សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អង្គការឃ្លាំមើលសិទ្ធិមនុស្សព្រួយបារម្ភពីសិទ្ធិឯកជនភាពជុំវិញប្រព័ន្ធ QR Code ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

ស្រ្តីម្នាក់ស្កែន QR Code នៅពេលចូលផ្សារមួយនៅក្រុងភ្នំពេញ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។ ខេមបូចា/ព្រីង សំរាំង
ស្រ្តីម្នាក់ស្កែន QR Code នៅពេលចូលផ្សារមួយនៅក្រុងភ្នំពេញ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។ ខេមបូចា/ព្រីង សំរាំង

អង្គការ​ឃ្លាំមើលសិទ្ធិ​មនុស្ស ​(HRW) ដែលមាន​មូលដ្ឋាន​នៅ​ក្រុង​ញូវយ៉ក​ បាន​និយាយ​ថា ប្រព័ន្ធ​តាមដាន​ឌីជីថល​ «បញ្ឈប់​ជំងឺ​កូវីដ១៩​ QR Code » របស់​រដ្ឋាភិបាល​កម្ពុជា «បង្ក​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ធ្ងន់ធ្ងរ​ពី​ឯកជនភាព និង​សិទ្ធិ​មនុស្ស​ដទៃ​ទៀត»។ អង្គការ​នេះ​​បាន​ជំរុញ​ឲ្យ​មាន​ការ​ប្រើប្រាស់​នូវ​វិធានការ​មិន​សូវ​ប៉ះពាល់​ដល់​ឯកជនភាព​ផ្សេង​ទៀត ស្រប​ពេល​កម្ពុជា​កំពុង​ទប់ស្កាត់​រលកថ្មី​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩។

​ដោយ​ត្រូវ​បាន​ដាក់​ចេញ​ឲ្យ​ប្រើប្រាស់​កាល​ពី​​ខែ​កុម្ភៈ ប្រព័ន្ធ​នេះ​បាន​តម្រូវ​ឲ្យ​អតិថិជន បុគ្គលិក និង​អ្នក​ចូល​កន្លែង​ណា​មួយឲ្យ ស្កែន QR Code នៅ​ពេល​ចូល​ក្នុង​ទីតាំង​នោះ។ ការណ៍​នេះ​អនុញ្ញាត​ឲ្យ​មាន​ការ​តាមដាន​ប្រសិន​បើ​មាន​ការ​រកឃើញ​ថា មាន​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ នៅ​ទីតាំង​នោះ។ ប៉ុន្តែ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ ក៏​បាន​និយាយ​ផង​ដែរ​ថា ប្រព័ន្ធ​នេះ​អាច​ឲ្យ​រដ្ឋាភិបាល​ដឹង​ប្រសិន​បើ​បុគ្គល​ណា​ម្នាក់​បាន​រំលោភបំពាន​បទបញ្ជា​ចត្តាឡីស័ក ដែល​ការ​បំពាន​នេះ​អាច​ជាប់​ក្នុង​បទ​ចោទប្រកាន់​តាម​ច្បាប់​ព្រហ្មទណ្ឌ​ថ្មី ដ៏​ចម្រូងចម្រាស​មួយ។

ដូច្នេះ​មក​ទល់​ពេល​នេះ ភោជនីយដ្ឋាន​ រង្គសាល រោងចក្រ ការិយាល័យ សណ្ឋាគារ និង​កន្លែង​ដទៃ​ទៀត​ជាង ១៦៥.០០០​​ កន្លែងបាន​ចុះ​ឈ្មោះ​ជាមួយ​នឹង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ដើម្បី​ទទួល​បាន Q R Code ហើយ​មនុស្ស​យ៉ាង​ហោចណាស់ ១៣.៣០០​នាក់​បាន​ស្កែន​លើ​ប្រព័ន្ធ​នេះ។ នេះ​បើ​យោង​ទៅ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ប្រៃសណីយ៍។

