តាំងពីខែវិច្ឆិកាមក កម្មការិនីរោងចក្រ អោក ថារិទ្ធ អាយុ៤០ឆ្នាំ បានពឹងផ្អែកលើប្រាក់៣០ដុល្លារក្នុងមួយខែពីក្រុមហ៊ុន Great Union (Cambodia) Garment Co., Ltd នៅភ្នំពេញ។ ដោយការបញ្ជាទិញធ្លាក់ចុះ រោងចក្របានផ្អាកប្រតិបត្តិការបីដងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដែលប៉ះពាល់ដល់កម្មករប្រមាណ ១.០៧២នាក់។ ថារិទ្ធ បានបម្រើការងារជាអ្នកបោសសម្អាត ជាការងារដែលបានប្រាក់ខែត្រឹមតែ១៧០ដុល្លារក្នុងមួយខែធៀបនឹងប្រាក់ឈ្នួល៣០០ដុល្លារដែលនាងរកបានពេលធ្វើជាកម្មករកាត់ដេរ។
នាងបាននិយាយថា៖ «ខ្ញុំនៅរង់ចាំត្រឡប់ទៅធ្វើការវិញ ហើយអ្នករាល់គ្នាចង់ត្រឡប់ទៅវិញ។ ខ្ញុំក៏កំពុងរង់ចាំមើលថា តើខ្ញុំនឹងអាចបន្ត ឬត្រូវបានបញ្ឈប់ពីការងារទាំងស្រុង»។
សេដ្ឋកិច្ចពិភពលោកដែលធ្លាក់ចុះដោយសារអតិផរណា ការវិនិយោគធ្លាក់ចុះ និងសង្រ្គាមនៅប្រទេសអ៊ុយក្រែន បាននាំឱ្យមានការកាត់បន្ថយការបញ្ជាទិញសម្លៀកបំពាក់ពីប្រទេសកម្ពុជា និងមានរោងចក្រកាន់តែច្រើនបានបញ្ឈប់ប្រតិបត្តិការរបស់ខ្លួន។ បើយោងតាមលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានឲ្យដឹងថា គិតត្រឹមដំណាច់ខែកុម្ភៈ រោងចក្រចំនួន៧១កន្លែងបានផ្អាកដំណើរការ ដែលប៉ះពាល់ដល់កម្មករចំនួន ៣២.០២៣នាក់។
ការព្យួរការងារនេះបានធ្វើឲ្យកម្មករដូចជា ថារិទ្ធ ស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ខណៈកម្មករជាច្រើនទៀតនឹងត្រូវទូទាត់ប្រាក់ជូន ប្រសិនបើត្រូវបានបញ្ឈប់ពីការងារ។ ពួកគេអាចទទួលបានប្រាក់តិចតួចប៉ុណ្ណោះ អំឡុងពេលព្យួរការងារ ប៉ុន្តែនឹងមិនទទួលបានប្រាក់បំណាច់ដែលអាចមានណាមួយទេ ប្រសិនបើពួកគេចាកចេញហើយទៅធ្វើការនៅរោងចក្រផ្សេង។
កាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសន្យាផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករកាត់ដេរដែលរងផលប៉ះពាល់ដោយសារការព្យួរការងារ។
លោកបានមានប្រសាសន៍ថា៖ «អតិផរណា [កើនឡើង] នៅទូទាំងពិភពលោកកំពុងធ្វើឱ្យប៉ះពាល់ដល់អ្នកដែលមានប្រាក់ចំណូលទាប ហើយការបញ្ជាទិញក្នុងវិស័យកាត់ដេរ និងស្បែកជើងត្រូវបានកាត់បន្ថយ» ដោយបន្ថែមថា កម្មវិធីជំនួយសាច់ប្រាក់នឹងចាប់ផ្តើមនៅក្នុងខែមេសា។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ខ្ញុំបានទទួលរបាយការណ៍ពីសហជីពមួយថា ចំនួនរោងចក្រដែលបានផ្អាកប្រតិបត្តិការកំពុងកើនឡើង ហើយកម្មករកំពុងស្នើសុំអន្តរាគមន៍។ យើងត្រូវតែនិយាយជាមួយម្ចាស់រោងចក្រ។ យើងនឹងធ្វើដូចអំឡុងពេលមានកូវីដ-១៩ ដែលរដ្ឋនឹងផ្តល់៤០ដុល្លារ ហើយម្ចាស់រោងចក្រចូលរួមចំណែក៣០ដុល្លារ»។
អ្នកស្រី ញៀង រតនា ដែលធ្វើការនៅក្រុមហ៊ុន DinHan Enterprise Co.,LTD បានប្រាប់ខេមបូចាថា អ្នកស្រីត្រូវបានផ្អាកការងាររយៈពេលមួយខែកន្លះកាលពីចុងឆ្នាំមុន មុនពេលរោងចក្របិទទាំងស្រុងនៅក្នុងខែមករា។
អ្នកស្រីបានទទួលប្រាក់ឧបត្ថម្ភត្រឹមតែ៣៩ដុល្លារប៉ុណ្ណោះក្នុងមួយខែ អំឡុងពេលព្យួរការងារ និងសំណង៤៦០ដុល្លារបន្ទាប់ពីរោងចក្របិទទាំងស្រុង។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំស្នើសុំឲ្យរដ្ឋាភិបាល និងម្ចាស់រោងចក្រផ្តល់ប្រាក់មួយចំនួនដល់កម្មករ ដើម្បីរស់នៅពេលរោងចក្របិទ» ។
អ្នកស្រី រតនា បាននិយាយថា ពេលនេះ អ្នកស្រីកំពុងស្វែងរកការងារថ្មីនៅក្នុងរោងចក្រកាត់ដេរមួយផ្សេងទៀត។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានប្រាប់ខេមបូចាថា ទាំងក្រសួងការងារ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងធ្វើការរួមគ្នាលើការបែងចែកប្រាក់ឧបត្ថម្ភ បន្ទាប់ពីទទួលបានការណែនាំពីនាយករដ្ឋមន្ត្រី។
ការផ្តល់ប្រាក់ឧបត្ថម្ភនេះ គឺស្រដៀងគ្នាទៅនឹងការឧបត្ថម្ភដែលធ្វើឡើង អំឡុងពេលមានការរីករាលដាលជំងឺកូវីដ ពេលដែលរដ្ឋាភិបាលផ្តល់ជំនួយជាសាច់ប្រាក់ដល់កម្មករ ៣៥៤.២៧៦នាក់ ក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌ និងទេសចរណ៍ ដែលរងផលប៉ះពាល់ដោយការព្យួរកិច្ចសន្យា នេះបើយោងតាមរបាយការណ៍របស់ក្រសួងការងារឆ្នាំ២០២២។
របាយការណ៍បង្ហាញថា អាជ្ញាធរក៏បានដោះស្រាយបញ្ហានៃការបិទរោងចក្រដោយសារវិបត្តិផ្សេងៗចំនួន២១ករណី ដោយផ្តល់សំណងជាង២លានដុល្លារដល់កម្មករ១.៩៩៧នាក់។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរកម្ពុជាមានប្រសាសន៍ថា សេដ្ឋកិច្ចពិភពលោកបាននឹងកំពុងបង្កើតឧបសគ្គសម្រាប់វិស័យនេះ។
លោកបានមានប្រសាសន៍ថា៖ «សម្រាប់ហេតុផលមួយចំនួន ខ្ញុំគិតថា គេបានដឹងជាទូទៅថា ជាវិបត្តិសេដ្ឋកិច្ចពិភពលោក» ។
លោកស្រី ទូច សើ ប្រធានសហជីពសេរីកម្មករកម្ពុជាបានមានប្រសាសន៍ថា អំឡុងខែមករា និងខែកុម្ភៈ រោងចក្រសមាជិកចំនួន១៣ បានផ្អាកប្រតិបត្តិការ ចំណែក១៥រោងចក្រទៀតបានបិទ។
លោកស្រីមានប្រសាសន៍ថា៖ «កម្មកររាប់ពាន់នាក់បាត់បង់ប្រាក់ចំណូលនៅពេលការងាររបស់ពួកគេត្រូវបានព្យួរ។ យើងមានការព្រួយបារម្ភអំពីជីវភាពរបស់កម្មករ ខណៈរោងចក្រនៅតែបន្តបិទនិងផ្អាក» ។
លោកស្រីបានបន្ថែមថា ការអនុវត្តកិច្ចសន្យាការងាររយៈពេលខ្លីដោយក្រុមហ៊ុនមួយចំនួនបង្កហានិភ័យដល់កម្មករក្នុងវិស័យវាយនភណ្ឌ ដែលធ្វើឲ្យពួកគេគ្មានសុវត្ថិភាពនិងទទួលបានអត្ថប្រយោជន៍ការងារ។
លោកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជាមានប្រសាសន៍ថា គួរតែមានចំណាត់ការពីរដ្ឋាភិបាលបន្ថែមទៀត ដើម្បីជួយកម្មករ ខណៈរោងចក្រមួយចំនួនដែលផ្អាក ឬបិទនោះ បានព្យាយាមគេចពីកាតព្វកិច្ចផ្លូវច្បាប់។
លោកស្រីបានមានប្រសាសន៍ថា៖ «ប្រសិនបើរដ្ឋមានថវិកា គួរតែជួយពួកគេ [កម្មករ] បន្ទាប់ពីការងាររបស់ពួកគេត្រូវបានព្យួរ… ព្រោះជាទូទៅ ក្រុមហ៊ុនមួយចំនួននៅតែបន្តគេចពី [ការទូរទាត់]។ នៅពេលក្រុមហ៊ុនត្រូវបិទឬផ្អាក គ្មានសំណងទេ ហើយកម្មករតែងតែធ្វើកូដកម្ម» ។
នៅឆ្នាំ២០២០ សហភាពអឺរ៉ុបបានសម្រេចចិត្តដក ២០% នៃប្រព័ន្ធអនុគ្រោះពន្ធ (EBA)ចូលទៅកាន់ទីផ្សារសហភាពអឺរ៉ុបដោយមិនគិតពន្ធលើសម្លៀកបំពាក់ ស្បែកជើង និងសម្ភារធ្វើដំណើរ ដោយសារការព្រួយបារម្ភយ៉ាងខ្លាំងទាក់ទងនឹងបញ្ហាសិទ្ធិមនុស្សដែលបានកើតមាននៅក្នុងប្រទេសកម្ពុជា។
ការទទួលបានប្រព័ន្ធអនុគ្រោះពន្ធរបស់សហរដ្ឋអាមេរិក (GSP) ដែលអនុញ្ញាតឱ្យកម្ពុជានាំចេញទំនិញដោយឥតបង់ពន្ធទៅកាន់ទីផ្សារសហរដ្ឋអាមេរិក បានអស់សុពលភាពនៅឆ្នាំ២០២០ ហើយមិនទាន់ត្រូវបានអនុញ្ញាតឡើងវិញនៅឡើយទេ ៕
(រាយការណ៍បន្ថែមដោយ ស៊ន សារ៉ាត)
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Government Announces Financial Support for Suspended Workers as Garment Sector Struggles Under Global Economic Blows