តំណាងសហជីព និងកម្មករនិយោជិតមកពីវិស័យការងារផ្សេងៗគ្នាប្រមាណ៣០០នាក់ បានជួបជុំគ្នាដើម្បីសម្ដែងមតិ និងដាក់ញត្តិស្នើឱ្យក្រសួងការងារដោះស្រាយវិវាទការងាររបស់កម្មករឱ្យបានឆាប់រហ័ស ត្បិតពួកគេអះអាងថា ក្រសួងការងារគ្មានគោលជំហរក្នុងការដោះស្រាយវិវាទការងារជូនកម្មករឡើយ តួយ៉ាងដូចករណីណាហ្គាវើលដ៍ជាដើម។
បដាអមដោយពាក្យស្លោក និងសំឡេងស្រែកទាមទារពីក្រុមបុគ្គលិក កម្មករ មកពីវិស័យផ្សេងគ្នា បានស្រែកព្រមគ្នាទាមទារឱ្យក្រសួងការងារ ដោះស្រាយវិវាទការងារឱ្យពួកគេ ខណៈអាជ្ញាធរជាច្រើននាក់បានត្រឹមតែរារាំងមិនឱ្យពួកគេបន្តដំណើរទៅដាក់ញត្តិនៅទីស្ដីការគណៈរដ្ឋមន្រ្តី។
បុគ្គលិក កម្មករស្រីប្រុសមកពីវិស័យការងារផ្សេងៗគ្នា បានមកជួបជុំគ្នានៅមុខក្រសួងការងារប្រមាណជា៣ម៉ោង ក្នុងគោលបំណងសំខាន់២ គឺ គោលបំណងទីមួយ ស្នើឱ្យក្រសួងការងារ ដោះស្រាយបញ្ចប់វិវាទការងារនៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ និងគោលបំណងទីពីរ ស្នើឱ្យដោះស្រាយសំណុំរឿងបញ្ឈប់ថ្នាក់ដឹកនាំ និងសកម្មជនសហជីពសរុបចំនួន៣១ករណីរបស់សហជីព កម្មករ វិស័យកាត់ដេរ។
បើតាមអ្នកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា មានប្រសាសន៍ថា ការជួបជុំនៅមុខក្រសួងការងារនេះ គឺដើម្បីទាមទារសិទ្ធិរបស់បុគ្គលិក កម្មករ នៅក្នុងវិស័យផ្សេងគ្នា ដែលកំពុងរងគ្រោះ និងមិនទាន់មានដំណោះស្រាយពីក្រសួងនៅឡើយ។
អ្នកស្រី ទេពផល្លីន លើកឡើងថា៖ «យើងមកទីនេះគឺដើម្បីបញ្ឈប់ការកេងប្រវ័ញ្ចរបស់ថៅកែ ពួកយើងឃើញថាស្ថានភាពកូវីដនេះ ជួបរឿងវិបត្តិអយុត្តិធម៌ខ្លាំងមែនទែន ជាអកុសលប្រព័ន្ធនៅស្រុកយើងអត់បានជួយគាំពារទៅដល់វណ្ណៈកម្មករដូចពួកយើង ហើយគាំទ្រឱ្យពួកថៅកែបន្តកេងប្រវ័ញ្ចកម្មករ»។
អ្នកស្រីបន្តថា កម្មករនឹងក្លាយជាទាសករ ប្រសិនបើមិនមានសហជីពឯករាជ្យដើម្បីការងារផលប្រយោជន៍ និងសិទ្ធិជាមូលដ្ឋានរបស់ពួកគេ ហើយរដ្ឋអំណាច គួរណាតែការពារបុគ្គលិកកម្មករនៅពេលដែលទាមទារសិទ្ធិ នៅពេលដែលពួកគេរងគ្រោះដោយសារតែថៅកែ។
អ្នកស្រីបន្តទៀតថា៖ «ក្នុងស្ថានភាពចុងក្រោយនេះ កាន់តែអាក្រក់ទៅៗនៅពេលដែលវណ្ណៈកម្មករចាប់ផ្ដើមប្រើសិទ្ធិ គឺគេប្រើប្រាស់នូវប្រព័ន្ធតុលាការ ប្រើប្រាស់អ្នកមានអំណាចអ្នកមានតួនាទីផ្សេងៗប្រើអំពើហិង្សាមកលើយើង»។

កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ ថ្លែងថា ការជួបជុំគ្នានៅមុខក្រសួងការងារនាព្រឹកថ្ងៃអាទិត្យនេះ ដោយសារតែ ក្រសួងការងារមិនបានស្វែងរកដំណោះស្រាយសមស្របឱ្យកម្មករនិយោជិតឡើយ ដោយអូសបន្លាយអស់រយៈពេលជិតមួយឆ្នាំមកហើយ មិនតែប៉ុណ្ណោះ ពួកគេរងនូវការចោទប្រកាន់ពីផ្លូវតុលាការទៀតផង។
កញ្ញា ស៊ីថរ ឱ្យដឹងថា៖ «យើងឃើញថាគ្មានស្ថាប័នណាផ្ដល់យុត្តិធម៌ឱ្យពួកយើងទេជាងមួយឆ្នាំនេះ ពួកយើងមិនចង់តវ៉ា មិនចង់ឈរស្រែកនៅទីនេះដែរ ក៏ប៉ុន្តែយើងគ្មានជម្រើស យើងគ្រាន់តែចង់បានសិទ្ធិការងារមួយ ដែលធានាថាកម្មករខ្មែរមិនត្រូវបានដេញដោយក្រុមហ៊ុនណាហ្គាវើលដ៍»។
គេឃើញថាបន្ទាប់ពីឈរនៅមុខក្រសួងការងារដើម្បីរង់ចាំដាក់ញត្តិ ប៉ុន្តែមិនមានមន្រ្តីណាម្នាក់មកទទួល ក្រុមកម្មករប្រមាណជា៣០០នាក់បានសម្រេចចិត្តដើរទៅទីស្ដីការគណៈរដ្ឋមន្ត្រីដើម្បីដាក់ញត្តិ ប៉ុន្តែត្រូវបានអាជ្ញាធរខណ្ឌទួលគោក និងសមត្ថកិច្ចប្រមាណជិត៧០នាក់ ទប់ស្កាត់កណ្ដាលផ្លូវក្បែរស្ពានអាកាសតិចណូ រហូតដល់មានការប្រើហិង្សាមកលើកម្មករផងដែរ។
បើតាមមន្រ្តីម្នាក់តំណាងមកពីក្រសួងការងារ តែមិនបានប្រាប់ឈ្មោះ បានមកទទួលញត្តិពីតំណាងសហជីព និងបានសន្យាថានឹងយកញត្តិនេះទៅជូនថ្នាក់លើ ដើម្បីដោះស្រាយបញ្ហាដែលកម្មករបានប្រាប់។
មន្ត្រីនោះថ្លែងថា៖ «ឥឡូវអ៊ីចេះ! ក្មួយស្រីចង់ដាក់ញត្តិទៅក្រសួងការងារឬអត់? បើដាក់ញត្តិខ្ញុំទទួល ខ្ញុំមន្រ្តីទទួលញត្តិ បើដាក់ខ្ញុំទទួលយកញត្តិទៅជូនថ្នាក់ដឹកនាំដើម្បីដោះស្រាយឱ្យពួកប្អូនៗ ខ្ញុំមិនដែលយកញត្តិពួកប្អូនៗទៅទុកចោលទេ»។

ចំណែកលោក មាស ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ថ្លែងទៅកាន់ថ្នាក់ដឹកនាំសហជីពនៅកន្លែងតវ៉ាក្បែរស្ពានអាកាសទិចណូ ថាឱ្យបញ្ឈប់សកម្មភាពប្រមូលផ្ដុំតវ៉ា ដោយគ្មានច្បាប់អនុញ្ញាត និងរង់ចាំចូលតុចរចានៅថ្ងៃទី១៥ ដើម្បីសណ្ដាប់ធ្លាប់ និងចៀសវាងការមានហិង្សា។
លោក ចាន់យ៉ាដា លើកឡើងថា៖ «សូមកុំធ្វើបញ្ហាហ្នឹងឱ្យវាក្ដៅខ្លាំង យើងចង់ឱ្យបញ្ហាហ្នឹងមានដំណោះស្រាយ គឺយើងមានយន្តការនៃការជជែកគ្នា កុំបំពានបង្កឱ្យមានអំពើហិង្សាខ្ញុំសួមអង្វរ»។
លោកបន្តថា៖ «សកម្មភាពរបស់យើងទៅក្រសួងការងារអត់ទាន់បានសុំច្បាប់សុំអីទេ ខ្ញុំក៏អត់ថាអីដែរ យើងក៏បានធ្វើសន្និសីទអីហើយដែរ ចឹងស្នើសុំបំបែកទៅចាំថ្ងៃ១៥ចូលចរចាបន្ត ហើយលក្ខខណ្ឌដើម្បីមានដំណោះស្រាយ កុំដាក់លក្ខខណ្ឌដែលតឹងវាធ្វើឱ្យរួញ ចឹងស្នើសុំកុំយកគំនាបលើដងផ្លូវមកធ្វើចឹងវាអត់ល្អទេ»។
ជុំវិញបញ្ហានេះសារព័ត៌មានជិតស្និទ្ធនឹងរដ្ឋាភិបាលបានចេញផ្សាយកាលពីពេលថ្មីៗនេះថា ការជួបជុំតវ៉ារបស់ក្រុមកម្មករ គឺហួសបន្ទាត់ក្រហមហើយ និងបានចោទមកក្រុមកម្មករថា ជាក្រុមបាតុករខុសច្បាប់បម្រើផលប្រយោជន៍នយោបាយតែប៉ុណ្ណោះ។
ករណីនេះលោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សរបស់អង្គការ សង់ត្រាល់ បញ្ជាក់ថា ការជួបជុំរបស់ក្រុមសហជីពនិងកម្មករ មកពីវិស័យផ្សេងគ្នា ក្នុងគោលបំណង២ គឺស្នើដោះស្រាយបញ្ចប់វិវាទការងារនៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ និងដោះស្រាយសំណុំរឿងបញ្ឈប់ថ្នាក់ដឹកនាំ និងសកម្មជនសហជីពសរុបចំនួន៣១ករណី មកពីCATU រោងចក្រ CCAWDU មកពី INTUFE មកពី FUFL និងមកពីសហជីពការពារសិទ្ធិកម្មករនៃក្រុមហ៊ុន អិម អិល អ៊ិនធីមេត អឹភែរឹល។
លោកយល់ឃើញថា កាលដែលក្រសួងការងារបណ្ដែតបណ្ដោយ និងមិនទាន់ស្វែងរកយុត្តិធម៌ជូនបុគ្គលិក កម្មករ គឺជាគំរូមិនល្អ ដែលធ្វើឱ្យថៅកែក្រុមហ៊ុន ឬរោងចក្រដទៃយកគំរូតាមថៅកែក្រុមហ៊ុនណាហ្គាវើលដ៍។ លោកថា ក្រសួងការងារគួរតែដោះស្រាយវិវាទការងារ ឬបណ្ដឹងរបស់កម្មករ ដែលជាប់គាំងអស់រយៈពេលជាយូរមកហើយ ឱ្យកម្មករដោយតម្លាភាព និងទំនួលខុសត្រូវ។
លោកបន្តថា៖ «ករណីនេះគឺជាការដែលបង្ហាញឱ្យនិយោជក ធ្វើតាមស្រេចតែចិត្តនៅក្នុងការបញ្ឈប់ថ្នាក់ដឹកនាំសហជីពក្នុងការការពារសិទ្ធិ និងផលប្រយោជន៍កម្មករនៅកន្លែងការងារ។ ចឹងករណីណាហ្គានេះ គឺឆ្លុះបញ្ចាំងការដែលក្រុមហ៊ុន និយោជកផ្សេងៗទៀតនោះ ខណៈពេលដែលក្រសួងមិនបានដោះស្រាយនូវករណីទាំងអស់នោះ»។
តាមការសង្កេត លោក ថារ៉ូ មើលឃើញថាការអនុវត្តច្បាប់ការងារនៅមានកម្រិត ព្រោះក្រុមហ៊ុនមួយចំនួនមិនព្រមទទួលយកថ្នាក់ដឹកនាំសហជីព ឬបុគ្គលិកកម្មករឱ្យចូលធ្វើការវិញឡើយ ទោះបីមានសេចក្ដីបង្គាប់របស់ក្រសួងការងារក៏ដោយ។ ដូច្នេះ លោកចាត់ទុកថាការអនុវត្តសិទ្ធិជាមូលដ្ឋានសម្រាប់កម្មករមិនទាន់បានពេញលេញ និងរងការគំរាមកំហែងក្រោមរូបភាពផ្សេងៗ ខណៈក្រសួងការងារមិនមានការការពារដល់សិទ្ធិ និងផលប្រយោជន៍របស់កម្មករ។
លោក ថារ៉ូបន្ថែមទៀតថា៖ «សង្កេតឃើញថាក្រសួងអសមត្ថភាពក្នុងការដោះស្រាយ ហើយវិធានការបន្ទាប់ទៀតគ្មានអីក្រៅតែពីការស្នើកិច្ចអន្តរាគមន៍ពីនាយករដ្ឋមន្រ្តីឱ្យចាត់វិធានការជាក់លាក់ ដើម្បីមានការអនុវត្តច្បាប់ ដើម្បីធានាថាថ្នាក់ដឹកនាំដែលបញ្ឈប់ខុសនីតិវិធីច្បាប់ ទទួលបានលក្ខខណ្ឌធានាដោយច្បាប់»។

កាលពីពេលថ្មីៗនេះរដ្ឋាភិបាលបានដាក់បញ្ជាទៅរដ្ឋមន្រ្តីក្រសួងការងារ ដើម្បីឱ្យដោះស្រាយវិវាទការងារដែលមិនទាន់បានដំណោះស្រាយ ក្នុងវិស័យកាត់ដេរ។ ខណៈក្រសួងមហាផ្ទៃ កាលពីខែមីនា ឆ្នាំ២០២២កន្លងទៅ ក៏បានស្នើទៅក្រសួងការងារ ឱ្យជួយដោះស្រាយវិវាទការងាររបស់បុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍ផងដែរ។
គួររំលឹកថា វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ បានចាប់ផ្ដើមនាខែធ្នូ ឆ្នាំ២០២១ រហូតមកទល់ពេលនេះមានរយៈពេល៩ខែហើយ មិនទាន់ទទួលបានដំណោះស្រាយនៅឡើយទេ ដោយក្រុមកម្មករអះអាងថា ក្រុមហ៊ុនមិនមានចេតនាក្នុងការដោះស្រាយ ព្រោះចង់បំបិទសំឡេងសហជីពឯករាជ្យនៅក្នុងក្រុមហ៊ុន និងជំនួសដោយសហជីពថ្មីរៀបចំដោយក្រុមហ៊ុន៕