សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សហគមន៍ជនជាតិដើមភាគតិចស្នើឲ្យរដ្ឋាភិបាលអន្តរាគមន៍ក្នុងជម្លោះដីធ្លី

សហគមន៍ជនជាតិដើមកួយនៅភូមិប្រមេរ តវ៉ាជុំវិញជម្លោះដីធ្លីនៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ខែកុម្ភៈ ឆ្នាំ២០២២។ រូបភាព៖ ស៊ុត សាវន
សហគមន៍ជនជាតិដើមកួយនៅភូមិប្រមេរ តវ៉ាជុំវិញជម្លោះដីធ្លីនៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ខែកុម្ភៈ ឆ្នាំ២០២២។ រូបភាព៖ ស៊ុត សាវន

តំណាង​របស់សហគមន៍ជនជាតិដើមភាគតិច​ពីរផ្សេងគ្នា​នៅ​ខេត្តកំពង់ធំ​និង​ខេត្ត​ព្រះវិហា​រអំពាវនាវ​សុំអន្តរាគមន៍ពីរដ្ឋាភិបាល​ ដើម្បី​ជួយ​ដោះស្រាយ​ជម្លោះ​ដីធ្លីដ៏អូសបន្លាយ​នៅ​ក្នុងសហគមន៍របស់ពួកគាត់។

ហេង សាភេន​ អាយុ​៥៣​ឆ្នាំ​ គឺជាតំណាង​ម្នាក់​របស់សហគមន៍ជនជាតិដើមភាគតិច​កួយ​មក​ពី​ភូមិ​ងន ​នៅក្នុង​ស្រុក​សណ្តាន់​ នៃខេត្តកំពង់ធំ។ អ្នកស្រីបាន​ប្រាប់​ខេមបូចា​ថា ដីសហគមន៍របស់​អ្នកស្រី​ធ្លាប់​សម្បូរដោយ​ធនធានធម្មជាតិ​និង​អនុផលព្រៃឈើ​។

ទោះបីជា​យ៉ាងណា​ អ្នក​ស្រីបាន​និយាយថា ចាប់តាំងពី​ក្រុម​ហ៊ុន​ឈ្មោះ សម្បត្តិ ផ្លេធីណឹម​ (Sambath Platinum Co.Ltd.) ចាប់ផ្តើម​ប្រើប្រាស់ដី​នេះធ្វើជា​ចម្កា​រកៅស៊ូកាល​ពីឆ្នាំ​២០១១​មក ប្រជាពលរដ្ឋ​១២១​គ្រួសារ​នៅ​ក្នុង​សហគមន៍បាន​បាត់បង់​មុខរបរនិងប្រពៃណី​របស់ខ្លួន​ ដូចជា​ការ​ដើ​របោចវលិ៍្លនិងប្រមូល​ជ័រទឹក រកថ្នាំបុរាណ​និង​បរបាញ់​សត្វជាដើម​។​

យោងតាម​អនុក្រឹតឆ្នាំ​២០១១​របស់​រដ្ឋាភិបាល​ ក្រុម​ហ៊ុន​ សម្បត្តិ ផ្លេធីណឹម ​ទទួល​បាន​ដីទំហំ​២.៤៩៦​ហិកតា​នៅ​ដែនជម្រកសត្វព្រៃ​បឹងពែរ ដើម្បី​ប្រើប្រាស់សម្រាប់​ដំណាំ​កសិឧស្សាហកម្ម​និង​ធ្វើចម្ការកៅស៊ូ។

អ្នកស្រី សាភេន បាន​និយាយថា កាល​ពីឆ្នាំ​២០១៧​ សហគមន៍កួយ​បានស្នើ​សុំ​ជំនួយ​ពី​មន្ត្រីស្រុក​ ដើម្បី​កំណត់ផែនទីតំបន់​នោះ​។ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៨ ក្រុម​ហ៊ុន​សម្បត្តិផ្លេធីណឹម​បាន​បោះបង្គោល​លើដីទំហំ​៤០០​ហិកតា​ដែល​កាន់កាប់​ដោយ​សហគមន៍ទីដែល​ពួកគាត់ធ្លាប់​ដាំដុះ​ច្រើន​ឆ្នាំ​មកហើយ​ ហើយ​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​រងផលប៉ះពាល់​ដោយ​សារ​ការ​កាន់កាប់​របស់​ក្រុម​ហ៊ុន។

