សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អ្នកសារព័ត៌មានខេត្តកំពង់ឆ្នាំងមួយរូបបដិសេធបទចោទថាញុះញង់ពលរដ្ឋប្រឆាំងយោធា

ម្ចាស់ស្ថានីយវិទ្យុរិទ្ធិសែន លោក សុខ ឧត្តម ត្រូវប៉ូលិសនាំខ្លួនចេញពីតុលាការខេត្តកំពង់ឆ្នាំងបន្ទាប់ពីសវនាការកាលពីថ្ងៃអង្គារ។ឃួន ណារីម
ម្ចាស់ស្ថានីយវិទ្យុរិទ្ធិសែន លោក សុខ ឧត្តម ត្រូវប៉ូលិសនាំខ្លួនចេញពីតុលាការខេត្តកំពង់ឆ្នាំងបន្ទាប់ពីសវនាការកាលពីថ្ងៃអង្គារ។ឃួន ណារីម

ខេត្តកំពង់​ឆ្នាំង៖ ម្ចាស់​ស្ថានីយវិទ្យុ​ប្រចាំ​ខេត្តកំពង់​ឆ្នាំង លោក សុខ ឧត្តម ក្នុង​សវនាការ​កាលពី​ថ្ងៃអង្គារ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ថា​លោក​បាន​ញុះញង់ឲ្យ​ប្រ​ជា​ពល​រដ្ឋ​ក្នុង​ខេត្ត​នេះ​ប្រឆាំង​នឹង​ក្រុម​យោធា ខណៈ​ដែល សាលក្រម​សំណុំរឿង​របស់​លោកគ្រោង​ប្រកាស​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ខាង​មុខ។​

លោក ឧត្តម ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី​១៣ ខែ​ឧសភា និង​រងការ​ចោទ​ប្រ​កាន់ពី​បទ​​ញុះញង់​ តាមរយៈ​ការ​ផ្សាយ​ផ្ទាល់​លើ​​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ ដែល​លោក​បាន​និយាយ​ពី​ក្រុម​យោធាបាន​យក​ដី​សង្គម​កិច្ច​របស់​​ប្រជា​ពល​រដ្ឋ​នៅ​​តំបន់​ដែកជម្រក​សត្វព្រៃ​ភ្នំឱរ៉ាល់។​ ក្រុម​អាជ្ញាធរបាន​ចោទ​ប្រកាន់​លោក​ថា​បាន​ញុះញង់​ឲ្យ​ពល​រដ្ឋ​ប្រឆាំង​នឹង​យោធា និង​ចូល​កាន់​កាប់​ដី​ដោយ​ខុស​ច្បាប់។​

ក្នុងអង្គ​ជំនុំជម្រះ លោក ឧត្តម បាន​បដិសេធការ​ចោទប្រ​កាន់​បទ​ញុះញង់​នេះ និង​បាន​និយាយ​ថា​លោក​គ្រាន់​តែ​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ស្វែង​រក​ដំដោះ​ស្រាយ​ជូន​ប្រ​ជា​ពល​រដ្ឋ​ប៉ុណ្ណោះ។

លោក ឧត្តម បានិយាយ​ក្នុង​អង្គជំនុំជម្រះថា​៖«ខ្ញុំ​បដិសេធការ​ចោទ​ប្រ​កាន់ពីបទញុះញង់ ព្រោះថា​ខ្ញុំ​គ្រាន់​តែ​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ស្វែង​រក​ដំណោះ​ស្រាយ​សម្រាប់​ប្រជា​ពល​រដ្ឋ​ទាំង​នោះ ព្រោះពួក​គាត់​បាន​រស់​នៅ​ទី​នោះ​មុន​ពេល​មាន​ការ​បង្កើត​តំបន់​ដែន​ជម្រក​សត្វព្រៃ​ទៅ​ទៀត»

លោក និយាយ​ថា​ លោក​មិន​បាន​ចាំ​ច្បាស់​ពី​ខ្លឹម​សារ​នៅក្នុង​ការ​ផ្សាយ​ផ្ទាល់​លើហ្វេស​ប៊ុក​របស់​លោក​នោះទេ។ នៅ​ក្នុង​ការ​ផ្សាយ​នោះ លោក​ថា ប្រ​សិន​ជា​រដ្ឋ​ចង់​បាន​ដី​របស់​ប្រជា​ពល​រដ្ឋ គួរ​តែ​យក​ដី​របស់​អភិបាល​ខេត្ត​​មុនគេ។​

ទោះយ៉ាងណា​​ លោក ចៅ​ក្រម អ៊ី ថាវរៈ បាន​និយាយ​ថា​លោក ឧត្តម បាន​និយាយ​ញុះញង់​ប្រ​ជា​ពល​រដ្ឋ។

លោក​ថា៖ «​លោក​បាន​ញុះញង់​ប្រ​ជា​ពល​រដ្ឋ​ ដែល​គ្មាន​សិទ្ធិ​ជាម្ចាស់ស្របច្បាប់ចូល​កាន់​កាប់​ដៃព្រៃ​របស់​រដ្ឋ»។​

លោក ឧត្តម ត្រូវ​បាន​ចោទ​ប្រ​កាន់​តាម​មាត្រា៤៩៥ ពីបទ​ញុះញង់​ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ហើយ​អាច​ប្រ​ឈម​មុខ​នឹង​ការជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​រហូត​ដល់​១ ០០០​ដុល្លារ ខណៈ​រូប​លោក​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​តាំង​ពី​ខែ​ឧសភា មក​ម្លេះ។​

សាក្សីបី​រូប រួម​ទាំង​មន្ត្រី​ជាន់ខ្ពស់​យោធា​ លោក នូ សំរិទ្ធ ដែលជាដើមបណ្តឹង​បានអវត្តមានក្នុងសាវនាការដែល​ត្រូវ​មក​បង្ហាញ​ភស្តុតាង​ប្រឆាំង​នឹង​លោក​ឧត្តម។​

បើ​តាម​ចម្លើយ​របស់​លោក​ សំរិទ្ធ ដែល​បាន​ឆ្លើយ​នៅមុខចៅក្រមស៊ើបសួ​កាលពី​ថ្ងៃទី​១២ ខែ​ឧសភា និង​ត្រូវ​លើក​យក​មក​អាន​ក្នុង​សវនាការ​ថា មាន​អ្នកសារព័ត៌មាន​ប្រមាណជា​ ​៣០​នាក់​កាលពី​ថ្ងៃទី១២ ខែឧសភា ដែលបាន​បំផុស​ប្រ​ជា​ពល​រដ្ឋ​ឲ្យ​ចូល​កាន់​កាប់​ដី​រដ្ឋ​នៅ​ក្នុង​ឃុំជៀប ខេត្ត​កំពង់​ឆ្នាំង ជា​កន្លែង​ដែល​យោធា​បំរុងទុកសាងសង់ទីលាន​​ហាត់​បាញ់ពិត។​

​បើ​តាម​ពាក្យ​បណ្ដឹង​របស់​លោក សំរិទ្ធ បានរៀបរាប់ថា៖ «សកម្មភាព​ទាំង​នោះ​ពិត​ជាបាន​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ​របស់​កងទ័ព និង​បាន​ប្រមាថ​ដល់​ថ្នាក់​ដឹក​នាំ ដូច​នេះសូមស្នើ​តុលាការ​​ដាក់​ទោស​ សុខ ឧត្តម និង​ផ្ដល់​សំណងជំងឺចិត្ត​ជាទឹកប្រាក់​១០០ លាន​រៀល»
សវនាការ​របស់ លោក ឧត្តម ធ្វើឡើង​មួយ​សប្ដាហ៍​បន្ទាប់​ពី​ សវនាការ​របស់​លោក រស់​ សុឃិត ចាងហ្វាង​កាសែត​ជាតិខ្មែរ ដែល​ត្រូវកាត់​ក្ដី​ទាក់ទង​នឹង​បទ​ចោទ​លើ​ការ​ផ្សព្វ​ផ្សាយ​លើ​ហ្វេសប៊ុក​​ទាក់​ទង​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​បំណុល​ដ៏​ច្រើន​លើស​លុប​នៅ​តាម​គ្រួសារ​នីមួយៗ។

កាលពី​ខែ​តុលា លោក សុវណ្ណ រិទ្ធី ម្ចាស់​សារព័ត៌មាន​អនឡាញ​TVFB ត្រូវ​បាន​កាត់​ទោស​​ឲ្យ​ជាប់​ពន្ធនាគារទាក់ទងនឹង​បទ​ញុះញង់ ប៉ុន្តែ​ទោស​នេះ​ត្រូវ​បាន​ព្យួរ។ លោក​ រិទ្ធី ត្រូវ​បាន​ចោទ​ប្រកាន់​លើ​ការ​រាយការណ៍​ពី​ប្រសាសន៍​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ដែល​ផ្ដល់ជាយោបល់​ឲ្យអ្នក​រត់ម៉ូតួឌុប​​លក់​ម៉ូតូ​ដើម្បី​ទិញ​អាហារហូប។ ប្រ​សាសន៍​របស់​ លោក​នាយក​រដ្ឋ​មន្ត្រី​នេះ​ធ្វើ​ឡើង​ដោយ​យោង​ទៅ​លើការ​ធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច តែ​មន្ត្រី​រដ្ឋាភិបាល​បាន​និយាយថា​ ការ​លើក​ឡើង​នេះ​គ្រាន់​ជាការនិយាយ​លេង​របស់​លោក​នាយក​រដ្ឋមន្ត្រីប៉ុណ្ណោះ។​​​

ស្ថានីយវិទ្យុរិទ្ធិសែន របស់​លោក​ឧត្តម ត្រូវ​បាន​ក្រ​សួង​ព័ត៌មានដកអាជ្ញាបណ្ណ​ភ្លាមៗ​បន្ទាប់​ពី​ត្រូវ​ចាប់​ខ្លួន បើទោះបីជា​លោក​មិន​ទាន់​ត្រូវ​បាន​កាត់​ទោសទាក់ទង​នឹង​បទ​ល្មើស​ណាមួយ​​ក៏​ដោយ​​។ ក្នុង​សេចក្ដី​សម្រេច​​របស់​ក្រសួង​ព័ត៌មាន​បញ្ជាក់ថា​លោ​ក​បាន​បំពាន​នឹង​ក្រមសីលធម៌​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន​។​

​ក្នុង​សេចក្ដី​សម្រេច​ដដែល រដ្ឋមន្ត្រី​ក្រ​សួងព័ត៌មាន លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍ថា៖ «​សុខ ឧត្តម ម្ចាស់ស្ថានីយវិទ្យុរិទ្ធិសែន និងព័ត៌មាន​អនឡាញ បាន​ផ្សាយ​បំផ្លើសព័ត៌មាន ញុះញង់​ប្រ​ជា​ពល​រដ្ឋ​ឲ្យ​មាន​អំពើហិង្សា បង្កើត​ការ​រើស​អើស​ពូជសាសន៍ និង​បង្ក​អសន្តិសុខ និង​ចលាចលសង្គម»។​​

មេធាវីការពារក្ដីឲ្យ​លោក ឧត្តម គឺ​លោក អ៊ុន ​ច័ន្ទថុល មាន​ប្រ​សាសន៍ថា​ គ្មាន​ភស្តុតាងណាមួយ​បញ្ជាក់ថា​កូន​ក្ដី​លោក​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់នោះទេ។​

​លោកបន្តថា៖ «​ជា​ធម្មតា​អ្នកសារ​ព័ត៌មាន​គាត់ទៅ​​រាយការណ៍​ព័ត៌មាន​តាម​អ្វី​ដែល​គាត់​បាន​ទទួល ដូច​នេះ យើង​មើលឃើ​ញ​ថា​គ្មាន​ធាតុផ្សំ​សម្រាប់​គាំទ្រ​ដល់​ការ​ចោទ​ប្រ​កាន់​បទញុះញង់​ឲ្យ​ប្រ​ព្រឹត្ត​បទឧក្រិដ្ឋ​នោះទេ»។​

​លោកបន្ថែមថា វា​សមហេតុ​ផល​ជាង ​បើ​យក​ច្បាប់​ស្ដីពីរបបសារព័ត៌មាន​មក​ប្រើ និង​ស្នើ​ឲ្យ​មាន​ការ​កែតម្រូវ បើ​លោក​ឧត្តម បាន​ផ្សាយ​ទៅ​មិន​ត្រឹម​ត្រូវ​។​

​​លោក ច័ន្ទថុល បន្ថែមថា៖ « តាមច្បាប់​ស្តីពី​របប​សារព័ត៌មាន គឺមាន​ការ​តម្រូវ​ឲ្យ​ធ្វើ​ការ​កែ​តម្រូវ​ឡើង​វិញ​ក្នុង​រយៈពេល​ប្រាំពីរ​ថ្ងៃ ប្រសិន​បើ​គាត់​បាន​ផ្សាយ​ចេញ​ព័ត៌មាន​ខុស​»។ ​​

អ្នកស្រី នុត សុវន្ធូរ ភរិយាលោក ឧត្តម អះអាង​ថា​មាន​មន្ត្រីជាន់​ខ្ពស់​យោធាមួយ​ចំនួន​បាន​ស្នើផ្ដល់​ប្រាក់​ឲ្យ​ប្ដី​របស់​អ្នក​ស្រី​​ដើម្បី​ឈប់​ផ្សាយ​រឿង​ទាំងនោះ។ យ៉ាងណា អ្នកស្រីបាន​បដិសេធ​ផ្ដល់​ព័ត៌មាន​លម្អិ​ល​ចំពោះ​ការ​លើកឡើងនេះដោយបារម្ភសុវត្ថិភាពផ្ទាល់ខ្លួង។  អ្នក​​ស្រី ក៏​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​អវត្តមាន​សាក្សី នឹងដើមបណ្តឹងដែល​ត្រូវ​មក​ឆ្លើយ​ដាក់​បន្ទុក​សា្វមីអ្នកស្រី​នៅ​បន្ទប់សវនាការ។

អ្នក​​ស្រីបន្ថែមថា៖ «វាចម្លែកដែលថា​ពួកគេ​ជា​ដើម​បណ្ដឹង ប៉ុន្តែ​ពួកគេមិនមាន​វត្តមាន​ពេលជំនុំជម្រះ»។​

លោក គង់ ច័ន្ទមុនី អ្នក​សម្របសម្រួល​អង្គការសិទ្ធិមនុស្សលីកាដូប្រចាំ​ខេត្ត​កំពង់​ឆ្នាំង ដែលបាន​ចូល​ស្តាប់​សវនាការ​ បាន​និយាយថា ​លោក​ឧត្តម បាន​បំពេញ​ការងារ​របស់គាត់​តាម​វិជ្ជាជីវៈ ដោយ​មាន​អាជ្ញាបណ្ណចេញ​ដោយ​ក្រ​សួង​ព័ត៌មាន។

លោក បន្តថា៖ «អង្គការសង្គមស៊ីវិល​ចង់បាន​សេរីភាព​នៃការ​បញ្ចេញ​មតិដែលការពារ​ដោយ​រដ្ឋធម្មនុញ្ញ»

លោក ណុប វី នាយក​ប្រតិបត្តិ​សម្ព័ន្ធអ្នកសារព័ត៌មានម្ពុជា ហៅកាត់ថាខេមបូចា បង្ហាញក្ដី​បារម្ភ​ចំពោះ​ការ​ប្រើ​ច្បាប់​ក្រមព្រហ្មទណ្ឌ​ប្រ​ឆាំង​នឹង​អ្នកសារព័ត៌មាន​ជា​បន្ត​បន្ទាប់​មក​នេះ។​

លោក បន្ថែមថា៖ «​ខ្ញុំ​គិត​ថា​តុលាការ​គួរ​តែ​ពិនិត្យទ្បើងវិញពី​បទ​ចោទ​ញុះញង់ប្រឆាំង​លោក សុខ ឧត្តម ថាតើ គាត់​បាន​បំផុស​ញុះញង់ប្រ​ជា​ពល​រដ្ឋ​ ហើយបានបង្កឲ្យ​មាន​ចលាចល​ក្នុង​សង្គម ឬប្រ​ឆាំង​អាជ្ញាធរដែរឬទេ»។ គិត​ចាប់ពីខែ​មករា ដល់​ខែ​តុលា ខេមបូចា បាន​កត់ត្រា​ឃើញ​ថា​មាន​អ្នក​សារព័ត៌មាន​ចំនួ​ន​៥៩នាក់​បាន​រង​នូវ​អំពើហិង្សា ចាប់​ខ្លួន សម្លាប់ ឬជាប់​បណ្ដឹង​នៅតុលាការ។ ក្នុង​ចំណោម​នោះ មាន​២៧​នាក់​ត្រូវ​ចាប់​ខ្លួន ប្រាំពីរនាក់​រង​អំពើហិង្សា និង​មាន​ម្នាក់​បាន​ស្លាប់ ដែល​កើត​ចេញ​ពី​អ្វី​ដែល​សមត្ថកិច្ច​បាន​អះអាងថា​ជា​គ្រោះថ្នាក់ចរាចរណ៍។​

142 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម