បន្ទាប់ពីបានស៊ូទ្រាំ ជាមួយនឹងការតវ៉ាអស់រយៈពេលជាច្រើនខែ និងការចរចាជាមួយគ្នាជាច្រើនលើកច្រើនសារនោះ សហជីពនៅក្រុមហ៊ុនរថយន្តក្រុង Giant Ibis បានទទួលយកប្រាក់បំណាច់អតីតភាពការងារពីក្រុមហ៊ុនរថយន្តក្រុង។ ទោះជាយ៉ាងណា ពួកគេបានលើកឡើងថា ក្រុមហ៊ុនមិនបានផ្តល់ប្រាក់សំណងពេញលេញទៅតាមច្បាប់ការងារនោះទេ ។
លោក សៀម ម៉ូរ៉ាឌី ប្រធានសហជីពនៅក្រុមហ៊ុនរថយន្តក្រុង Giant Ibis ដែលលោកក៏ជាស្ថាបនិកម្នាក់ក្នុងចំណោមស្ថាបនិកផ្សេងទៀត បានចូលរួមបង្កើតសហជីពនេះឡើងក្នុងឆ្នាំ២០២០នោះ និយាយថា៖ «យើងបានយល់ព្រមជាឯកច្ឆន្ទក្នុងការទទួលយកការទូទាត់ពីក្រុមហ៊ុន ដោយសារយើងខ្លាចមានការគំរាមកំហែងពីក្រុមហ៊ុន ដោយប្រើប្រព័ន្ធតុលាការ ហើយណាមួយសមាជិកសហជីពរបស់យើងមិនមានលទ្ធភាពបន្តការតវ៉ាដើម្បីស្វែងរកសំណងពេញលេញនោះទេ»។
យោងតាមលិខិតចរចា ក្រុមហ៊ុនបានយល់ព្រមផ្តល់សំណងដល់សមាជិកសហជីពលើ ៥ ចំណុច ដោយផ្អែកលើច្បាប់ការងារ ខណៈមានការធានាថា ទឹកប្រាក់សំណងដែលត្រូវបានទូទាត់ នឹងត្រូវប្រគល់ជូននៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។
លោក ម៉ូរ៉ាឌី ត្រូវបានផ្តល់ជូនប្រាក់សំណងប្រហែល ១,០០០ដុល្លារ ដែលការផ្តល់ជូននេះទាបជាងសំណងជាក់ស្តែងដែលលោកមានសិទ្ធិទទួលបានក្នុងចំនួនទឹកប្រាក់ ២,០០០ដុល្លារ។ ទោះជាយ៉ាងណា លោកបានពេញចិត្ត និងអះអាងថា «យ៉ាងហោចណាស់យើងបានដាក់សម្ពាធលើក្រុមហ៊ុនឲ្យទទួលខុសត្រូវដែរ»។
លោក ម៉ូរ៉ាឌី និងសមាជិកសហជីពផ្សេងទៀត ត្រូវបានកោះហៅកាលពីខែតុលា ឆ្នាំ២០២៣ ហើយដាក់ឱ្យស្ថិតក្រោមការឃ្លាំមើលដោយតុលាការសាលាដំបូងរាជធានីភ្នំពេញ។ ក្នុងដីកាកោះនោះ ពួកគេត្រូវបានចោទប្រកាន់ពីបទញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គមបន្ទាប់ពីការតវ៉ាជាបន្តបន្ទាប់របស់ពួកគេ។
លោកនិយាយថា៖ «ខ្ញុំបានដឹងពីផលវិបាកដែលអាចកើតមាននៃការតស៊ូមតិរបស់ខ្ញុំ»។
ជាលទ្ធផល សហជីពរបស់លោកបានពន្យារពេលនៃការតវ៉ា ហើយមិនមានការកោះហៅឱ្យចូលខ្លួនទៅតុលាការទេ។ លោកបានបន្ថែមថា៖ «វាគ្រាន់តែជាល្បិចកលរបស់ពួកគេ ដើម្បីបង្ខូចយើង ហើយបញ្ឈប់យើងពីការប្រឆាំងនឹងពួកគេ»។
