សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

តុលាការបដិសេធមិនឲ្យលោក កឹម សុខា ចាកចេញពីប្រទេសទៅចូលរួមសន្និសីទអន្តរជាតិ

លោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំងមកដល់តុលាការក្រុងភ្នំពេញដើម្បីចូលរួមសវនាការរបស់លោក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង
លោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំងមកដល់តុលាការក្រុងភ្នំពេញដើម្បីចូលរួមសវនាការរបស់លោក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

សាលាដំបូងរាជធានីភ្នំពេញបានបដិសេធមិនឲ្យលោក កឹម សុខា អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ចាក​ចេញ​ពី​ប្រទេស​ទៅ​ចូលរួម​សន្និសីទ​នៅ​ប្រទេស​អាល្លឺម៉ង់​នៅ​សប្តាហ៍​ក្រោយ​នេះ ខណៈ​​ដំណើរការ​ជំនុំជម្រះក្តីនៅ​តុលាការ​លើសំណុំរឿង​ក្បត់ជាតិ​របស់​លោក​ដំណើរការ​ទៅ​មុខ​យឺត។

អំឡុងពេលសវនាការកាលពីថ្ងៃពុធ តុលាការបានពិភាក្សាដេញដោលសំណើរបស់មេធាវីការពារលោក កឹម សុខា ដែលស្នើឲ្យព្យួរការត្រួតពិនិត្យតាមផ្លូវតុលាការជាបណ្តោះអាសន្ន ដើម្បីអនុញ្ញាតឲ្យលោកបានទៅចូលរួមក្នុងជំនួបកំពូលដំណោះស្រាយសកលនៅទីក្រុងប៊ែរឡាំង។

កាលពីខែកុម្ភៈ ស្ថាប័នគំនិតផ្តួចផ្តើមដំណោះស្រាយសកល( Global Solutions Initiative ) បានអញ្ជើញលោក កឹម សុខា ឲ្យចូលរួមកិច្ចប្រជុំកំពូលដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨និង២៩ ខែមីនា និងធ្វើបាឋកថាអំពីបញ្ហាប្រឈមដែលប្រទេស G20 និង G7 កំពុងជួបប្រទះ។

ប្រធានក្រុមប្រឹក្សាជំនុំជម្រះ កូយ សៅ បានមានប្រសាសន៍ថា៖ «តុលាការសម្រេចបដិសេធសំណើសុំព្យួរការត្រួតពិនិត្យតាមផ្លូវតុលាការ» ប៉ុន្តែបានបញ្ជាក់ ថា លោក កឹម សុខា មានសិទ្ធិចូលរួមសន្និសីទតាមអនឡាញពីកម្ពុជា។

លោក កឹម សុខា ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ចាប់តាំងពីលោកត្រូវបានដោះលែងពីការឃុំខ្លួនបណ្តោះអាសន្នក្នុងខែវិច្ឆិកា ឆ្នាំ២០១៩។ ក្រោមលក្ខខណ្ឌនៃការត្រួតពិនិត្យនេះ លោកមិនត្រូវបានអនុញ្ញាតឲ្យចាកចេញពីប្រទេសកម្ពុជា ហាមធ្វើសកម្មភាពនយោបាយនិងត្រូវតែបង្ហាញខ្លួននៅពេលតុលាការកោះហៅ។

សវនាការជំនុំជម្រះក្តីរបស់លោក ដែលបានចាប់ផ្តើមក្នុងខែមករា ឆ្នាំ២០២០ ត្រូវបានពន្យារពេលម្តងហើយម្តងទៀត ដែលបណ្តាលឲ្យមានការថ្កោលទោសពីក្រុមអង្គការសិទ្ធិមនុស្ស។ ចាប់តាំងពីបន្តសវនាការឡើងវិញកាលពីខែមករា ឆ្នាំ ២០២២ តុលាការបានធ្វើការជំនុំជម្រះត្រឹមមួយលើកក្នុងមួយសប្តាហ៍និងមានរយៈពេល៤ម៉ោងក្នុងសវនាការនីមួយៗ។

លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ និងត្រូវបានចោទប្រកាន់ពីបទសមគំនិតជាមួយមហាអំណាចបរទេសដែលតាមចោទថា បានធ្វើការជាមួយសហរដ្ឋអាមេរិក ក្នុងការប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរដ្ឋាភិបាល។ លោក កឹម សុខា បាន​អះអាង​ថា លោក​ធ្វើ​សកម្មភាព​ស្រប​ច្បាប់និង​តម្លាភាព ដើម្បី​ព្យាយាម​ឈ្នះការ​បោះឆ្នោត។

គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​តាម​ដីកា​របស់​តុលាការ​កំពូល​ក្នុង​ឆ្នាំ២០១៧ ដែលតាម​ចោទ​ប្រកាន់​ថា​ ​​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍ពណ៌​ដូច​គ្នា​។ ជាផ្នែកនៃសេចក្តីសម្រេចនេះ សមាជិកគណបក្សសង្គ្រោះជាតិជាង១០០នាក់ត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយរយៈពេលប្រាំឆ្នាំ។

លោក ចាន់ ចេន ​សហ​មេធាវី​ការពារ​ក្តី​បាន​ប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​សវនាការ​កាលពី​ថ្ងៃ​ពុធ​ថា លោក​សោកស្ដាយ​ចំពោះ​ការ​សម្រេច​ចិត្ត​នេះ។

លោក​មានប្រសាសន៍ថា៖«យើង​ខក​ចិត្ត​ដែល​តុលាការ​បាន​បដិសេធមិនឲ្យ​លោក កឹម សុខា ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​នេះ​ព្រោះ​វត្តមាន​លោក កឹម សុខា នៅ​ទីក្រុង​ប៊ែរឡាំង​នឹង​បម្រើ​ផលប្រយោជន៍​សកល រួម​ទាំង​ផលប្រយោជន៍​របស់​ប្រទេស​កម្ពុជាផងដែរ»

លោក ចាន់ ចេន បានមានប្រសាសន៍ថា កិច្ចប្រជុំកំពូលសកលនេះចង់ឲ្យលោក កឹម សុខា ចូលរួមកិច្ចប្រជុំនេះដោយផ្ទាល់ ព្រោះមានជំនួបតូចមួយចំនួនទៀត ដែលមេដឹកនាំអាចចែករំលែកមតិយោបល់ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា។

ថ្លែងអំឡុងពេលសវនាការ លោក កឹម សុខា មានប្រសាសន៍ថា លោកចង់ចូល រួមដោយផ្ទាល់ ព្រោះ «វាជាប្រធានបទសំខាន់ដែលគេចង់បានវត្តមានរបស់ខ្ញុំនៅទីនោះ» ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមប្រទេស G7 និង G20 និងស្វែងរកដំណោះស្រាយរួមគ្នា។

ទោះ​ជា​យ៉ាង​ណា លោកព្រះរាជ​អាជ្ញា​រង​ ប្លង់ សុផល បាន​ស្នើ​ឲ្យ​លោកចៅ​ក្រម​​បដិសេធ​សំណើ​នេះ ដោយ​លោក​ថ្លែង​ថា ជន​ជាប់​ចោទ​ត្រូវ​តែ​នៅ​ក្នុង​ប្រទេស​ដោយសារនេះគឺជា​បទ​ឧក្រិដ្ឋ។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «សំណើ​សុំ​ព្យួរ​ការ​ត្រួត​ពិនិត្យ​តាមផ្លូវ​តុលាការ​មិន​មាន​ចែង​ក្នុង​នីតិវិធី​ទេ»  ដោយ​កត់​សម្គាល់​ថា លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទសន្និដ្ឋិភាព​ជាមួយ​បរទេស​ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ និង​ស្ថិរភាព​ជាតិ។ លោក​បន្ថែម​ថា ការ​ត្រួត​ពិនិត្យ​តាមផ្លូវតុលាការ​នឹងនៅជាធរមាន​ដដែល​រហូត​ដល់​មាន​សាលក្រម​ស្ថាពរ។

ជាការឆ្លើយតប លោក ផេង ហេង មេធាវីការពារក្តីមានប្រសាសន៍ថា វាមិនចាំបាច់ទុកកូនក្តីរបស់លោកឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការទៀតទេ ព្រោះគាត់បានសហការយ៉ាងពេញលេញជាមួយតុលាការ ជាពិសេសការចូលរួមក្នុងសវនាការ។

លោកបានមានប្រសាសន៍ថា៖ «បើកផ្លូវឲ្យលោក កឹម សុខា គឺដើម្បីចូលរួមកិច្ចប្រជុំដែលជាប្រយោជន៍សង្គមរបស់យើង រួមទាំងទំនាក់ទំនងល្អរវាងសហគមន៍អន្តរជាតិនិងកម្ពុជា»

លោក ស៊ឹង សែនករុណា មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុកមានប្រសាសន៍ថា ស្ថានការណ៍នយោបាយនឹងប្រសើរឡើង ប្រសិនបើលោក កឹម សុខា មានសេរីភាពក្នុងការចូលរួមសន្និសីទអន្តរជាតិ ដែលនឹងបង្ហាញមុខមាត់ដ៏ល្អសម្រាប់កម្ពុជា។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «វាមានសារៈ​សំខាន់​ក្នុង​ការ​ចែក​រំលែក​យោបល់​ជាមួយ​ប្រទេស G20។ ទីពីរ វាគឺជារូបភាពល្អមួយក្នុងការស្តារភាពតានតឹងផ្នែកនយោបាយនៅកម្ពុជាឡើងវិញ»

ដោយឡែក លោកចៅក្រម កូយ សៅ បានប្រកាសថា តុលាការបានទទួលយកភស្តុតាងថ្មីទាំងអស់ដែលបានដាក់ជូនទាំងពីតំណាងអយ្យការនិងមេធាវីការពារក្តី។ សវនាការនឹងបន្តនៅថ្ងៃពុធទី៣០៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Kem Sokha denied permission to leave country to attend international conference

436 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម