នៅក្នុងការឈានមួយជំហានទៀតចាកចេញពីគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយចោលនោះ លោក សុន ឆ័យ អតីតអ្នកតំណាងរាស្ត្រដ៏លេចធ្លោមួយរូបបានប្រកាសកាលពីថ្ងៃអង្គារថា លោកនឹងចូលរួមជាមួយគណបក្សភ្លើងទៀន ដោយជំរុញឲ្យប្រជាពលរដ្ឋកម្ពុជាគាំទ្រគណបក្សប្រឆាំងមួយនេះ។
លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សនេះ បានបញ្ជាក់ពីការចូលរួមរបស់លោក សុន ឆ័យ ហើយបានថ្លែងថា វត្តមានរបស់ឥស្សរជនគណបក្សប្រឆាំងរូបនេះនឹងបង្កើនប្រជាប្រិយភាពគណបក្ស។ លោក សេដ្ឋា បន្តថា តួនាទីរបស់លោក សុន ឆ័យ ក្នុងគណបក្សភ្លើងទៀននៅមិនទាន់បានកំណត់នៅឡើយទេ។
លោក សេដ្ឋា មានប្រសាសន៍ថា៖ «វាជាកម្លាំងចិត្តបន្ថែមដែលនឹងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋនិងអ្នកគាំទ្រ ដោយសារគាត់គឺជាអតីតមន្ត្រីជាន់ខ្ពស់របស់ [CNRP]»។ លោកបានបន្ថែមថា អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិស្ទើរតែទាំងអស់មកពីកូតាគណបក្សសម រង្ស៊ី បានចូលរួមឡើងវិញជាមួយគណបក្សភ្លើងទៀន បន្ទាប់ពីទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ។
លោក សេដ្ឋា បន្ថែមថា៖ «យើងមិនឃើញមានសញ្ញាណាមួយដែលថា គណបក្សសង្គ្រោះជាតិនឹងដំណើរការឡើងវិញនោះទេ ដូច្នេះគណបក្សភ្លើងទៀនកំពុងដំណើរ ការក្នុងក្របខ័ណ្ឌច្បាប់។ ប្រសិនបើមានដំណោះស្រាយដែលឈានដល់ការត្រឡប់មកវិញនៃគណបក្សសង្គ្រោះជាតិ យើងនឹងមានការរួបរួម»។
គណបក្សភ្លើងទៀន ដែលសមាជិកនិងអ្នកគាំទ្រភាគច្រើនមកពីអតីតគណបក្សសង្គ្រោះជាតិត្រូវបានប្តូរឈ្មោះពីគណបក្ស សម រង្ស៊ី បន្ទាប់ពីគណបក្សសម រង្ស៊ី ច្របាច់បញ្ចូលគ្នាជាមួយគណបក្សសិទ្ធិមនុស្ស ដែលដឹកនាំដោយលោក កឹម សុខា។ ការរួមបញ្ចូលគ្នានោះបានបង្កើតជាគណបក្សសង្គ្រោះជាតិដែលទីបំផុតត្រូវបានរំលាយកាលពីឆ្នាំ២០១៧ ដោយតុលាការកំពូល។
បើតាមលោក ថាច់ សេដ្ឋា បានឲ្យដឹងថា បច្ចុប្បន្ន លោក សុន ឆ័យ កំពុងរស់នៅប្រទេសអូស្ត្រាលី ហើយមានគម្រោងត្រឡប់មកកម្ពុជាវិញនៅចុងខែមីនា។ លោក សុន ឆ័យ ដែលធ្លាប់ជាសមាជិកជាន់ខ្ពស់មួយរូបនៃគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយនោះ បានទទួលសិទ្ធិធ្វើនយោបាយឡើងវិញកាលពីឆ្នាំ ២០២០។
អំឡុងពេលលោកកាន់តួនាទីសមាជិកសភាពបក្សប្រឆាំង លោក សុន ឆ័យ ត្រូវបានគេទទួលស្គាល់ចំពោះការខិតខំប្រឹងប្រែងរបស់លោកក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខណៈពេលដែលលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីនិយមនិងសិទ្ធិមនុស្ស។
ក្នុងសេចក្តីប្រកាសអំពីការចូលរួមក្នុងគណបក្សថ្មីនេះ លោក សុន ឆ័យ បានអះអាងថា ការរួបរួមរបស់លោកជាមួយនឹងគណបក្សភ្លើងទៀន គឺជាការស្តារឡើងវិញ។
លោកបានមានប្រសាសន៍ថា៖ «គណបក្សភ្លើងទៀន គឺជាគណបក្សដែលរូបខ្ញុំ ក៏ដូចជាបងប្អូនរួមជាតិជាច្រើនធ្លាប់បានចូលរួមនិងគាំទ្រយ៉ាងសកម្ម ព្រោះជាគណបក្សដែល បម្រើនិងការពារប្រជាពលរដ្ឋខ្មែរបានយ៉ាងត្រឹមត្រូវ»។

លោក អ៊ូ ចន្ទរ័ត្ន អនុប្រធានគណបក្សកំណែទម្រង់កម្ពុជា (CRP) ដែលជាគណបក្សនយោបាយថ្មីដែលបង្កើតឡើងដោយអតីតមន្ត្រីគណបក្សសង្គ្រោះជាតិ បានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់លោក សុន ឆ័យ ក្នុងការចូលរួមក្នុងឆាកនយោបាយឡើង វិញ។
លោក ចន្ទរ័ត្ន មានប្រសាសន៍ថា៖ «ខ្ញុំមិនចង់ឃើញអ្នកនយោបាយដែលមានសក្តានុពលនៅស្ងៀមនោះទេ។ ការសម្រេចចិត្តនេះ គួរតែធ្វើលឿនជាងនេះ ដូច្នេះយើងមានពេលវេលារៀបចំយុទ្ធសាស្រ្តត្រឹមត្រូវក្នុងការបង្រួបបង្រួមឬបង្កើនសក្តានុពលរបស់យើងក្នុងការប្រកួតប្រជែង»។
លោកមានប្រសាសន៍ថា គណបក្សលោកឥឡូវកំពុងមានបញ្ហាប្រឈមក្នុងការដាក់បេក្ខភាពក្រុមប្រឹក្សាឃុំសង្កាត់ ខណៈមនុស្សមួយចំនួនទៅចូលរួមជាមួយគណបក្សផ្សេង។ លោក ចន្ទរ័ត្ន ជឿថា គណបក្សដែលទើបបង្កើតថ្មីផ្សេងទៀតក៏ប្រឈមនឹងបញ្ហាដូចគ្នាដែរ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថ្លែងថា ការចូលរួមរបស់លោក សុន ឆ័យ ជាមួយគណបក្សភ្លើងទៀន មិនបានបង្កការគំរាមកំហែងដល់គណបក្សកាន់អំណាចទេ។
លោក សុខ ឥសាន បានមានប្រសាសន៍ថា៖ «គ្មានអ្វីដែលត្រូវព្រួយបារម្ភសម្រាប់គណបក្សប្រជាជនទេ ហើយយើងស្វាគមន៍គ្រប់គណបក្សនយោបាយដែលចូលរួមការបោះឆ្នោត»។
លោកបានបន្ថែមថា សម្រាប់គណបក្សប្រជាជនកម្ពុជា បច្ចុប្បន្នមិនទាន់មានយុទ្ធសាស្ត្រថ្មីសម្រាប់ការបោះឆ្នោតឃុំសង្កាត់ទេ ព្រោះគណបក្សនេះមានស្រាប់។
បច្ចុប្បន្ន មានគណបក្សនយោបាយចំនួន៤៥កំពុងត្រៀមចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំសង្កាត់និងការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខ។ កម្ពុជានឹងរៀបចំការបោះឆ្នោតឃុំសង្កាត់នៅខែមិថុនាឆ្នាំនេះ និងការបោះឆ្នោតសកលនៅឆ្នាំ២០២៣។
ខណៈពេលការបោះឆ្នោតឃុំសង្កាត់កាន់តែខិតជិតមកដល់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែកុម្ភៈ បានបញ្ជាឲ្យអាជ្ញាធរកុំជ្រៀតជ្រែកសកម្មភាពរបស់គណបក្សនយោបាយទាំងមុនពេលនិងអំឡុងពេលឃោសនាបោះឆ្នោត ដើម្បីការពារលំហប្រជាធិបតេយ្យរបស់ប្រទេសនេះ។
ទោះបីជាយ៉ាងណាក៏ដោយ អង្គការសង្កេតការណ៍បោះឆ្នោតនៅកម្ពុជាបានលើកឡើងកាលពីថ្ងៃអង្គារថា សិទ្ធិនយោបាយនៅតែស្ថិតក្រោមការគំរាមកំហែងនៃការជ្រៀតជ្រែកពីអាជ្ញាធរមូលដ្ឋាន។ ក្រុមអ្នកសង្កេតការណ៍ដូចជា អង្គការខុមហ្វ្រែល បានស្នើឲ្យរដ្ឋាភិបាលធ្វើការបន្ថែមទៀត ដើម្បីធានាថា ការបោះឆ្នោតឃុំសង្កាត់នាពេលខាងមុខប្រកបដោយសេរីនិងយុត្តិធម៌។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយមានប្រសាសន៍ថា ការចូលរួមរបស់លោក សុន ឆ័យ មិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលនោះទេ ដោយសារលោកធ្លាប់ជាមន្ត្រីជាន់ខ្ពស់មួយរូបរបស់គណបក្សសង្គ្រោះជាតិ។
លោក សុវណ្ណារ៉ា មានប្រសាសន៍ថា ក្នុងចំណោមគណបក្សប្រឆាំងថ្មី គណបក្សភ្លើងទៀនគឺជាគណបក្សដែលមានមូលដ្ឋានរឹងមាំបំផុត។
លោកមានប្រសាសន៍ថា៖ «គណបក្សនេះ មានរចនាសម្ព័ន្ធនិងធនធានគ្រប់គ្រាន់ដោយមានមូលដ្ឋានគាំទ្រពីប្រជាពលរដ្ឋកម្ពុជាជាច្រើន។ ដូច្នេះ [លោក ឆៃ ] មានឱកាសទទួលបានប្រជាប្រិយភាពឡើងវិញ ខណៈពេលគណបក្សនេះនៅតែមានតម្លៃនិងទាក់ទាញការគាំទ្រ»។
លោក សុវណ្ណារ៉ា បានបន្ថែមថា ស្របពេលដែលមិនអាចប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាបាន គណបក្សតូចៗមួយចំនួននឹងទទួលបានតំណែងក្រុមប្រឹក្សាឃុំសង្កាត់ខ្លះ។ ទោះយ៉ាងណា លោកមិនជឿថា នឹងមានការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ដែលទទួលស្គាល់ដោយសង្គមប្រជាធិបតេយ្យនោះទេ។
លោក សុវណ្ណារ៉ា បានមានប្រសាសន៍ថា៖ «គណបក្សទាំងនេះមិនអាចប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាដូចអតីតគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយនោះទេ ហើយក៏គ្មានគណបក្សណាមានកម្លាំង ដើម្បីប្រកួតប្រជែងការបោះឆ្នោតដែរ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Key former CNRP lawmaker Son Chhay joins Candlelight Party, boosting profile