សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ក្រសួងការងារកូរ៉េស្នើឱ្យក្រសួងការងារកម្ពុជាកាត់បន្ថយពលករនិងពិនិត្យឱ្យបានត្រឹមត្រូវមុនបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសកូរ៉េ

ពលករខ្មែរចុះនៅព្រលានយន្ដហោះ អ៊ីនឆន នៃប្រទេសកូរ៉េ ដើម្បីធ្វើការនៅរោងចក្រប្រទេសកូរ៉េ។ រូបថតថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន
ពលករខ្មែរចុះនៅព្រលានយន្ដហោះ អ៊ីនឆន នៃប្រទេសកូរ៉េ ដើម្បីធ្វើការនៅរោងចក្រប្រទេសកូរ៉េ។ រូបថតថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២។ ខេមបូចា/ ឃាង សុខមាន

ក្រសួងការងារកូរ៉េដាក់សំណើរមកក្រសួងការងារខ្មែរឱ្យកាត់បន្ថយ​ពលករ និងត្រូវរៀបចំឱ្យ​បាន​ល្អ​ប្រសើរ​មុននឹងបញ្ជូនទៅធ្វើការ បន្ទាប់ពីពលករខ្មែរចាកចេញពីប្រទេសកូរ៉េ​ដោយអ្នក​ខ្លះ​មិន​ជូន​ដំណឹងដល់ថៅកែ ខណៈអ្នកនាំពាក្យក្រសួងការងារកម្ពុជាថា​កំពុងដោះស្រាយ​បញ្ហា​រឿង​​ពលករជាមួយភាគីកូរ៉េដើម្បីបានបញ្ជូនពលករធម្មតាវិញ។

បើតាមលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រាប់ ខេមបូចា តាមតេឡេក្រាមថា ចាប់ពីថ្ងៃទី២៣ដល់២៥ខែសីហា ពលករខ្មែរធ្វើការនៅកូរ៉េបាន​សម្រុកចេញ​មកកម្ពុជាចំនួនជាង៤០០នាក់។ លោកបន្តថា ពលករខ្មែរទាំងនោះខ្លះសុំច្បាប់​ថៅកែថាឪពុកម្តាយឈឺធ្ងន់និងខ្លះទៀតសុំច្បាប់ថៅកែឈប់មិនបានក៏ពួកគេសម្រេចចិត្តបោះបង់ការងារចោល និងត្រឡប់មកកម្ពុជាវិញ។

លោកបញ្ជាក់ថា ការចាកចេញរបស់ពួកគេគឺដោយសារជឿលើការឃោសនាអកុសល​បែប​អបិយជំនឿ និងមិនសមហេតុផលរបស់លោក ខឹម វាសនា។ លោក ហេង សួរ បន្តទៀតថា ការណ៍​នេះធ្វើឱ្យក្រុមហ៊ុនកូរ៉េមួយចំនួនបានប្តឹងទៅក្រសួងការងារកូរ៉េដោយស្នើឱ្យកាត់បន្ថយ​ពលកររបស់កម្ពុជាដែរ ប៉ុន្ដែលោកមិនអាចបញ្ជាក់ថាតើមានចំនួនក្រុមហ៊ុនប៉ុន្មានទេ ដែល​បាន​ប្តឹង​​ទៅក្រសួងការងារកូរ៉េ។

អ្នកនាំពាក្យក្រសួងការងារថ្លែងថា៖ «យើងកំពុងធ្វើការជាមួយភាគីពាក់ព័ន្ធឱ្យ​មានការ​យោគ​យល់​លើករណីនេះ។ យើងបានចាប់ផ្តើមបញ្ជូនវិញជាធម្មតាហើយ។ បងប្អូនយើងភាគច្រើន​លើសលប់បានយល់ និងបង្កើនការប្រុងប្រយ័ត្នលើការឃោសនានានា»

លោក  ហេង សួរ  បញ្ជាក់ថា៖ «គេ[ក្រុមហ៊ុនកូរ៉េ]បានប្តឹងទៅក្រសួងកាងារកូរ៉េនិងបាន​សំណូមពរ​ឱ្យក្រសួងការងារកូរ៉េកាត់​បន្ថយចំនួនពលករយើង។ យើងបានខិតខំសុំការ​យោគ​យល់ពីនិយោជកកូរ៉េ​ហើយសន្យាថា​នឹងអប់រំបងប្អូនយើងបន្ថែម»

 លោក  ហេង សួរ បានបន្ថែមថា បច្ចុប្បន្នពលករខ្មែរដែលធ្វើការនៅប្រទេសកូរ៉េមាន​ជាង​៥ម៉ឺន​នាក់និងកំពុងបញ្ជូនបន្ដទៀតដោយសារតែប្រទេសកូរ៉េកង្វះពលករខ្លាំង។

អ្នកស្រី លី​ សូប៊ិន  អ្នកបកប្រែនិងជាអ្នកទទួលបន្ទុកពលករដែលឡើងពីប្រទេសខ្មែរ​និង​មន្ត្រីផ្នែក​អប់រំ​នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈកូរ៉េ បានប្រាប់ ខេមបូចា ឱ្យដឹងថា ក្នុងរយៈ​ពេល​ប៉ុន្មាន​ថ្ងៃមុននេះ មានពលករខ្មែរជាច្រើននាក់បាននាំគ្នាសម្រុកចេញ​ពី​ប្រទេស​កូរ៉េដោយ​ប្រញាប់ បើទោះបីជាមិនទទួលបានប្រាក់បំណាច់ឆ្នាំពីថៅកែក៏ដោយ។

អ្នកស្រីបន្ដថា ដោយសារហេតុដូច្នេះហើយក៏មានថៅកែជាច្រើនបាននាំគ្នា​ដាក់ពាក្យ​បណ្ដឹង​ទៅ​ក្រសួងការងារកូរ៉េ ប៉ុន្ដែមានចំនួនប៉ុន្មានមិនដឹងចំនួនច្បាស់លាស់នោះទេ។ ដោយសារ​តែអ្នកស្រីទទួលបន្ទុកតែផ្នែកទទួលពលករពីខ្មែរឡើងទៅនិងអប់រំមុននឹងទៅធ្វើការ។ ហើយ​អ្នកស្រីក៏មានក្ដីបារម្ភផងដែរថា ខាងកូរ៉េអាចនឹងកាត់បន្ថយពលករខ្មែរ និងអាចមានវិធានការ​អ្វីផ្សេងទៀត ពីព្រោះឥឡូវមានថៅកែកូរ៉េបាននាំគ្នាច្រានចោលពលករខ្មែរខ្លះៗ​ដោយទៅយក​ពលករ​ប្រទេសផ្សេងជំនួសវិញ។

អ្នកស្រី សូប៊ិន បន្ដថា៖ «ខ្ញុំមិនសូវជាដឹងច្បាស់ទេបង ដោយសារខ្ញុំកាន់ផ្នែកអប់រំនិងទទួល​ពលករខ្មែរយើងដែលបានឡើងមកធ្វើការនៅកូរ៉េ។ ហើយរឿងថៅកែដាក់ពាក្យប្ដឹង​ហ្នឹង​ច្បាស់​ជាមានច្រើនបង ប៉ុន្ដែចំនួនប៉ុន្មានខ្ញុំអត់ដឹងច្បាស់ទេ»។​ អ្នកស្រីបន្ថែមថា «គ្រាន់តែថាខ្ញុំមាន​ការព្រួយបារម្ភ​ដែរបង កាលណាពលករគាត់ធ្វើចឹងវាប៉ះពាល់ខ្លាំងដល់ប្អូនក្រោយៗ​ដែល​ពួកគាត់​ចង់ឡើងមក តែដោយសាររឿងហ្នឹង[ទឹកជំនន់]អ្នកខ្លះថៅកែយកហើយ ក៏ច្រាន​ចោល​វិញ គ្នាខំរៀនអស់លុយម៉ាគំនរហើយបែរជាថៅកែច្រានចោលបែបនេះ»

លោក សាន វិបុល អាយុ២៩ឆ្នាំ ជាពលករដែលបានចាកចេញពីប្រទេសកូរ៉េ​កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ បាននិយាយថា លោកបានគាំទ្រគណបក្សសម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ​តាំងពីយូរមកហើយ ហើយលោកតែងតែតាមដានរាល់សកម្មភាពរបស់គណបក្ស ជាពិសេស​ការពន្យល់ធម៌របស់លោក ខឹម វាសនា ហើយរឿងលិចទឹកជំនន់លោកពិតជាជឿថា មានមែន​ទើបលោកប្រញាប់មកពីប្រទេសកូរ៉េ។

លោក វិបុល បន្ដថា៖ «បាទបងខ្ញុំបានមកខ្មែរតាំងពីថ្ងៃ២៦មកម្ល៉េះ ដោយសារតែគិតថា​វាពិត​ជា​មានរឿងកើតឡើងដូចលោកពូ ខឹម វាសនា និយាយមែន។ បានហើយបងខ្ញុំសុំឆ្លើយនឹង​បងប៉ុ​ណ្ណឹងចុះ»

ប្រជាពលរដ្ឋធ្វើដំណើរលើដងផ្លូវ ខាងមុខក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងរាជធានីភ្នំពេញ។ រូបថតថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

លោក ផង់ វិបុល អាយុ៣០ឆ្នាំ ជាពលករទៅធ្វើការនៅប្រទេសអស់រយៈពេល២អាណាត្ដិ បាន​រៀបរាប់ថា លោកក៏មិនដឹងច្បាស់ដែរថា ការចាកចេញដោយប្រញាប់របស់បងប្អូនពលករ​ ចាកចេញដោយសាររឿងអីច្បាស់នោះទេ។ គ្រាន់តែដឹងថា ដោយសារការឃោសនា​របស់​ប្រធានគណបក្សLDP។ លោកបន្ដថា ការចាកចេញនេះវាបានប៉ះពាល់ដល់ពលករផ្សេងៗ​ទៀតដែលចង់មកបម្រើការងារនៅប្រទេសកូរ៉េ។

ពលកររូបនេះបន្ដថា៖ «ខ្ញុំមិនសូវដឹងច្បាស់ទេបង ប៉ុន្ដែថាការចាកចេញរបស់ពលករ​យើង​វាបានប៉ះពាល់ដល់ពលករដទៃទៀត ជាពិសេសពលករដែលគ្នាកំពុងរង់ចាំឡើងមក ដោយ​សារតែរឿងហ្នឹងអ្នកខ្លះថៅកែច្រានចោល ហើយ គាត់ទៅយកពលករប្រទេសផ្សេង​ជំនួស​​វិញ»

ចំណែកឯពលករម្នាក់ទៀតដែលបានចុះកិច្ចសន្យារួចហើយ លោក ហាច់ គឹមហុង អាយុ​២៨ឆ្នាំ រស់នៅស្រុកបាកាន ខេត្តពោធិ៍សាត់  បាននិយាយទាំងការព្រួយបារម្ភថា លោកបាន​ចុះកិច្ចសន្យាការងារកាលពីម្សិលមិញរួចហើយ ប៉ុន្ដែលោកខ្លាចតែដោយសារតែ​រឿងពលករ​សម្រុកចាកចេញភ្លាមៗអាចធ្វើឱ្យថៅកែច្រានចោលវិញ។ លោកថា បើសិនជាមិនច្រានចោល​ជារឿងល្អ តែបើច្រានចោល​គឺចប់តែម្ដងមិនដឹងពេលណាថៅកែយកវិញ។

លោក គឹមហុង បន្ដថា៖ «ខ្ញុំចុះកិច្ចសន្យាការងារនិងថៅកែម្សិលមិញហើយបង ​ប៉ុន្ដែមិនដឹង​ម៉េចម៉ា​ទេបង ពីព្រោះមិត្តភក្ដិខ្ញុំ ដែលថៅកែរើសដំណាលខ្ញុំ គេច្រានចោលវិញ​បាត់ហើយ​ដោយសាររឿងចាកចេញរបស់ពលករយើងបង»

លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភា បានថ្លែងពន្យល់អ្នកសារព័ត៌មាន ខេមបូចា ថា ការសម្រុកចាកចេញរបស់ពលករកូរ៉េក្នុងរយៈពេលខ្លីនេះ​ មិនសូវជាប៉ះពាល់​សេដ្ឋកិច្ចជាតិប៉ុន្មាននោះទេ ប៉ុន្ដែអ្វីដែលប៉ះពាល់ខ្លាំងនោះគឺមុខមាត់និងកិត្តិយសរបស់កម្ពុជា ដែលជាប្រទេសមានការទទួលខុសត្រូវខ្ពស់ ប៉ុន្ដែត្រូវបានទទួលការមិនទុកចិត្តពី​បណ្ដា​ប្រទេស​ជាដៃគូរដោយសារតែបញ្ហាការចាកចេញពីប្រទេសកូរ៉េ។

លោក សេរីវឌ្ឍន៍  បន្ថែមថា៖«ខ្ញុំគិតថាការចាកចេញរបស់ពលករកូរ៉េវាមិនសូវជាប៉ះពាល់​សេដ្ឋកិច្ចធ្ងន់ធ្ងរដល់កម្ពុជាទេ ប៉ុន្ដែអ្វីដែលបានប៉ះពាល់នោះគឺមុខមាត់​និងកិត្តិយសរបស់​កម្ពុជាដែលជាប្រទេសមានការទទួលខុសត្រូវខ្ពស់ក្នុងការបញ្ជូនពលករទៅក្រៅប្រទេស។ ហើយប្រមុខរដ្ឋាភិបាលក៏បានចេញមុខសុំទោសទៅបណ្ដាប្រទេសដែលមានពលករខ្មែររួចហើយផងដែរ»។

រីឯលោក មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័នភាព​ការងារ និង​សិទ្ធិមនុស្ស​ (Central) បានមានប្រសាសន៍ថា ការចាកចេញរបស់ពលករខ្មែរពីប្រទេសកូរ៉េ​ដោយសារ​រឿងជំនឿដែលជារឿងមិនគួរកើតមាននោះទេ ពីព្រោះសម័យនេះជាសម័យវិទ្យាសាស្រ្ដ ​បើ​សិន​ជាមានរឿងហ្នឹងកើតឡើងមែន អង្គការ ណាសា នឹងប្រកាសអាសន្នហើយ ដូច្នេះ​វាមិន​អាច​មានដូចការឃោសនារបស់លោក ខឹម វាសនា បានទេ។

លោកបន្ដថា ការ​ចាក​ចេញ​របស់​ពលករពិតណាស់ វានឹងប៉ះពាល់ដល់ប្រយោជន៍​របស់​ពលករ​និងប្រយោជន៍ជាតិ ជាពិសេសបើសិនជាអ្នកចាកចេញមកដោយមានការ​សុំច្បាប់ត្រឹមត្រូវ​គឺ​មិន​​អីទេ ប៉ុន្ដែពលករដែលចាកចេញដោយមិនមានការអនុញ្ញាត​ពីថៅកែ ពួកគេមិនអាច​ត្រឡប់​​ទៅ​វិញ​បាន ហើយអាចជាប់ឈ្មោះក្នុងបញ្ជីខ្មៅបន្ថែមទៀត និងប៉ះពាល់ដល់​ពលករ​ផ្សេងៗ​ទៀតដែលមានបំណងទៅធ្វើការនៅប្រទេសកូរ៉េ។

លោក តុលា មានប្រសាសន៍ថា៖ «ជាការយល់ឃើញរបស់ខ្ញុំការចាកចេញដោយសារជំនឿ​ វាមិនត្រឹមត្រូវឡើយ ពីព្រោះព្រះពុទ្ធសាសនាជឿលើកម្មផល។ ហើយការចាកចេញរបស់​ពួកគាត់​វាបានជះឥទ្ធិពលខ្លាំងដល់ពលករផ្សេងទៀត ដែលពួកគាត់កំពុងមាន​បំណងចង់​ទៅ។ ហើយមិនដឹងថាថៅកែទាំងនោះអាចនឹងបន្ដយកពលករខ្មែរយើង​ទៀតឬអត់? បើនៅ​យកគឺជារឿងល្អ តែបើឈប់យកវានឹងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិយ៉ាងខ្លាំង»

នៅថ្ងៃទី៣១ ខែសីហា​ នៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មី​ចំនួន២​ក្នុង​រាជធានី​ភ្នំពេញ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន មានប្រសាសន៍ថា សូមកុំឱ្យ​រដ្ឋាភិបាល​នៃប្រទេស​ទាំងអស់ដែលមានពលករធ្វើការនៅក្នុងប្រទេសរបស់ខ្លួនដាក់ពាក្យ​បណ្តឹងទាមទារសំណង​ពីរដ្ឋាភិបាលកម្ពុជា​ឬពីពលករដែលរត់ចោលការងារ។

លោក​នាយករដ្ឋមន្ត្រីបានបន្តថា៖ «សូមកុំផ្សារភ្ជាប់ពលករកម្ពុជាដទៃទៀតជាមួយពលករ​ដែលធ្វើកំហុសដោយសារការចាញ់បោករបស់ លោក ខឹម វាសនា ដែលបានតាំងខ្លួន​ជា​ព្រះព្រហ្ម នៅប្រទេសកម្ពុជា»។ លោកបានបន្ថែមសារយ៉ាងខ្លីថា៖ «បើឯកឧត្ដម ខឹម វាសនា ធ្វើនយោបាយដោយយកអបិយជំនឿបែបនេះ គឺនឹងចាញ់»។

លោក ហ៊ុន សែន បន្ថែមទៀតថា ទាក់ទងនឹងបញ្ហានេះ លោកក៏បានស្នើទៅខាងក្រុមហ៊ុនកូរ៉េ  ជប៉ុន  និងថៃ សុំកុំប្តឹងតាមផ្លូវច្បាប់លើរដ្ឋាភិបាលកម្ពុជា​និងពលករដែលរត់ចោលការងារ​នា​ពេលថ្មីៗនេះអី។ 

​គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ លោក​ ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បានតាំងខ្លួនថាជា[ព្រហ្មរក្សាលោក] និងបាន​ទស្សទាយថាមានទឹកជំនន់​លិចពិភពលោក ហើយមានតែដីចម្ការម្រេចរបស់លោក​នៅ​ក្បែរ​ជើងភ្នំគូលែន ខេត្តសៀមរាប ប៉ុណ្ណោះដែលមិន​ជន់​លិច។ លោក ខឹម វាសនា បានហៅ​សមាជិក​របស់ខ្លួន​ឱ្យមកផ្តុំគ្នានៅ​ចម្ការ​នោះ​ដើម្បីរួចផុតពីការជន់លិចដែលជាហេតុ​ធ្វើឱ្យ​អ្នកគាំទ្រ​លោកទាំងក្នុងស្រុក​និងក្រៅ​ស្រុក នាំគ្នាសម្រុកទៅទីនោះ៕

729 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម