សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

លោក នី ណាក់ អាចនឹងត្រូវកាត់ទោសធ្ងន់ធ្ងរបន្ថែមទៀត លើសំណុំរឿងបរិហាកេរ្តិ៍ និងញុះញង់ លើមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល

លោក នី ណាក់ ត្រូវ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ប្តឹង​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ​និងញុះញង់។ ​រូបថត៖ ​ហ្វេសប៊ុក​របស់​លោក នី ណាក់។
លោក នី ណាក់ ត្រូវ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ប្តឹង​ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ ​និងញុះញង់។ ​រូបថត៖ ​ហ្វេសប៊ុក​របស់​លោក នី ណាក់។

សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការលើសំណុំរឿងអ្នករិះគន់រាជរដ្ឋាភិបាល លោក នី ណាក់ ដែលត្រូវបានចោទប្រកាន់​ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង ដែលការចោទប្រកាន់នេះធ្វើឡើង ក្រោយលោក បានបង្ហោះលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន អំពីបុគ្គលម្នាក់ឈ្មោះ ហេង សួរ បានទទួលដី៩១ហិកតានៅខេត្តកំពតពីរដ្ឋាភិបាល។

មេធាវីតំណាងឱ្យ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើឱ្យមានការពិន័យធ្ងន់ធ្ងរ រួមទាំងការ​ហាម​​លោក ណាក់ មិនឱ្យចាកចេញពីប្រទេស និងទាមទារឱ្យសងសំណងចំនួន៥០ម៉ឺនដុល្លារ។

លោក ណាក់ ដែលជាអ្នកផលិតជីកសិកម្ម​ និងជាអ្នកលក់កូន​ឈើហូបផ្លែច្រើន​មុខ ត្រូវបានចោទប្រកាន់ និងឃុំខ្លួននៅថ្ងៃទី៥ ខែមករា ឆ្នាំនេះ បន្ទាប់ពីលោក ហេង សួរ បានដាក់ពាក្យប្តឹងលើរូបគាត់ចំពោះការអត្ថាធិប្បាយ។

ដោយស្លៀកក្នុងសំលៀកបំពាក់ពណ៌ទឹកក្រូច នៅក្នុងបន្ទប់សវនាការ លោក ណាក់ បានសារភាពថា លោកបានបង្ហោះសាររិះគន់នៅ​លើ​ទំព័រហ្វេសប៊ុក «Iman-KH» ដោយរៀបរាប់ថា រដ្ឋាភិបាលសម្រេចប្រគល់ដី៩១ហិកតានៅខេត្តកំពត ឲ្យទៅបុគ្គលឈ្មោះ «ហេង សួរ»​។ ទោះ​យ៉ាង​ណា ​លោកណាក់​មិន​បាន​កំណត់​អត្តសញ្ញាណ​លោក ហេង សួរ ​ជា​រដ្ឋមន្ត្រី​ទេ។

លោកណាក់ប្រាប់តុលាការថា៖ «ខ្ញុំទទួលស្គាល់ការបង្ហោះទាំងនោះ ដោយសារខ្ញុំចង់ផ្សព្វផ្សាយព័ត៌មានបន្ថែមដល់សាធារណជនឱ្យដឹងថា រដ្ឋបានប្រគល់ដីឱ្យឯកជនធ្វើជាម្ចាស់កម្មសិទ្ធិ។ [ខ្ញុំ] មិនមានចេតនាញុះញង់ទេ»

លោកថា៖ «ខ្ញុំ​សុំ​ឲ្យ​ចៅក្រម​ទម្លាក់​បទ​ចោទ​ញុះញង់ និង​បរិហារកេរ្តិ៍។ ខ្ញុំ​គ្រាន់​តែ​បង្ហាញពី​ការ​បាត់​បង់​ធនធាន​ធម្មជាតិ​ប៉ុណ្ណោះ»

លោកបានយល់ស្របថា លោកមិនបានផ្ទៀងផ្ទាត់ថាតើបុគ្គលដែលលោកដាក់ឈ្មោះនោះជារដ្ឋមន្ត្រី ឬបុគ្គលផ្សេងទៀតនោះទេ ប៉ុន្តែ​លោកបានចែករំលែកសារជាថ្មី បន្ទាប់ពីសារព័ត៌មាន ឌឹ ខេមបូឌា ដេលីផ្សព្វផ្សាយ ដែលភ្ជាប់ជាមួយរូបភាពរបស់លោករដ្ឋមន្ត្រី ហេង សួរ។

លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ ធ្លាប់បានបញ្ជាក់​ថា រដ្ឋាភិបាល​បាន​ផ្តល់​ដីនេះ មិនមែនជាលោក ហេង សួរ ​រដ្ឋមន្ត្រី​ក្រសួការងារទេ។

នៅក្នុងករណីដាច់ដោយឡែកមួយទៀត លោក ណាក់ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១៨ខែ ក្រោមការចោទប្រកាន់​ពីបទញុះញង់ឱ្យមានការរើសអើងក្នុងខែសីហា ឆ្នាំ២០២១ ដោយ​សារ «ការប្រមាថលើសុន្ទរកថា» របស់អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។

លោក លី រដ្ឋធី មេធាវីការពារក្តីរបស់រដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ បានស្នើឱ្យចៅក្រមកាត់ទោស លោក ណាក់ ឱ្យធ្ងន់ធ្ងរជាអតិបរមា ការមិនរាងចាលក្នុងបទមជ្ឍឹម ជាពិសេសការហាមឃាត់គាត់មិនឱ្យចាកចេញពីកម្ពុជា។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​ [​ស្នើ​] ចៅក្រម​ពិចារណា​ការហាម​គាត់​មិន​ឱ្យ​ចាកចេញ​ពី​ប្រទេស​ព្រោះ​អ្នក​រិះគន់​ចង់​បាន​ប្រជាប្រិយភាព​ដើម្បី​ទៅ​​រស់នៅ​បរទេស​»​

លោកមេធាវី ក៏បានស្នើឱ្យតុលាការពិចារណាលើការបិទទំព័រហ្វេសប៊ុក របស់គាត់ផងដែរ ព្រោះទំព័រហ្វេសប៊ុកនេះជាដើមហេតុនៃ «ចេតនាប្រព្រឹត្តបទល្មើស» និងទាមទារសំណងចំនួន២ពាន់លានរៀល (៥០ ម៉ឺនដុល្លារ)។

ព្រះរាជអាជ្ញារង សេង ហៀង បានស្នើឱ្យចៅក្រមពិចារណាលើការផ្តន្ទាទោសជនជាប់ចោទដែលបានបង្ហោះ «ព័ត៌មានមិនពិតដើម្បីមួលបង្កាច់» លើសមាជិករដ្ឋាភិបាល ដែលជារដ្ឋមន្រ្តីក្រសួងការងារនេះ គឺហួសពីសិទ្ធិក្នុងការបញ្ចេញមតិរបស់គាត់។

លោក​មាន​ប្រសាសន៍​ថា៖ «វា​មិន​មែន​ជា​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ទេ ប៉ុន្តែ​វា​ជា​ការ​ញុះញង់ និង​បង្កាច់​​ព័ត៌មានមិនពិត»។ លោក ហៀង បន្ថែមថា៖ «វា​មិន​គ្រាន់​តែ​ប៉ះ​ពាល់​ដល់​កិត្តិយស​រដ្ឋមន្ត្រី ហេង សួរ ប៉ុណ្ណោះទេ ប៉ុន្តែ​វា​ជា​ការ​វាយ​ប្រហារ​មក​លើ​សមាជិក​រដ្ឋាភិបាលដែរ»

ទន្ទឹមនេះ មេធាវីការពារក្តីចុងចោទ លោក ជូង ជូងី បានស្នើឱ្យចៅក្រមទម្លាក់ចោលការចោទប្រកាន់ទាំងអស់លើកូនក្តីរបស់លោក ដោយកត់សម្គាល់ថា មិនមានធាតុផ្សំណាមួយសម្រាប់ដាក់ទោសកូនក្តីរបស់លោក ព្រោះលោក​​ នី ណាក់ មិនបានបញ្ជាក់ឈ្មោះ ឬបរិហារកេរ្តិ៍លើរដ្ឋមន្ត្រីក្រសួងការងានោះទេ។

លោក​បានិយាយថា៖ «វា​មិន​មែន​ជា​ការ​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា​លើ​សញ្ជាតិ ឬ​ជាតិ​សាសន៍​ទេ ព្រោះ​គាត់​គ្រាន់​តែ​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​របស់​គាត់​ចំពោះ​ការ​ប្រគល់​ដី​របស់​រដ្ឋ​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ​ឯកជនប៉ុណ្ណោះ»

លោក ជូងី បន្ថែម​ថា៖ «ខ្ញុំ​ឃើញ​ថា គាត់​មិន​មាន​ន័យ​បង្ខូច​ឈ្មោះ​បុគ្គល ហេង សួរ ទេ។ នៅពេលដែលកូនក្តីរបស់លោកបង្ហោះព័ត៌មាននោះ មានមនុស្សជាច្រើនបានបញ្ចេញមតិ និងរិះគន់ ដូច្នេះអ្នកបញ្ចេញមតិគួរតែទទួលខុសត្រូវជំនួសវិញ»

លោក ជូងី បាន​​ឆ្លើយ​តប​ទៅនឹង​សំណួរអំពី​សំណើ​នៃការហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ថា៖ «វា​ប្រហែល​នឹង​មាន​ការ​កាត់​ទោស​បន្ថែម ប៉ុន្តែ​វា​អាស្រ័យ​លើ​ការសម្រេចរបស់ចៅក្រម»

លោក នី សុខា ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បានថ្លែងថា លោកមិនមានសុទិដ្ឋិនិយមថា លោក​ នី ណាក់ នឹងត្រូវរួចផុតពីការចោទប្រកាន់នោះទេ ដោយសារតែស្ថានភាពសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជានៅតែត្រូវបានរឹតត្បិត រួមទាំងសេរីភាពធ្វើនយោបាយផងដែរ។

លោកមានប្រសាសន៍ថា៖ «ប្រជាពលរដ្ឋ​ចង់​មាន​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន ព្រោះ​ប្រទេស​យើង​ជា​ប្រទេស​ប្រជាធិបតេយ្យ។ តុលាការ​មិន​គួរ​ពិចារណា​ដាក់​ទណ្ឌកម្ម​ពលរដ្ឋ​ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​នោះ​ទេ»

លោក​បាន​កត់​សម្គាល់​ឃើញ​ថា ការ​ទាម​ទារ​ប្រាក់​សំណង​គឺ «លើស​កម្រិត» ដែល​នឹង​ធ្វើឱ្យប្រពលរដ្ឋ​ខ្លាចរអា​ពី​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។

ចៅក្រមនឹងប្រកាសសាលក្រមរបស់លោក នី ណាក់ នៅថ្ងៃទី ២២ ខែសីហា ខាងមុខនេះ។

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Heavier Sentence Likely For Outspoken Government Critic Ny Nak Over Labor Minister Case

424 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម