយ។
នៅស្រុកកៀនស្វាយ ខេត្តកណ្តាល អ្នកស្រី ពេជ្រ ចាន់តារា អាយុ៣២ឆ្នាំ ស្ត្រីកូនបីនាក់ រស់នៅក្បែរចំណុចចាប់ផ្តើមព្រែកនេះ បានប្រាប់ខេមបូចាថា ផ្ទះរបស់ពួកគាត់ស្ថិតនៅលើដីដូនតារបស់ពួកគាត់។ គ្រួសាររបស់អ្នកស្រីកាន់កាប់ដីនោះអស់រយៈពេលជាង១០០ឆ្នាំមកហើយ ដែលបានបន្សល់ទុកតាំងពីដូនតារបស់អ្នកស្រីច្រើនជំនាន់មកហើយ។ ដីនេះមានទំហំ១២ម៉ែត្រគុណ១៩ម៉ែត្រ។
មកទល់នឹងពេលនេះ អ្នកស្រីមិនទាន់ទទួលបានព័ត៌មានណាមួយអំពីសំណងទេ ហើយគ្រាន់តែដឹងថា ការបើកការដ្ឋានសាងសង់ត្រូវបានគេគ្រោងធ្វើនៅថ្ងៃទី៥ ខែសីហា។ អ្នកស្រី និងម្តាយរបស់អ្នកស្រីមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះខ្លាចមានការផ្ដល់សំណង «មិនសមរម្យ»។
អ្នកស្រីបាននិយាយថា៖ «យើងជំពាក់ធនាគារជាង២ម៉ឺនដុល្លារ ប៉ុន្តែ [យើង] មិនដឹងថា តើយើងនឹងទទួលបានសំណងប៉ុន្មានទេ» ដោយអ្នកស្រីបន្ថែមថា ពួកគាត់កំពុងប្រឈមនឹងការលំបាក៖ «[យើង] គ្រាន់តែដឹងពីកាលបរិច្ឆេទនៃការបើកការដ្ឋានសាងសង់ ប៉ុន្តែមិនទាន់បានទទួលព័ត៌មានអំពីសំណងទេ»។
អ្នកស្រីបាននិយាយថា៖ «ម្តាយខ្ញុំឈឺ ហើយស្គម ព្រោះគាត់មិនដឹងថា យើងនឹងទទទួលបានសំណងប៉ុន្មាន ហើយយើងជំពាក់ [ធនាគារ]» ដោយបន្ថែមថា ម្ដាយរបស់អ្នកស្រីមិនសប្បាយចិត្តចំពោះការបាត់បង់ដី ដែលគ្រួសារអ្នកស្រីបានរស់នៅច្រើនជំនាន់មកហើយនោះ។
លើសពីនេះ អ្នកស្រី ចាន់តារា មានការព្រួយបារម្ភថា ទីតាំងថ្មីនេះ នឹងមិនមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ហើយពួកគាត់ប្រហែលមិនអាចរកស៊ីលក់ដូរបានទេ។ នៅពេលអ្នកស្រីឮពីការអភិវឌ្ឍ អ្នកស្រីមិនដឹងថា តើត្រូវសប្បាយចិត្ត ឬពិបាកចិត្តនោះទេ ព្រោះអ្នករស់នៅក្បែរគម្រោងអភិវឌ្ឍន៍ «តែងតែទឹកភ្នែក» ដោយសារសំណងមិនសមរម្យ។
អ្នកស្រីសង្ឃឹមថា នឹងបានប្រាក់សំណងគ្រប់គ្រាន់ ដើម្បីចំណាយសម្រាប់កន្លែងថ្មី និងកន្លែងដែលពួកគាត់អាចរកស៊ីលក់ដូរបាន។
អ្នកស្រីបាននិយាយថា៖ «[ខ្ញុំ] បារម្ភអំពីការរើទៅកន្លែងថ្មី ខ្លាចអត់មានទឹក ឬភ្លើង។ វាមិនងាយស្រួលទេ ក្នុងការផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយ។ ប្រសិនបើខ្ញុំទទួលបានសំណងតិចតួច ខ្ញុំនឹងមិនអាចសូម្បីតែបង់ [ធនាគារ] ទិញដី និងធ្វើផ្ទះ»។
លោក ម៉ូវ សារិន ជាអ្នករត់ម៉ូតូឌុប និងជាអតីតទាហាន រស់នៅក្បែរព្រែកតាកែវ។ លោកបានប្រាប់ខេមបូចាថា ផ្ទះរបស់លោកត្រូវបានរុះរើ ព្រោះវានៅជិតចំណុចចាប់ផ្តើមព្រែកជីក ទីដែលគេគ្រោងបើកការដ្ឋានសាងសង់។
