ក្រសួងព័ត៌មានព្រមានប្រើចំណាត់ការផ្លូវច្បាប់ប្រឆាំងនឹងអ្នកសារព័ត៌មានរូបណា ដែលខ្លួនអះអាងថា ចែកចាយព័ត៌មានក្លែងក្លាយ ឬប្រព្រឹត្តខុសពីក្រមសីលធម៌អំឡុងពេលការរាតត្បាតជំងឺកូវីដ១៩។ ការព្រមាននេះត្រូវបានធ្វើឡើង ខណៈពេលមានការធ្វើទុក្ខបុកម្នេញជាបន្តបន្ទាប់មកលើអ្នកសារព័ត៌មាននៅក្នុងប្រទេស។
ក្រសួងបានលើកឡើងថា ខ្លួនបានសង្កេតឃើញមាន «អ្នកសារព័ត៌មានមួយក្រុមតូច» ដែលមិនបានរាយការណ៍ត្រឹមត្រូវពីកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩ ឬកំពុងចែកចាយព័ត៌មានក្លែងក្លាយ ដោយបង្កឲ្យមានការព្រួយបារម្ភ និងការយល់ខុសក្នុងចំណោមប្រជាពលរដ្ឋ ឬបង្កឲ្យមានការសង្ស័យមកលើក្រុមអាជ្ញាធរ។
សេចក្តីជូនដំណឹងចេញដោយក្រសួងព័ត៌មានកាលពីថ្ងៃចន្ទបានសរសេរថា៖ «ក្នុងករណីបុគ្គលណាដែលរងផលប៉ះពាល់ពីបញ្ហាដូចមានជម្រាបជូនខាងលើ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ ដោយមិនបាច់ជូនដំណឹងមកក្រសួងព័ត៌មានជាមុនឡើយ»។
សេចក្តីជូនដំណឹងខាងលើមិនបានបញ្ជាក់លម្អិតថា ក្រុមអ្នកសារព័ត៌មានមួយចំនួនតូចណាមួយនោះទេ ប៉ុន្តែបានអះអាងថា មានអ្នកសារព័ត៌មានដែលជំរិតទារប្រាក់ជាថ្នូរពីប្រជាពលរដ្ឋ និងបង្កការប៉ះពាល់ដល់សណ្តាប់ធ្នាប់សារធារណៈ និងថា អំពើដូចនេះគឺ មិនអាចទទួលយកបាននោះទេ។
យោងទៅតាមអង្គការគាំពារសិទ្ធិមនុស្ស រដ្ឋាភិបាលកម្ពុជាបានចាត់គោលដៅមកលើអ្នកសារព័ត៌មាន និងសេរីភាពក្នុងការបញ្ចេញមតិមុនពេល និងអំឡុងពេលមានការរាតត្បាតជំងឺកូវីដ១៩។ រដ្ឋាភិបាលបានចាប់ខ្លួនអ្នកសារព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងការរាយការណ៍ព័ត៌មាន និងចោទប្រកាន់ពីបទប្រព្រឹត្តសកម្មភាពខុសច្បាប់ប្រឆាំងនឹងអ្នកសារព័ត៌មានមួយចំនួនទៀត។
នៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ ២០២០ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន «Reporters Without Borders» បានបញ្ជាក់លម្អិតពីបែបផែនដែលរដ្ឋាភិបាលប្រើប្រាស់វិបត្តិការរាតត្បាតជំងឺដើម្បីបំបិទសំឡេងក្រុមអ្នករិះគន់ និងអង្គភាពព័ត៌មាន ដោយរដ្ឋាភិបាលនៅប្រទេសមួយចំនួនបានព្យាយាមរឹតត្បិតលើការរាយការណ៍ទាក់ទិននឹងការឆ្លើយតបរបស់រដ្ឋាភិបាលទៅនឹងការរីករាលដាលជំងឺ។
លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍កាលពីថ្ងៃអង្គារថា ក្រសួងបានចុះនូវសេចក្តីថ្លែងការណ៍ដើម្បីក្រើនរំឭកដល់អ្នកសារព័ត៌មានគ្រប់រូបឲ្យគោរពច្បាប់ និងចៀសវាងពីការប្រព្រឹត្តអំពើពុករលួយ ដូចជា ជំរិតទារប្រាក់ដើម្បីបំបិទព័ត៌មានជាដើម។
លោក មាស សុភ័ណ្ឌ បានមានប្រសាសន៍ថា៖ «សេចក្តីជូនដំណឹង គឺដើម្បីក្រើនរំឭកដល់អ្នកសារព័ត៌មានមួយក្រុមតូច ដែលបានប្រព្រឹត្តអ្វីមួយខុសច្បាប់ និងខុសវិជ្ជាជីវៈសារព័ត៌មាន និងឲ្យត្រឡប់មកបំពេញតួនាទីរបស់ខ្លួនឲ្យបានសមស្រប និងផ្អែកលើច្បាប់ ក្រមសីលធម៌ និងវិជ្ជាជីវៈ»។
មានការចាប់ខ្លួន និងការកាត់ទោសអ្នកសារព័ត៌មានមួយចំនួនផងដែរនាឆ្នាំនេះ ដែលរួមមានការបង្ខំឲ្យស្ថានប័នបោះពុម្ពសារព័ត៌មានខ្លះបិទទ្វារក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ។
លោក សុវណ្ណ រិទ្ធី ដែលដឹកនាំបណ្តាញព័ត៌មានល្បីឈ្មោះតាមបណ្តាញសង្គមហ្វេសប៊ុកឈ្មោះថា TVFB ទទួលបានការព្យួរទោសជាប់ពន្ធនាគាររយៈពេល១៨ខែកាលពីខែតុលា ជុំវិញការរាយការណ៍ឡើងវិញនូវសម្តីដើមរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ចាងហ្វាងកាសែតលោក រស់ សុឃិត ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៨ខែពីពាក់ព័ន្ធនឹងការសរសេរបង្ហោះចំណងជើងបែបបន្ថែមទម្ងន់លើអត្ថបទព័ត៌មាននៅតាមបណ្តាញសង្គមហ្វេសប៊ុក ហើយកំពុងជាប់នៅក្នុងពន្ធនាគារព្រៃស។
ចាងហ្វាងវិទ្យុ លោក សុខ ឧត្តម កំពុងរង់ចាំសាលក្រមពីបទញុះញង់ ដែលលោកត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យអ្នកភូមិប្រឆាំងនឹងយោធាពាក់ព័ន្ធនឹងករណីជម្លោះដីធ្លី។
អ្នកសារព័ត៌មានអនឡាញប្រចាំការតាមខេត្តចំនួនបីរូបត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុនពីបទជំរិតទារប្រាក់ និងក្លែងបន្លំ។ អាជ្ញាធរមិនបានបញ្ជាក់លម្អិតពីករណីនេះនោះទេ ដែលពាក់ព័ន្ធនឹងអ្នកសារព័ត៌មានទាំងបីរូបនេះសន្យាមិនរាយការណ៍ពីកាប់ឆ្ការព្រៃយកដីខុសច្បាប់នៅខេត្តក្រចេះ ជាថ្នូរនឹងប្រាក់។
កាលពីឆ្នាំ ២០១៧ កាសែត The Cambodia Daily ត្រូវបានបង្ខំឲ្យបិទទ្វារ បន្ទាប់ពីបដិសេធមិនបង់ពន្ធដ៏ច្រើនលើសលប់។ ប៉ុន្មានសប្តាហ៍ក្រោយមក វិទ្យុអាស៊ីសេរីបានប្រកាសបិទការិយាល័យរបស់ខ្លួននៅក្រុងភ្នំពេញពាក់ព័ន្ធនឹងការព្រួយបារម្ភពីសន្តិសុខ និងបញ្ហាពន្ធផងដែរ។ សារព័ត៌មាន The Phnom Penh Post ត្រូវបានលក់កាលពីខែឧសភា ឆ្នាំ២០១៨។
