សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កម្មកររោងចក្រកាត់ដេរដែលចង់បង្កើតសហជីពឯករាជ្យត្រូវប្រឈមនឹងការបញ្ឈប់ពីការងារ

កម្មករកាត់ដេរជិះឈរលើឡានទៅធ្វើការនៅខេត្តកណ្តាល។ រូបថតនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង
កម្មករកាត់ដេរជិះឈរលើឡានទៅធ្វើការនៅខេត្តកណ្តាល។ រូបថតនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

អង្គការសង្គមស៊ីវិល និងសហជីពមួយចំនួនដែលធ្វើការលើវិស័យកាត់ដេរ​បានអះអាងថា​ថៅកែរោងចក្រ​មួយចំនួននៅតែបន្ដគាប សង្កត់​និងរើសអើងចំពោះ​សហជីព​ឯករាជ្យ​ដោយមិន​អនុញ្ញាតឱ្យបង្កើតសហជីពក្នុងរោងចក្រហើយថែមទាំងបញ្ឈប់កម្មករណាដែលចង់បង្កើត​សហជីពជាបន្ដ​បន្ទាប់។

បើតាមលោក គង់  អាទិត្យ ប្រធានសម្ព័ន្ធ​សហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា​(CCAWDU)​ ថ្លែងថា ​លោកកំពុងតែស្វែងរកដំណោះស្រាយចំពោះបញ្ហារើសអើង​សហជីព​ឯករាជ្យ​ហ្នឹងជាមួយ​ក្រសួងសាមី និងខាងរោងចក្រ​(ថៅកែ​រោងចក្រ)ដើម្បីឱ្យមាន​ការទទួល​ស្គាល់សហជីពដែលកម្មករបាននាំគ្នាបង្កើត។ រហូតមកដល់ពេលនេះ​ករណីរើសអើង​សហជីព​ពីថៅកែរោងចក្រនៅតែបន្ដកើតមាន និងវាបានផ្ទុយពីច្បាប់ដែលមាន​ចែងពី​សិទ្ធិ​នៃការបង្កើតសហជីព។

លោក អាទិត្យ បញ្ជាក់ថា៖ «វាមានការរើសអើង វាមានការបញ្ឈប់ថ្នាក់ដឹកនាំ​សហជីពពេល​បង្កើត​ពេលអីច្រើនដែរ វានៅតែបន្ដមានអ៊ីចឹងបង។ គាត់[ថៅកែរោងចក្រ]បំពាន​ទៅលើច្បាប់​ដែល​មានជាធរមាន គេហៅថាមិនគោរពទៅតាមអនុសញ្ញា ILO មិនគោរពច្បាប់ស្ដីពីការងារ និង​មិនគោរពច្បាប់ស្ដីពីសហជីព»

លោកបន្ដថា បើប្រៀបធៀបនឹងឆ្នាំ២០២១វាមិនច្រើនទេ ដោយសារ២០២១​ថៅកែរោងចក្រ​យកលេសបញ្ហាជំងឺកូវីដ១៩ ក្នុងការបញ្ឈប់កម្មករ។ តែយ៉ាងណាលោកថា ដើម្បីអាច​បញ្ចប់​បញ្ហារើសអើងសហជីពក្នុងរោងចក្រវាទាល់តែក្រសួងសាមី និងរដ្ឋាភិបាលគួរតែរឹត​បន្ដឹង​ឬ​ក៏ផាកពិន័យចំពោះនិយោជកដែលមិនបានអនុវត្ដច្បាប់ឱ្យបានខ្ពស់ ដើម្បីឱ្យពួកគាត់ខ្លាច ជាពិសេសខាងប៊្រេន(ម៉ាក) គួរតែក្រឡេកមើលបញ្ហាអស់ហ្នឹងបន្ថែម។

ប្រធានសហជីពរូបនេះបន្ដថា៖ «និយោជក និងក្រសួងត្រូវចូលរួមគ្នាអនុវត្ដច្បាប់ ហើយខាង​ក្រសួង​ត្រូវរឹតបន្ដឹងផ្នែកច្បាប់បន្ថែម ដើម្បីកុំឱ្យខាងថៅកែរោងចក្របន្ដមិនគោរព​ច្បាប់និង​រើសអើងសហជីពដូច្នេះទៀត»