ផ្ទះរបស់លោក សារិន ត្រូវបានរុះរើកាលពីថ្ងៃទី២៩ ខែមិថុនា មួយថ្ងៃបន្ទាប់ពីអាជ្ញាធរបានជូនដំណឹង និងបង់ថ្លៃរុះរើជូនលោកចំនួន៥០០ដុល្លារ។ លោកស្នាក់នៅលើដីអ្នកផ្សេងជាបណ្ដោះអាសន្ន។
រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋដែលនឹងរងផលប៉ះពាល់ពីគម្រោងនេះ នៅមិនទាន់ទទួលបានតម្រុយណាមួយអំពីសំណងនោះទេ។ ប្រជាពលរដ្ឋមិនហ៊ានជំទាស់នឹងគម្រោងនេះទេ គឺគ្រាន់តែស្នើសុំសំណងសមរម្យ។
លោក សារិន បាននិយាយថា៖ «ខ្ញុំសុំតែដី ព្រោះខ្ញុំអត់មានដីសម្រាប់រស់នៅ។ យើងចង់បានដី ដែលយើងអាចរស់នៅបានត្រឹមត្រូវ»។ លោកបានបន្តថា៖ «ប្រសិនបើរដ្ឋត្រូវការដី យើងមិនហ៊ានជំទាស់ទេ ប៉ុន្តែមុននឹងធ្វើបែបនេះ ត្រូវដោះស្រាយបញ្ហាដីធ្លីឲ្យបានសមរម្យ»។
រៀបចំកិច្ចពិភាក្សា និងជូនដំណឹងដល់ប្រជាពលរដ្ឋ
លោក ជ័យ សំអាន មេឃុំសំរោងធំ ស្រុកកៀនស្វាយ មិនបានទទួលព័ត៌មានណាមួយអំពីសំណងនោះទេ ដែលលោកមានប្រសាសន៍ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) កំពុងដោះស្រាយ។
លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបដិសេធធ្វើអត្ថាធិប្បាយ ប៉ុន្តែបានបង្វែរសំណួរទៅក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) ដែលលោកអះអាងថា កំពុងធ្វើការលើសំណងនេះ។
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ខេមបូចាថា ផលប៉ះពាល់ព្រែកជីកមកលើប្រជាពលរដ្ឋនឹងត្រូវបានដោះស្រាយតាមរយៈប្រព័ន្ធរបស់រដ្ឋាភិបាល ដែលដឹកនាំដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ លោកមិនបានឆ្លើយតបទេ នៅពេលសួរថា ហេតុអ្វីបានជាសាធារណជនមិនត្រូវបានជូនដំណឹងជាផ្លូវការអំពីគម្រោងព្រែកជីកនេះ។
លោកបានបន្ថែមថា៖ «ក្រុមការងារកំពុងសិក្សា ហើយនឹងដាក់ជូនរដ្ឋាភិបាល»។
ព្រែកជីកប្រវែង ១៨០ គីឡូម៉ែត្រនឹងតភ្ជាប់រាជធានីភ្នំពេញទៅខេត្តកែប ដោយកាត់តាមផ្លូវទឹកក្នុងខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប។
លោក ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍ថា គម្រោងព្រែកជីកនេះ នឹងប៉ះពាល់ប្រជាពលរដ្ឋចំនួន ១,៥៨៥ គ្រួសារ ដីលំនៅដ្ឋាន ១៤៩.៥ ហិកតា និងដីស្រែ និងដីចំការចំនួន ២,៩០០ ហិកតា។
ទំហំនៃផលប៉ះពាល់ គឺតិចតួច បើធៀបនឹងគម្រោងផ្សេងទៀត។ លោក ចាន់ថុល មានប្រសាសន៍ថា៖ «ផលប៉ះពាល់សង្គម គឺតិចតួចណាស់។ យើងអាចធ្វើ [ដោះស្រាយ] បាន»។
លោកបានបន្ថែមថា តាមពិត ព្រែកជីកនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលកម្ពុជា រួមទាំងការបង្កើតការងារ ប្រាក់ចំណូលពីការដឹកជញ្ជូនតាមផ្លូវទឹក ការបង្កើតតំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌលដឹកជញ្ជូន កសិកម្ម និងកាត់បន្ថយការបំពុលបរិយាកាស។
