ខណៈដែលប្រជាពលរដ្ឋខ្មែរជាច្រើនសម្រុកចេញទៅស្រុកកំណើតសម្រាប់ពិធីបុណ្យចូលឆ្នាំនៅសប្ដាហ៍ក្រោយ កម្មករមួយចំនួនក្នុងរាជធានីភ្នំពេញ បានលើកឡើងថា ស្ថានភាពសេដ្ឋកិច្ចកំពុងលំបាក និងតម្លៃប្រេងឥន្ធនៈសកលកើនឡើង បានបង្ខំឱ្យពួកគាត់កាត់បន្ថយការរៀបចំកម្មវិធីទទួលទេវតាឆ្នាំថ្មី ឬបោះបង់គម្រោងធ្វើដំណើទៅលេងស្រុក។
អ្នកស្រី ស ណុច វ័យ៥៥ឆ្នាំ ជាអ្នកលក់ផ្លែឈើនៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញ បានលើកឡើងថា៖ «យើងមិនដឹងទៅលេងឯណាទេ ព្រោះថាថ្លៃធ្វើដំណើរថ្លៃពេក»។ ក្រុមគ្រួសារអ្នកស្រីមានបំណងទៅលេងខេត្តមណ្ឌលគិរីសម្រាប់ថ្ងៃសម្រាកបុណ្យជាតិនេះ ប៉ុន្តែថាពេលនេះកំពុងពិចារណាឡើងវិញ ដោយថាប្រេងឥន្ធនៈមានតម្លៃថ្លៃពេក និងថាត្រូវកាត់បន្ថយការចំណាយផង។
ពិធីបុណ្យចូលឆ្នាំនៅឆ្នាំនេះចំពេលដែលតម្លៃប្រេងឥន្ធនៈនៅកម្ពុជា និងនៅលើពិភពលោកកំពុងហក់ឡើងខ្លាំង ក្រោយពីមានវិបត្តិនៅមជ្ឈឹមបូព៌ាអស់ពេលជាងមួយខែកន្លងមកនេះ។ វិបត្តិនេះកើតឡើងបន្ទាប់ពីអាមេរិក និងអ៊ីស្រាអ៊ែល បានបើកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ និងនាំឲ្យមានការវាយប្រហារសងសឹកវិញ និងបានរំខានដល់ច្រកដឹកជញ្ជូនប្រេងឥន្ធនៈដ៏សំខាន់របស់ពិភពលោក គឺច្រកសមុទ្រអ័រម៉ូស ដែលប្រេងពិភពលោកប្រហែល២០ភាគរយត្រូវឆ្លងកាត់ច្រកនេះ។ កិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេលពីរសប្ដាហ៍បានកើតមានកាលពីថ្ងៃពុធ ប៉ុន្តែលក្ខខណ្ឌបែបណានោះនៅមិនទាន់ដឹងច្បាស់នៅឡើយ។
តម្លៃប្រេងសាំងធម្មតានៅកម្ពុជានៅពេលនេះគឺ៥២០០រៀលក្នុងមួយលីត្រ ដោយបានធ្លាក់ថ្លៃ៣០០រៀលបើធៀបនឹងសប្ដាហ៍មុន។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម។ ដោយឡែកតម្លៃប្រេងម៉ាស៊ូតបានធ្លាក់ចុះពី៨២០០រៀលក្នុងមួយលីត្រមកនៅ៦៩០០រៀលក្នុងមួយលីត្រផងដែរគិតត្រឹមថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២៦។
កញ្ញា អៀន សំឡី កម្មករកាត់ដេរកំពុងធ្វើការនៅភ្នំពេញម្នាក់បានឲ្យដឹងថា ខ្លួនមានក្ដីបារម្ភចំពោះការឡើងថ្លៃខ្លាំងលើថ្លៃធ្វើដំណើរនេះ។
អ្នកខេត្តត្បូងឃ្មុំរូបនេះបានបន្តថា៖ «វាមានផលប៉ះពាល់ច្រើន ព្រោះអ្វីៗក៏ឡើងថ្លៃ ហើយយើងត្រូវតែទិញទំនិញទាំងនោះ។ ចាស! ខ្ញុំកំពុងបារម្ភថាមិនមានប្រាក់គ្រប់គ្រាន់សម្រាប់ធ្វើដំណើរទៅលេងស្រុក»។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ មានប្រសាសន៍ថាកម្មករជាច្រើនបានត្អូញត្អែររឿងទំនិញឡើងថ្លៃ ជាពិសេសការឡើងថ្លៃលើម្ហូបអាហារ ថ្លៃប្រេងឥន្ធនៈ និងថ្លៃធ្វើដំណើរទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ។
លោកបានឱ្យដឹងថា៖ «ជាការពិត វាមានការលំបាកសម្រាប់កម្មករក្នុងការធ្វើដំណើរដោយយានជំនិះផ្ទាល់ខ្លួន ឬតាមរថយន្តឈ្នួល ដោយសារតែតម្លៃប្រេងឥន្ធនៈឡើងថ្លៃ និងការទិញរបស់របរផ្សេងៗទៀតក៏កាន់តែត្រូវចំណាយច្រើន»។
លោកជំរុញឲ្យកម្មករប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈរបស់រដ្ឋ ដែលមិនមានការយកថ្លៃអ្វីទេសម្រាប់ឱកាសបុណ្យចូលឆ្នាំនេះ។
រៀងរាល់ឆ្នាំក្នុងឱកាសបុណ្យចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌ រដ្ឋាភិបាលតែងតែផ្ដល់មធ្យោបាយដឹកជញ្ជូនសាធារណដោយមិនគិតថ្លៃពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្តនៅទូទាំងប្រទេស។ ក្នុងឆ្នាំនេះ រដ្ឋាភិបាលបានត្រៀមរថយន្តក្រុងចំនួន៦០០គ្រឿងដើម្បីផ្ដល់សេវាដឹកជញ្ជូនដោយមិនគិតថ្លៃគិតចាប់ពីថ្ងៃទី១២ ខែមេសានេះ។
ប៉ុន្តែវិបត្តិតម្លៃប្រេងឥន្ធនៈឡើងថ្លៃនៅតែបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ទោះជាមានការជួយដោះស្រាយលើការធ្វើដំណើរក៏ដោយ។
លោក ហួន វ៉ាន់ឌី កម្មករសំណង់ក្នុងរាជធានីភ្នំពេញបានលើកឡើងថា លោកមានគម្រោងទៅលេងស្រុកកំណើតក្នុងខេត្តកំពង់ឆ្នាំងនៅសប្ដាហ៍ក្រោយបើទោះជាត្រូវចំណាយច្រើននៅឆ្នាំនេះ។
លោកឱ្យដឹងថា៖ «យើងជាកម្មករប៉ះពាល់គ្រប់យ៉ាង រួមទាំងថ្លៃប្រេងឥន្ធនៈ និងថ្លៃម្ហូបអាហារ ខណៈប្រាក់ខែនៅដដែល»។ លោកថា លោកអាចរកចំណូលបានប្រហែល៥ម៉ឺនរៀលក្នុងមួយថ្ងៃ។
លោកបន្តថា៖ «ខ្ញុំមិនសូវសប្បាយចិត្តទេឆ្នាំនេះ ព្រោះថាស្អីៗក៏ថ្លៃ។ យើងមានចំណូលទាប ប៉ុន្តែត្រូវចំណាយច្រើន»។

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា មានប្រសាសន៍ថា អាជ្ញាធរបានតាមដានយ៉ាងយកចិត្តទុកដាក់លើតម្លៃប្រេងឥន្ធនៈ និងបានជួយចេញថ្លៃចំណាយជំនួយអ្នកប្រើប្រាស់០,០៧ដុល្លារក្នុងមួយលីត្រ និងបានទម្លាក់ពន្ធនាំចូលមកសូន្យភាគរយផងដែរ។
លោកបន្តថា៖ «ដោយសារតែមានការជួយអន្តរាគមន៍ពីរាជរដ្ឋាភិបាល ម៉ាក្រូសេដ្ឋកិច្ចរបស់យើងនៅតែមានស្ថិរភាពបើទោះបីជាស្ថានភាពពិភពលោកកំពុងតានតឹង ហើយយើងមិនមានបញ្ហាអតិផរណាខ្លាំងនោះទេ ដែលវានៅតែមានកម្រិតទាប»។
អ្វីដែលលោកបានលើកឡើងនេះ កើតឡើងស្របពេលមានវិបត្តិនៅមជ្ឈឹមបូព៌ា គោលនយោបាយពន្ធគយរបស់លោកដូណាល់ ត្រាំ និងកំណើនយឺតរបស់សេដ្ឋកិច្ចចិន ដែលធនាគារពិភពលោកបានមើលឃើញថា បានដាក់សម្ពាធលើកំណើនសេដ្ឋកិច្ចរបស់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍។
ធនាគារពិភពលោកបានប៉ាន់ប្រមាណថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំនេះនឹងកើនឡើងយឺតអាចមកនៅត្រឹម៣,៩ភាគរយ ខណៈកាលពីឆ្នាំមុនមានកំណើន៤,៨ភាគរយ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Higher Costs Hit Khmer New Year Travel Plans for Workers