របាយការណ៍របស់សម្ព័ន្ធ​សហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា(CCAWDU) បាន​ចេញ​កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថាមាន​​រោង​ចក្រចំនួន២៣ទីតាំង ដែល​មានកម្មករសរុប ​១ ៤០៨នាក់ បាន​​រងគ្រោះដោយការបញ្ឈប់ពីការងារបន្ទាប់​ពួកគេ​ប្រើ​ប្រាស់​សិទ្ធិក្នុងការបង្កើតសហជីព​ក្នុង​សហគ្រាស និងគ្រឹះ​ស្ថាន​​​ដែលពួកគេកំពុង​ធ្វើការ។

ក្នុងរបាយការណ៍បង្ហាញទៀតថា រោងចក្រកាត់ដេរនៅកម្ពុជានៅតែបន្ដរើសអើង​សហជីព​ឯករាជ្យ​ថាមិនមានការ​ទទួលស្គាល់ពីក្រសួងការងារ ប៉ុន្ដែបែរជាស្វាគមន៍តែសហជីពដែល​បង្កើត​ឡើង​ដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខណៈរបាយការណ៍នេះបន្ដថា ការរើសអើងសហជីពឯករាជ្យក្នុងឆ្នាំ២០២២ តិចជាងបើធៀបនឹងឆ្នាំ២០២១​ដោយសារ​តែ​បញ្ហាជំងឺកូវីដ១៩។

យោងតាមមាត្រា៤នៃច្បាប់ស្ដីពីសហជីពឱ្យនិយមន័យថា សហជីពគឺជាអង្គការវិជ្ជាជីវៈដែល​សំដៅដល់ការរួបរួមគ្នា ដែលបង្កើតឡើងដោយកម្មករនិយោជិត ជាក្រុម ជាពួកដោយ​ការរួប​រួមគ្នា និងដោយស្ម័គ្រចិត្តសំដៅសហការគ្នាធ្វើសកម្មភាព ឬអភិវឌ្ឍនីតិក្រមផ្ទាល់ខ្លួន ដើម្បី​សម្រេចទិសដៅ ឬគោលបំណងជាក់លាក់នៃវិជ្ជាជីវៈ។ តាមន័យនៃច្បាប់នេះ អង្គការវិជ្ជាជីវៈ​របស់កម្មករនិយោជិតត្រូវបានគេហៅថា«សហជីព»

រីឯ លោក ឌួង តុលា អាយុ៤២ឆ្នាំ និងជាកម្មករម្នាក់ត្រូវបានរោងចក្រ អ៊ីស្តក្រោន ហ៊្វូតវែរ អ៊ិនដាសស្ទ្រី ឯ.ក (EASTCROWN FOOTWEAR INDUSTRY CO,.LTD)​បញ្ឈប់ពី​ការងារ​កាលពីពេលថ្មីៗនេះ​ ដោយសារតែលោកនាំគ្នាបង្កើតសហជីពក្នុងរោងចក្រ បានថ្លែងប្រាប់​ខេមបូចានៅព្រឹកថ្ងៃពុធនេះថា ជាទូទៅការបង្កើតសហជីពឯករាជ្យ​មួយក្នុងរោងចក្រ​ដើម្បី​តស៊ូ​មតិ និងសិទ្ធិសេរីភាពក្នុងម៉ោងការងារ ព្រមទាំងការបញ្ចេញមតិ មិនងាយស្រួល និងត្រូវ​បាន​រើសអើង។ លោកថា ឱ្យតែចង់បង្កើតឡើងត្រូវបានខាងនិយោជក ជាពិសេសផ្នែក​រដ្ឋបាល​​តែងតែរើសអើង ហើយបណ្ដេញចេញ នឹងមិនបន្ដកិច្ចសន្យាការងារឱ្យ។