ទោះបីជាយ៉ាងណា លោកមិនបានបញ្ជាក់អំពីសំណងជាក់លាក់សម្រាប់អ្នករងផលប៉ះពាល់នោះទេ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ មានប្រសាសន៍ថា ទោះបីមានការគាំទ្រខ្លាំងចំពោះគម្រោងនេះ ដោយសារវាជាប្រយោជន៍ប្រទេសក៏ដោយ ក៏ប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៅមិនទាន់ដឹងអំពីសំណងនៅឡើយ។ អាជ្ញាធរមិនទាន់ជូនដំណឹងដល់ពួកគាត់អំពីផលប៉ះពាល់ និងដំណោះស្រាយនៅឡើយទេ។
ការផ្តល់ព័ត៌មាន និងការពិភាក្សាជាមួយប្រជាពលរដ្ឋ គឺជាអ្វីដែលរដ្ឋាភិបាលត្រូវរៀបចំ ដើម្បីជូនដំណឹងដល់ប្រជាពលរដ្ឋថា តើពួកគាត់រងផលប៉ះពាល់ ឬអត់ និងជៀសវាងការធ្វើឱ្យពួកគាត់បារម្ភ ព្រោះវាអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់ពួកគាត់។
លោកមានប្រសាសន៍ថា ប្រជាពលរដ្ឋខ្លះមិនស្ងប់ចិត្តទេ ដោយសារមិនដឹងថា ប៉ះពាល់ឬអត់ ដោយលោកបានបន្ថែមថា រដ្ឋាភិបាលប្រហែលជាបានពិចារណាលើសំណងរួចហើយ ប៉ុន្តែមិនទាន់បញ្ជាក់ជាមួយប្រជាពលរដ្ឋនៅឡើយ។
លោក សំអាត មានប្រសាសន៍ថា៖ «វាចាំបាច់សម្រាប់ប្រជាពលរដ្ឋដែលត្រូវទទួលបានព័ត៌មានច្បាស់លាស់ ដើម្បីជៀសវាងការយល់ច្រឡំ និងការផ្តល់ព័ត៌មានខុស ដែលអាចនាំឱ្យមានបញ្ហាកាន់តែច្រើន។ រឿងសំខាន់ គឺធ្វើឲ្យប្រជាពលរដ្ឋយល់ពីផែនការអភិវឌ្ឍន៍ និងសំណង»។
លោក រឹម សុខវី អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលខ្មែរសិក្សាកិច្ចការតំបន់ មានប្រសាសន៍ថា ព្រែកជីកនេះ ប្រសិនបើដំណើរការបានល្អនឹងផ្តល់អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច «ច្រើនបំផុត» ដល់ប្រទេសជាតិ ប៉ុន្តែរដ្ឋាភិបាលគួរតែពិនិត្យឱ្យដិតដល់នូវផលប៉ះពាល់លើប្រជាពលរដ្ឋ និងផ្តល់ព័ត៌មានច្បាស់លាស់ដល់ពួកគាត់។
លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថា ប្រសិនបើយើងធ្វើវា ហើយវាប៉ះពាល់ដល់ប្រជាពលរដ្ឋនៅតំបន់នោះ យើងគួរតែប្រឹក្សាយោបល់ជាមួយពួកគាត់។ ប្រសិនបើយើងគ្រាន់តែផ្តល់សំណង វាមិនគ្រប់គ្រាន់ទេ។ រដ្ឋាភិបាលត្រូវធានាថា ទីតាំងថ្មីងាយស្រួលគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋប្រកបរបរចិញ្ចឹមជីវិត»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Funan Techo Canal – A Look at Public Support, Social Media Campaigns and Compensation As Groundbreaking Nears