ជម្លោះបាន​កើត​មាន​ចាប់តាំងពីពេលនោះមក​ជុំវិញ​ទំហំផ្ទៃដី​ ហើយថា តើ​ផែនទី​ណា​ត្រឹម​ត្រូវ​និង​ថា តើ​តំបន់នោះ​ត្រូវ​បាន​បែងចែក​របៀបណា​រវាង​ក្រុម​ហ៊ុន​និង​សហគមន៍ ដោយ​ជនជាតិដើមភាគតិចកួយ​រកឃើញ​ភាពមិន​ប្រក្រតី​ច្រើន។

មន្ត្រី​និង​សហគមន៍ជនជាតិ​ដើម​ភាគតិចវាស់វែង​ផែនទីបឋម​សម្រាប់​ដី​សហគមន៍ភូមិងននៅ​ក្នុង​ឃុំងន ស្រុកសណ្តាន់ ខេត្ត​កំពង់ធំកាលពីឆ្នាំ​២០១៧​។ រូបភាព​ផ្តល់​ឲ្យ​

អ្នក​ស្រី​និយាយថា បន្ទាប់មក​នៅដើម​ឆ្នាំ​នេះ ក្រុម​ហ៊ុន​បាន​កាប់រានបន្ថែម​យក​ដី​ដែល​សហគមន៍ជនជាតិដើម​ភាគតិច​ដាំដំឡូង​។

​អ្នក​ស្រី​បាន​និយាយថា៖ «បើទោះបីជា​យើង​មាន​ជម្លោះ​អំពី​រឿង​ព្រំដីក៏ដោយ​​ ពួកខ្ញុំមិនដែលបានទៅដាំដំណាំលើដីក្រុមហ៊ុនទេ ប៉ុន្តែខាងអាជ្ញាធរបែរជាមកចាប់ពួកខ្ញុំដែលដាំដំណាំនៅលើដីរបស់ខ្លួនឯងទៅវិញ​»ដោយ​រៀបរាប់​ថា ធ្លាប់ជាប់ពន្ធនាគារ​រយៈ​ពេល​១៦​ថ្ងៃ​កាល​ពីខែ​មិថុនា។

ចាប់តាំងពី​សហគមន៍ដាក់ពាក្យ​ចុះបញ្ជីដី​នៅឆ្នាំ​២០១៧​មក អាជ្ញាធរក្នុងមូលដ្ឋាន​បានគំរាម​កំហែង​ប្រជាពលរដ្ឋក្នុង​សហគមន៍ជា​ប្រចាំ។

អ្នក​ស្រីបាន​បន្ថែម​ថា៖ «តែង​តែមាន​ការ​គំរាម​វាយខ្នោះ​។ ពួកខ្ញុំទាមទារយកដី មិនមែនយកទៅលក់ទេ គ្រាន់តែទាមទារយកដីដើម្បីសម្រាប់ជីវភាពប្រចាំថ្ងៃទេ»។

ខេមបូចាមិនអាចទាក់ទងក្រុមហ៊ុនសម្បត្តិផ្លេធីណឹម​ ដើម្បីធ្វើ​ការអត្ថាធិប្បាយ​បានទេ។

អ្នកស្រី សាភេន ចង់​ឲ្យ​ក្រសួង​រៀប​ចំដែនដី​ពន្លឿន​ការចុះបញ្ជី​ដី​សមូហភាព​ឲ្យ​បាន​ឆាប់ ដើម្បី​ឲ្យ​សហគមន៍​មាន​បណ្ណ​កម្មសិទិ្ធ​ស្របច្បាប់​ហើយនឹងលែងមាន​ជម្លោះ​ដីធ្លីបន្ថែមទៀត។

លោក ឡោ ដាវុធ ជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ​នៃក្រសួងរៀបចំដែនដីបាន​មាន​ប្រសាសន៍ថា ដីសហគមន៍និងដីក្រុមហ៊ុនមានចំណែកជាន់គ្នា  មន្ទីររៀបចំដែនដី  នគរូបនីយកម្ម សំណង់ និងសុរិយោដី នឹងអញ្ជើញគូភាគីមកពិភាក្សាដោះស្រាយ។

ជម្លោះ​ដីធ្លីនៅខេត្តព្រះវិហារ​

នៅក្នុង​ជម្លោះដីធ្លីមួយទៀត​នៅ​ក្នុងខេត្តព្រះវិហារ​រវាង​ក្រុមហ៊ុន​និង​សហគមន៍ជនជាតិ​ដើមភាគតិច​ដែល​អូសបន្លាយ​ច្រើន​ឆ្នាំ​ដែរនោះ​ទីបំផុត​​ក្រុមហ៊ុន​បាន​សម្រេចដកខ្លួន​ចេញ។ ប៉ុន្តែ​នៅ​ពេលនេះ សហគមន៍​កំពុង​មាន​ជម្លោះជាមួយ​កសិករថ្មី​ដែល​ជួល​ដី​នេះ។

ទេព ទឹម អាយុ​ ៦៧​ឆ្នាំ​ ជា​តំណាងសហគមន៍​ជនជាតិដើម​ភាគតិច​កួយ​នៅឃុំ​ប្រមេរ ស្រុកត្បែងមានជ័យ​បាន​និយាយថា សហគមន៍​នេះ​មាន​ជម្លោះជាមួយ​ក្រុម​ហ៊ុន​ចិន​ Hengfu Group Sugar Industry Co. LTD លើ​ដី​ទំហំ​ប្រមាណជាង​៤០.០០០​ហិកតា​ពី​ឆ្នាំ​២០១១​ដល់​ឆ្នាំ​២០២០​ ជាពេលដែល​ក្រុមហ៊ុន​ដក​ខ្លួន​ចេញ។

ទេព ទឹម បាន​និយាយថា ក្រុមហ៊ុននេះ​បាន​រានដី​ដែល​បណ្តាល​ឲ្យ​សហគមន៍ជនជាតិដើម​ភាគតិច​បាត់បង់​វប្បធម៌របស់ខ្លួន​ ដោយ​បាន​បន្ថែម​ថា ប្រជាពលរដ្ឋ​៣៦៧​គ្រួសារ​ដែល​រងផលប៉ះពាល់​បាន​ដាក់ពាក្យ​បណ្តឹង​ទៅ​សាលាឧទ្ធរណ៍នៅ​ភ្នំពេញ​កាល​ពីឆ្នាំ​២០១៦​។

អ្នកស្រីបាន​បន្ថែមថា បើទោះបីជា​ក្រុមហ៊ុន​បាន​ដកខ្លួន​ចេញ​មែន ប៉ុន្តែ​សមាជិក​របស់សហគមន៍​ជនជាតិដើម​ភាគតិច​នេះ​ត្រូវ​បាន​គេរារាំងមិនឲ្យ​ដាំដុះនៅលើដីនោះ​ទេ។ នៅពេលនេះ សុរិយោដីស្រុក​បាន​ចេញ​បណ្ណកម្មសិទ្ធិជូនអ្នក​ខាងក្រៅទៅវិញ។

អ្នក​ស្រី​បាន​ជួប​ជាមួយ​ក្រុមមន្ត្រីស្រុក​ ដើម្បីសរសេរឈ្មោះជនជាតិដើមភាគតិចដែលរងផលប៉ះពាល់ ដើម្បីបញ្ជូនទៅអាជ្ញាធរពាក់ព័ន្ធសុំស្នើកាន់កាប់ដីអាស្រ័យផលរបស់ក្រុមហ៊ុន នៅពេលដែលក្រុមហ៊ុនអត់ដំណើរការ។

អ្នក​ស្រី​បាន​និយាយថា៖ «យើងតវ៉ា  [យកដីរបស់យើង] នេះ យើងមិនមានខុសអ្វីទេ យើងគ្រាន់តែទាមទារដើម្បីឆ្នាំងបាយរបស់យើងតែប៉ុណ្ណោះ។ ពួកយើងជាម្ចាស់ទឹក ម្ចាស់ដី យើងមិនមែនទៅលួចកេមរតកអ្នកដទៃទេ»។

សហគមន៍ជនជាតិ​ដើម​ភាគតិច​កួយ​នៅភូមិប្រមេរតវ៉ា​ជុំវិញ​ជម្លោះដីធ្លី​នៅស្រុក​ត្បែង​មាន​ជ័យ ខេត្ត​ព្រះ​វិហារ​ ខែកុម្ភៈ​ឆ្នាំ​២០២២។ រូបភាព៖ ស៊ុត សាវន

ខេមបូចាមិនអាចទាក់ទងក្រុមហ៊ុន Lan Feng (Cambodia) International Company Limited ជាក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុន Hengfu Group។