លោក តុលា ឱ្យដឹងថា៖ «ខ្ញុំបានចងក្រងគ្នាដើម្បីបង្កើតសហជីពមួយដើម្បីទុកតស៊ូមតិ សម្រាប់​ឱ្យ​កម្មករដែលគាត់មានផលលំបាកក្នុងការសុំច្បាប់ ឬក៏ការបង្ខំណាមួយ ដើម្បី​រក​ហេតុ​ផលរវាងសហជីពកម្មករ និងរដ្ឋបាលសហជីពចិន។ ប៉ុន្ដែគ្រាន់តែ​ដឹងថា​យើង​បង្កើត​សហជីពភ្លាមគឺបញ្ឈប់យកតែម្ដង ហើយចោទពួកយើងថាច្បាប់ច្រើនធ្វើការមិនល្អទៀត

លោកបន្ដថា ការបង្កើតសហជីពឯករាជ្យត្រូវបានរើសអើងច្រើន និងជាបញ្ហាប្រឈម​របស់​កម្មករ កម្មការិនីរោងចក្រនៅពេលមានបញ្ហាគឺពិបាកក្នុងការតស៊ូមតិផ្សេងៗ។ យ៉ាងណា​លោកថា លោកនឹងបន្ដសកម្មភាពតាមផ្លូវច្បាប់ ដើម្បីទាមទារស្វែងរកយុត្ដិធម៌​ក្នុងវិស័យ​ការងារនេះ។

លោកបន្ថែមថា៖ «ការតស៊ូមតិសម្រាប់សហជីពឯករាជ្យ បើមានសហជីពឯករាជ្យនៅក្នុង​រោងចក្រ ទាំងកម្មករ ទាំងសហជីព មានសេរីភាពក្នុងការធ្វើការងារ និងមានសិទ្ធិក្នុងការចរចា​ មានសិទ្ធិក្នុងការចូលរួមជាមួយសហជីព យើងអាចលើកពីបញ្ហាពិបាកៗ របស់ប្រធានផ្នែក ឬក៏ប្រធានចិនដែលដាក់គំនាបមកឱ្យយើង ដូចជាបង្ខំឱ្យថែមម៉ោង ធ្វើការថ្ងៃបុណ្យ»

កម្មការិនីរោងចក្រ ញ៉ូមីងដា ម្នាក់កំពុងអង្គុយលើម៉ូតូមុខច្រកចូលរោងចក្រក្រោយ​ពីផ្ទុះការតវ៉ារឿងថៅកែរោងចក្របញ្ឈប់មេដឹកនាំសហជីពឯករាជ្យកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ខេមបូចា/ ឃាង  សុខមាន

កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នាយ​កដ្ឋា​ន​វិវាទ​ការ​ងារនៃក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ ចេញលិខិតកោះហៅកម្មករ-កម្មការិនីចំនួន៤នាក់ ដែលត្រូវបា​នថៅកែ​រោង​ចក្រ អ៊ីស្តក្រោន បញ្ឈប់ពីការងារឱ្យឆ្លើយបំភ្លឺពាក់ព័ន្ធករណីនេះនៅថ្ងៃទី២៦ ខែតុលា ប៉ុន្តែត្រូវ​បានក្រុមកម្មករស្នើសុំពន្យា​ពេល​ទៅ​ចូលឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃ​ទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ វិញ​។

ស្រដៀងគ្នានេះដែរ កញ្ញា ឌួង សុខណាង អាយុ២៣ឆ្នាំ និងជាកម្មការិនីម្នាក់ត្រូវបានរោងចក្រ ឈីមីងស៊ីន ហ្វេកធើរី បានបញ្ឈប់កាលពីពេលកន្លងទៅ ពាក់ព័ន្ធនិងការបង្កើត​សហជីព​ឯករាជ្យ​ក្នុងរោងចក្រ បានលើកឡើងថា បើសិនជាកញ្ញាមិននាំគ្នាបង្កើតសហជីពឯករាជ្យទេ នោះកញ្ញានឹងមិនត្រូវបានខាងរោងចក្របញ្ឈប់មកដល់ពេលនេះ។ យ៉ាងណាក្ដីកញ្ញាថាការ​ដែល​រោងចក្រមិនឱ្យកម្មករបង្កើតសហជីពផ្ទាល់ខ្លួនជារឿងដែលមិនគួរកើតមាន ហើយវា​បាន​បង្ហាញពីគោលបំណងរបស់ថៅកែរោងចក្រ​ក្នុងការកេងប្រវ័ញ្ចន៍ពីញើសឈាម​របស់កម្មករ កម្មការិនី។

កញ្ញា សុខណាង បន្ដថា៖ «គេបញ្ឈប់ខ្ញុំដោយសារខ្ញុំបង្កើតសហជីព បើខ្ញុំអត់បង្កើតគេអត់​បញ្ឈប់ខ្ញុំទេ គ្រាន់តែដឹងថាខ្ញុំបង្កើតខ្ញុំចូលទៅធ្វើការគេដេញខ្ញុំចេញមិនឱ្យចូលហ្មងបង»

យ៉ាងណាមិញកញ្ញាបានចាត់ទុកថា ការមិនឱ្យកម្មករបង្កើត​សហជីពក្នុងរោងចក្រ​វាជា​ការ​រើសអើង និងបានផ្ដល់នូវភាពអយុត្ដិធម៌ផ្នែកច្បាប់ដែលមានចែងថា កម្មករ កម្មការិនី គ្រប់រូប​មានសិទ្ធិក្នុងការបង្កើតសហជីពដោយខ្លួនឯងបានឱ្យតែខ្លួនចង់បង្កើត។

ក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ច្បាប់ស្ដីពីការងារ ក៏ដូចជាច្បាប់ស្ដីពីសហជីព សុទ្ធតែបានកំណត់​អំពី​សេរីភាព​ក្នុង​ការ​បង្កើត​សហជីព ដែលក្នុងនោះរដ្ឋធម្មនុញ្ញបានចែងថា ប្រជាពលរដ្ឋ​ខ្មែរទាំង​ពីរភេទមានសិទ្ធិបង្កើតសហជីព និងមានសិទ្ធិចូលរួមជាសមាជិកសហជីព។

លោក អឹង  ហុង ប្រធានរដ្ឋបាលរោងចក្រ អ៊ីស្តក្រោន ចាក់អង្រែក្រោម បានអះអាងថា ខាង​រោងចក្របានឱ្យកម្មករតែ៧នាក់ប៉ុណ្ណោះឈប់សម្រាក​បណ្តោះអាសន្ន​ដោយមិនកំណត់​ពេល​ចូលវិញ ក្រោមហេតុផលថា ក្នុងតំណែង ឬតួនាទី​របស់កម្មករទាំងនោះ ពុំ​មានការ​ងារ​ធ្វើ។

លោកបន្ដថា៖ «យើងមិនបានបញ្ឈប់សហជីពទេ។ យើងទទួលស្គាល់សហជីពទាំងអស់ណា​ដែលបានទទួលស្គាល់ពីក្រសួងការងារ ដែលមានបញ្ជីការត្រឹមត្រូវ។ កន្លងមកយើងមិនដែល​បញ្ឈប់​សហជីពណាឡើយ»

លោកថ្លែងថា ការដល់ថិរវេលានៃកិច្ចសន្យាការងារ ឬការផុតរលត់នៃកិច្ចសន្យាការងារគឺផ្អែក​ទៅលើភាគីទាំងសងខាងថាត្រូវបន្ដ ឬមិនបន្ដ។ កម្មករក្នុង១ខែៗ ការផុតរលត់កិច្ចសន្យាមាន​ច្រើន។

លោក ហុង បន្ថែមថា៖ «សម្រាប់ខាងខ្ញុំមិនអាចជ្រៀតជ្រែកលើការងារសហជីពឡើយ។ ការបង្កើតសហជីពជាសិទ្ធិសេរីភាពបងប្អូនកម្មករ»

បើតាម​កម្មករ រោងចក្រ អ៊ីស្តក្រោន ហ៊្វូតវែរ អ៊ិនដាសស្ទ្រី ឯ.ក (EASTCROWN FOOTWEAR INDUSTRY CO,.LTD) មានកម្មករប្រមាណ ៣ ០០០នាក់កំពុងបម្រើការងារ ដែលមានថៅកែ​ជា​ជនជាតិចិន និងជារោងចក្រផលិតស្បែកជើងម៉ាក ពូម៉ា [PUMA]។ មួយ​ទៀត​​ សហជីពថា សំណុំរឿងមួយចំនួន ​​​ដែល​​ក្រុមប្រឹក្សាអាជ្ញាកណ្ដាល​បាន​ដោះ​ស្រាយ និង​សម្រេច​ឱ្យក​ម្មករ​​ឈ្នះ​​​ហើយ គឺមិនត្រូវបានថៅកែ ឬនិយោជក​អនុវត្តតាម​សេចក្ដី​​បង្គាប់​​របស់ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​ឡើយ ដែល​ករណីនេះ សហជីពចាត់ទុក​ថាជា​ការរំលោភសិទ្ធិ​មនុស្ស​​ធ្ងន់​​ធ្ងរ និង​​ជា​​ការកេងប្រវ័ញ្ចន៍កម្លាំងពលកម្ម​កម្មករ ដែលត្រូវបានហាមឃាត់​ដោយ​ច្បាប់ផងនោះ។

ខេមបូចាមិនអាចសុំការបំភ្លឺពីតំណាងក្រុមហ៊ុនបញ្ជាទិញម៉ាកពូម៉ា(PUMA) បានទេ ប៉ុន្ដែ​តំណាងក្រុមហ៊ុននេះធ្លាប់បានប្រាប់កាសែតក្នុងស្រុកមួយកាលពីថ្ងៃទី២៥ ខែតុលា​ថា ក្រុមហ៊ុនមួយនេះ បេ្តជ្ញាការពារសិទ្ធិកម្មករក្នុងការបង្កើតសហជីព ហើយមិន​អត់ឱន​ចំពោះការរំលោភបំពានលើសេរីភាពសហជីពឡើយ។

ដោយឡែក លោក ផ្លុង ធិ អាយុ២៨ឆ្នាំ ជាតំណាងកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ ញូមីងដា(ខេមបូឌា) ខូអិលធីឌី មានទីតាំងនៅសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ ដែល​បាននាំគ្នាផ្ទុះការតវ៉ាកាលពីព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ បានប្រាប់ ខេមបូចា ថា លោក​បាន​ធ្វើការនៅរោងចក្រញូមីងដានេះ​អស់រយៈពេល៤ឆ្នាំខាងផ្នែកដេរ រហូតមកដល់​ខែតុលា ឆ្នាំ២០២២ នេះ ក៏បាននាំគ្នាបង្កើតសហជីពមួយមានឈ្មោះសហជីពស្មារតីកម្មករ​ក្នុងរោងចក្រ​មានគ្នា១៥នាក់ដោយមានការទទួលស្គាល់ពីក្រសួងការងារត្រឹមត្រូវ។ ប៉ុន្ដែបែរជាខាង​រោងចក្រមិនទទួលហើយថែមទាំងបានបញ្ឈប់អនុប្រធានសហជីពបន្ថែមទៀតជាមូលហេតុ​ដែលកម្មកររោងចក្រនាំគ្នាផ្ទុះការតវ៉ា។

លោកបន្តថា៖ «ពួកខ្ញុំបង្កើតសហជីពស្មារតីកម្មករដល់ពេលហើយខាងរោងចក្រ​គឺគេបញ្ឈប់​តំណាងនៅក្នុងចំណោម១៥នាក់ដែលបង្កើតហ្នឹង ចឹងពួកខ្ញុំក៏បានផ្ទុះការតវ៉ាឡើងវិញ ពីព្រោះ​អី យើងចេញពីបញ្ជីការ ចេញពីក្រសួងអីរួចអស់ហើយ។ គាត់នៅតែបញ្ឈប់តំណាងពួកខ្ញុំ​ទៀត»

លោក ផ្លុង ធិ លើកឡើងថា​ ក្រោយពីមានការតវ៉ាខាងរោងចក្រ​បានទទួលយក​អនុប្រធាន​សហជីព​ឈ្មោះ សាន ល័យហួត ដែលត្រូវបានបញ្ឈប់មកវិញ ប៉ុន្ដែលោកមិនសូវជាមានទំនុក​ចិត្ដលើថៅកែចិននោះទេព្រោះថៅកែចិនក្រឡេចក្រឡុច និងតែងតែកេងប្រវ័ញ្ចន៍ពីកម្មករ។ យ៉ាងណាលោកថាការរើសអើងសហជីពនៅតែបន្ដកើតមានដោយខាងរោងចក្រមិនចង់ឱ្យ​មានសហជីពឯករាជ្យក្នុងរោងចក្រនោះទេ។ ខាងរោងចក្រចង់ឱ្យមានតែសហជីព​ដែល​បង្កើត​ឡើងដោយរោងចក្រ។

លោកបញ្ជាក់ថា៖ «គេទទួលយកវិញហើយបងប៉ុន្ដែពួកខ្ញុំមិនសូវជាទុកចិត្ដសោះ​ព្រោះថៅកែ​ក្រឡេចក្រឡុច ម្ដងអ៊ីចេះ ម្ដងអ៊ីចុះ។ បើនិយាយរឿងរើសអើងគឺនៅតែមានបង គេមិនចង់​ឱ្យ​មានទេ»

សន្តិសុខដើរនៅក្នុងទីធ្លារនៃក្រសួងការងារក្នុងរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

ជុំវិញរឿងនេះ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ ​ បានបញ្ជាក់យ៉ាងខ្លីប្រាប់ ខេមបូចា តាមប្រព័ន្ធតេឡេក្រាមថា មិនមានករណីដូចការលើកឡើងរបស់អង្គការ​សហជីព​នោះទេ។ លោកថាបើសិនជាករណីហ្នឹងមានមែន​​គឺកម្មករម្នាក់ៗអាចប្ដឹងមកក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបាន។

លោក ហេង សួរ បញ្ជាក់ថា៖ «មិនមានករណីនេះ ហើយកម្មករនិយោជិតមាន​សិទ្ធិ​ប្តឹង​មកក្រសួង និងប្តឹងទៅកន្លែងមានសមត្ថកិច្ចក្នុងការដោះស្រាយវិវាទការងារជាបន្តបន្ទាប់។ ប្រសិនជាខ្លួនយល់ថាការបញ្ឈប់របស់ខ្លួនមិនត្រឹមត្រូវ»។ លោកបន្ថែមថា៖ «នេះជាការ​អះអាង​ក្រៅផ្លូវការ ក្រសួងកំពុងពិនិត្យលើនីតិវិធី និងមូលហេតុបញ្ឈប់»

លោក កាំង មូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បានមាន​ប្រសាសន៍ថា សម្រាប់បញ្ហាទាំងអស់ហ្នឹងនៅប្រទេសកម្ពុជាមាន​នីតិវិធីច្បាស់លាស់​ក្នុងការ​បញ្ឈប់​បុគ្គលិកឬក៏សមាជិកសហជីព និងតំណាងសហជីពដែលមានសិទ្ធិ​ការពារពិសេស។ លោកថា​ឱ្យតែកម្មកររោងចក្រដែលពួកគាត់គោរពទៅតាមច្បាប់។ កម្មករទាំងអស់មានសិទ្ធិ​ក្នុងការ​បង្កើត​សហជីពពេញលេញ។

លោកថ្លែងថា៖ «បើសិនជាគាត់[និយោជិត]អនុលោមទៅតាមច្បាប់ អាហ្នឹងគាត់មានសិទ្ធិ»។

កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ របាយការណ៍មួយរបស់សហជីពឯករាជ្យ​ចំនួន១០​ក្នុង​នោះមានការអង្គការសង់ត្រាល់មួយដែរបានផ្ញើជូនគណៈប្រតិភូបំពេញបេសកកម្មទំនាក់ទំនងផ្ទាល់ជាមួយកម្ពុជារបស់អង្គការអន្ដរជាតិខាងការងារ(ILO)បានលើកឡើងពីបញ្ហាក្នុងការមិន​ទទួលស្គាល់សហជីពឯករាជ្យ និងមានការរើសអើងបន្ដកើតមានឡើងក្នុងវិស័យការងារ ជាពិសេសវិស័យកាត់ដេរ។

លោក ឃុន ថារ៉ូ ប្រធានគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ បានថ្លែងថា មាន​បញ្ហា​ប្រឈម និងឧបសគ្គជាប្រព័ន្ធជាច្រើនដែលក្រុមចលនាសហជីពឯករាជ្យ​ជួបប្រទះក្នុងការ​អនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋានរបស់សហជីព។

លោក ថារ៉ូ បន្តថា ការបន្តធ្វើទុក្ខម្នេញដល់ថ្នាក់ដឹកនាំសហជីពមូលដ្ឋាន​ដែល​ចូលរួម​បង្កើត​សហជីពនៅតាមបណ្តារោងចក្រ សហគ្រាស ដូចជាការបញ្ឈប់ពីការងារ បន្ទាប់ពីការ​ជូន​ដំណឹង​បង្កើតសហជីព ដោយយកហេតុផល មិនបន្តកិច្ចសន្យា ឬការចោទប្រកាន់ពីកំហុស​ការងារ ជាកម្មវត្ថុក្នុងការផ្តាច់កិច្ចសន្យាការងារ ដូចជាករណីនៅរោងចក្រ ឈឺមីង ស៊ីង រោងចក្រ Easter Grown នៅភ្នំពេញ រោងចក្រ ML នៅប៉ោយប៉ែត និង រោងចក្រ Bright Flushing នៅខេត្ត តាកែវ ជាដើម។

លោក ថារ៉ូ ថ្លែងថា៖ «ការបន្តទម្រង់នៃការគម្រាមគំហែង ដោយប្រើប្រាស់រូបភាព អាជ្ញាធរ​ទៅតាមដាន ឃ្លាំមើលរាល់សកម្មភាពសហជីព ចាប់តាំងពីកម្មវិធីអប់រំបណ្តុះបណ្តាល និង​សកម្មភាពរៀបចំការបោះឆ្នោតជាដើម។ការប្រើប្រាស់យន្តការអធិការកិច្ចការងារ ក្នុងការ​ឯកភាព​លើការបញ្ឈប់មេដឹកនាំ សកម្មជនសហជីព ជាពិសេសការញែកវិវាទ​រួមទៅជា​វិវាទ​បុគ្គល ដែលធ្វើឱ្យសហជីពឯករាជ្យមានភាពកម្សោយក្នុងការតតាំងនីតិវិធីផ្លូវច្បាប់»

កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ សហព័ន្ធសហជីពឯករាជ្យ (INTUFE) បានចេញ​សេចក្ដី​ថ្លែងការណ៍​មួយ ដោយបង្ហាញថា ក្រុមហ៊ុន ឈីមីងស៊ីន ហ្វេកធើរី មិនព្រមធ្វើតាមសេចក្ដី​ណែនាំ​របស់ក្រសួងការងារ ដែលឱ្យក្រុមហ៊ុនមួយនេះ​ទទួលយកកម្មករ​និយោជិត៥នាក់​ចូល​បម្រើការងារវិញ និងមិនបានគោរពតាមសេចក្ដីណែនាំរបស់ក្រសួងការងារ និងស្នើសុំ​ឱ្យ​ក្រសួងការងារចាត់វិធានការចំពោះការមិនគោរពច្បាប់ ខណៈដែលកម្មករ-កម្មការិនី​ក្រុមហ៊ុនបង្ហាញពីការព្រួយបារម្ភក្រោយពីពួកគេមិនមានសហជីពនៅក្នុងរោងចក្រ៕

303 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម