ខេត្តកំពង់ធំ/ខេត្តកំពង់ចាម៖ ប្រហែល៨០គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ ឃុំក្រយា និងឃុំដូង ក្នុងស្រុកប្រាសាទបល្ល័ង្ក តំណាងឱ្យទីតាំងឈរជើងដ៏រឹងមាំរបស់គណបក្សប្រឆាំងដែលនៅសេសសល់។
ឃុំទាំងពីរនេះ រួមទាំងឃុំចំណាលើក្នុងស្រុកស្ទោង និងឃុំផ្តៅជុំ ក្នុងខេត្តកំពង់ចាម ជាឃុំតែ៤ប៉ុណ្ណោះក្នុងចំណោមឃុំចំនួន ១ ៦៥២ ដែលគណបក្សភ្លើងទៀនបានទទួលតំណែងមេឃុំ។ បើទោះបីជាមានគណបក្សចំនួន ១៧ បានចូលរួមក្នុងការបោះឆ្នោតកាលពីថ្ងៃទី៥ ខែមិថុនា ក៏ប៉ុន្តែគណបក្សប្រជាជនកម្ពុជាបានឈ្នះឆ្នោតស្ទើរតែទាំងអស់លើកលែងតែឃុំបួនខាងលើ នេះបើយោងតាមរបាយការណ៍បឋមរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
អ្នកយកព័ត៌មានខេមបូចា បានធ្វើដំណើរទៅកាន់ខេត្តកំពង់ចាម និងខេត្តកំពង់ធំ ដើម្បីជួបមេឃុំគណបក្សភ្លើងទៀន ដែលទើបជាប់ឆ្នោតថ្មីចំនួនបួនរូប ដើម្បីស្វែងយល់ពីវិធីដែលពួកគាត់អាចរក្សាមូលដ្ឋានដ៏រឹងមាំរបស់បក្សខ្លួនបាន។
ឃុំក្រយា ខេត្តកំពង់ធំ
លោក យ៉ាប់ យ៉ូត អាយុ ៥២ ឆ្នាំ ដែលបានចូលរួមជាសមាជិកគណបក្ស សម រង្ស៊ី លើកដំបូងក្នុងឆ្នាំ ១៩៩៨ និងបានកាន់តំណែងជាមេឃុំចំនួន ៣ អាណត្តិជាប់ៗគ្នាចាប់តាំងពីឆ្នាំ ២០១២។ គណបក្សរបស់លោកបានផ្លាស់ប្តូរឈ្មោះជាច្រើនដង។
បន្ទាប់ពីគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សបានច្របាច់បញ្ចូលគ្នាបង្កើតជាគណបក្សសង្គ្រោះជាតិ (CNRP) កាលពីឆ្នាំ២០១៣ លោក យ៉ូត បានឈ្នះតំណែងមេឃុំ នៅខែមិថុនា ឆ្នាំ២០១៧ ដោយឈរឈ្មោះឱ្យគណបក្សសង្គ្រោះជាតិ។ នៅពេលដែលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយតុលាការកំពូលនៅខែវិច្ឆិកា លោកត្រូវបានជំរុញឱ្យចូលរួមជាមួយគណបក្សប្រជាជន។ បន្ទាប់ពីលោកបានបដិសេធ តំណែងជាមេឃុំរបស់លោកត្រូវបានប្រគល់ឱ្យសមាជិកគណបក្សប្រជាជនកម្ពុជា។
លោក យ៉ូត យល់ថារូបលោកជាមនុស្សម្នាក់ក្នុងចំណោមសកម្មជនបក្សប្រឆាំងដទៃទៀតដែលមិនព្រមចុះចាញ់បក្សកាន់អំណាច បើទោះជារងសម្ពាធជាបន្តបន្ទាប់ក៏ដោយ។ នៅទីបំផុត លោកបានត្រឡប់ចូលឆាកនយោបាយជាមួយគណបក្សភ្លើងទៀននៅខែធ្នូ ឆ្នាំ២០២១។
លោកបានមានប្រសាសន៍ថា៖ «ខ្ញុំត្រូវបានគេបញ្ចុះបញ្ចូលរយៈពេល៤ខែដើម្បីចូលរួមជាមួយគណបក្សប្រជាជន ប៉ុន្តែពួកគេមិនអាចទិញទឹកចិត្តខ្ញុំបានទេ។ ពលរដ្ឋជាច្រើននៅទីនេះគាំទ្រខ្ញុំ អញ្ចឹងខ្ញុំមិនអាចក្បត់ពួកគាត់បានទេ ពួកគាត់បានធ្វើការផ្លាស់ប្តូររួចហើយ ដូច្នេះខ្ញុំត្រូវតែគោរពឆន្ទៈរបស់ពួកគាត់»។
ទោះបីលោកធ្លាប់ជាប់ឆ្នោតពីរដងរួចហើយក្តី ក៏លោក យ៉ូត ភ្ញាក់ផ្អើល នៅពេលដឹងថាលោកបានជាប់ឆ្នោតជាមេឃុំម្តងទៀត។
លោកបានថ្លែងថា៖ «ក្នុងអំឡុងពេលឃោសនាបោះឆ្នោត ខ្ញុំគ្រាន់តែអានខិត្តបណ្ណឃោសនារបស់គណបក្ស ហើយអំពាវនាវឲ្យប្រជាពលរដ្ឋបោះឆ្នោតឱ្យគណបក្សភ្លើងទៀន។ ខ្ញុំមិននឹកស្មានថា ខ្ញុំនៅតែទទួលបានការគាំទ្រ និងស្រលាញ់ពីមហាជនអ៊ីចឹងទេ»។
លោក បានបន្តថា៖ «យើងអាចប្រៀបធៀបខ្លួនយើងទៅនឹងអ្នករាំ។ ពេលយើងរាំ យើងមិនអាចវិនិច្ឆ័យខ្លួនឯងថាជាអ្នករាំស្អាតបានទេ ប៉ុន្តែយើងទុកឱ្យអ្នកទស្សនាវាយតម្លៃវិញ។ ពលរដ្ឋប្រហែលជាគិតថាខ្ញុំជាអ្នករាំដ៏ល្អម្នាក់ ហេតុដូច្នេះហើយបានជាពួកគាត់បន្តគាំទ្រខ្ញុំ»។
លោក យ៉ូត បានសន្យាថានឹងដោះស្រាយបញ្ហាដែលប្រជាពលរដ្ឋជួបប្រទះដោយតម្លាភាព និងយុត្តិធម៌។
លោកថ្លែងថា៖ «រឿងដំបូងដែលខ្ញុំត្រូវធ្វើពេលចូលកាន់តំណែង ខ្ញុំនឹងធ្វើវេទិកាសាធារណៈក្នុងឃុំដើម្បីស្តាប់បញ្ហាដែលប្រជាពលរដ្ឋលើកឡើង»។ ដោយលោកបន្ថែមថា៖ «យើងនឹងដឹងថាតើអ្វីជាបញ្ហាប្រឈម និងតម្រូវការរបស់ពួកគាត់។យើងចង់ឮពាក្យពិតចេញពីពួកគាត់»។
លោក យ៉ូត បាននិយាយថា ជោគជ័យពីមុនរបស់លោកគឺបានមកពីការដោះស្រាយបញ្ហាជាក់ស្តែងដែលសហគមន៍របស់លោកប្រឈមមុខ។ ក្នុងឆ្នាំ២០១០ រដ្ឋាភិបាលបានផ្តល់ដីសម្បទានដល់ក្រុមហ៊ុនចម្ការកៅស៊ូឯកជន ដែលករណីនេះបានធ្វើឱ្យប៉ះពាល់ដល់កសិកររាប់រយនាក់។ នៅពេលដែលលោក យ៉ូត ជាប់ឆ្នោតជាមេឃុំលើកដំបូង ពីរឆ្នាំក្រោយមក លោកបានដឹកនាំការចរចាជាមួយអាជ្ញាធរ និងបណ្តាក្រុមហ៊ុនទាំងនោះ ដើម្បីឈានដល់កិច្ចព្រមព្រៀងដែលអាចទទួលយកបានសម្រាប់សហគមន៍។
លោក យ៉ូត ជឿថា ថ្នាក់ដឹកនាំមូលដ្ឋានមួយចំនួនមិនអាចដោះស្រាយបញ្ហាដីធ្លីស្រដៀងគ្នានេះបានទេ ដោយសារពួកគេឃុបឃិតជាមួយក្រុមហ៊ុន និងរំលោភបំពានប្រជាពលរដ្ឋ។
លោក បានបន្ថែមថា៖ «យើងយកតម្រូវការរបស់ប្រជាជនមកដាក់លើតុហើយជជែកគ្នា។ ខ្ញុំមិនដែលវាយប្រហារអ្នកដទៃទេ ប៉ុន្តែខ្ញុំគ្រាន់តែប្រឹងអស់ពីសមត្ថភាពដើម្បីបម្រើប្រជាជនក្នុងឃុំ។ ខ្ញុំនឹងយកបញ្ហារបស់ពួកគាត់មកពិភាក្សា និងដោះស្រាយតាមដែលអាចធ្វើទៅបាន»។
នៅឃុំក្រយា គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោត ១១២៨ ខណៈគណបក្សភ្លើងទៀនទទួល១៣៨៨ សំឡេង។
ឃុំដូង ខេត្តកំពង់ធំ
មេឃុំជាប់ឆ្នោតថ្មីទាំងបួនរបស់បក្សភ្លើងទៀនមានប្រវត្តិការងារស្រដៀងៗគ្នា។ លោក ពឹង សុខហន់ អាយុ ៥២ ឆ្នាំ ក៏បានជាប់ឆ្នោតម្តងហើយម្តងទៀតចាប់ពីការបោះឆ្នោតឆ្នាំ ២០១២។
លោកថា ចាប់តាំងពីចូលរួមជាមួយគណបក្ស សម រង្ស៊ី ហើយបន្ទាប់មកជាមួយគណបក្សសង្រ្គោះជាតិ លោកបានប្រឈមបញ្ហាជាច្រើន ក៏ដូចជាការដាក់សម្ពាធដើម្បីឱ្យលោកចូលរួមជាមួយគណបក្សកាន់អំណាចផងដែរ។
លោក បាននិយាយថា៖ «សកម្មជនដទៃទៀត ក៏ដូចជាខ្ញុំបានជួបប្រទះបញ្ហាជាច្រើន។ ប៉ុន្តែខ្ញុំគិតថា ខ្ញុំនៅតែអាចបញ្ចុះបញ្ចូលសកម្មជនទាំងអស់របស់ខ្ញុំថាពួកយើងត្រូវតែតស៊ូ។ វាកើតចេញពីបេះដូងរបស់យើង។ ដូច្នេះយើងត្រូវធ្វើវា ហើយឆ្ពោះទៅមុខ»។
លោកថា មូលហេតុដែលបក្សប្រឆាំងនៅតែខ្លាំងក្នុងឃុំនេះ គឺដោយសារតែការរើសអើងក្នុងចំណោមអាជ្ញាធរមូលដ្ឋាន និងអំពើពុករលួយក្នុងការផ្តល់សេវាសាធារណៈក្នុងមូលដ្ឋាន ដែលបានកើតឡើងបន្ទាប់ពីលោកត្រូវបានបង្ខំចិត្តចាកចេញពីតំណែងកាលពីគណបក្សសង្រ្គោះជាតិត្រូវបានរំលាយក្នុងឆ្នាំ ២០១៧។
លោក បាននិយាយថា៖ «ការបែងចែកដីសម្បទានសង្គមកិច្ចដល់គ្រួសារក្រីក្រដោយផ្អែកលើបក្សពួក [ក៏ដូចជា] ការផ្តល់អត្តសញ្ញាណបណ្ណ និងសេវាសាធារណៈ [ផ្អែកលើបក្សពួក] ជារឿងអយុត្តិធម៌។ ទាំងនេះជាបញ្ហាដែលធ្វើឱ្យពលរដ្ឋមិនសប្បាយចិត្ត»។
លោក បានបន្តថា៖ «ពលរដ្ឋនៅតែជឿជាក់លើខ្ញុំតាំងពីខ្ញុំនៅជាមួយគណបក្សសង្គ្រោះជាតិ។ ខ្ញុំជាមនុស្សស្មោះត្រង់ ហើយប្រហែលជាពួកគាត់គិតថាខ្ញុំតែងតែយកចិត្តទុកដាក់ចំពោះអ្នកក្រ និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាជន។ អ៊ីចឹងបានពួកគាត់នៅតែបន្តគាំទ្រខ្ញុំ»។
លោក សុខហន់ បានសន្យាថានឹងដោះស្រាយបញ្ហាក្នុងភូមិឃុំដោយយុត្តិធម៌ និងមិនលំអៀងផ្នែកនយោបាយ។ ទោះយ៉ាងណា លោកបារម្ភថា ដោយសារលោកមកពីគណបក្សប្រឆាំង លោកនឹងជួបបញ្ហាប្រឈម នៅពេលដែលលោកព្យាយាមអនុវត្តគម្រោងអ្វីមួយ។
នៅក្នុងឃុំដូង គណបក្សប្រជាជនទទួលបានសំឡេងគាំទ្រចំនួន៩៨៣ រីឯគណបក្សភ្លើងទៀនទទួលបាន១២៤៥សំឡេង។
ឃុំចំណាលើ ខេត្តកំពង់ធំ
នាឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ លោក ញ៉ឹម សារ៉ុម វ័យ៥២ឆ្នាំ បានថ្លែងថាលោកប្តេជ្ញាធ្វើជាមេឃុំគំរូម្នាក់ និងបម្រើពលរដ្ឋដោយស្មោះត្រង់។ ស្រដៀងគ្នានឹង លោក សុខហន់ ដែរ លោក សារ៉ុម បានឈ្នះតំណែងមេឃុំម្តងរួចហើយកាលពីឆ្នាំ២០១៧ ដែលពេលនោះលោកកាន់តួនាទីបានតែរយៈពេលខ្លីប៉ុណ្ណោះ មុនពេលលោកត្រូវបានបង្ខំឱ្យបោះបង់តំណែង។
លោកបានថ្លែងថា៖ «ការប្ដេជ្ញាចិត្តរបស់ខ្ញុំគឺបម្រើប្រជាពលរដ្ឋទាំងអស់តាមគោលនយោបាយវិមជ្ឈការរបស់ឃុំសង្កាត់ និងមិនប្រព្រឹត្តអំពើពុករលួយ។ ប្រសិនបើប្រជាជនពលរដ្ឋជឿជាក់លើយើង យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ហើយធ្វើវាដោយស្មោះត្រង់ ដើម្បីបម្រើពួកគាត់»។
លោក សារ៉ុម បានថ្លែងថាឃុំរបស់លោកប្រឈមនឹងបញ្ហាផ្លូវខូច និងខ្វះខាតប្រព័ន្ធធារាសាស្រ្តនៅក្នុងភូមិមួយចំនួន។ លោកបាននិយាយថាម្ចាស់ឆ្នោតរបស់លោកបានត្អូញត្អែរពីបញ្ហាសេវាសាធារណៈដែលតម្រូវឱ្យពួកគាត់ត្រូវបង់ប្រាក់ក្រៅផ្លូវការ។
លោកបានបន្តថា៖ «រឿងដំបូងដែលត្រូវដោះស្រាយគឺជួសជុលផ្លូវដែលខូចក្នុងភូមិដែលជាអ្វីដែលប្រជាពលរដ្ឋត្រូវការ»។ យ៉ាងណាក៏ដោយ លោកក៏រង់ចាំមើលកញ្ចប់ថវិកាឃុំដែរ ព្រោះបើគ្មានថវិកាទេលោកក៏នឹងមិនអាចធ្វើអ្វីចេញដែរ។
លោក សារ៉ុម បានបង្ហាញក្តីបារម្ភថា លោកពីគណបក្សប្រឆាំងប្រហែលជាពិបាកក្នុងការទទួលបានថវិកាក្នុងការអភិវឌ្ឍមូលដ្ឋានរបស់លោក។
លោក បានថ្លែងថា៖ «ខ្ញុំគិតថា ពេលយើងចង់អភិវឌ្ឍន៍ផ្លូវក្នុងឃុំមួយ យើងប្រហែលមិនបានទទួលថវិកាទាន់ពេលដូចការគ្រោងទុក។ ខ្ញុំបារម្ភថាថ្នាក់ដឹកនាំខាងលើអាចធ្វើបាបយើង»។
នៅឃុំចំណាលើ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រ១៧៨៩ ខណៈបក្សភ្លើងទៀនទទួលបាន២២៨៥ សំឡេង។
ឃុំផ្តៅជុំ ខេត្តកំពង់ចាម
បន្ទាប់ពីរំលាយគណបក្សសង្រ្គោះជាតិ លោក ឆាង ផល្លា វ័យ៦០ឆ្នាំ បានរក្សាភាពស្ងៀមស្ងាត់ អស់រយៈពេល៥ឆ្នាំ ដើម្បីគេចពីការធ្វើទុក្ខបុកម្នេញ ប៉ុន្តែលោកនៅទទួលរងនូវការគំរាមកំហែងតាមរយៈពាក្យសម្តី។ នៅពេលរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ ២០១៧ លោកទើបតែជាប់បានតំណែងមេឃុំជាលើកដំបូង ។
លោកបានថ្លែងថា៖ «មានគេបញ្ចុះបញ្ចូលឱ្យខ្ញុំចូលជាមួយគេ [ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា] ហើយសន្យាថានឹងរក្សាតំណែងមេឃុំរបស់ខ្ញុំនៅដដែល។ ពួកគេបានសន្យាថានឹងជួយខ្ញុំតាមអ្វីដែលខ្ញុំចង់បាន ប៉ុន្តែខ្ញុំបានបដិសេធ»។
លោកផល្លាត្រូវបានបោះឆ្នោតជ្រើសរើសជាមេឃុំផ្តៅជុំថ្មី បន្ទាប់ពីបានចូលរួមជាមួយគណបក្សភ្លើងទៀននៅចុងឆ្នាំ២០២១។
លោក ផល្លា បន្តថា លោកបន្តការងារជាមួយបក្សប្រឆាំងដោយមិនខ្លាចញញើត ព្រោះលោកពេញចិត្តនឹងគោលនយោបាយរបស់គណបក្សនេះ។
លោក បានបន្តថា៖ «ប្រជាពលរដ្ឋចង់ឃើញអ្នកដឹកនាំមូលដ្ឋានដែលចេះទទួលខុសត្រូវ។ ពួកគាត់មិនចង់បោះឆ្នោតឱ្យអ្នកដែលបានអំណាច ក្រោយការបោះឆ្នោតហើយ មកគំរាមពួកគាត់នោះទេ»។
ទោះបីជា ផល្លា មិនបានបម្រើការជាមេឃុំក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះក៏ដោយ ប៉ុន្តែលោកបានផ្តើមគំនិតសាងសង់ប្រឡាយទឹកប្រវែង១០០០ ម៉ែត្ររួចហើយ។
លោកបានប្រាប់ខេមបូចាថាបច្ចុប្បន្ននេះបញ្ហាប្រឈមធំបំផុតក្នុងឃុំរបស់លោកគឺកង្វះខាតប្រព័ន្ធធារាសាស្រ្ត ដោយសារតែអាងទឹកត្រូវបានអ្នកមានអំណាចរំលោភយក។
លោក បានថ្លែងថា៖ «ពេលខ្ញុំជាប់ឆ្នោតជាមេឃុំភ្លាម ប្រជាពលរដ្ឋបានស្នើឱ្យខ្ញុំដោះស្រាយបញ្ហានេះ។ វាជាបញ្ហាប្រឈមផងដែរ»។
គណបក្សភ្លើងទៀនទទួលបានសំឡេងចំនួន២២៩៦នៅឃុំផ្តៅជុំ ខណៈគណបក្សប្រជាជនទទួលបានសន្លឹកឆ្នោតចំនួន២០៧៦៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ In just four communes, the opposition stronghold remained