លោក UENO Astushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើគម្រោងហិរញ្ញប្បទានឥតសំណងផ្តល់ជូនរដ្ឋាភិបាលដើម្បីគាំទ្រអង្គភាពCMAC លើគម្រោងចំនួន២ សរុបជាទឹកប្រាក់ចំនួន១,៤៦៦លានយ៉េន ប្រមាណជាង១០លានដុល្លារអាមេរិក នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២០ ខែមីនា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងការបរទេស។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបទេស។
នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២០ ខែមីនា ឆ្នាំ២០២៥នេះ នៅទីស្ដីការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិ លោក ប្រាក់ សុខុន រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និងលោក UENO Astushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធសម្រាប់គម្រោងហិរញ្ញប្បទានឥតសំណងផ្តល់ជូនរដ្ឋាភិបាលដើម្បីគាំទ្រអង្គភាពCMAC លើគម្រោងចំនួន២ មានហិរញ្ញប្បទានឥតសំណងសរុបចំនួន១,៤៦៦លានយ៉េន ប្រមាណជាង១០លានដុល្លារអាមេរិក។
គម្រោងទី១៖ ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ចំនួន១,១៦៦យ៉េន (ប្រមាណ៨,៣លានដុល្លារដុល្លារអាមេរិក) សម្រាប់គម្រោងពង្រឹងសមត្ថភាពរបស់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) លើការហ្វឹកហ្វឺនក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូង-ត្បូង។ គម្រោងទី២៖ ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ចំនួន៣០០យ៉េន (ប្រមាណ២,១លានដុល្លារដុល្លារអាមេរិក) សម្រាប់ការអនុវត្តគម្រោងសាងសង់អគារហ្វឹកហ្វឺន និងផ្សព្វផ្សាយអប់រំ នៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ទៀតថា៖ «ហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងទាំងពីរខាងលើ និងរួមចំណែកដល់យុទ្ធសាស្ត្រជាតិសកម្មភាពបោសសំអាតមីនរបស់កម្ពុជាឆ្ពោះទៅសម្រេចបាននូវគោលដៅប្រទេសកម្ពុជាគ្មានមីននៅឆ្នាំ២០៣០ ព្រមទាំងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ជប៉ុន ក្នុងការបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា»។
លោក ហេង រតនា អគ្គនាយកអង្គការ CMAC បានសរសេរលើហ្វេសប៊ុករបស់លោកថា កញ្ចប់ថវិកាគម្រោងទី១នេះនឹងត្រូវប្រើប្រាស់ដើម្បីទិញសម្ភារបច្ចេកទេសរួមមាន គ្រឿងចក្រកម្ទេចមីន ម៉ាស៊ីនរាវមីន និងរថយន្តជាដើម ដើម្បីលើកកម្ពស់សម្ភារបច្ចេកទេសនៃកិច្ចសហប្រតិបត្តិការផង និងសម្រាប់បម្រើកិច្ចការហ្វឹកហ្វឺនអ្នកជំនាញសកម្មភាពមីនទាំងក្នុងតំបន់និងអន្តរជាតិ។
គម្រោងទី២៖ ការបំពេញបន្ថែមហិរញ្ញប្បទានឥតសំណងចំនួន៣០០លានយ៉េន ប្រមាណជាង២លានដុល្លារអាមេរិក សម្រាប់គាំទ្រគម្រោងសាងសង់អាគារហ្វឹកហ្វឺននិងអាគារផ្សព្វផ្សាយអប់រំយល់ដឹងពីសង្គ្រាម(សារមន្ទីរតេជោសន្ដិភាព) នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។
លោក រតនា បានបន្ថែមថា៖ «ខ្ញុំសូមគោរពអរគុណដ៍ជ្រាលជ្រៅបំផុតចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងឯ.ឧ ឯកអគ្គរដ្ឋទូត UENO Astushi ដែលផ្តល់ការគាំទ្រនិងចុះហត្ថលេខាលើគម្រោងដ៍មានសារប្រយោជន៍សម្រាប់បុព្វហេតុមនុស្សវិស័យមីនទាំង២នេះ»។
ដោយឡែក រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅថ្ងៃទី១៩ ខែកុម្ភៈ បានសម្រេចផ្តល់ជំនួយតាមរយៈអង្គការដៃគូដើម្បីបន្តកិច្ចសហប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមឡើងវិញដល់កម្ពុជាតាមកិច្ចសន្យាដែលមានស្រាប់ ក្រោយពីបានផ្អាកមួយរយៈខ្លី ដែលកាលពីថ្ងៃទី៣១ ខែមករា លោក ហេង រតនា បានលើកឡើងថា អង្គការស៊ីម៉ាក់ (CMAC) បានជូនដំណឹងដល់អាជ្ញាធរ និងប្រជាពលរដ្ឋតាមមូលដ្ឋាននៃខេត្តចំនួនប្រាំបី ថា កម្លាំងអង្គភាពស៊ីម៉ាក់កំពុងប្រតិបតិ្តការនៅខេត្តចំនួនប្រាំបី ត្រូវផ្អាកកិច្ចប្រតិបត្តិការបណ្តោះអាសន្នរយៈពេល៨៥ថ្ងៃគិតពីថ្ងៃទី២៥ខែមករា ឆ្នាំ២០២៥តទៅរហូតដល់មានការជូនដំណឹងជាថ្មី ដោយសាររដ្ឋាភិបាលសហរដ្ឋអាមេរិកផ្អាកការផ្តល់ជំនួយ៕