ទៅកាន់អ្នកវិនិយោគមួយរូបពីម៉ាឡេស៊ី។
លោក ខៀវ កូឡា អ្នកនាំពាក្យក្លឹបអ្នកសារព័ត៌មានកម្ពុជា បានមានប្រសាសន៍ថា លោកគាំទ្រសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន ដោយលើកឡើងថា បណ្តាញផ្សព្វផ្សាយព័ត៌មានមួយចំនួនបានធ្វើសកម្មភាពប៉ះពាល់ដល់ការអនុវត្តច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ច។
លោក ខៀវ កូឡា បានញែកជាបញ្ហាប្រឈមពីរចំពោះអ្នកសារព័ត៌មាន៖ កំហុសធ្វើឡើងពីការចុះផ្សាយព័ត៌មាន និងអ្នកសារព័ត៌មានមួយចំនួនប្រព្រឹត្តបទឧក្រិដ្ឋដោយខ្លួនឯង។ ជាមួយនឹងកំហុសនៅក្នុងការចុះផ្សាយព័ត៌មាន ច្បាប់ស្តីពីសារព័ត៌មានគួរត្រូវបានយកមកអនុវត្ត ប៉ុន្តែចំពោះករណីទីពីរ ចំណាត់ការផ្លូវច្បាប់គួរត្រូវបានធ្វើឡើង។
លោក កូឡា បានមានប្រសាសន៍ថា៖ «តាមខ្ញុំសង្កេតឃើញថា នៅពេលពាក់ព័ន្ធក្នុងការផ្សព្វផ្សាយព័ត៌មាន ក្លឹបរបស់ខ្ញុំ នឹងធ្វើការរឿងហ្នឹងភ្លាម ប៉ុន្តែប្រសិនបើមិនពាក់ព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្លឹបរបស់យើង នឹងមិនធ្វើការលើរឿងនេះទេ»។
លោកស្រីចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បាននិយាយថា រដ្ឋាភិបាលគួរតែអនុញ្ញាតឲ្យបណ្តាញផ្សព្វផ្សាយរាយការណ៍ពីគំនិតបែបចម្រុះគ្នា និងធ្វើព័ត៌មានបែបស៊ើបអង្កេតអំឡុងពេលវិបត្តិសុខភាពសាធារណៈ ជាជាងព្រមានពីចំណាត់ការផ្សេងៗ។
លោកស្រីបានលើកឡើងថា សេចក្តីថ្លែងការណ៍របស់ក្រសួងព័ត៌មាននឹងមានផលវិបាក «យ៉ាងខ្លាំង»មកលើអ្នកសារព័ត៌មានឯករាជ្យ ដែលពួកគេត្រូវគិតពិចារណាឡើងវិញពីការរាយការណ៍របស់ខ្លួន និងត្រូវព្រួយបារម្ភពីចំណាត់ការផ្លូវច្បាប់ពីសំណាក់រដ្ឋាភិបាល។
លោកស្រីចក់ សុភាព មានប្រសាសន៍ថា៖ «ខណៈព័ត៌មានមិនពិតដែលបង្កឲ្យមានការប៉ះពាល់ផ្សេងៗគួរតែត្រូវបង្រ្កាប ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតគួរតែត្រូវបានធ្វើឡើងដោយសច្ចភាព និងមិនត្រូវបានប្រើប្រាស់ជាហេតុផលដើម្បីបំបិទសេរីភាពនៅក្នុងការបញ្ចេញមតិយោបល់ និងសំឡេងរិះគន់នោះទេ។ រដ្ឋាភិបាលកម្ពុជាគួរតែពិចារណាលើប្រើប្រាស់វិធានការផាកពិន័យក្នុងទម្ងន់ស្រាលជាងនេះ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ CamboJA News