សមាជិកសហជីពដែលធ្វើការជាមួយក្រុមហ៊ុនរថយន្តក្រុង Giant Ibis ជិតបីឆ្នាំ ក្នុងតួនាទីជាអ្នកបើករថយន្តក្រុង លោក អោ ចន្ធី វ័យ ៤៦ឆ្នាំ បានសោកស្ដាយចំពោះការដោះស្រាយនេះ ដែលគាត់ថាជាការរំលោភច្បាប់ការងារ។ លោកបានចាត់ទុកការចរចាដែលអូសបន្លាយរបស់ក្រុមហ៊ុនថាជាឧបករណ៍ដើម្បីរំលាយសហជីពស្របច្បាប់។
ទោះជាយ៉ាងណាក៏ដោយ នៅទីបំផុតសហជីពបានយល់ព្រមលើការផ្តល់ជូននេះ ដោយសារពួកគេចង់បញ្ចប់ជម្លោះ និងគោរពតាមការសម្របសម្រួលរបស់ក្រសួងការងារ និងប្រើប្រាស់ពេលវេលាដើម្បីផ្តោតលើវិធីរកប្រាក់ផ្សេងទៀត។
លោក ចន្ធី បានប្រាប់ ខេមបូចា ថា៖ «ដោយសារដំណើរការចរចាដែលសម្របសម្រួលដោយក្រសួងមិនបានសម្រេច និងបង្ខំក្រុមហ៊ុនឱ្យគោរពតាមច្បាប់ការងារ ពួកយើងសម្រេចចិត្តទទួលយកការបង់ប្រាក់នេះ ទោះបីជាវាមិនត្រឹមត្រូវក៏ដោយ»។
លោកបន្តថា៖ «ទោះបីជាយើងបន្តស្វែងរកយុត្តិធម៌ក៏ដោយ ក៏គ្មានអ្វីដែល [យើង] អាចធ្វើបានចំពោះរឿងនេះឡើយ»។
ខណៈលោកចន្ធី បានរំពឹងថារូបលោកនឹងទទួលប្រាក់បំណាច់ក្នុងចំនួនទឹកប្រាក់ ៧,០០០ដុល្លារ ប៉ុន្តែលោកអះអាងថាជាក់ស្តែង សំណងចុងក្រោយដែលលោកទទួលបាននោះគឺប្រហែល ២,០០០ដុល្លារប៉ុណ្ណោះ។
លោកថា៖ «បើគិតទៅ ចំនួននេះវាតិចតួច។ វាមិនសមាមាត្រទៅនឹងចំនួនពិតប្រាកដ ដែលគួរទទួលបានទេ។ បើយើងគិតពីការចំណាយផ្សេងៗ និងពេលវេលាដែលត្រូវយកទៅតស៊ូមតិ [ថ្លៃធ្វើដំណើរ និងថ្លៃអាហារ] នោះ គិតទៅគ្មានទៅសល់អីទេ»។
អ្នកស្រី រស់ ដារីយ៉ា មន្ត្រីរដ្ឋបាលរបស់ក្រុមហ៊ុនរថយន្តក្រុង Giant Ibis ដែលបានចូលរួមក្នុងការចរចាចុងក្រោយកាលពីថ្ងៃទី១៩ ខែកញ្ញា បាននិយាយថា ក្រុមហ៊ុនបានអនុវត្តតាមវិធានការរបស់ក្រសួងការងារ ហើយការអនុវត្តនេះគឺផ្អែកលើច្បាប់។
ជំនួសមុខឱ្យក្រុមហ៊ុន អ្នកស្រីដារីយ៉ា បានបដិសេធចំពោះការរំលោភបំពានណាមួយ ដោយអ្នកស្រីកត់សម្គាល់ថា «ភាគីទាំងពីរបានយល់ព្រមលើដំណោះស្រាយដែលសម្របសម្រួលដោយក្រសួង»។
អ្នកស្រីបន្តថា៖ «ប្រសិនបើពួកគេ [សហជីព] មិនយល់ស្របទេ ពួកគេអាចបន្តនីតិវិធីច្បាប់បន្តទៀតបាន»។
អ្នកស្រីដារីយ៉ា បានបដិសេធធ្វើអត្ថាធិប្បាយលើដំណើរការរបស់តុលាការពាក់ព័ន្ធនឹងសហជីព និងការចោទប្រកាន់ទាក់ទងនឹងការគំរាមកំហែងចំពោះសកម្មភាពរបស់សហជីពស្របច្បាប់។
