សវនាការលើអតីតមេដឹកនាំ និងសមាជិកអតីតគណបក្សសង្រ្គោះជាតិចំនួន ៣៩នាក់ ដែលជាប់ចោទពីបទរួមគំនិតក្បត់បានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ នៅសាលាដំបូងរាជធានីភ្នំពេញ ក្នុងសំណុំរឿងមួយពាក់ព័ន្ធនឹងការគាំទ្ររបស់ពួកគេចំពោះការប៉ុនប៉ងមិនបានសម្រេចដោយអតីតអនុប្រធានគណបក្សសង្គ្រោះជាតិ ឱ្យវិលត្រឡប់មកកម្ពុជាវិញកាលពីដើមឆ្នាំមុន។
ក្នុងសវនាការដែលធ្វើឡើងបន្ទាប់ពីសំណុំរឿងជាច្រើនប្រឆាំងនឹងសមាជិកបក្សប្រឆាំងរាប់សិបនាក់នៃគណបក្សប្រឆាំងក្រៅច្បាប់នោះ គេឃើញសកម្មជនអតីតគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ពន្ធនាគារ លោក គង់ ម៉ាស់ បង្ហាញការសង្ស័យលើភស្តុតាងរបស់ព្រះរាជអាជ្ញា ហើយបានស្នើឱ្យមានការចាក់អាត់សំឡេងតាមទូរសព្ទដែលថាជាសំឡេងបង្ហាញពីគម្រោងក្បត់ជាតិនោះនៅក្នុងតុលាការ។
មានតែជនជាប់ចោទ៣នាក់ប៉ុណ្ណោះ គឺលោក ម៉ាស, ខាន់ ប៊ុនផេង និងរឿង សំណាង ដែលម្នាក់ៗកំពុងស្ថិតក្នុងការឃុំខ្លួនបណ្តោះអាសន្ន មានវត្តមាននៅក្នុងបន្ទប់សវនាការកាលពីព្រឹកថ្ងៃព្រហស្បតិ៍។ ចុងចោទផ្សេងទៀតក្នុងសំណុំរឿងនេះ រួមមានមេដឹកនាំជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ រួមទាំងអតីតអនុប្រធានបក្ស លោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង អតីតប្រធានគណបក្ស លោក សម រង្ស៊ីនិងភរិយាដែលជាអតីតសមាជិកសភាលោកស្រីជូឡុង សូមូរ៉ា ព្រមទាំងសកម្មជននិងអ្នកគាំទ្រគណបក្សប្រឆាំងដែលត្រូវបានរំលាយនេះមួយចំនួនទៀត។ មេដឹកនាំជាន់ខ្ពស់ និងសកម្មជនរបស់គណបក្សជាច្រើននាក់បានរស់នៅក្រៅប្រទេសអស់រយៈពេលជាច្រើនឆ្នាំ ដោយគេចពីការជាប់ការផ្តន្ទាទោសដាក់ពន្ធនាគារនៅក្នុងសំណុំរឿងដទៃផ្សេងទៀត។
កាលពីថ្ងៃព្រហស្បតិ៍ ព្រះរាជអាជ្ញារង សេង ហៀង បានអានសម្រង់សម្តីយកចេញពីអាត់សំឡេងនៃកិច្ចសន្ទនាតាមទូរសព្ទជាលក្ខណៈឯកជនចំនួនបួនដែលផ្តល់ដោយនគរបាលប្រឆាំងភេរវកម្មរវាងលោក ម៉ាស និងសកម្មជនគណបក្សសង្គ្រោះជាតិផ្សេងទៀតដែលនិយាយអំពីការកៀនអ្នកគាំទ្រនៅមូលដ្ឋានដើម្បីប្រមូលផ្តុំគ្នាគាំទ្រគ្រោងការវិលត្រឡប់ចូលប្រទេសកម្ពុជាវិញរបស់លោកស្រី មូរ សុខហួរ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១។
លោក ហៀង បានអានសម្រង់សម្តីរបស់លោកម៉ាសដែលនិយាយតាមទូរសព្ទ៖ «ប្រមូលផ្តុំមនុស្សឱ្យគាំទ្រ [នៅខាងក្រៅ] សវនាការ [មេដឹកនាំគណបក្សសង្គ្រោះជាតិ] នៅថ្ងៃទី២៩និង៣០ ខែធ្នូ ហើយមេនឹងទទួលខុសត្រូវលើថ្លៃស្នាក់នៅ»។
លោក ម៉ាស បានបដិសេធពីការរៀបចំផែនការប្រឆាំងរដ្ឋាភិបាល ហើយបាននិយាយថា លោកមិនបានចាំការសន្ទនាតាមទូរសព្ទនោះទេ។ លោកក៏បានអំពាវនាវឱ្យព្រះរាជអាជ្ញាចាក់អាត់សំឡេងនៃការសន្ទនានោះនៅក្នុងតុលាការ។
លោកបានមានប្រសាសន៍ថា ៖«សូមបង្ហាញភស្តុតាងរបស់លោកមក»។
លោក ម៉ាស បាននិយាយថា៖ «ខ្ញុំគិតថា នោះជាសិទ្ធិរបស់ខ្ញុំក្នុងការទទួលបានព័ត៌មាន និងអ្វីដែលលោក [មន្ត្រី] បានបង្កើតឡើងគ្រាន់តែជាភស្តុតាងក្លែងក្លាយដើម្បដាក់បន្ទុកខ្ញុំ ខ្ញុំមិនទទួលស្គាល់ទេ»។ លោក ម៉ាស បានបន្ថែមថា ដោយចោទប្រកាន់ថាអ្វីដែលបានអាននៅក្នុងតុលាការត្រូវបានបង្កើតឡើងដោយអាជ្ញាធរ។
លោកបានបន្តថា៖ «អ្វីដែលលោកបានចោទប្រកាន់ខ្ញុំគឺធ្ងន់ធ្ងរណាស់ ខ្ញុំមិនមានលទ្ធភាពផ្តួលរំលំរដ្ឋាភិបាលនោះទេ»។
លោក ម៉ាស ត្រូវបានឃុំខ្លួនតាំងពីខែធ្នូ ឆ្នាំ ២០២០ នៅរាជធានីភ្នំពេញ។ នៅពេលនោះលោកទើបតែមានសេរីភាពបានប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីលោកត្រូវបានដោះលែងពីពន្ធនាគារក្នុងខែសីហា ឆ្នាំ២០២០ បន្ទាប់ពីជាប់ទោសរយៈពេល១៨ខែ ពីបទញុះញង់ពាក់ព័ន្ធនឹងការបង្ហោះហ្វេសប៊ុកដែលលោកបានរិះគន់រដ្ឋាភិបាល។
កាលពីថ្ងៃព្រហស្បតិ៍ លោក ដែលពាក់ឈុតអ្នកទោសពណ៌ទឹកក្រូចក្នុងតុលាការបាននិយាយថាលោកបានចូលរួមសវនាការដើម្បីតាមដានការកាត់ក្តី និងចង់ដឹងថាតើអនុប្រធានបក្សគឺ លោក ស្រី សុខហួរ នឹងចូលរួមដូចដែលខ្លួនបានសន្យាដែរឬទេ។
នៅខាងក្រៅតុលាការ លោក សំ សុគង់ មេធាវីការពារក្តីឱ្យលោក គង់ ម៉ាស់ មានប្រសាសន៍ថា វាពិបាកក្នុងការរកយុត្តិធម៌ជូនកូនក្តីរបស់លោកព្រោះសំណុំរឿងនេះពាក់ព័ន្ធនឹងរឿងនយោបាយ។
លោកបានមានប្រសាសន៍ថា៖«ដូចដែលឃើញក្នុងសវនាការព្រឹកនេះ វាពិបាកក្នុងការទទួលបានយុត្តិធម៌ ព្រោះចៅក្រមមានការសន្មតថាកូនក្តីខ្ញុំបានប្រព្រឹត្តបទល្មើស។ ទី២ ករណីនេះជាប់ពាក់ព័ន្ធនឹងនយោបាយជុំវិញការវិលចូលស្រុកវិញរបស់អតីតមេដឹកគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ»។
លោក យី សុខសាន្ត មន្ត្រីឃ្លាំមើលជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក ដែលបានតាមដានសវនាការនោះ បានអំពាវនាវឱ្យតុលាការទម្លាក់ចោលរាល់ការចោទប្រកាន់លើសកម្មជននយោបាយ។
លោក សុខសាន្ត បានថ្លែងថា៖ «ភស្តុតាងដែលចោទគាត់វាហាក់ដូចជាមិនធ្ងន់ធ្ងរទេ ព្រោះចុងចោទខ្លួនគាត់ថាគាត់គ្មានសមត្ថភាពណាទៅផ្ដួលរំលំរដ្ឋាភិបាលនោះទេ»។
លោកបានបន្ថែមថា៖ «ខ្ញុំគិតថាករណីនេះពាក់ព័ន្ធនឹងរឿងនយោបាយព្រោះអ្នកពាក់ព័ន្ធភាគច្រើនជាសមាជិកគណបក្ស [អតីតបក្សប្រឆាំង]»។
អ្នកស្រី កុល សាត ភរិយារបស់លោក ម៉ាស មានប្រសាសន៍ថា ប្តីរបស់អ្នកស្រីគ្មានកំហុសទេ។ អ្នកស្រីថាប្តីទើបតែត្រូវបានដោះលែងពីពន្ធនាគារនៅឆ្នាំ២០២០ក៏ត្រូវបានចាប់ខ្លួនម្តងទៀត ហើយប្តីអ្នកស្រីមិនពាក់ព័ន្ធនឹងរឿងនយោបាយចាប់តាំងពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយនៅឆ្នាំ២០១៧។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំខកចិត្តណាស់ព្រោះប្តីខ្ញុំមិនបានធ្វើអ្វីខុសទេ តែគាត់ត្រូវបានគេចោទប្រកាន់ពីបទរៀបចំផែនការក្បត់។ ប្រសិនបើតុលាការឯករាជ្យ ពួកគេមិនគួរចោទគាត់ថាក្បត់ជាតិទេ»។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោកស្រី អ៊ុក រ៉េតគន្ធា បានប្រកាសថា សវនាការនឹងបន្តនៅថ្ងៃទី២២ ខែកញ្ញា៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ In Court, Jailed CNRP Activist Kong Mas Denies Plotting by Phone