សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បានចេញផ្សាយរបាយការណ៍មួយស្ដីពីការរឹតត្បិតលើសិទ្ធិឌីជីថលនិងសេរីភាពបញ្ចេញមតិនៅកម្ពុជា ដោយកត់សម្គាល់ថា រដ្ឋាភិបាលកំពុងតាមដានអ្នកសារព័ត៌មាននិងប្រជាពលរដ្ឋដែលអនុវត្តសិទ្ធិរបស់ពួកគេនៅលើប្រព័ន្ធអ៊ីនធឺណិត ។
របាយការណ៍ដែលមានចំណងជើងថា «ផលប៉ះពាល់នៃការរឹតត្បិតសិទ្ធិឌីជីថលលើសេរីភាពសារព័ត៌មាននិងសេរីភាពបញ្ចេញមតិនៅតាមប្រព័ន្ធអ៊ីនធឺណិត» ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញពីក្ដីកង្វល់រាលដាលអំពីសន្តិសុខអ៊ីនធឺណិត កង្វះសេរីភាពអ៊ីនធឺណិត ការគំរាមកំហែងសន្តិសុខដែលនាំទៅរកការរឹតត្បិខ្លួនឯង ការមិនទុកចិត្តចំពោះអ្នកផ្ដល់សេវាអ៊ីនធឺណិត (ISPs) និងការឃ្លាំមើលរបស់រដ្ឋាភិបាលជុំវិញការប្រើប្រាស់និងការរឹតត្បិតអ៊ីនធឺណិតនៅកម្ពុជា ។
អ្នកឆ្លើយតបមួយចំនួនធំបានយល់ស្របថា រដ្ឋាភិបាលប្រើប្រាស់ឧបករណ៍ច្បាប់ដើម្បីរឹតត្បិតសកម្មភាពនៅលើអ៊ីនធឺណិត ព្រមទាំងផលប៉ះពាល់អវិជ្ជមាននៃច្រកទ្វារអ៊ីនធឺណិតជាតិដែលអាចកើតមានលើសេរីភាពបញ្ចេញមតិនៅលើអ៊ីនធឺណិត ។
របាយការណ៍បានសរសេរថា៖ «ពួកគេបានសម្ដែងនូវការភ័យខ្លាចពីសុវត្ថិភាពផ្ទាល់ខ្លួននិងការគំរាមកំហែងសន្តិសុខកើនឡើង ដែលកើតចេញពីសកម្មភាពនៅលើអនឡាញ ដែលជះឥទ្ធិពលលើកម្រិតផាសុកភាព និងដែលប្រហែលជាអាចនឹងនាំទៅរកការរឹតត្បិតខ្លួនឯង ជាពិសេស នៅពេលវាពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានរសើបផ្នែកនយោបាយ» ។
របាយការណ៍ដដែលបានបន្ថែមថា រដ្ឋាភិបាលកំពុងចាត់វិធានការនានាឆ្ពោះទៅរកការតាមដានទិដ្ឋភាពឌីជីថលតាមរយៈគោលនយោបាយរដ្ឋាភិបាលឌីជីថលឆ្នាំ២០២២-២០៣៥ ដែលគោលដៅនៃគោលនយោបាយនេះ គឺសំដៅពន្លឿនច្បាប់ឌីជីថលក្នុងលក្ខណៈមួយដែលមានភាពត្រឹមត្រូវនិងមានតម្លាភាព ។
នាយកប្រតិបត្តិ ខេមបូចា លោក ណុប វី បានអំពាវនាវដល់ភាគីពាក់ព័ន្ធ ជាពិសេស រដ្ឋាភិបាល ឱ្យការពារសន្តិសុខឌីជីថលរបស់ប្រជាពលរដ្ឋកម្ពុជា និងគោរពសេរីភាពបញ្ចេញមតិរបស់ពួកគេនៅលើប្រព័ន្ធអ៊ីនធឺណិត ។
លោកបាននិយាយថា អ៊ីនធឺណិតជាកន្លែងចែករំលែកព័ត៌មាននិងទទួលបានព័ត៌មានយ៉ាងងាយស្រួល ប៉ុន្តែ វាក៏ជាកន្លែងអាចរំលោភទៅលើសិទ្ធិនិងសេរីភាពជាមូលដ្ឋានរបស់ប្រជាជនផងដែរ នៅពេលដែលសិទ្ធិឯកជនភាពរបស់ពួកគេត្រូវបានរំលោភបំពាន ។
លោក ណុប វី បានមានប្រសាសន៍ថា៖ «យើងសង្ឃឹមថា របាយការណ៍របស់យើង [ស្ដីពីសិទ្ធិឌីជីថល] នឹងជំរុញក្រសួងពាក់ព័ន្ធឱ្យឆ្លើយតបទៅនឹងក្ដីកង្វល់នានា ដែលត្រូវបានសម្ភាសនៅក្នុងការស្ទង់មតិ »។
នៅពេលអ្នកសារព័ត៌មានបានទាក់ទងសួរទៅ លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល បានបដិសេធការអះអាងដែលថា អ្នកសារព័ត៌មានកំពុងត្រូវបានគេតាមដាននៅលើអ៊ីនធឺណិត ឬថា ការប្រើប្រាស់ប្រព័ន្ធអនឡាញរបស់ពួកគេត្រូវបានរឹតត្បិតនៅក្នុងប្រទេសកម្ពុជា ។
លោកបាននិយាយយ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលគ្មានពេលតាមដានប្រជាពលរដ្ឋណា ឬអ្នកសារព័ត៌មានណានិយាយអ្វីទេ ។ ម្នាក់ៗមានសេរីភាពរៀងៗខ្លួន [ដើម្បីបញ្ចេញមតិ] ចំណែករាជរដ្ឋាភិបាលមានកិច្ចការងារជាច្រើន[ផ្សេងទៀត]ដែលត្រូវធ្វើ» ។
លោកបានបន្តថា អ្នកលេងបណ្តាញសង្គមម្នាក់ៗត្រូវទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួនឯង ថាតើវាប៉ះពាល់អ្នកដទៃ ឬបំពានច្បាប់ ឬគ្មានក្រមសីលធម៌ ឬយ៉ាងណា ខណៈដែលអ្នកទទួលការខូចខាតមានសិទ្ធិទាមទារយុត្តិធម៌តាមរយៈចំណាត់ការផ្លូវច្បាប់ ។
លោក បូណា បានលើកឡើងថា សព្វថ្ងៃនេះ ប្រជាពលរដ្ឋជាច្រើនបានលើកឡើងពីបំណងចង់ឈប់ប្រើហ្វេសប៊ុកហើយ ពីព្រោះបើកពេលណា ឃើញតែព័ត៌មានបំពុលសង្គមគ្រប់បែបយ៉ាង ដូចជា អ្នកខ្លះបញ្ចេញអារម្មណ៍ អ្នកខ្លះនិយាយកំប្លែង ឬអ្នកខ្លះទៀតជេរប្រមាថអ្នកដទៃ ។
លោកបានមានប្រសាសន៍ថា៖ «នេះសបញ្ជាក់ថា សេរីភាពតាមអ៊ីនធឺណិតមានយ៉ាងពោរពាស ។ តើ ខេមបូចា ចង់បានសេរីភាពយ៉ាងម៉េចទៀត ?» ។ ដោយលោកបានបន្ថែមថា សេចក្ដីព្រាងច្បាប់ប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតមិនមែនជាការបំបិទសិទ្ធិសេរីភាពទេ ។
លោកបានលើកឡើងថា៖ «ប្រជាពលរដ្ឋដែលស្អប់ខ្ពើមបទឧក្រិដ្ឋកម្មគ្រប់ប្រភេទតាមអ៊ីនធឺណិត ទាមទារឱ្យរាជរដ្ឋាភិបាលមានច្បាប់និងចាត់វិធានការលើឧក្រិដ្ឋជន ។ ហេតុអ្វីមានអ្នកប្រឆាំងនឹងច្បាប់នេះ ?»។
នៅក្នុងរបាយការណ៍សន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោក ឆ្នាំ២០២៣ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១៤៧ ក្នុងចំណោម ១៨០ប្រទេស ដោយធ្លាក់ចុះ ៥លេខពីលេខ១៤២ កាលពីឆ្នាំ២០២២ ។ នេះបើយោងតាមអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ដែលបានលើកឡើងថា «ការធ្វើទុក្ខបុកម្នេញពីសំណាក់រដ្ឋាភិបាលមកលើសារព័ត៌មានឯករាជ្យបានកើនឡើង» ។ អង្គការដដែលបាននិយាយថា ប្រការនេះស្ដែងឱ្យឃើញជាពិសេសក្នុងអំឡុងពេលនៅមុនការបោះឆ្នោតកាលពីប៉ុន្មានខែមុននៅឆ្នាំនេះ ។
នៅខែមករា ឆ្នាំ២០២១ អត្រាប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជាមាន ៥២,៦% ដែលកើនឡើង ១៤% បើប្រៀបធៀបនឹងចំនួនអ្នកប្រើប្រាស់អ៊ីនធឺណិតកាលពីឆ្នាំ២០២០ ។
ខណៈដែលកម្ពុជាមានប្រជាជនប្រហែល ១៦,៨លាននាក់គិតត្រឹមឆ្នាំ២០២៣ និយ័តករទូរគមនាគមន៍កម្ពុជាបានរាយការណ៍ថា មានចំនួនអ្នកប្រើប្រាស់អ៊ីនធើណិត ១៨លាននាក់គិតត្រឹមខែកញ្ញា ឆ្នាំ២០២២ ដែលចំនួននេះបង្ហាញពីការធ្លាក់ចុះពី ២០លាននាក់នៅក្នុងឆ្នាំ២០២០ ។ ប្រជាជនភាគច្រើនបំផុតប្រើកម្មវិធីទំនាក់ទំនង ដូចជា Telegram, Signal, WhatsApp និង Facebook Messenger ។
សំណួរស្ទង់មតិត្រូវបានក្រុមស្រាវជ្រាវផ្ញើទៅឱ្យអ្នកសារព័ត៌មានឯករាជ្យដែលបានចុះឈ្មោះ ២០០នាក់ ដោយក្នុងនោះអ្នកសារព័ត៌មាន ៦៥នាក់បានចូលរួមឆ្លើយ ដែលចំនួននេះតំណាងឱ្យ ៣២,៥% នៃប្រជាជនគោលដៅ ។ ការស្ទង់មតិត្រូវបានផ្ញើតាមកម្មវិធីផ្ញើសារ ដូចជា WhatsApp, Signal និង Telegram ។
បន្ថែមលើនេះ ក្រុមស្រាវជ្រាវបានរៀបចំកិច្ចពិភាក្សាជាក្រុមជាមួយបុគ្គលចំនួន ១៥នាក់ ដែលគេស្គាល់ថាមានការចូលរួមនៅក្នុងវិស័យសារព័ត៌មានពលរដ្ឋ សកម្មជនបរិស្ថាន និងការតស៊ូមតិផ្នែកសិទ្ធិមនុស្ស ព្រមទាំងបានសម្ភាសបុគ្គល ៦រូបមកពីរដ្ឋាភិបាល ។
ដោយផ្អែកតាមទិន្នន័យ ជិតពាក់កណ្ដាលនៃអ្នកឆ្លើយតប (៤៥,៦%) បានយល់ស្របថា រដ្ឋាភិបាលតាមដាន«សេរីភាពបញ្ចេញមតិ» ចំណែកឯ ៤៧,៤% នៃអ្នកសារព័ត៌មាន បានសម្ដែងការមន្ទិលសង្ស័យពីការប្រើប្រាស់ឧបករណ៍ច្បាប់ដើម្បីរឹតត្បិតការងាររបស់ពួកគេនៅលើអនឡាញ ។
អ្នកឆ្លើយតបប្រមាណ ២៣,៦% បានលើកឡើងថា ពួកគេមិនមានអារម្មណ៍មានសុវត្ថិភាពពេញលេញទេនៅពេលប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជា ចំណែកឯ ១៩,៣% នៃអ្នកដែលបានស្ទង់មតិបានអះអាងថា ពួកគេមានអារម្មណ៍ថាគ្មានសុវត្ថិភាពទាល់តែសោះ នៅពេលធ្វើការងាររសើបនៅលើអនឡាញ ។
របាយការណ៍បានគូសបញ្ជាក់ថា ភាពឯករាជ្យនៃសារព័ត៌មាននៅកម្ពុជា«នៅមានកម្រិត» ដោយសារថាសារព័ត៌មានមានភាពចម្រុះតិចតួច និងមានអង្គភាពសារព័ត៌មានឯករាជ្យតែមួយចំនួនតូចប៉ុណ្ណោះដែលបន្តប្រតិបត្តិការនៅកម្ពុជា ក្នុងនោះរាប់ទាំង សារព័ត៌មានខេមបូចា និង VOA ។ ការកត់សម្គាល់នេះកើតឡើងបន្ទាប់ពីរដ្ឋាភិបាលបានបិទអង្គភាពសារព័ត៌មានឯករាជ្យ និងការបាត់បង់ឯករាជ្យភាពផ្នែកការងារនិពន្ធនៅក្នុងអង្គភាពសារព័ត៌មាន ដែលបានបណ្ដាលឱ្យមានការប្រែប្រួលយ៉ាងខ្លាំងទៅលើទិដ្ឋភាពសារព័ត៌មានទាំងមូលរបស់ប្រទេសកម្ពុជា ។
របាយការណ៍បានឲ្យដឹងថា៖ «ជារឿយៗ ស្ថាប័នសារព័ត៌មានឯករាជ្យដែលនៅសល់ គឺមានទំហំតូច និងខ្វះខាតធនធាន» ។
របាយការណ៍បានលើកឡើងបន្តថា៖ «វាច្បាស់ណាស់ថា កង្វល់របស់អ្នកសារព័ត៌មានឯករាជ្យពាក់ព័ន្ធនឹងការតាមដានពីសំណាក់អាជ្ញាធរ គឺជាកង្វល់សមហេតុផល ។ ការរាយការណ៍ពីប្រធានបទចម្រូងចម្រាស ដូចជា ជម្លោះដីធ្លីនិងការកាប់បំផ្លាញព្រៃឈើ នៅតែប្រឈមនឹងហានិភ័យខ្ពស់ដដែល» ។
ទាំងលោក ជា វណ្ណដេត រដ្ឋមន្ត្រី និងលោក សូ វិសុទ្ធី ជារដ្ឋលេខានៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ។
ស្របពេលជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ ដែលបានគាំទ្រការលើកឡើងរបស់លោក ប៉ែន បូណា បាននិយាយថា ប្រជាជនតែងតែមានសេរីភាពសម្ដែងមតិរបស់ខ្លួន ដូចដែលឆ្លុះបញ្ចាំងឱ្យឃើញតាមរយៈការសម្ដែងមតិរបស់ខ្លួន ក្នុងនោះរាប់ទាំង«អ្នកដែលផ្សព្វផ្សាយរបាយការណ៍នេះផងដែរ» ។
លោកបាននិយាយថា៖ «ការចេញផ្សាយបែបនេះគឺមានចេតនាលាបពណ៌ក្រោមរបៀបវារៈនយោបាយ ផ្សព្វផ្សាយព័ត៌មានដែលមិនបង្ហាញការពិតត្រឹមត្រូវពីកម្ពុជា ខណៈប្រជាពលរដ្ឋខ្មែរទូទៅរាប់លាននាក់បានដឹងច្បាស់ថា ខ្លួនមានសេរីភាពពេញលេញក្នុងការប្រើប្រាស់នូវមធ្យោបាយដ៏សម្បូរបែប រាប់បញ្ចូលទាំងសេរីភាពអ៊ីនធឺណិតផង ដើម្បីទទួលបាននូវព័ត៌មាន នៅលើអ៊ីនធឺណិត» ។
លោក អស្នារិទ្ធ បាននិយាយថា សិទ្ធិសេរីភាពសារព័ត៌មាន និងការអនុវត្តសិទ្ធិទទួលបានព័ត៌មាននៅកម្ពុជាត្រូវបានលើកកម្ពស់ដោយរាជរដ្ឋាភិបាលពីអាណត្តិមួយទៅអាណត្តិមួយជារៀងរហូតមក ជាពិសេស នៅក្នុងអាណត្តិទី៧នេះតែម្តង ។ ក្រសួងព័ត៌មាន និងក្រសួងស្ថាប័នផ្សេងទៀត បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើសេរីភាពសារព័ត៌មាន ។
លោកបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់លើសេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិឲ្យកាន់តែមានភាពប្រសើរឡើង និងទូលំទូលាយថែមទៀត ដោយលោកគូសបញ្ជាក់ថា អ្នកសារព័ត៌មានត្រូវបានការពារនិងផ្ដល់ការគាំទ្រផ្នែកច្បាប់ រួមជាមួយនឹងការពង្រឹងការបណ្តុះបណ្តាលកសាងសមត្ថភាពដែលធ្វើឡើងដើម្បីពង្រឹងគុណភាពសារព័ត៌មាននៅកម្ពុជា ។
យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២២របស់អង្គការ CCHR ស្ដីពីការឃ្លាំមើលសេរីភាពជាមូលដ្ឋាននៅកម្ពុជា អាជ្ញាធរនៅតែបន្តប្រើប្រាស់នីតិវិធីច្បាប់និងការដាក់ទោសព្រហ្មទណ្ឌប្រឆាំងនឹងប្រជាជន និងអ្នកសារព័ត៌មាន ជាពិសេសដោយរឹតត្បិតសិទ្ធិរបស់ពួកគេក្នុងការអនុវត្តសេរីភាពបញ្ចេញមតិនៅលើអនឡាញ ។
នៅឆ្នាំ២០២២ មានការថយចុះ ៤៥% នៃការរឹតត្បិតគ្រប់ទម្រង់ទៅលើការបញ្ចេញមតិនៅលើអនឡាញ បើធៀបនឹងឆ្នាំ២០២១ ។ ក្នុងចំណោម ៥៨ករណីដែលត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ ៣៤ករណី ត្រូវបានចាត់ទុកជាការរំលោភសិទ្ធិសេរីភាពបញ្ចេញមតិនៅលើអនឡាញ ចំណែកឯ ២៤ករណី ត្រូវគេចាត់ទុកថាជាការរឹតត្បិតលើសិទ្ធិបញ្ចេញមតិនៅលើអនឡាញ ។
របាយការណ៍ដដែលក៏បានទទូចឱ្យភាគីពាក់ព័ន្ធ ជាពិសេស រដ្ឋាភិបាល វិស័យឯក និង ISPs «បញ្ឈប់ការផ្ដោតគោលដៅ»មកលើអ្នករិះគន់រដ្ឋាភិបាល អ្នកសារព័ត៌មាន អ្នកសារព័ត៌មានពលរដ្ឋ អ្នកការពារសិទ្ធិមនុស្ស និងអ្នកប្រើប្រាស់បណ្ដាញសង្គម ជាមួយនឹងការចាប់ខ្លួន ការគំរាមកំហែង និងទម្រង់នានានៃការបៀតបៀននិងការបំភិតបំភ័យ ។
របាយការណ៍ក៏បានស្នើឱ្យរដ្ឋាភិបាលលុបចោលនូវអនុក្រឹត្យស្ដីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ ដែលខ្លួនបានចាត់ទុកថាជា«ប៉ុស្តិ៍ត្រួតពិនិត្យអ៊ីនធឺណិតដែលគ្រប់គ្រងដោយរដ្ឋាភិបាល ដែលបញ្ជាឱ្យ ISPs កំណត់ផ្លូវរបស់ចរាចរណ៍អ៊ីនធឺណិតទាំងអស់» និងតាមដានសកម្មភាពនៅលើអនឡាញ ដែលធ្វើឱ្យមានភាពងាយស្រួលដល់ការបិទខ្ទប់មាតិកា និងគេហទំព័រនានា ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Journalists Association’s Report Claims That Cambodian Government Restricts Digital Rights on the Internet