ក្រុមហ៊ុនរថយន្តក្រុង Giant Ibis បានពិពណ៌នាខ្លួនឯងថា «ជាក្រុមហ៊ុនដែលផ្តល់សេវារថយន្តក្រុងដ៏លេចធ្លោមួយនៅក្នុងប្រទេសកម្ពុជា» ដែលត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុនរថយន្តក្រុងផ្តល់នូវភាពប្រណីត ជាមួយនឹងតម្លៃសមរម្យ និងការដឹកជញ្ជូនប្រកបដោយសុវត្ថិភាពឆ្លងកាត់គោលដៅផ្សេងៗ។
ក្រុមហ៊ុនរថយន្តក្រុង Giant Ibis បានចុះបញ្ជីឈ្មោះ «ង៉ែត បូរ៉ា» ជាប្រធានក្រុមប្រឹក្សាភិបាលនៅលើកំណត់ត្រាអាជីវកម្មរបស់ក្រសួងពាណិជ្ជកម្ម។ ទោះបីជាយ៉ាងណា លេខទូរសព្ទរបស់លោកបូរ៉ា ដែលចុះផ្សាយក្នុងគេហទំព័រនោះ មិនអាចទាក់ទងបានទេ។
អនុប្រធាននាយកដ្ឋានវិវាទការងារនៃក្រសួងការងារ លោក សាំង គឹមសុន មានប្រសាសន៍ថា ភាគីទាំងពីរ «សម្រេចបានការដោះស្រាយដោយគ្មានការគំរាមកំហែង ឬលម្អៀង»។ លោកបញ្ជាក់ថា នាយកដ្ឋានរបស់លោកជាតួអង្គតែមួយគត់ដែលបម្រើការជាអ្នកសម្រុះសម្រួល ហើយមិនមានសិទ្ធិអំណាចលើការសម្រេចចិត្តរបស់ភាគីទាំងសងខាងនោះទេ។
លោក គឹមសុន បានកត់សម្គាល់នៅក្នុងបទសម្ភាសន៍ជាមួយ ខេមបូចា ថា៖ «ទោះជាយ៉ាងណា យើងធានាបាននូវការអនុលោមតាមច្បាប់ការងារ»។
លោកបន្ថែមថា៖ «ប្រសិនបើភាគីទាំងពីរមិនយល់ស្របនឹងដំណោះស្រាយនោះ ពួកគេមានសិទ្ធិស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់បាន»។
ស្ថានភាពនេះកើតចេញពីការផ្អាកប្រតិបត្តិការរបស់ក្រុមហ៊ុនរថយន្តក្រុង Giant Ibis ដោយសារតែជំងឺរាតត្បាត កូវីដ-១៩ ដែលបណ្ដាលឱ្យប្រធានសហជីពលោក សៀម ម៉ូរ៉ាឌី និងបុគ្គលិក ប្រហែល៨០នាក់ផ្សេងទៀត ត្រូវបានបញ្ឈប់ពីការងាររបស់ពួកគេ ហើយភាគីក្រុមហ៊ុនមិនបានបើកប្រាក់ឈ្នួលបណ្តុះអាសន្ន និងអត្ថប្រយោជន៍ផ្សេងទៀត ដែលផ្ទុយនឹងច្បាប់។
យោងតាមលោក ម៉ូរ៉ាឌី សមាជិកសហជីពត្រូវបានគេផ្តល់ដោយការរំលោភ ជាមួយនឹងជម្រើសថា «បណ្តេញចេញជាអចិន្ត្រៃយ៍» ដោយការទូទាត់ទឹកប្រាក់ពេញលេញត្រឹមតែ ១,០០០ដុល្លារ ទោះបីជាច្បាប់កំណត់ការទូទាត់ប្រាក់បំណាច់ពី ៧,០០០ ទៅ ៨,០០០ដុល្លារ សម្រាប់និយោជិតម្នាក់ក្នុងអត្ថប្រយោជន៍ និងការបាត់បង់ប្រាក់ឈ្នួលក៏ដោយ។
សហជីពនៅក្រុមហ៊ុនរថយន្តក្រុង Giant Ibis បានចាប់ផ្តើមការតវ៉ាលើកដំបូងរបស់ខ្លួននៅថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២៣ នៅខាងក្រៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនក្នុងរាជធានីភ្នំពេញ ដោយទាមទារឱ្យមានការផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់អតីតភាពការងារ។ ទោះបីជាយ៉ាងណាក៏ដោយ ការខិតខំប្រឹងប្រែងរបស់ពួកគេត្រូវបានជួបដោយភាពស្ងៀមស្ងាត់ ព្រោះមិនមានការសម្របសម្រួលណាមួយកើតឡើងនៅពេលនោះ។
នៅក្នុងខែឧសភា ឆ្នាំ២០២៣ ក្រុមហ៊ុនរថយន្តក្រុងបានយល់ព្រមទូទាត់សំណងដែលនៅសេសសល់ និងផ្តល់សំណងដល់កម្មករនិយោជិតចំនួន ៣០នាក់ដែលត្រូវបានបញ្ឈប់ពីការងារ ដោយមិនមានការយកត្រឡប់មកវិញ។ ទោះបីជាមានការព្រមព្រៀងក៏ដោយ ក្រុមហ៊ុនរថយន្តក្រុង Giant Ibis បានបរាជ័យក្នុងការអនុលោមតាមកាលកំណត់នៃការទូទាត់ដែលនាំឱ្យមានភាពជាប់គាំងក្នុងការចរចាដែលសម្របសម្រួលដោយក្រសួង។ សហជីពបានបន្តតវ៉ា ប៉ុន្តែមានសមាជិកសហជីពតែ១០នាក់ប៉ុណ្ណោះ ដែលនៅបន្តទាមទារប្រាក់ឈ្នួលរបស់ពួកគេ ខណៈសមាជិកផ្សេងទៀត បានសម្រេចចិត្តស្វែងរកការងារថ្មី។
លោក មឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) យល់ឃើញថា វិវាទការងារមិនគួរអូសបន្លាយអស់ច្រើនខែនោះទេ។ លោកបន្តថា ក្រុមហ៊ុនគួរផ្តល់អាទិភាពដល់ការដោះស្រាយវិវាទការងារឲ្យបានឆាប់រហ័សជាមួយសហជីព ព្រមទាំងផ្តល់សំណងសមរម្យ ជាមួយនឹងការគោរពសិទ្ធិសហជីពដោយមិនប្រើនីតិវិធីតុលាការជាកលល្បិចដាក់សម្ពាធ។
លោកបន្ថែមថា៖ «ខ្ញុំយល់ឃើញថា វាជារឿងធម្មតាដែលក្រុមហ៊ុនទុកសហជីពចោលដោយមិនមានឆន្ទៈក្នុងការផ្តល់ដំណោះស្រាយសម្រាប់ពួកគេ។ ក្នុងករណីខ្លះ ខ្ញុំមើលឃើញការប្រើប្រព័ន្ធតុលាការដើម្បីដាក់គំនាបទៅកាន់កម្មការនយោជិតជារឿងមួយពេញនិយម»។ ដោយលោកបានបន្ថែមថា៖ « ដូច្នេះ តាមពិតទៅក្រសួងដែលមានយុត្តាធិការលើវិវាទការងារ មានតួនាទីជំរុញឲ្យក្រុមហ៊ុន ចូលរួមដោះស្រាយ និងជួយសម្រួលសំណងសមរម្យស្របតាមច្បាប់»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Giant Ibis Union Accepts Inadequate Severance Payments After Legal Disputes and Delays