សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

លោក ហ៊ុន សែន គំរាមក្រុមគ្រួសារអតីតសមាជិកសភា CNRP ពាក់ព័ន្ធការរៀបចំតវ៉ានៅមុខស្ថានទូតចិន

អតីតសមាជិកសភាគណបក្សសង្គ្រោះជាតិលោក ហូ វ៉ាន់ ដឹកនាំអ្នកគាំទ្រទៅកាន់ព្រះបរមរាជវាំងកាលពីខែឧសភា ឆ្នាំ ២០១៦ ដើម្បីដាក់ញត្តិអំពាវនាវឲ្យមានការដោះលែងអ្នកទោសនយោបាយ។ បញ្ញា ឆព័ណ្ណ
អតីតសមាជិកសភាគណបក្សសង្គ្រោះជាតិលោក ហូ វ៉ាន់ ដឹកនាំអ្នកគាំទ្រទៅកាន់ព្រះបរមរាជវាំងកាលពីខែឧសភា ឆ្នាំ ២០១៦ ដើម្បីដាក់ញត្តិអំពាវនាវឲ្យមានការដោះលែងអ្នកទោសនយោបាយ។ បញ្ញា ឆព័ណ្ណ

លោកនាយករដ្ឋមន្រ្តីហ៊ុនសែនបានព្រមានចំៗទៅលើអតីតសមាជិកសភាគណបក្សសង្គ្រោះជាតិលោក ហូ វ៉ាន់ និងក្រុមគ្រួសាររបស់លោក និងបានគំរាមសុវត្ថិភាពរបស់ពួកគេដោយសារតាមចោទថាបានសម្របសម្រួលឲ្យមានការតវ៉ានៅខាងក្រៅស្ថានទូតចិនកាលពីថ្ងៃសុក្រ។

ការគំរាមរបស់លោកហ៊ុនសែនបានកើតឡើងមួយថ្ងៃបន្ទាប់ពីអ្នកគាំទ្រគណបក្សសង្គ្រោះជាតិបីនាក់ត្រូវបានចោទប្រកាន់ពីបទញុះញង់ដោយសារការចូលរួមរបស់ពួកគេនៅក្នុងការតវ៉ាដូចគ្នានេះ ដែលនគរបាលមូលដ្ឋានបានប្រើកម្លាំងជាច្រើនដើម្បីបំបែកអ្នកតវ៉ាមួយក្រុមតូចនេះ។

លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍កាលពីថ្ងៃចន្ទក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានថ្មីមួយដែលតភ្ជាប់ពីកោះពេជ្រនិងកោះនរានៅរាជធានីភ្នំពេញ នៅពេលលោកចោទប្រកាន់លោក ហូ វ៉ាន់ បានរៀបចំធ្វើបាតុកម្មនៅថ្ងៃសុក្រនៅខាងក្រៅស្ថានទូតចិន។

លោក ហ៊ុន សែន បានមានប្រសាសន៍ថា៖ «អា វ៉ាន់ អ្ហើយ ​ល្មម​បាន​ហើយ​! ឈប់​បាន​ក៏​ឈប់​ទៅ ​អា វ៉ាន់​! កូន​ប្រពន្ធ​អ្ហែង​នៅ​ភ្នំពេញនេះ​ទេ»។ លោកបានបន្ថែមថា៖ «ប្រយ័ត្ន​ប្រពន្ធ​អ្ហែង​ កូន​អ្ហែង​ ដេក​អត់​សុខ​ទេ។ អ្ហែងកុំរុញកូនអ្ហែង ប្រពន្ធអ្ហែងឲ្យចូលគុកថែម»

អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិបានអំពាវនាវដល់អ្នកគាំទ្រឲ្យធ្វើបាតុកម្មប្រឆាំងនឹងវត្តមានយោធាចិនដែលអាចមាននៅកម្ពុជានិងដើម្បីប្រារព្ធខួបលើកទី ២៩ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសកាលពីថ្ងៃសុក្រ។

លោក ហ៊ុន សែន បានស្នើឲ្យភរិយារបស់លោក ហូ វ៉ាន់ កុំផ្តល់ថវិកាដល់អ្នកតវ៉ាដែលលោកហៅថា « ក្រុមឧទ្ទាម» ប៉ុន្តែលោកមិនបានបញ្ជាក់ថា តើភរិយារបស់អតីតសមាជិកសភារូបនេះ ពិតជាបានផ្តល់ប្រាក់សម្រាប់ការតវ៉ានេះមែនឬយ៉ាងណានោះទេ។

