លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះបានបញ្ជាក់ជាថ្មីពីចេតនារបស់លោកក្នុងការទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយមេដឹកនាំរបបយោធា ដែលឡើងកាន់អំណាចកាលពីខែកុម្ភៈ តាមរយៈការធ្វើរដ្ឋប្រហារ។ លោកនាយករដ្ឋមន្ត្រី ក៏បានថ្លែងការពារកម្ពុជា ដែលនឹងក្លាយជាប្រធានអាស៊ានដែរថា ប្រទេសចិនមិនមានឥទ្ធិពលលើជំហររបស់កម្ពុជាទាក់ទងនឹងជម្លោះនៅសមុទ្រចិនខាងត្បូងនោះដែរ។
លោកនាយករដ្ឋមន្ត្រី បានប្រកាសកាលពីសប្ដាហ៍មុនថា លោកនឹងទៅទស្សនកិច្ចពីរថ្ងៃនៅប្រទេសមីយ៉ាន់ម៉ា ពីថ្ងៃទី៧ ដល់ទី៨ ខែមករា សម្រាប់អ្វីដែលលោកហៅថាជាការខិតខំប្រឹងប្រែងស្ដារដំណើរការអាស៊ានឲ្យវិលទៅរកភាពប្រក្រតីឡើងវិញ។ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក លោក Derek Chollet ដែលកំពុងបំពេញទស្សនកិច្ចនៅក្នុងតំបន់ បានជំរុញឲ្យកម្ពុជាកុំធ្វើសម្បទានណាមួយដល់របបយោធាមីយ៉ាន់ម៉ា។
លោកនាយករដ្ឋមន្ត្រី បញ្ជាក់ក្នុងពិធីសម្ពោធសណ្ឋាគារថ្មីមួយក្នុងទីក្រុងភ្នំពេញនៅថ្ងៃពុធថា៖ «ខ្ញុំនិយាយម្ដងទៀត ខ្ញុំនឹងទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាក្នុងខែមករា [អ្នក] ហាមឃាត់ខ្ញុំមិនបានទេ ហើយទុកឱកាសឲ្យខ្ញុំធ្វើការទេ»។
លោក លើកឡើងថា អាស៊ានមានធម្មនុញ្ញរបស់ខ្លួន និងអះអាងថាដើម្បីឲ្យតំបន់មួយនេះវិលទៅរកសមាជិកមាន ១០ប្រទេសវិញ គឺត្រូវការការធ្វើការជាមួយរដ្ឋាភិបាលដែលកំពុងកាន់អំណាចបច្ចុប្បន្ន។
ឆ្លើយតបទៅនឹងសំនួរដែលសួរថាតើកម្ពុជាអាចដោះស្រាយបញ្ហាមីយ៉ាន់ម៉ាបានឬយ៉ាងណា លោកនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ដំដោះស្រាយណាមួយនឹងត្រូវកើតចេញពីប្រទេសមីយ៉ាន់ម៉ាខ្លួនឯង និងថាអាស៊ានគ្រាន់តែជាផ្នែកមួយជួយប្រទេសជាសមាជិកក្នុងការរកដំណោះស្រាយ។
លោកបន្តទៀតថា៖ «វាមិនចំណុះលើថាកម្ពុជាអាចដោះស្រាយបាន ឬក៏អត់នោះទេ ប៉ុន្តែកម្ពុជានឹងព្យាយាមសម្របសម្រួលស្ថានការនៅមីយ៉ាន់ម៉ាឲ្យវិលទៅរកស្ថានភាពមួយដ៏ប្រសើរឡើងវិញ»។
ប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងស្ថានភាពច្របូកច្របល់បន្ទាប់ពីឧត្តមសេនីយ៍ច្រើនរូបបានធ្វើរដ្ឋប្រហារ និងចាប់ខ្លួនលោកស្រី អ៊ុងសាន ស៊ូជី កាលពីខែកុម្ភៈ កន្លងមក។ ក្រុមយោធាភ្លាមៗនោះក៏បានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ន និងបានអះអាងថានឹងរៀបចំការបោះឆ្នោតថ្មីមួយនៅឆ្នាំនេះ។
ទាក់ទងនឹងកម្ពុជាត្រូវក្លាយជាប្រធានអាស៊ាននៅឆ្នាំក្រោយនេះដែរ លោក ហ៊ុន សែន បានផ្ដាំទៅក្រុមអ្នកសង្កេតការណ៍ថា កុំបន្ទោសកម្ពុជា បើសិនជាកិច្ចប្រជុំកំពូលបរាជ័យក្នុងការអនុវត្តក្រមប្រតិបត្តិ (COC)ទាក់ទងនឹងជម្លោះក្នុងដែនសមុទ្រចិនខាងត្បូង ជាទីដែលប្រទេសក្នុងតំបន់អាស៊ានមួយចំនួន ព្រមទាំងប្រទេសចិនផង បានទាមទារជាម្ចាស់កម្មសិទ្ធិលើដែនកោះ និងដែនទឹកទាំងនោះ។ កម្ពុជាកាលពីឆ្នាំ២០១២ បានរងការរិះគន់យ៉ាងខ្លាំងលើអ្វីដែលគេហៅថាបានរារាំងមិនឲ្យមានចេញសេចក្ដីថ្លែងការណ៍រួមទាក់ទងនឹងបញ្ហាមុទ្រចិនខាងត្បូង ដែលមានចែងក្នុងសេចក្ដីព្រាងសេចក្ដីថ្លែងការណ៍រួមហើយនោះ។ ការខកខានការចេញសេចក្ដីថ្លែងការណ៍រួមនេះ គឺជាការខកខានលើកទីមួយក្នុងប្រវត្តិសាស្រ្តអាស៊ាន ៤៥ឆ្នាំ ដែលមិនអាចចេញសេចក្ដីថ្លែងការណ៍រួមបាន។
លោកនាយករដ្ឋមន្ត្រីពន្យល់ថា ក្នុងឆ្នាំ២០១២ កម្ពុជាមិនអាចចេញសេចក្ដីថ្លែងការណ៍រួមបាន ដោយសារតែសមាជិកមួយចំនួនបានស្នើឲ្យកម្ពុជាទទួលស្គាល់ការទាមទាររបស់ពួកគេក្នុងតំបន់ជម្លោះនៅដែនសមុទ្រចិនខាងត្បូង។
លោកមានប្រសាសន៍ថា៖ «អ្នកឯងមិនដឹងថាមានអ្វីបានកើតឡើងទេនៅពេលនោះទេ មិនមែនកម្ពុជាការពារចិននោះទេ ប៉ុន្តែបញ្ហាគឺមកពីប្រទេសជាសមាជិកដែលដណ្តើមអធិបតេយ្យនៅក្នុងសមុទ្រចិនខាងត្បូង ទាមទារឲ្យប្រធានអាស៊ាន[កម្ពុជា] ចេញសេចក្ដីប្រកាសទទួលស្គាល់ថាកោះនេះជារបស់ប្រទេសនេះ ហើយដែនសមុទ្រទាំងនោះក៏ជារបស់ប្រទេសនេះ»។
លោកបន្តទៀតថា៖ «ខ្ញុំចង់ផ្ញើសារទៅពិភពលោកថា សូមដឹងឲ្យបានច្បាស់ពីបញ្ហាក្នុងឆ្នាំ២០១២ ដែលនាំឲ្យមិនអាចចេញសេចក្ដីថ្លែងការណ៍រួម ថាមានអ្វីនៅពីក្រោយរឿងហ្នឹង…ពួកគេបង្ខំកម្ពុជាឲ្យវិនិច្ឆ័យរឿងហ្នឹង»។ លោកបន្ថែមទៀតថា លោកលើកទឹកចិត្តឲ្យប្រទេសពាក់ព័ន្ធទាំងអស់ដោះស្រាយបញ្ហាជាមួយគ្នា ដោយថាទាំងអាស៊ាន និងអង្គការសហប្រជាជាតិគ្មានសិទ្ធិវាស់វែងដីសម្រាប់អ្នកទាំងនោះទេ។
លោកបញ្ជាក់ទៀតថា៖ «ឥឡូវខ្ញុំបញ្ជាក់ជាមុនថាខ្ញុំនឹងខិតខំធ្វើការជាមួយប្រទេសជាសមាជិកអាស៊ានដ៏ទៃទៀត រួមជាមួយសារណរដ្ឋមានិតចិនផងដែរ ដើម្បីធ្វើការចរចាសម្រេចនៅ COC មួយឲ្យមានប្រសិទ្ធិភាព ហើយឈានដល់ការទទួលយកបាន»។
លោក អៀ សុផល ជាអ្នកអត្ថាធិប្បាយនយោបាយកម្ពុជា និងជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Occidental College ក្នុងរដ្ឋកាលីហ្វ័រញ៉ា មានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងព្យាយាមជាថ្មីម្ដងទៀតកេងចំពេញពីអាស៊ានទៅតាមអ្វីដែលលោកអាចធ្វើបាន ដោយថាកាលពីឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រីបានបំផ្លាញអាស៊ានម្ដងហើយ។
លោកមានប្រសាសន៍ថា៖ «វាគឺជាការទះខ្នងគ្នាម្ដងម្នាក់។ គ្មានអ្នកណាអាចបំភ្លេចនូវអ្វីដែលកំពុងកើតឡើងនៅកម្ពុជានោះទេ ទាក់ទងនឹងការរំលោភសិទ្ធិមនុស្ស ការបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងការគាបសង្កត់សិទ្ធិសេរីភាព»។
លោក សេង សារី អ្នកវិភាគនយោបាយ ប្រាប់ខេមបូចា ដែរថា លោកគាំទ្រជំហររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទងនឹងការដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ដោយថាជាប្រធានអាស៊ាន លោក ហ៊ុន សែន នឹងលើកពីបញ្ហានេះនៅក្នុងរបៀបវារៈកិច្ចប្រជុំកំពូលឆ្នាំក្រោយ។
លោកមានប្រសាសន៍ថា៖ «សម្រាប់គំនិតខ្ញុំផ្ទាល់ ខ្ញុំគាំទ្រការសម្រេចចិត្តរបស់រដ្ឋាភិបាល ដើម្បីសម្របសម្រួលដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា»។ លោកបន្តទៀតថា បើគ្មានការស្រុះស្រួលគ្នាវាងសមាជិកអាស៊ានទាំង១០ទេ ក៏ក្រមប្រតិបត្តិលើបញ្ហាសមុទ្រចិនខាងត្បូងមិនអាចដោះស្រាយបានដែរ។
លោកបន្ថែមថា៖ «ឥឡូវល្មមដល់ពេលឈប់ប្រើយុទ្ធសាស្រ្ត [បោះបញ្ហាពីប្រទេសមួយទៅប្រទេសមួយដូចបោះបាល់] ហើយ…វាគួរតែមានទម្លាប់ថ្មីក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ ជាជាងឲ្យអ្នកក្រៅចូលមកជ្រៀតជ្រែកកិច្ចការរបស់អាស៊ាន»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Hun Sen reaffirms resolve to visit Myanmar despite mounting criticism