អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានលើកឡើងនៅក្នុងរបាយការណ៍ថ្មីមួយថា ការផ្តល់កម្ចីនិងប្រមូលបំណុលត្រូវបានអនុវត្តដោយកេងប្រវ័ញ្ចនិងបង្ខំពីស្ថាប័នមីក្រូហិរញ្ញវត្ថុនៅកម្ពុជាដែលគាំទ្រដោយវិនិយោគិនអន្តរជាតិ កំពុងជំរុញឱ្យមានការរឹបអូសដីធ្លី និងការរំលោភសិទ្ធិមនុស្សក្នុងចំណោមសហគមន៍ជនជាតិដើមភាគតិច។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សនេះបាននិយាយថា អ្នកផ្តល់ហិរញ្ញប្បទានដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (MFIs) ដែលជាប់ពាក់ព័ន្ធក្នុងបញ្ហានេះរួមមាន វិនិយោគិនឯកជន ធនាគារអភិវឌ្ឍន៍របស់រដ្ឋ និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ដែលជាផ្នែកវិនិយោគឯកជនរបស់ធនាគារពិភពលោក។ នេះបើយោងតាមរបាយការណ៍ចំនួន ១២០ទំព័ររបស់អង្គការ Human Rights Watch (HRW) ដែលបានចេញផ្សាយកាលពីថ្ងៃពុធ។
លោកស្រី Bryony Lau អនុប្រធានប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់របាយការណ៍នេះថា៖ «អ្នកផ្តល់កម្ចីនៅកម្ពុជាបានផ្សព្វផ្សាយកម្ចីមីក្រូហិរញ្ញវត្ថុថាជាមធ្យោបាយចេញផុតពីភាពក្រីក្រ ប៉ុន្តែពួកគេបានរុញឱ្យគ្រួសារជនជាតិដើមភាគតិចធ្លាក់ចូលក្នុងបំណុលវ័ណ្ឌកផងដែរ។ កម្ចីទាំងនេះបានធ្វើឱ្យមនុស្សជាច្រើនបាត់បង់ដីធ្លី ប៉ះពាល់សុខភាព និងជួនកាលជីវិតរបស់ពួកគេផងដែរ»។
ចន្លោះខែកុម្ភៈ ដល់ខែតុលា ឆ្នាំ២០២៤ អង្គការ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានសម្ភាសន៍អ្នកភូមិជនជាតិដើមភាគតិចជាង ៥០នាក់ ដែលរងផលប៉ះពាល់ដោយសារបំណុលមីក្រូហិរញ្ញវត្ថុនៅខេត្តរតនគិរី និងតំបន់នៅក្បែរនោះ។
អ្នកស្រាវជ្រាវបាននិយាយថា ពួកគេបានផ្ទៀងផ្ទាត់រឿងរ៉ាវទាំងនេះជាមួយក្រុមសង្គមស៊ីវិល អ្នកសារព័ត៌មាន អ្នកជំនាញឧស្សាហកម្ម និងមន្ត្រីឥណទានពីស្ថាប័នមីក្រូហិរញ្ញវត្ថុជាច្រើន ព្រមទាំងការពិនិត្យឯកសារផ្ទៃក្នុង ទិន្នន័យឧស្សាហកម្ម កិច្ចព្រមព្រៀងកម្ចី និងរបាយការណ៍ឥណទានរបស់អ្នកខ្ចីប្រាក់។
អ្នកខ្ចីប្រាក់ជាជនជាតិដើមភាគតិចបានពិពណ៌នាថា មន្ត្រីឥណទានបានដាក់សម្ពាធ ឬបង្ខិតបង្ខំពួកគេឱ្យយកកម្ចីក្រៅផ្លូវការ ឬលក់ដីធ្លី ឬទ្រព្យសម្បត្តិដើម្បីសងបំណុល ជួនកាលតាមរយៈការមកទារបំណុលដល់ផ្ទះជាប្រចាំ និងការគំរាមកំហែងពីវិធានការផ្លូវច្បាប់ឬបញ្ជូនទៅអាជ្ញាធរមូលដ្ឋាន។ អ្នកខ្ចីប្រាក់ជាច្រើនដែលមិនចេះអានអក្សរខ្មែរបាននិយាយថា ពួកគេមិនយល់ច្បាស់អំពីលក្ខខណ្ឌសងបំណុល ថ្លៃសេវា ឬអត្រាការប្រាក់មុនពេលយកកម្ចីឡើយ។
តាមរបាយការណ៍របស់អង្គការដដែល ភាពលំបាកដែលកើតឡើងនាំឱ្យមានការលក់ដីធ្លីដោយបង្ខំ បំណុលវ័ណ្ឌក និងការរំលោភសិទ្ធិសេដ្ឋកិច្ច វប្បធម៌ និងសង្គម ហើយក្នុងករណីខ្លះ ថែមទាំងមានការធ្វើអត្តឃាតដោយសារបំណុលទៀតផង។
ការធ្វើអត្តឃាត ឬការប៉ុនប៉ងធ្វើអត្តឃាតទាក់ទងនឹងបំណុល ក្នុងចំណោមអ្នកខ្ចីប្រាក់ឥណទានខ្នាតតូចនៅកម្ពុជាត្រូវបានរាយការណ៍ជាច្រើនឆ្នាំមកហើយ ដែលជាហេតុនាំឱ្យត្រួតពិនិត្យដោយយកចិត្តទុកដាក់បន្ថែមទៀតទៅលើក្រុមហ៊ុនបរទេសដែលវិនិយោគលើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រមទាំងភាពបរាជ័យក្នុងនីតិវិធីវាយតម្លៃវិញ្ញាបនបត្រ និងការផ្លាស់ប្តូរវិស័យនេះទៅរកគំរូអាជីវកម្មដែលផ្តោតលើប្រាក់ចំណេញដែលប្រសើរមួយ។

ដូចនៅក្នុងបណ្តាប្រទេសជាច្រើន ស្ថាប័នមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានចាប់ផ្តើមជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលគាំទ្រដោយម្ចាស់ជំនួយ និងអង្គការមិនមែនរដ្ឋាភិបាល មុនពេលក្លាយជាអាជីវកម្មដែលរកប្រាក់ចំណេញខ្ពស់។ គិតត្រឹមឆ្នាំ២០១៩ កម្ពុជាមានកម្រិតបំណុលមីក្រូហិរញ្ញវត្ថុក្នុងម្នាក់ខ្ពស់ជាងគេបំផុតនៅលើពិភពលោក។ សព្វថ្ងៃ ជាងពាក់កណ្តាលនៃចំនួនគ្រួសារសរុបនៅកម្ពុជាមានបំណុល។
អង្គការឃ្លាំមើលសិទ្ធិមនុស្សក៏បានលើកឡើងអំពីការទទួលយកនូវប្លង់កម្មសិទ្ធិ ដែលគេហៅថា «ប្លង់ទន់» ដែលជាកម្មសិទ្ធិដីធ្លីក្រៅផ្លូវការប៉ុន្តែមានការប្រើប្រាស់ជាទូទៅដែលបានចេញដោយអាជ្ញាធរមូលដ្ឋាននិងមានការជាន់គ្នាជាមួយកម្មសិទ្ធិដីសមូហភាពរបស់ជនជាតិដើមភាគតិច ជាទ្រព្យបញ្ចាំជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ ទោះបីជាវាត្រួតស៊ីជាមួយបណ្ណកម្មសិទ្ធិដីធ្លីសមូហភាពជនជាតិដើមភាគតិចដែលត្រូវបានការពារដោយច្បាប់កម្ពុជាក៏ដោយ។
លោក សំប៉យ ចាន់សុភា អ្នកសម្របសម្រួលគម្រោងនៃសម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា (CIPA) បាននិយាយថា គ្រួសារជនជាតិដើមភាគតិចភាគច្រើនខ្ចីប្រាក់ដើម្បីយកធ្វើដើមដាំដំណាំដូចជាដំឡូងមី និងស្វាយចន្ទី។ ប៉ុន្តែដោយសារដំណាំទាំងនេះជាដំណាំតាមរដូវ លោកបានពន្យល់ថា កសិករច្រើនតែគ្មានប្រាក់ចំណូលដើម្បីសងបំណុល នៅក្នុងរដូវដែលមិនមានអ្វីប្រមូលផល។
លោកបាននិយាយថា៖ «កាលពីមុន គ្រួសារខ្លះជំពាក់ជិត ២០ ០០០ ដុល្លារ ខណៈខ្លះទៀតជំពាក់ ៥ ០០០ ដុល្លារ ឬ ២ ០០០ ដុល្លារ។ ប៉ុន្តែប្រាក់ចំណូលតែមួយគត់របស់ពួកគេគឺមកពីការប្រមូលផលស្វាយចន្ទី និងដំឡូងមីម្តងក្នុងមួយឆ្នាំ ហើយពួកគេគ្មានប្រាក់ចំណូលប្រចាំខែទៀងទាត់ទេ។ នេះធ្វើឱ្យពួកគេពិបាកខ្លាំងក្នុងការសងធនាគារ»។
លោក ចាន់សុភា បានបន្ថែមថាដោយសារបំណុលកាន់តែកើនបានបង្ខំឱ្យអ្នកខ្លះធ្វើចំណាកស្រុកដើម្បីស្វែងរកការងារបន្ថែម។
អង្គការឃ្លាំមើលសិទ្ធិមនុស្សបានលើកឡើងពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយឈ្មោះអម្រឹតដែលមានភាគហ៊ុនរួមមានសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិរបស់ធនាគារពិភពលោក (IFC) និងធនាគារអភិវឌ្ឍន៍របស់ហូឡង់ (FMO) ថាបានទទួលយកប្លង់ទន់ជាទ្រព្យបញ្ចាំ។
តាំងពីឆ្នាំ២០១៥ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិបានទទួលស្គាល់ហានិភ័យនៃភាពជំពាក់បំណុលហួសហេតុ និងកម្សោយនៃការការពារអ្នកប្រើប្រាស់នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុរបស់កម្ពុជា ប៉ុន្តែនៅតែបន្តវិនិយោគ។ ចន្លោះឆ្នាំ២០១៦ និង២០២១ ស្ថាប័ននេះបានវិនិយោគបន្ថែមជាង ៤៣៨ លានដុល្លារ។ នៅឆ្នាំ២០២២ ក្រុមសិទ្ធិកម្ពុជាបានដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់ការិយាល័យអ្នកត្រួតពិនិត្យអនុលោមភាពរបស់ IFC ដែលបានជំរុញឱ្យមានការស៊ើបអង្កេត។
ក្រុមនេះបាននិយាយថា មន្ត្រីឥណទានរបស់អម្រឹត បានចូលរួមក្នុងការអនុវត្តការទារបំណុលបែបឃោរឃៅ រួមទាំងការលើកទឹកចិត្តឱ្យអ្នកខ្ចីប្រាក់ឱ្យកូនតូចៗរបស់ពួកគេទៅធ្វើការងារទៀតផង។ អម្រឹតនេះបានឆ្លើយតបថា ខ្លួនមាន «គោលនយោបាយមិនអត់ឱនឡើយ» ចំពោះការអនុវត្តបែបនេះ ប៉ុន្តែមិនបានបញ្ជាក់ថាតើខ្លួនបានផ្ទៀងផ្ទាត់ការចោទប្រកាន់ទាំងនេះឬអត់។
លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ដែលជាអង្គការមិនមែនរដ្ឋាភិបាលដែលលើកកម្ពស់និរន្តរភាពក្នុងវិស័យនេះ បាននិយាយថា៖ «នៅពេលណាដែលមន្ត្រីឥណទានម្នាក់គាត់អត់គោរពតាមច្បាប់ញត្តិរបស់គ្រឹះស្ថាន គឺគាត់ត្រូវរងការពិន័យផ្នែករដ្ឋបាល»។
លោកបានបន្តថា៖ «ក្នុងករណីខ្លះ ពួកគេអាចត្រូវបញ្ឈប់ ហើយក្នុងករណីធ្ងន់ធ្ងរ ស្ថាប័នខ្លួនឯងអាចប្តឹងឡើងតុលាការ »។
លោកបានបន្ថែមថាសមាគមនេះកាលពីឆ្នាំ២០២៤ បានទទួលពាក្យបណ្តឹងជាង ១០០ ករណី អំពីការពន្យារពេលប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីត្រឡប់ទៅអ្នកខ្ចីប្រាក់ដែលបានសងបំណុលរួចរាល់។
អង្គការឃ្លាំមើលសិទ្ធិមនុស្សបានណែនាំឱ្យវិនិយោគិន អ្នកត្រួតពិនិត្យ និងស្ថាប័នមីក្រូហិរញ្ញវត្ថុធានាឱ្យមានដំណោះស្រាយដូចជា ការលើកលែងបំណុល ការរៀបចំឥណទានឡើងវិញប្រកបដោយការយកចិត្តទុកដាក់ និងការប្រគល់ឱ្យវិញនូវដីធ្លីដល់ជនជាតិដើមភាគតិចដែលបាត់បង់តាមរយៈលក់ដោយបង្ខំ។
លោកស្រី Lau បាននិយាយថា៖ «វិស័យមីក្រូហិរញ្ញវត្ថុរបស់កម្ពុជាត្រូវបានគាំទ្រដោយ IFC ធនាគារអភិវឌ្ឍន៍អន្តរជាតិ និងវិនិយោគិនឯកជនដែលបានមើលរំលងភស្តុតាងនៃគ្រោះថ្នាក់ដែលកើនឡើង និងការអំពាវនាវជាច្រើនដងពីក្រុមសិទ្ធិមនុស្សកម្ពុជា និងអ្នកខ្ចីប្រាក់សម្រាប់សកម្មភាព និងជំនួយ»។ លោកស្រីបានបន្ថែមថា៖ «IFC និងអ្នកផ្តល់មូលនិធិផ្សេងទៀតគួរតែធានាថា ជនជាតិដើមភាគតិចលែងរងទុក្ខដើម្បីឱ្យវិនិយោគិនទទួលបានប្រាក់ចំណេញ»។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និងអ្នកនាំពាក្យក្រសួងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះទេ ដោយឱ្យអ្នកសារព័ត៌មានខេមបូចាសួរសំណួរទៅតំណាងធនាគារជាតិនៃកម្ពុជាវិញ។ ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រី ជា សិរី មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Foreign-Backed Microloans Fuel Indigenous Land Dispossession and Rights Abuses, HRW Says