លោក ឡោ ដាវុធ ជា​អគ្គនាយកនៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ​នៅ​ក្រសួង​រៀប​ចំដែនដី​បានមាន​ប្រសាសន៍ថា សហគមន៍​នៅពេលនេះត្រូវតែ​ដាក់ពាក្យ​ឡើងវិញ​ដើម្បីចុះបញ្ជី​ដី​សមូហភាព​របស់គាត់។

របាយការណ៍ស្តីពីស្ថានភាពប្រជាសាស្ត្រ និងសង្គម-សេដ្ឋកិច្ចរបស់ជនជាតិដើមភាគតិចនៅកម្ពុជា រៀបចំដោយក្រសួងផែនការនិងក្រសួងអភិវឌ្ឍន៍ជនបទឆ្នាំ២០២១ ​បាន​ទទួល​ស្គាល់​សហគមន៍​ជនជាតិដើម​សរុប​១៥៥​សហគមន៍​និង​​ជនជាតិ​ភាគតិច​ចំនួន ១៤​អំបូរជនជាតិ​នៅ​ក្នុង​ប្រទេសកម្ពុជា​។​

លោក ដាវុធ បាន​មាន​ប្រសាសន៍ថា ត្រឹម​ខែកក្កដា ដីរបស់សហគមន៍ជនជាតិ​ដើម​ចំនួន​៣៧​សហគមន៍​ត្រូវ​បាន​ចុះបញ្ជី​ដែល​ស្មើ​នឹង​៣៨.៧១៨,៧៥​ហិកតា។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់និងនេសាទ ​បាន​ប្រាប់​ខេមបូ​ចា​ថា វាមិនអាស្រ័យនៅលើលោកក្នុងការអន្តរាគមន៍សម្រាប់​​សហគមន៍ជនជាតិ​ដើម​នោះទេ ពីព្រោះរដ្ឋាភិបាល​បាន​ផ្តល់​សម្បទានដីសេដ្ឋកិច្ច​ដល់ក្រុមហ៊ុន​ បើទោះបីជា​ក្រុមហ៊ុន​មិនប្រើប្រាស់ដីនោះក៏ដោយ​។

លោក​មាន​ប្រសាសន៍ថា៖ «​ប្រមុខរាជរដ្ឋាភិបាល បានទទួលពាក្យបណ្តឹងករណីនេះរួចមកហើយ ហើយយើងមិនទាន់បានដោះស្រាយចប់នៅឡើយផង»ដោយ​លោក​បាន​បន្ថែម​ថា សមាជិកសហគមន៍ពុំគួរគប្បីចេះតែធ្វើតាមការញុះញង់ពីក្រុមមួយចំនួនតូច ដែលមិនបានគិតគូរ និងសិក្សានូវអ្វីដែលជាបញ្ហាប្រឈមនឹងវិធានអន្តរជាតិឬបទដ្ឋានគតិយុត្តអន្តរជាតិបាននោះទេ ។

លោក ស៊ាង មួយឡៃ ប្រធាន​គម្រោងសិទ្ធិលំនៅដ្ឋាន​និង​ស្រាវជ្រាវនៅ​អង្គការសមាគមធាងត្នោត (STT) មាន​ប្រសាសន៍ថា កង្វះការចុះបញ្ជីដីធ្លី​គឺជា​ហេតុផល​មួយក្នុងចំណោមហេតុផលចម្បងនៅក្នុងជម្លោះដីធ្លី​ច្រើនករណីនៅក្នុង​ប្រទេសកម្ពុជា​។

លោក​មាន​ប្រសាសន៍ថា៖ «ប្រសិនបើ​ដី​ធ្លីទាំងអស់នៅ​កម្ពុជា​ត្រូវ​បាន​ចុះបញ្ជី​ នោះ​គ្មាន​នរណា​ម្នាក់ចោទប្រកាន់​អ្នក​ផ្សេង​ថារស់នៅ​លើ​ដី​របស់គេនោះទេ»

ទោះបីជា​យ៉ាងណា លោក​កត់សម្គាល់ថា រដ្ឋាភិបាល​បាន​និងកំពុងតែធ្វើ​ការងារលើ​ការចុះបញ្ជី​ដីធ្លី​និងបណ្ណកម្មសិទ្ធិ​ដីធ្លី​។ លោក​បាន​បន្ថែមថា រដ្ឋាភិបាល​គួរ​ជួបជាមួយ​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ក្នុង​ជម្លោះដីធ្លី​និង​ដោះ​ស្រាយ​ជម្លោះទាំងនេះ​ដោយ​តម្លាភាព​៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Indigenous communities ask for government intervention in land disputes

646 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម