អាជ្ញាធរខេត្តកំពង់ឆ្នាំងបានអះអាងថាបឹងពោធិ៍ដែលស្ថិតក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច មិនបានប្រគល់ទៅឱ្យក្រុមហ៊ុនឯកជនទេ ខណៈប្រជាពលរដ្ឋសហគមន៍កំពុងស្នើទាមទារដាក់បឹងនោះជាបឹងអភិរក្សរបស់សហគមន៍ ហើយពួកគាត់ព្រួយបារម្ភក្រែងអាជ្ញាធរលក់ឱ្យក្រុមហ៊ុនឯកជន។
លោក លី ឡា ប្រធានជលផលខេត្តកំពង់ឆ្នាំង បានថ្លែងថា បឹងរដ្ឋគឺជាបឹងរដ្ឋហើយមិនអាចទៅដាក់ជាបឹងឯកជនបានទេ ហើយពាក់ព័ន្ធនឹងរឿងហ្នឹងលោកថាមានការឆ្លើយតបពីរដ្ឋបាលថ្នាក់កណ្ដាលម្ដងរួចមកហើយ ជាពិសេសកន្លែងហ្នឹងមិនអាចជាកន្លែងអភិរក្សអ្វីបានទេ។ លោកបានបញ្ជាក់ថា ខាងជលផលគឺធ្វើតែការបង្រ្កាបបទល្មើសផ្សេងៗគឺខាងលោកទៅបង្រ្កាបបទល្មើស ហើយរឿងសហគមន៍គឺនៅហ្នឹងគឺអត់មានទេ គឺពួកគាត់បង្កើតដោយខ្លួនគាត់ទេ។
លោកបន្ដថា៖ «សម្រាប់បងអត់មានទេសហគមន៍នៅហ្នឹង ហើយបទល្មើសអូនកុំភ័យកុំថាគេមិនចូលរួម ឲ្យគាត់តេមកបងម៉ោងប៉ុន្មានក៏បងឲ្យទៅដែរ»។
ចំណែកឯលោក ងិន ហ៊ិន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងបានអះអាងថា ដីបឹងពោធិ៍នៅតែជាបឹងរបស់រដ្ឋហើយរឿងចង់បង្កើតសហគមន៍ទាល់តែមានការព្រមព្រៀងគ្នាពីសមាជិក ពីអាជ្ញាធរភូមិ ពីអាជ្ញាធរឃុំ ពីអាជ្ញាធរស្រុកបានអាចធ្វើទៅបាន មិនមែនពួកគាត់ធ្វើតែមួយក្រុមគាត់ហើយស្នើមកលោក ធ្វើម្ដេចលោកមានសិទ្ធិសម្រេចបាន។
លោកបន្ដថា៖«ខ្ញុំដឹងច្បាស់ថា ដីបឹង ដីបឹងរបស់រដ្ឋ ហើយការគ្រប់គ្រងរបស់មន្ទីរធនធានទឹក»។
ប្រជាសហគមន៍នៅភូមិឡពាង បានអះអាងថា ការលើកឡើងរបស់អាជ្ញាធរគឺជាការឃុបឃិតគ្នាជាប្រព័ន្ធតាំងពីថ្នាក់ភូមិរហូតដល់ថ្នាក់ខេត្ត ដោយសារទង្វើទាំងអស់ហ្នឹងហើយទើបធ្វើឲ្យបឹងវារួមតូចតាំងពី១០០ហិកតាជាងមកនៅសល់ត្រឹម៤៧.២២ហិកតាទេ មូលហេតុដោសារគ្មានអ្នកណាគ្រប់គ្រង។
ប្រជាសហគមន៍បានបន្តថា បឹងជាបឹងរដ្ឋមែនប៉ុន្ដែរដ្ឋមិនបានគ្រប់គ្រងបឹងហ្នឹងហើយនាំគ្នាកាត់លក់អស់២កន្លែងហើយ អ៊ីងចឹងហើយបានជាលោកចង់រក្សាដី៤៧.២២ហិតាហ្នឹងឲ្យគង់វង្ស។ មួយវិញទៀតលោកថាមិនមែនពាក្យថាសហគមន៍មួយម៉ាត់ មិនមែនយកមកគ្រប់គ្រង់ដោយខ្លួនឯងនោះទេ ពាក្យថាសហគមន៍គឺយកមកបម្រើឲ្យប្រជាពលរដ្ឋ។

អ្នកស្រី ស្ងួន ញ៉េន អាយុ៤៧ឆ្នាំ ប្រជាពលរដ្ឋរស់នៅភូមិឡពាង ឃុំតាជេស បានរៀបរាប់ថា ការដែលអាជ្ញាធរលើកឡើងថាមិនអាចប្រគល់បឹងពោធិ៍ទៅជាបឹងសហគមន៍ ប្រជាសហគមន៍នឹងមានផលលំបាកទៅថ្ងៃមុខ ពីព្រោះបើអាជ្ញាធរលប់បឹងអស់ទៅតើប្រជាពលរដ្ឋបានអ្វីហូបបានអ្វីរក។ អ្នកស្រីបន្ដថា ពីដើមមកគេឲ្យប្រជាពលរដ្ឋផ្ដិតមេដៃស្ដារបឹង តែពេលប្រជាពលរដ្ឋផ្ដិតមេដៃឲ្យហើយបែរជាគាត់(អាជ្ញាធរ)ស្ដារយកដីពីក្រោយមកចាក់លប់ផ្នែកខាងមុខបឹងវិញ។
អ្នកស្រី ញ៉េន បន្តថា រឿងនេះហើយដែលធ្វើឲ្យពួកគាត់មានបញ្ហាទៅថ្ងៃក្រោយវាអាចនឹងបាត់បង់ ជាពិសេសការលើកឡើងរបស់ពួកគាត់គឺមិនបានគិតពីប្រជាពលរដ្ឋថាថ្ងៃក្រោយពិបាកអ្វីផង ណាមួយពួកគាត់ពេលធ្វើអ្វីមួយមិនដែលបានពិភាក្សាជាមួយប្រជាពលរដ្ឋទេ ជាពិសេសអ្នកស្រីថាបើទោះបីគេមិនអនុញាត្តឲ្យបង្កើតសហគមន៍ក៏ពួកអ្នកស្រីនៅតែតស៊ូទាមទារដើម្បីកូនចៅជំនាន់ក្រោយ។
អ្នកស្រីនិយាយថា៖«[ប្រជាសហគមន៍]ឃើញពួកខាងអាជ្ញាធរហ្នឹងដើរវាស់ដីទាំងយប់ ហ្នឹងហើយដែលពួកខ្ញុំមានការព្រួយបារម្ភទៅថ្ងៃមុខ»។
អ្នកស្រី អ៊ុំ សុភី ដែលជាសកម្មជនដីធ្លីនិងជាតំណាងសហគមន៍ឡពាង បានប្រាប់ខេមបូចាថា មូលហេតុដែលប្រជាសហគមន៍ចេះតែទាមទារបឹងពោធិ៍មកកាន់កាប់ជាបឹងសហគមន៍ពីព្រោះកន្លងមកបឹងនេះវាក្លាយជាបឹងអាណាធិបតេយ្យ ចង់អ្នកណាឆក់ ដាក់អួន ជីកបៀរក្នុងបឹងបំផ្លាញពូជត្រី គឺមិនមានអាជ្ញាធរណាចេញទប់ស្កាត់ទេ ហើយអ្នកដែលហ៊ានធ្វើសកម្មភាពទាំងនេះសុទ្ធតែបងប្អូននិងខ្សែអាជ្ញាធរក្រៅពីហ្នឹងមិនមានអ្នកណាហ៊ាននោះទេ
អ្នកស្រីថ្លែងទៀតថា ដូច្នេះហើយបានជាប្រជាសហគមន៍ចង់យកបឹងហ្នឹងមកថែរក្សានិងអភិរក្ស ប៉ុន្ដែបែរជាអាជ្ញាធរចោទពួកអ្នកស្រីថាញុះញង់ទៅវិញ អ្នកស្រីបានបញ្ជាក់បន្ថែមថា ការលើកឡើងរបស់អាជ្ញាធរមិនត្រឹមត្រូវឡើយ។
អ្នកស្រីឱ្យដឹងថា៖«ពួកខ្ញុំគ្រាន់តែចង់អភិរក្សបឹងហ្នឹងជាបឹងសហគមន៍ទេ»។
យ៉ាងណាក៏ដោយខេមបូចាបានព្យាយាមទាក់ទងទៅ លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំងដើម្បីសុំការបំភ្លឺពាក់ព័ន្ធនិងរឿងដីបឹងពោធិ៍ ប៉ុន្ដែតេទូរសព្ទចូលគ្មានអ្នកលើក។
ចំណែកអ្នកស្រី ស្វាយ ស៊ីម មេឃុំតាជេស បានថ្លែងថា ដីបឹងពោធិ៍គឺជាដីរបស់រដ្ឋតាំងពីយូរតពីដូនពីតាមកមិនមែនទើបតែឥឡូវនោះទេ ហើយការស្នើសុំដាក់បឹងជាបឹងសហគមន៍ចាំមើលថ្នាក់លើគេអ្នកសម្រេច អ្នកស្រីបញ្ជាក់ថា កាលពី២ខែមុនថ្នាក់លើបាននាំគ្នាមកប្រជុំនិយាយអំពីបញ្ហាបឹងហ្នឹងដែរ ប៉ុន្ដែមិនទាន់មានការសម្រេចណាមួយនៅឡើយទេ ហើយរឿងស្ដារបឹងនេះអាជ្ញាធរបានស្នើឲ្យមានការស្ដារបឹងពោធិ៍ហ្នឹងតាំងពី១០ឆ្នាំមុនមកហើយ ទើបតែបានស្ដារពេលនេះទេ។
អ្នកស្រីបន្ដថា ការលើកឡើងថាអាជ្ញាធរបានយកបឹងពោធិ៍ហ្នឹងទៅលក់មិនមែនជាការពិតឡើយ គ្រាន់តែស្ដារឲ្យវាជ្រៅដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋទូទៅប៉ុណ្ណោះ។
អ្នកស្រីថ្លែងថា៖«ខ្ញុំសុំជម្រាបទៅដល់ពួកគាត់[ប្រជសហគមន៍]ផងថាដីបឹងនេះអត់មានទៅលក់ឲ្យក្រុមហ៊ុនណាទេ ប្រាប់គាត់ផង»។
លោក ឌុច ប៊ុនហេង មេភូមិឡពាង បាននិយាយថា ការលើកឡើងរបស់ប្រជាពលរដ្ឋមួយចំនួនចោទថាអាជ្ញាធរយកដីបឹងពោធិ៍ទៅលក់ឲ្យក្រុមហ៊ុនឯកជនមិនមែនជាការពិតទេវាជាការញុះញង់សុទ្ធសាធ។ លោកបន្តថា អាជ្ញាធរគ្រាន់តែឲ្យក្រុមហ៊នឯកជនកាយធ្វើទំនប់ដើម្បីទប់ទឹកទុកសម្រាប់ឲ្យប្រជាជនទូទៅអាស្រ័យផលមិនមែនដូចជាការនិយាយរបស់មនុស្សមួយចំនួននោះទេ។
លោកបន្ថែមថា៖ «ខ្ញុំជាអ្នកធ្វើកិច្ចការងារអស់ហ្នឹងប៉ុន្ដែរឿងសម្រេចថាទុកបឹងហ្នឹងជារបស់រដ្ឋគឺខាងមន្ទីរធនធានទឹកជាអ្នកចាត់ចែងទេ ខ្ញុំអត់បានដឹងទេ»។
លោក ស្រ៊ន សំឬទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា លោកមិនបានដឹងរឿងហ្នឹងលម្អិតនោះទេ មានអភិបាលរងម្នាក់ដែលគាត់ធ្វើខាងហ្នឹងប៉ុន្ដែគាត់រវល់។
លោកបន្ដថា៖«ប្អូនអាចទាក់ទងទៅអភិបាលស្រុកទៅគាត់ដឹងរឿងហ្នឹងច្បាស់»។
បើតាមលោក វ៉ន ស៊ីផា អភិបាលស្រុកំពង់ត្រាច បានថ្លែងថា ចេះតែនាំអាទិ៍នាំរឿងណាស់ បើវាជាបឹងរដ្ឋគឺបឹងរដ្ឋកុំមកសហគមន៍ស្អីនោះ មកសហគមន៍នាំតែជម្លោះគ្នាទេ។
លោកបន្ដថា៖«អាហ្នឹងសន្សំរឿង កុំសន្សំរឿងអី»។

ពាក់ព័ន្ធនឹងរឿងបឹងពោធិ៍នេះ ព្រះរាជអាជ្ញារង លោក ឡុង ស៊ីថា បានចេញដីកាកោះ សកម្មជន អ្នកស្រី អ៊ុំ សុភី លោក ស្ងួន ញឿន និង អ្នកស្រី អ៊ុន ម៉ុន ត្រូវបង្ហាញខ្លួនដើម្បីសាកសួរក្នុងឆ្នាំ២០២១ ដោយសារឈ្មោះ ប៉ក់ សុទន ដែលបានប្តឹងកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដោយចោទពីប៉ុនប៉ងឃាតកម្ម និងបទបំផ្លិចបំផ្លាញដោយចេតនា។
តុលាការខេត្តកំពង់ឆ្នាំងបានកោះហៅសកម្មជនដីធ្លីបីនាក់ដើម្បីមកសាកសួរជុំវិញការចោទប្រកាន់ពីបទប៉ុនប៉ងឃាតកម្ម និងបទបំផ្លិចបំផ្លាញដោយចេតនា បន្ទាប់ពីក្រុមសកម្មជននេះត្រូវបានចោទប្រកាន់ថា បានប្រើប្រាស់កាំបិត ដើម្បីបំផ្លាញសំណាញ់របស់លោក សុទន ក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច។
ដោយឡែកនៅថ្ងៃទី២៤ខែឧសភានេះក៏មានការប្រកាសសាលក្រមនិងសាលដីកានៅសាលាដំបូងខេត្តកំពង់ឆ្នាំងនិងសាលឧទ្ធរណ៍គឺករណីរបស់លោក រាជ ស៊ីម៉ា និងករណីមួយទៀត គឺករណីរបស់អ្នកស្រី ទួន សេង ដែលបានប្រកាសសាលដីកានៅសាលាឧទ្ធរណ៍ក្នុងក្រុងភ្នំពេញ ប៉ុន្ដែករណីលោក រាជ ស៊ីម៉ា ត្រូវបានលើកពេលដោយសារចៅក្រមជាប់រវល់ រីឯករណីអ្នកស្រី ទួន សេង តាមការបញ្ជាក់របស់លោក ជូង ជូងី ដែលជាមេធាវីការពារក្ដីអ្នកស្រីថា ការប្រកាសសាលដីកានៅសាលាឧទ្ធរហណ៍គឺមិនមានផលវិជ្ជមានណាមួយដែលអាចផ្ដល់ភាពយុត្តិធម៌ឲ្យអ្នកស្រីឡើយ គឺនៅតែឃុំឃាំងបន្ដទៀត។
លោក ជូងី បានប្រាប់ខេមបូចាថា លោកនឹងបន្ដនីតិវិធីទៅតុលាការកំពូលទៀតដើម្បីស្វែងរកយុត្តិធម៌ឲ្យកូនក្ដីលោកទទួលបានការដោះលែង។ លោកបានបញ្ជាក់ថា ការប្រកាសសាលដីកាគឺទាក់ទងនឹងលិខិតដែលអាជ្ញាធរធ្វើការចោទប្រកាន់អ្នកស្រីទួន សេង ដោយមិនចុះហត្ថលេខានិងកាលបរិច្ឆេទឲ្យបានច្បាស់លាស់ ប៉ុន្ដែសាលាដំបូងខេត្តកំពង់ឆ្នាំងនៅតែចាប់កូនក្ដីលោកដាក់ឃុំឃាំងទាំងមិនមានភស្ដុតាងច្បាស់លាស់បើទោះបីដើមបណ្ដឹងបានដកពាក្យបណ្តឹងរួចហើយក៏ដោយ ក៏តុលាការនៅតែមិនព្រមដោះលែងកូនក្ដីលោកដដែល។
លោកបន្ដថា៖«ខ្ញុំចាប់អារម្មណ៍ថា ប្រជាពលរដ្ឋមានកំហុសតែបន្ដិច មន្ដ្រីតុលាការចាប់ថ្នាក់អូសដំណើរដាក់ទោសគាត់ភ្លាម ប៉ុន្ដែអ្នកអនុវត្តច្បាប់បំពានច្បាប់ច្បាស់ក្រឡែត បែរជាអ្នកច្បាប់ដូចគ្នារកវិធីការពារកំហុសឆ្គងដោយអះអាងថាអត់មានខុសឆ្គង អាហ្នឹងហើយដែលធ្វើឱ្យយុត្តិធម៌ស្រុកខ្មែរយើងក្រឡាប់ចក្រ»។
ជាមួយគ្នានេះដែរ លោក អឿង សារិទ្ធ ជាប្ដីអ្នកស្រី ទួន សេង បានប្រាប់ខេមបូចាថា លោកមិនយល់ព្រមជាមួយការប្រកាសសាលដីកានោះទេ ព្រោះរឿងវាមិនត្រឹមត្រូវទេ ហើយចេះតែឃុំខ្លួនប្រពន្ធគាត់បន្តទៀត។
លោកឱ្យដឹងបន្តថា ការកាត់ក្ដីករណីប្រពន្ធលោក គឺវាអយុត្តិធម៌ខ្លាំងណាស់ ព្រោះមនុស្សអត់ត្រូវជាប់ពន្ធនាគារ ហើយណាមួយពាក្យបណ្ដឹងក៍បានដកហើយដែរ។ លោកចង់ឲ្យគ្រប់ក្រសួងជួយអន្ដរាគមន៍ឲ្យមានការដោះលែងប្រពន្ធលោកដោយសារតែគាត់មានជំងឺប្រចាំកាយ ណាមួយការចោទប្រកាន់វាអត់មានភស្ដុតាងអីផង។
លោកបន្ថែមថា៖« ស្នងការដែលដាក់ពាក្យបណ្ដឹងអត់មានលេខរៀងត្រឹមត្រូវ សុំឲ្យអង្គការជួយអន្ដរាគមន៍ឲ្យខ្ញុំផង»។

រីឯអ្នកស្រី ស៊ឹម សោភា ជាមេធាវីការពារក្ដីឲ្យលោក រាជ ស៊ីម៉ា បានអះអាងថា មូលហេតុដែលការប្រកាសសាលក្រមត្រូវបានលើកពេលដោយសារចៅក្រមរវល់ទៅចូលរួមការប្រកាសចូលកាន់តំណែងប្រធានសាលាដំបូងខេត្តមណ្ឌលគីរី ទើបត្រូវលើកពេលហើយការប្រកាសលើកក្រោយនៅមិនទាន់ដឹងពេលវេលាច្បាស់លាស់ទេ ពេលវេលាប្រកាសសាលក្រមលើកក្រោយ ក្រឡាបញ្ជីគេនឹងប្រាប់។
យ៉ាងណាក៏ដោយ អ្នកស្រីមេធាវីបន្តថា អ្នកស្រីរងចាំមើលការប្រកាសសាលក្រមសិនថាវាទទួលបានលទ្ធផលយ៉ាងដូចម្ដេចសម្រាប់កូនក្តី(លោក រាជ ស៊ីម៉ា ) រួចពីបទចោទឬក៏ផ្ដន្ទាទោសទើបអ្នកស្រីបន្ដនីតិវិធីទៀត។
អ្នកស្រីបន្ថែមថា៖ «បើសាលាដំបូងសម្រេចផ្ដន្ទាទោសគាត់[កូនក្តី] យើងនឹងប្ដឹងទៅសាលាឧទ្ធរណ៍ទៀត»។
លោក សំ ចាន់គា មន្ត្រីសម្របសម្រួលអង្គការអាដហុកប្រចាំខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា អ្វីដែលតុលាការធ្វើនេះ តុលាការអត់មានឆន្ទៈក្នុងការស្វែងរកយុត្តិធម៌ដល់ជនជាប់ចោទទេ នៅក្នុងរឿងក្ដីនេះមានមន្ទិលសង្ស័យច្រើនពាក់ព័ន្ធទៅនឹងរឿងចោទប្រកាន់របស់ភាគីមួយចំហៀង។
លោក ចាន់គា បន្តទៀតថា ក្នុងរឿងនេះដែរចេតនារបស់ភាគីបណ្ដឹងនិងអ្នកពាក់ព័ន្ធគឺមានចេតនាធ្វើទុកម្នេញឬបង្រាបទៅលើតំណាងសហគមន៍ឬតំណាងពលរដ្ឋណាដែលហ៊ានតវ៉ាប្រឆាំងទៅនឹងអាជ្ញាធរដូចជាករណីអ្នកស្រី ទួន សេង គឺមានជម្លោះជាមួយអាជ្ញាធរជាមុន មុននឹងកើតរឿងនេះឡើងនិងលោករាជ ស៊ីម៉ា ក៏មានរឿងជម្លោះដែលគាត់ទាមទារការពារបឹងនិងអភិរក្សនេះដែរ អ៊ីចឹងហើយទើបពួកគាត់ជាមុខសញ្ញាដែលអាជ្ញាធរចង់បង្រ្កាប។
លោកបន្ថែមថា៖ «តុលាការបែរជាមិនព្យាយាមរកឲ្យឃើញពីសច្ចៈភាពនិងភាពយុត្តិធម៌ជូនពួកគាត់ទេ បែរជាដាក់បន្ទុកឲ្យជាប់ពន្ធធនាគារ»។
កាលពីថ្ងៃទី៨ ខែកក្កដាសាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសអ្នកភូមិចំនួន៤ នាក់ រួមទាំង អ្នកស្រី សុភី និង លោក រាជ សីម៉ា ឱ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ បំផ្លិចបំផ្លាញដោយចេតនានិងប្រើប្រាស់អំពើហិង្សាលើទ្រព្យសម្បត្តិដែលកាន់កាប់ដោយបុគ្គលម្នាក់ក្នុងឆ្នាំ ២០១២។
នៅក្នុងសំណុំរឿងដាច់ដោយឡែកមួយពាក់ព័ន្ធនឹងក្រុមហ៊ុន KDC តុលាការរាជធានីភ្នំពេញកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២០ បានកាត់ទោសអ្នកស្រី សុភី និងអតីតមេភូមិឡពាង លោក ទូច លី ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ហើយបានផ្តន្ទាទោសសកម្មជនរូបនេះឱ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ បន្ទាប់ពីរកឃើញថាមានទោសពីបទញុះញង់អ្នកភូមិឱ្យធ្វើស្រែចម្ការលើដីរបស់ក្រុមហ៊ុន KDC ដែលជាមានលោកស្រី ជា ខេង ជានាយិកា និងជាប្រពន្ធលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល៕