 លោក ហ៊ុន សែន ក៏បានចាក់សំឡេង ដែលតាមចោទថា ជារបស់អតីតសមាជិកសភារូបនេះ ដែលផ្តល់ប្រាក់ឲ្យអ្នកតវ៉ា ប្រសិនបើពួកគេធ្វើដំណើរមកកាន់ទីក្រុងភ្នំពេញ។

គេអាចឮសំឡេងរបស់បុរសម្នាក់ដែលនិយាយថា៖«ខ្ញុំឲ្យថវិកា ២០០ ដុល្លារទៀត សម្រាប់បងប្អូនណាដែលត្រូវធ្វើដំណើរ»«សូមពួកយើងអញ្ជើញទៅមុខស្ថានទូតចិន ប៉ុន្តែយើងឈរនៅលើចិញ្ចើមផ្លូវខាងជើងស្ថានទូតចិន ឯចំណែកប៉ូលីសប្រហែល ៤០ នាក់ គឺគេដាក់ ដើម្បីការពារស្ថានទូតចិនទេ អត់មានមកគំរាមកំហែងឬមកធ្វើបាបយើងទេ»
លោក ហូ វ៉ាន់ និងសមាជិកជាន់ខ្ពស់ដទៃទៀតនៃគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយនោះ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីថ្ងៃចន្ទ។

ការគំរាមកំហែងមកលើលោក ហូ វ៉ាន់ និងក្រុមគ្រួសាររបស់គាត់ គឺជាផ្នែកមួយនៃគំរូនៃការធ្វើទុក្ខបុកម្និញ និងការបំភិតបំភ័យរាលដាលមកលើសមាជិកអតីតគណបក្សសង្គ្រោះជាតិឬអ្នកដែលពាក់ព័ន្ធជាមួយពួកគេ។ ការធ្វើទុក្ខបុកម្និញនេះកើតមានកាន់ តែខ្លាំងឡើងចាប់តាំងពីការរំលាយគណបក្សសង្គ្រោះជាតិកាលពីខែវិច្ឆិកាឆ្នាំ ២០១៧ ហើយចាប់តាំងពីពេលនោះមកមានការចាប់ខ្លួននិងឃុំខ្លួនរាប់រយនាក់ នេះបើយោងតាមអង្គការសិទ្ធិមនុស្ស។

លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានថ្លែងថាការគំរាមកំហែងដល់អតីតមន្ត្រីគណបក្សសង្គ្រោះជាតិនិងក្រុមអ្នកតវ៉ាដោយសន្តិវិធីគឺផ្ទុយនឹងកាតព្វកិច្ចសិទ្ធិមនុស្សរបស់ប្រទេសកម្ពុជា។

លោកស្រីបានមានប្រសាសន៍តាមអ៊ីម៉ែលថា៖ «ការផ្តោតគោលដៅលើបុគ្គលដោយ សារតែជឿថា ពួកគេមានទំនាក់ទំនងឬក៏មានទំនាក់ទំនងពិតប្រាកដជាមួយគណ បក្សសង្គ្រោះជាតិនោះ បង្ហាញពីការខកខាន [របស់រដ្ឋាភិបាល] ក្នុងការគោរពការពារ និងបំពេញនូវសិទ្ធិសេរីភាពនិងសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋខ្លួន»

លោកនាយករដ្ឋមន្រ្តីបានច្រានចោលការអះអាងដែលបានធ្វើឡើងនៅតាមប្រព័ន្ធផ្សព្វផ្សាយនិងដោយសហរដ្ឋអាមេរិកដែលថា ប្រទេសកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្ងាត់មួយ ដើម្បីអនុញ្ញាតឱ្យប្រទេសចិនមានវត្តមានយោធានៅលើទឹកដីកម្ពុជា។

វត្តមានយោធាដែលគេចោទប្រកាន់នេះ នៅមូលដ្ឋានកងទ័ពជើងទឹករាមក្នុងខេត្តព្រះសីហនុឬពាក់ព័ន្ធនឹងការប្រើប្រាស់ព្រលានយន្តហោះនៅរមណីយដ្ឋានតារ៉ាសាគរក្នុងខេត្តកោះកុង។

កាសែត The Wall Street Journal បានរាយការណ៍កាលពីឆ្នាំមុនថា ប្រទេសកម្ពុជានិងប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្ងាត់មួយ ដែលអនុញ្ញាតឱ្យកងកម្លាំងប្រដាប់អាវុធចិនប្រើប្រាស់មូលដ្ឋានជើងទឹករាមហើយជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំងក្នុងការជំរុញការក្តោបក្តាប់របស់ខ្លួនចំពោះធនធាននិងទឹកដីដ៏មានតំលៃនៅសមុទ្រចិនខាងត្បូងដែលនៅក្បែរនោះ។

កាលពីខែកញ្ញា ក្រសួងរតនាគារសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនUnion Development Group ដែលកំពុងអភិវឌ្ឍរមណីយដ្ឋានតារ៉ាសាគរក្នុងខេត្តកោះកុង។

ការដាក់ទណ្ឌកម្មនេះ ផ្អែកលើការចោទប្រកាន់នៃការបណ្តេញចេញពីដីធ្លីនិងអំពើពុករលួយ ប៉ុន្តែក៏បានចង្អុលបង្ហាញពីលទ្ធភាពនៃរមណីយដ្ឋាននេះក្នុងការទទួលយោធាចិន។

កាលពីដើមខែនេះ មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិនៅក្រុងវ៉ាស៊ីនតោនឌីស៊ីបានចេញផ្សាយរូបភាពផ្កាយរណបបង្ហាញពីការកម្ទេចអគារ ដែលឧបត្ថម្ភថវិកាដោយអាមេរិកនៅរាម ដោយធ្វើឲ្យមានការប៉ាន់ប្រមាណពីវត្តមានរបស់ចិននៅឯមូលដ្ឋាននេះ។

លោក ហ៊ុន សែន កាលពីថ្ងៃចន្ទបានបដិសេធជាថ្មីម្តងទៀតនូវរាល់ការអះអាង ដែលថា ប្រទេសចិនត្រូវបានអនុញ្ញាតឱ្យបញ្ជូនយោធាចូលទឹកដីកម្ពុជា និងបានទាមទារ ឲ្យបង្ហាញភស្តុតាងជាសាធារណៈ។

លោកបានមានប្រសាសន៍ថា៖ «សូមបញ្ជាក់ យើងខ្ញុំធុញទ្រាន់ណាស់ហើយអស់លោក អ្នក» ។ លោកហ៊ុនសែនបានចោទសួរថា៖ «លោកឯងមានភស្តុតាងឯណាបញ្ចេញមកថា កម្ពុជាមានកិច្ចព្រមព្រៀងសម្ងាត់ជាមួយនឹងចិនប្រើប្រាស់ផ្តាច់មុខនូវកំពង់ផែរាមរយៈពេល ៣០ ឆ្នាំ»។

អ្នកនាំពាក្យស្ថានទូតអាមេរិកលោក Chad Roedemeier មានប្រសាសន៍ថា សហរដ្ឋអាមេរិកចង់ឲ្យប្រទេសកម្ពុជាគោរពតាមបទប្បញ្ញត្តិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលហាមឃាត់មូលដ្ឋានយោធាបរទេសនៅក្នុងប្រទេសនេះ។

លោកបានមានប្រសាសន៍តាមអ៊ីម៉ែលថា៖ «លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ប្រទេសកម្ពុជានឹងមិនអនុញ្ញាតឲ្យមានវត្តមានយោធាចិនផ្តាច់មុខឬអចិន្រ្តៃយ៍នៅរាមទេ ហើយយើងសង្ឃឹមថា រដ្ឋាភិបាលនឹងបន្តគោរពគោលជំហរនេះ»

កាលពីថ្ងៃអាទិត្យ មនុស្ស ៣ នាក់ដែលមានទំនាក់ទំនងនឹងគណបក្សសង្គ្រោះជាតិ ត្រូវបានចោទប្រកាន់ពីបទញុះញង់ដោយសារពួកគេបានចូលរួមក្នុងការតវ៉ាកាលពីថ្ងៃសុក្រ។

លោក គុជ គឹមឡុង ជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ថា អ្នកស្រី លឹម សាន លោក តុន និមល និងអ្នកស្រី យ៉យ ស្រីមុំ ត្រូវបានតុលាការចោទប្រកាន់កាលពីថ្ងៃអាទិត្យពីបទញុះញង់និងបញ្ជូនទៅឃុំខ្លួនបណ្តោះ អាសន្ន។

លោកបានមានប្រសាសន៍ថា៖ «ចៅក្រមស៊ើបសួរបានចោទប្រកាន់អ្នកទាំងបីពីបទញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»

យោងតាមក្រមព្រហ្មទណ្ឌកម្ពុជា ការផ្តន្ទាទោសតាមមាត្រា ៤៩៥ ពីបទញុះញង់ ត្រូវជាប់ពន្ធនាគារអតិបរមា ២ឆ្នាំ។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមឃឿន បដិសេធមិនធ្វើអត្ថាធិប្បាយទេថា តើអ្នកគាំទ្រគណបក្សសង្គ្រោះជាតិឬអ្នកតវ៉ាផ្សេងទៀត ត្រូវបានចាប់ខ្លួនដោយសារចូលរួមបាតុកម្មកាលពីថ្ងៃសុក្រឬយ៉ាងណា។

លោក ចាន់ តុន ជាឪពុករបស់ លោកតុន និមល បានបដិសេធមិនទទួលយកការដែលថា កូនប្រុសរបស់គាត់បានប្រព្រឹត្តិបទឧក្រិដ្ឋនោះ ហើយបានចោទប្រកាន់ថា សន្តិសុខខណ្ឌត្រូវទទួលខុសត្រូវចំពោះការរំខាន ដែលកើតមាននៅខាងក្រៅស្ថានទូតចិន។

លោក ចាន់ តុន មានប្រសាសន៍ថា៖ «គាត់មិនបានបង្កការរំខានដល់សង្គមទេប៉ុន្តែផ្ទុយ ទៅវិញយើងឃើញអាជ្ញាធរវាយពួកគេ នៅពេលពួកគេយកញត្តិទៅស្ថានទូតចិន»

អ្នកស្រី ហុង អាន ជាពលរដ្ឋមកពីខេត្តបន្ទាយមានជ័យ ដែលបានចូលរួមក្នុងការតវ៉ានេះ បាននិយាយថា មន្រ្តីនគរបាលបានទៅផ្ទះរបស់គាត់នៅខេត្តហើយថា អ្នកស្រីមិនចង់វិលត្រឡប់ទៅផ្ទះវិញទេ។

អ្នកស្រីបានមានប្រសាសន៍ថា៖ «អាជ្ញាធរបានគំរាមថា បើអ្នកណាចូលរួមការតវ៉ានៅរាជធានីភ្នំពេញ ពួកគេនឹងប្រឈមបញ្ហា។  ខ្ញុំនឹងមិនត្រឡប់ទៅវិញទេ ពីព្រោះអាជ្ញាធរបានទៅដល់ផ្ទះរបស់ខ្ញុំ។ ខ្ញុំនឹងមិនទៅផ្ទះទេ»

លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុកបានមាន ប្រសាសន៍ថា ការបង្ក្រាបការតវ៉ា គឺជាការរំលោភលើសិទ្ធិរបស់ពួកគេក្នុងការតស៊ូមតិនិងប្រមូលផ្តុំដោយសន្តិវិធី។

លោកបានមានប្រសាសន៍ថា៖ «អាជ្ញាធរគួរតែជួយសម្រួលដល់ពួកគាត់ក្នុងការដាក់ញត្តិ ហើយមិនត្រូវបង្ក្រាបឬចាប់ខ្លួនពួកគាត់ឡើយ»

ការឃុំខ្លួននាពេលថ្មីៗនេះ ធ្វើឡើងបន្ទាប់ពីមានការចាប់ខ្លួនយុវជននិងសកម្មជនបរិស្ថានជាច្រើននាក់ ដែលធ្វើការតវ៉ានឹងការចាប់ខ្លួនមេដឹកនាំសហជីពលោក រ៉ុង ឈុន កាលពីខែកក្កដា។ ក្រុមសិទិ្ធមនុស្សអះអាងថា យ៉ាងហោចណាស់មានមនុស្សចំនួន ១៩ នាក់រួមទាំងអ្នកសិល្បៈផង ត្រូវបានឃុំខ្លួនចាប់តាំងពីខែ កក្កដាមក។

155 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម