កម្មករក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរបង្ហាញការមិនសប្បាយចិត្តនៅថ្ងៃទី១៧ ខែកញ្ញា ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា ប្រាក់ឈ្នួលគោលអប្បបរមាសម្រាប់ឆ្នាំ២០២៦ឡើងបាន២ដុល្លារ ដែលតួលេខនេះដាច់ឆ្ងាយពីអ្វីដែលសហជីពឯករាជ្យយល់ថា តួលេខគួរដំឡើងឱ្យត្រូវតាម«តម្លៃជាក់ស្ដែងលើការចំណាយប្រចាំថ្ងៃ»។
លោក ហ៊ុន ម៉ាណែត បានបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកថា ប្រាក់ឈ្នួលគោលអប្បបរមាសម្រាប់ឆ្នាំ២០២៦ គឺ២១០ដុល្លារក្នុងមួយខែ ខណៈឆ្នាំ២០២៥ មានចំនួន២០៨ដុល្លារ។ ការប្រកាសនេះធ្វើឡើងក្រោយកិច្ចប្រជុំចរចាររបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលគោលអប្បបរមា បានជួបប្រជុំគ្នាអស់ពេលជាច្រើនសប្ដាហ៍។ កិច្ចប្រជុំនេះមានសមាសភាពចូលរួមពីខាងសហជីព និងតំណាងនិយោជក ដោយមានការសម្របសម្រួលពីក្រសួងការងារ យ៉ាងណាភាគីសហជីពបានបោះបង់ការទាមទាររបស់ខ្លួនកាលពីសប្ដាហ៍មុន។
កម្មករបានរិះគន់និយោជកដែលបន្តចង់ឲ្យនៅរក្សាប្រាក់ឈ្នួលគោលអប្បបរមាត្រឹម២០៨ដុល្លារ បើទោះបីជាអតិផរណាមានការកើនឡើងក៏ដោយ និងបានលើកឡើងថា ពួកខ្លួនមិនមានតំណាងរឹងមាំក្នុងការចរចារនោះដែរ។ ប្រាក់ឈ្នួលគោលអប្បបរមាសម្រាប់ឆ្នាំ២០២៦ បានឡើងតិចជាងកាលពីឆ្នាំកន្លងទៅ។
អ្នកស្រី ចាន់នី កម្មករនៅរោងចក្រ YIDA ក្នុងខេត្តកណ្ដាល ដែលនិយាយដោយសុំមិនបង្ហាញឈ្មោះពេញដោយបារម្ភពីសុវត្ថិភាព បានហៅការចរចាររឿងប្រាក់ឈ្នួលគោលអប្បបរមា និងការដំឡើង២ដុល្លារនេះថា «មិនផ្ដល់ការគោរព» និង «ខ្វះការលើកទឹកចិត្តដល់កម្មករ»។
អ្នកស្រីបន្តថា៖ «ជាមួយនឹងការឡើងតិចតួចនេះ ខ្ញុំមើលឃើញពីកាយវិការមិនយកចិត្តទុកដាក់ពីសំណាក់និយោជក។ ពួកគាត់រកបានប្រាក់ចំណេញច្រើនពីការនាំទំនិញចេញ ហើយពួកយើងវិញមិនអាចទទួលបានប្រាក់ឈ្នួលសមរម្យ»។
អ្នកស្រី ពេជ្រ ផានី កម្មករម្នាក់ទៀតក្នុងខេត្តកំពង់ឆ្នាំង បង្ហាញការមិនសប្បាយចិត្តដូចគ្នានេះដែរ។ អ្នកស្រីឲ្យដឹងថា៖ «វាធ្វើឲ្យពួកយើងនៅតែពិបាក។ ប្រាក់ខែថ្មីមិនគ្រប់គ្រាន់សម្រាប់ការចំណាយប្រចាំថ្ងៃទេ»។
បើតាមការស្ទង់មតិមួយរបស់ Asia Floor Wage Alliance នៅឆ្នាំ២០២៤ កម្មករត្រូវចំណាយជាមធ្យម៤០៨ដុល្លារក្នុងមួយខែលើថ្លៃអាហារ និងការចំណាយចាំបាច់មួយចំនួនផ្សេងទៀត ដែលនេះស្ទើរតែទ្វេដងនៃប្រាក់ចំណូលដែលពួកគាត់រកបានត្រឹម២៥០ដុល្លារ តាមរយៈការធ្វើការថែមម៉ោង និងផលប្រយោជន៍តិចតួចផ្សេងទៀតដែលថៅកែផ្ដល់ឲ្យ។
បើតាមការសិក្សាដដែលគម្លាតរវាងថ្លៃចំណាយប្រចាំថ្ងៃ និងប្រាក់ឈ្នួល បានធ្វើឲ្យកម្មករក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរប្រហែល៧០ភាគរយ ធ្លាក់ខ្លួនជាប់បំណុលដោយសារតែជីវភាព។
សហជីពឯករាជ្យរបស់កម្មករទាំងនេះបានស្នើឲ្យមានប្រាក់ឈ្នួលគោលអប្បបរមា២៣២ដុល្លារក្នុងមួយខែសម្រាប់ឆ្នាំ២០២៦ ដោយសហជីព និងក្រុមអង្គការសិទ្ធិមនុស្សយល់ឃើញថា ការកែសម្រួលប្រាក់ឈ្នួលគោលអប្បបរមា គឺជារឿងចាំបាច់ បើទោះបីជានៅមានគម្លាតឆ្ងាយពីការចំណាយប្រចាំថ្ងៃជាក់ស្ដែងក៏ដោយ។
ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួននៅថ្ងៃពុធនេះ ក្រសួងការងារបានសាទរចំពោះការដំឡើងប្រាក់ឈ្នួលនេះ ដោយបានលើកឡើងថា «ថ្វីបើសេដ្ឋកិច្ចសកលមានភាពមិនច្បាស់លាស់» និងជាការពិត«ប្រទេសជាច្រើនផ្សេងទៀតក្នុងតំបន់មិនបានដំឡើងប្រាក់ឈ្នួល» សម្រាប់រដ្ឋាភិបាលកម្ពុជាបានចាត់វិធានការ «មិនថាតិច ឬច្រើន គឺដើម្បីជួយសម្រួលទុក្ខលំបាករបស់កម្មករ»។
ក្នុងកិច្ចពិភាក្សាបញ្ចប់រឿងប្រាក់ឈ្នួលរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលគោលអប្បបរមា ភាគីនិយោជកបានលើកពីភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ចកើតចេញពីជម្លោះព្រំដែនកម្ពុជា-ថៃ ការវិលប្រឡប់ដោយគំហុករបស់ពលករខ្មែរ និងការដាក់ពន្ធថ្មីពីសហរដ្ឋអាមេរិក ដែលអ្វីទាំងនេះជាហេតុផលដែលខាងនិយោជកថាមិនអាចដំឡើងប្រាក់ឈ្នួលបាន។
ពន្ធនាំចេញទំនិញពីកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកត្រូវបានកាត់បន្ថយមកត្រឹម១៩ភាគរយនៅក្នុងខែសីហាកន្លងទៅ បន្ទាប់ពីប្រឈមនឹងពន្ធបដិការ៤៩ភាគរយ និងក្រោយមកចុះនៅ៣៦ភាគរយ ដែលការណ៍នេះបង្កឲ្យមានភាពមិនច្បាស់លាស់រហូតដល់ការកាត់បន្ថយអត្រាពន្ធបានធ្លាក់មកនៅអត្រាមួយស្របនឹងដៃគូប្រកួតប្រជែងក្នុងតំបន់។
តំណាងខាងរោងចក្រលោក ណាង សុធី បានលើកឡើងថា ប្រាក់ឈ្នួលគោលគួររក្សាដដែល ដោយហេតុថាចំណូលដែលកម្មកររកបានគឺប្រហាក់ប្រហែលនឹងអ្វីដែលសហជីពចង់បាន។ លោកថាកម្មករនឹងទទួលបានអត្ថប្រយោជន៍បន្ថែមដូចជាថ្លៃជួលផ្ទះ និងថ្លៃធ្វើដំណើរ ដែលជាសរុបអាចបានពី២២៥ដុល្លារទៅ២៣៥ដុល្លារក្នុងមួយខែ។
លោក អាត់ ធន់ អនុប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ស៊ីខៅឌូ) មានប្រសាសន៍ថា ការដំឡើងប្រាក់ឈ្នួលគោល២ដុល្លារ គឺមិនសមស្របទៅនឹងអតិផរណាដែលកើតកើនប្រមាណ២ភាគរយនោះទេ ហើយតំណាងសហជីពមានភាពទន់ខ្សោយពេលចរចារ។ លោកបានបន្តថា៖ «នេះបង្ហាញពីភាពកម្សោយរបស់សហជីពក្នុងការធ្វើជាតំណាងឲ្យកម្មករ ដូចនេះការដំឡើងប្រាក់ឈ្នួលគោលគឺចេញពីរដ្ឋាភិបាល»។
អ្នកនាំពាក្យក្រសួងការងារលោក ស៊ុន មេសា មិនបានឆ្លើយតបភ្លាមៗចំពោះការស្នើសុំអត្ថាធិប្បាយលើរឿងនេះទេ។
ប្រាក់ឈ្នួលគោលអប្បបរមាអនុវត្តតែលើវិស័យ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរប៉ុណ្ណោះ ដែលមានកម្មករជិត១លាននាក់ និងភាគច្រើនជាស្រ្តី។ វិស័យនេះត្រូវបានគេដឹងថាជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងពលកម្មក្នុងប្រព័ន្ធ ខណៈនៅមានកម្មករជាង៨៨ភាគរយផ្សេងទៀតនៅបន្តធ្វើការក្រៅប្រព័ន្ធនៅឡើយ៕
(រាយការណ៍បន្ថែមដោយ៖ ឡូន សៅដា)
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ GFT Workers Frustrated After Minimum Wage Rises $2