លោក​ Phil Robertson នាយករង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ បាន​និយាយ​ថា ប្រព័ន្ធ​តាមដាន​ QR Code គឺ «អំណោយផល​សម្រាប់​ការ​រំលោភបំពាន​សិទ្ធិ​ផ្សេងៗ ពីព្រោះ​ប្រព័ន្ធ​នេះ​ខ្វះ​ការ​ការពារ​ឯកជន​ភាព​សម្រាប់​ទិន្នន័យ​បុគ្គល»។

លោក​បាន​ថ្លែង​ថា៖ «ការ​ព្រួយបារម្ភ​ទាំង​នេះ​គឺ ​ត្រូវ​បាន​ធ្វើ​ឲ្យ​កាន់​ធ្ងន់ធ្ងរ ​ដោយ​ការ​ពង្រឹង​ការ​តាមដាន​តាម​ប្រព័ន្ធ​អនឡាញ​របស់​រដ្ឋាភិបាល​មក​លើ​ពលរដ្ឋ​កម្ពុជា ចាប់​តាំង​ពី​ការ​កើត​មាន​វិបត្តិ​នៃការ​រាតត្បាត​ជំងឺ ដោយ​ធ្វើ​ឲ្យ​ក្រុម​អ្នករិះគន់​រដ្ឋាភិបាល និង​សកម្មជន​​មាន​ការ​ប្រឈម​កាន់​តែ​ខ្លាំង»

​​សេចក្តីថ្លែងការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ បាន​បន្ថែម​ថា ក្រសួង​គួរ​តែ​ពន្យល់​៖ «ពី​បែបផែន​ដែល​ទិន្នន័យ​​ប្រមូល​បាន​​តាមរយៈ​ប្រព័ន្ធ​ QR Code ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់ អ្នក​ដែល​មាន​លទ្ធភាព​ទទួល​បាន​ទិន្នន័យ​ទាំង​នេះនិង​សម្រាប់​ហេតុផល​អ្វី វិធានការ​ធ្វើ​ឡើង​ដើម្បី​ការពារ​ទិន្នន័យ ក៏ដូចជា​រយៈពេល​ដែល​ទិន្នន័យ​ត្រូវ​បាន​រក្សា​ទុក»

មក​ទល់​ថ្ងៃ​ទី០៦ ខែ​មេសា កម្ពុជា​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ចំនួន ២.៨២៤​ករណី និង​ការ​ស្លាប់​ចំនួន​ ២២​ករណី។ ករណី​ឆ្លង​ជា​បន្តបន្ទាប់​គឺ​ផ្តើម​ចេញ​ពី​ព្រឹត្តិការណ៍​ ​សហគមន៍ ២០​ កុម្ភៈ។ មុន​ព្រឹត្តិការណ៍​នេះ កម្ពុជា​មិនមាន​ការ​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩​នោះ​ទេ ចាប់​តាំង​ពី​មាន​ការ​រាតត្បាត​ជំងឺ​ជា​សាកល។ ដើម្បី​ទប់ទល់​នឹង​ការ​ឆ្លង​ជំងឺ​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​បាន​ដាក់ចេញ​ជា​បម្រាម​គោចរ​ចាប់​ពី​ម៉ោង ៨​យប់ ដល់​ម៉ោង​ ៥​ព្រឹក។ ​

​រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ និងទូរគមនាគមន៍​លោក ជា វ៉ាន់ដេត បដិសេធ​សុំ​មិន​អធិប្បាយ​​នៅ​ពេល​ទាក់ទង​តាម​ទូរសព្ទ ហើយ​បាន​ស្នើ​ឲ្យ​មាន​ការ​ដាក់​​លិខិត​បញ្ជូន​មក​ក្រសួង​វិញ។ ​

​លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​ បាន​និយាយ​ថា ប្រព័ន្ធ QR Code គឺធ្វើ​ឡើង​​​ដើម្បី​ការពារ​អាយុជីវិតប្រជាជន​ពី​ការរីក​រាលដាល​ជំងឺកូវីដ។ លោក​បាន​បន្ត​ថា អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​គួរ​តែ​ផ្តោត​លើ​វិធានការ​​នៅ​សហរដ្ឋអាមេរិក ដែល​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ និង​ការ​ស្លាប់​ច្រើន​ជាង​បំផុត​នៅ​លើ​ពិភពលោក។

លោក​បាន​ថ្លែង​ថា៖ «ពួកគាត់​មាន​សិទ្ធិ​និយាយ​ដូច្នេះ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​​អាទិភាព​ដល់​ការ​ការ​ពារ​អាយុជីវិត​ពលរដ្ឋ​កម្ពុជា​ ហើយ​យើង​បាន​ប្រើប្រាស់​នូវ​គ្រប់​វិធានការ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​នេះ។ យើង​ចង់​ឲ្យ​ពិភពលោក​ទទួល​ស្គាល់ថា​​កម្ពុជា​អាច​ធ្វើបាន​»

នាពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​បាន​អនុម័ត​នូវ​ច្បាប់​ដ៏​ចម្រូង​ចម្រាស​មួយ មាន​គោលដៅ​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺកូវីដ១៩ ដែលនឹង​ដាក់​​ទោសទណ្ឌ​ធ្ងន់ធ្ងរ​ចំពោះ​អ្នក​ដែល​​មិន​គោរព​តាម​វិធានការ​សុខាភិបាល រួម​មាន​ការ​ផ្តន្ទាទោស​ជាប់​ពន្ធនាគារ​រហូតដល់​ទៅ ២០​ឆ្នាំ។ ច្បាប់​នេះ​ត្រូវ​បាន​រិះគន់​ដោយ​អង្គការ​គាំពារ​សិទ្ធិ​មនុស្ស​ ក៏ដូចជា អ្នករាយការណ៍​ពិសេស​ផ្នែក​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ផង​ដែរ។ ​

​​លោកស្រី​ ចក់ សុភាព​ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) បាន​និយាយ​ថា រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ផ្លូវ​ច្បាប់​នៅ​ក្នុង​ការ​គោរព និង​លើកកម្ពស់​សិទ្ធិ​ឯកជនភាព និង​សិទ្ធិ​ទទួល​បាន​ការ​គាំពារ​សុខភាព​សាធារណៈ។

លោកស្រី​បាន​ថ្លែង​ថា៖ «ការ​មិនមានបញ្ញត្តិច្បាស់លាស់​លើ​ប្រព័ន្ធ​ QR Code នេះ​គឺ​ជា រឿង​គួរ​ឲ្យ​បារម្ភ​មួយ ខណៈ​មិនមាន​ការ​ការពារ​ណាមួយ​ត្រូវ​បានដាក់ឡើង​ដើម្បី​បញ្ចៀស​ការ​រឹតត្បិត​ទៅ​លើ​សិទ្ធិ​ឯកជនភាព​តាមរយៈ​ការ​ពិនិត្យ ឬ​រក្សា​ទុក​ទិន្នន័យ​ដែល​មិន​ចាំបាច់»។ លោកស្រី​បាន​បន្ថែម​ថា ដូច្នេះ​    រដ្ឋាភិបាល​ត្រូវ​ធានា​នូវ​គោលនយោបាយ​វិធានការ​បង្ការ​ជំងឺ​កូវីដ១៩ ឲ្យ​មាន​តុល្យភាព​រវាង​​សិទ្ធិ​ទទួល​ការ​គាំពារ​សុខភាព និង​សិទ្ធិ​ឯកជនភាព។ ​​​

According to Access Now, governments around the world have been using data and technology in their efforts to contain the spread of the virus since late 2019.

​​យោង​ទៅ​តាមប្រព័ន្ធទិន្នន័យ (Access Now) រដ្ឋាភិបាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​ប្រើប្រាស់​ទិន្នន័យ និង​បច្ចេកវិទ្យា​នៅ​ក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​ការពារ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ចាប់​តាំង​ពី​ចុង​ឆ្នាំ ២០១៩ មក​ម៉្លេះ។

​​លោក ង៉ែត ម៉ូសេ អ្នក​ឯកទេស​បណ្តុះបណ្តាល​​ផ្នែក​សុវត្ថិភាព​​ប្រព័ន្ធ​ឌីជីថល និង​អ្នក​សរសេរ​ប្លុក​មួយ​រូប បាន​និយាយ​ថា ជា​ការ​សំខាន់​ក្នុង​ការ​ដាក់​ចេញ​នូវ​ប្រព័ន្ធ​ឌីជីថល​ដើម្បី​ប្រមូល​ព័ត៌មាន​សុខភាព​សំខាន់ៗ​អំឡុងពេល​ការ​រាតត្បាត​ជំងឺ។

លោក​បាន​ថ្លែង​ថា៖ «នៅ​ពេលដែល​វិធាន manual contact tracing (វិធីសាស្ត្រតាមដាន) មិន​មាន​ប្រសិទ្ធភាព​ ខណៈ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ កាន់តែមាន​វិសាលភាព​ធំទៅៗ​​ជាង​រៀងរាល់​ថ្ងៃ គេ​ត្រូវ​ប្រើបច្ចេកវិទ្យា​ដើម្បី​ជួយ​នៅ​ក្នុង​ការ​ប្រមូល​ទិន្នន័យ​ក្នុង​ទំហំមួយ​ធំ»

ទោះបីយ៉ាង​ណា​ក៏ដោយ រដ្ឋាភិបាល​ត្រូវតែកំណត់ថា​អ្នក​ណា​ដែល​អាច​មានសិទ្ធចូល​ទៅមើល​ទិន្នន័យទាំងនោះបាន ឧទាហរណ៍​ មានតែ អាជ្ញាធរ​សុភាព​សាធារណរបស់​រដ្ឋ​ប៉ុណ្ណោះដែល​ចូល​ទៅមើល​ទិន្នន័យនោះបាន ហើយ​អាច​​ចូលបាន​ត្រឹម​កម្រិត​ណាទៀត។

​​លោក​បាន​ថ្លែង​បន្ត​​ថា៖ «គេ​ត្រូវ​ធានា​ថា ទិន្នន័យ​ត្រូវ​បាន​រក្សា​ទុក​នៅ​កន្លែង​មាន​សុវត្ថិភាព និងត្រូវ​មាន​​​លក្ខខណ្ឌចងមួយគឺ Sunset clause ​(លក្ខខណ្ឌពេលវេលាជាក់លាក់) ដើម្បី​បញ្ចប់​ការ​ប្រមូល​ទិន្នន័យ​ ហើយ​លុប​ទិន្នន័យ​ចោល​នៅ​ពេល​ដែល​ពេលវេលា​ដល់​កំណត់»

​​លោក សុខ ហាំងឃាង និស្សិត​ឆ្នាំ​ទី​បី​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ បាន​និយាយ​ថា លោក​គិត​ថា ប្រព័ន្ធ​ QR Code គឺ​ចាំបាច់​ ដើម្បី​ឲ្យ​រដ្ឋាភិបាល​អាច​គ្រប់គ្រង​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។ ប៉ុន្តែ​លោកចង់​ដឹង​​ថា​តើ​ឯកជនភាព​របស់​លោក​ត្រូវ​បាន​ការពារ​តាម​របៀបណា។ ​

​​លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា​ជា​រឿង​ល្អ ពីព្រោះ​វា​ជួយ​រក្សា​កំណត់ត្រា​ចំនួន​អ្នក​ចេញចូល​ពី​កន្លែង​មួយ ហើយ​ក៏​ងាយស្រួល​សម្រាប់​រដ្ឋាភិបាល​ដើម្បី​តាមដាន​ជំងឺ​កូវីដ១៩ដែរ​»។ ប៉ុន្តែលោកមានការព្រួយបារម្ភពីឯកជនភាព។

លោក​បាន​បន្ថែម​ថា៖ «ប៉ុន្តែ​ខ្ញុំក៏បារម្ភ​ដែរ​​ថា នៅ​ពេល​ដែល​យើង​ស្កែន​ វា​មិន​ត្រឹម​តាមដាន​នូវ​ទីតាំង ប៉ុន្តែ​ថែមទាំង​តាមដាន​ទិន្នន័យ​ដទៃ​ទៀត​ផង​ដែរ ដូច​ជាគេអាច​ដឹង​ថា​យើង​កំពុង​ប្រើប្រាស់​បណ្តាញ​សង្គមណាមួយ​»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ HRW raises privacy concerns over the government’s ‘Stop Covid-19’ QR code system

667 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម