សាលាដំបូងខេត្ដក្រចេះបានចេញដីកាកោះហៅពលរដ្ឋ៦នាក់តាមបណ្ដឹងរបស់ក្រុមហ៊ុនឯកជនចំនួនពីរ ឱ្យចូលបំភ្លឺពាក់ព័ន្ធនឹងដំណើររឿង«រំលោភកាន់កាប់ទ្រព្យសម្បត្ដិរដ្ឋដោយខុសច្បាប់ និងបទហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត»ដែលប្រព្រឹត្ដលើដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន អំឡុងឆ្នាំ២០២៤ រហូតបច្ចុប្បន្ន ខណៈពលរដ្ឋច្រានចោលការចោទប្រកាន់នេះថា គ្មានមូលដ្ឋានដោយទាមទារឱ្យបង្ហាញភស្ដុតាងលើអង្គហេតុ។
យោងតាមដីកាដែលពលរដ្ឋទទួលបានកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ដោយតំណាងអយ្យការសាលាដំបូងខេត្ដក្រចេះ លោក គឺ ប៊ុណ្ណារ៉ា បានបង្ហាញថា ជនសង្ស័យ៦នាក់ និងមេភូមិកោះច្បារ និងមេឃុំកោះខ្ញែរ ជាសាក្សី ឱ្យចូលមកសាលាដំបូងខេត្ដក្រចេះនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ដើម្បីបំភ្លឺពីដំណើររឿង«រំលោភកាន់កាប់ទ្រព្យសម្បត្ដិរដ្ឋដោយខុសច្បាប់ និងបទហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត»ដែលប្រព្រឹត្ដលើដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន កាម៉ាដេនូ និងក្រុមហ៊ុន អិន ខេ អំឡុងឆ្នាំ២០២៤ រហូតដល់បច្ចុប្បន្ន។
លិខិតដដែលបន្ដថា សាមីខ្លួនត្រូវមកតាមដីកានេះឱ្យទាន់ពេលវេលា និងយកលិខិតផ្សេងៗដែលទាក់ទងនឹងរឿងខាងលើមកជាមួយផងប្រសិនបើមាន។
ជនសង្ស័យរួមមាន លោក ស៊ឹង ករុណា លោក ឌុច សាគី លោក ភេម ឡៃ អ្នកស្រី អ៊ែល រ៉ូហ្សា លោក អ៊ុន សុខំ លោក ប្រុក ភារម្យ និងមេភូមិកោះ និងមេឃុំកោះខ្ញែរ ជាសាក្សី។
ជុំវិញការចេញដីកានេះ លោក អឿន សំអុល ព្រះរាជអាជ្ញារងសាលាដំបូងខេត្ដក្រចេះ ថ្លែងប្រាប់ ខេមបូចា នារសៀលថ្ងៃទី២៣ ខែសីហា ថា សម្រាប់សំណុំរឿងនេះ គឺលោកមិនដឹងនោះទេដោយលោកថា ព្រះរាជអាជ្ញារូបណាអ្នកចេញគឺជាអ្នកទទួលខុសត្រូវ។ លោកបន្ថែមថា ក្នុងពេលនេះ គឺគ្រប់គ្នាមិនបានដឹងសាច់រឿង ព្រមទាំងអ្នកនាំពាក្យតុលាការផងដែរ។
លោកថ្លែងថា៖ «ខ្ញុំអត់ដឹងរឿងទេបង។ តំណាងអយ្យការអ្នកចេញដីកាហ្នឹង គឺគាត់អ្នកទទួលខុសត្រូវ បងមកសួរខ្ញុំក៏អត់ដឹងដែរ។ រឿងនេះអ្នកនាំពាក្យក៏គាត់អត់ដឹងដែរបង»។
លោក អ៊ុក សាវី អាយុ៧៨ឆ្នាំ មេឃុំកោះខ្ញែរ និងជាសាក្សីដែលត្រូវចូលបំភ្លឺនៅថ្ងៃទី២៧ខែសីហាបានប្រាប់ ខេមបូចា ថា លោកនឹងចូលរួមជាសាក្សីក្នុងសំណុំរឿងនេះ។ មេឃុំរូបបន្ដថា ពលរដ្ឋបានមករស់នៅតំបន់មានជម្លោះជិត១០០គ្រួសារប៉ុណ្ណោះ មុននឹងរដ្ឋកាត់ដីឱ្យក្រុមហ៊ុនឆ្នាំ២០០៨ និង២០០៩ ប៉ុន្ដែពលរដ្ឋខ្លះទើបតែមកនៅក្រោយឆ្នាំ២០០៨ដោយបាននាំគ្នាទន្ទ្រានដីក្រុមហ៊ុនដោយកាលនេះក្រុមហ៊ុនមិនទាន់ឈូសឆាយនៅឡើយ។ តែយ៉ាងណាលោកថា ក្នុងនាមអាណាព្យាបាលចង់ឱ្យប្រើការវិធានក្រៅប្រព័ន្ធតុលាការជំនួសវិញ។
លោកបន្ដថា៖ «បាទខ្ញុំដឹងរឿងអស់ហ្នឹង ព្រោះខ្ញុំធ្វើមេឃុំយូរហើយ ទើបគេឱ្យធ្វើសាក្សី។ ខ្ញុំចង់ឱ្យដោះស្រាយគ្នាក្រៅតុលាការវិញ»។
យោងតាមលិខិតបំភ្លឺមួយរបស់រដ្ឋបាលស្រុកសំបូរចេញកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅបញ្ជាក់ថា ក្រុមហ៊ុន កាម៉ាដេនូ វេនឈ័រ និងក្រុមហ៊ុន អិន ខេ អេហ្គ្រី បានទទួលសិទ្ធិវិនិយោគដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលតាមរយៈលិខិតចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០០៩ និងលិខិតចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០១០ និងបានចុះបញ្ជីដីឯកជនរបស់រដ្ឋនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១០ និងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣។
ក្នុងលិខិតដដែលបន្ដថា ក្នុងឆ្នាំ២០២២ដីក្រុមហ៊ុនដែលបានឈូសឆាយដើម្បីដាំដុះប្រមាណ៥០០ហិកតា និងមានប្រជាពលរដ្ឋ៨១គ្រួសារចូលដាំដុះនឹងអាស្រ័យផលលើដីដែលឈូសឆាយរួច។ យ៉ាងណាលិខិតរដ្ឋបាលបានបញ្ជាក់ថា ពលរដ្ឋ៨១គ្រួសារក្នុងនោះមាន៤៥គ្រួសារព្រមចាកចេញក្រោយប្រមូលផលរួច និង៣២គ្រួសារបានប្រគល់ឱ្យក្រុមហ៊ុនវិញ សល់៤គ្រួសារមិនព្រមទទួលយកដោយនៅតែបន្ដទាមទារកាន់កាប់បន្ដ ខណៈរដ្ឋបាលស្រុកនឹងបន្ដសម្របសម្រួលដោយសន្ដិវិធី និងបត់បែន។
ខេមបូចា មិនអាចសុំការបំភ្លឺពីក្រុមហ៊ុន កាម៉ាដេនូ និងក្រុមហ៊ុន អិន ខេ ក្រុមហ៊ុន ដែលជាដើមបណ្ដឹងបាននោះទេដោយទូរសព្ទចូលគ្មានអ្នកទទួល ប៉ុន្ដែអភិបាលរងស្រុកសំបូរ ចេង គឹមជប់ បញ្ជាក់ថា សព្វថ្ងៃនេះក្រុមហ៊ុនដែលកំពុងដាំដុះអំពៅលើដីនេះជាក្រុមហ៊ុន កសិកម្មយុវជន ស្វាយរៀង តែលោកមិនបានបញ្ជាក់ថា ក្រុមហ៊ុននេះទទួលសិទ្ធិពីក្រុមហ៊ុនម្ចាស់ដើមតាំងពីឆ្នាំណានោះទេ។
យោងតាមលិខិតបំភ្លឺរដ្ឋបាលស្រុកសំបូរចេញកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ បញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុនទាំងពីរបានសហការជាមួួយក្រុមហ៊ុន កសិកម្មយុវជនស្វាយរៀង ដើម្បីដាំដុះអំពៅលើដីសម្បទានសេដ្ឋកិច្ចដែលទទួលបានពិរដ្ឋនោះ។
លោក ប្រុក ភារម្យ ជាពលរដ្ឋម្នាក់ដែលត្រូវបានតុលាការកោះហៅ បានបដិសេធបទចោទទាំងស្រុងថា ការចោទនេះធ្វើឡើងគ្មានភស្ដុតាងច្បាស់លាស់សម្រាប់ពួកលោក។ លោកបន្ដថា សកម្មភាពពលរដ្ឋកន្លងមកគ្រាន់តែទប់ស្កាត់គ្រឿងចក្រដែលមកវាយកម្ទេចផ្ទះសម្បែង និងស្រែចម្ការប៉ុណ្ណោះ ប៉ុន្ដែពលរដ្ឋមិនបានប្រើហិង្សាដូចការចោទនោះទេ។ លោកចាត់ទុកការចោទប្រកាន់នេះថា ជាការគំរាមកំហែង បំបាក់ស្មារតីពលរដ្ឋមិនឱ្យតវ៉ា។
លោកបញ្ជាក់ថា៖ «ខ្ញុំបដិសេធទាំងស្រុងបង ពួកខ្ញុំអត់បានធ្វើអីដូចការចោទ វាខុសការពិតហ្មង។ ពួកខ្ញុំទៅទប់ស្កាត់ការឈូសឆាយមែនបង តែមិនបានប្រើហិង្សាទេ។ ការចេញនេះជាការគំរាមកំហែងពួកខ្ញុំ គ្រាន់តែចង់បានដីដើម្បីអាស្រ័យផលវិញ បែរមកចោទចឹង ខ្ញុំអត់យល់ទេបង»។
ពលរដ្ឋម្នាក់ទៀតគឺ លោក លឹង ករុណា បាននិយាយថា ការចោទផ្ទុយទាំងស្រុងដើម្បីដាក់បន្ទុកពួកលោកមិនឱ្យតវ៉ា។ លោកថា អាជ្ញាធរ និងក្រុមហ៊ុនគួរស្វែងរកដំណោះស្រាយដើម្បីបញ្ចប់វិវាទ កុំយកតុលាការទប់ស្កាត់ ព្រោះនេះគឺការគំរាមកំហែងសុទ្ធសាធ។
លោកករុណានិយាយថា៖ «ខ្ញុំអត់បានធ្វើដូចគេចោទទេបង។ ខ្ញុំសង្ឃឹមថា ខាងតុលាការគេនឹងរកយុត្ដិធម៌ឱ្យប្រជាពលរដ្ឋ។ គេធ្វើហ្នឹងដើម្បីបំបាក់ប្រជាពលរដ្ឋមិនតវ៉ា មិនឱ្យប្រឆាំង។ប្រជាពលរដ្ឋមានអី សង្ឃឹមតែដីស្រែតែប៉ុណ្ណឹង មកគំរាមពលរដ្ឋចឹងទៀត ពលរដ្ឋចេះតែព្រួយបារម្ភ ព្រោះម្នាក់ៗជំពាក់ធនាគារ បើអត់ដីហ្នឹងបានលុយណាសងគេបង»។ លោក ករុណា បន្ថែមថា ពលរដ្ឋដែលពាក់ព័ន្ធនឹងបញ្ហាដីធ្លីមានជាង២០០គ្រួសារលើទំហំដីជាង៥០០ហិកតាដោយទាមទារឱ្យអាជ្ញាធរជួយពន្លឿនដើម្បីអាចចូលអាស្រ័យផលបានវិញ។
លោក ចេង គឹមជប់ អភិបាលរងស្រុកសំបូរ បានប្រាប់ ខេមបូចា ព្រឹកថ្ងៃទី២៣ ខែសីហា ថា មុននឹងក្រុមហ៊ុនប្ដឹងទៅតុលាការ អាជា្ញធរស្រុកបានសម្របសម្រួលច្រើនដងមកហើយដើម្បីចប់បញ្ហា ប៉ុន្ដែពួកគាត់មិនព្រមទើបឈានដល់ប្រើច្បាប់ដើម្បីកាត់ក្ដីលើរឿងនេះ។ លោកបន្ថែមថា បើពលរដ្ឋចង់បញ្ចប់ដោយព្រមចាកចេញពីដីមានជម្លោះ អាជ្ញាធរនឹងស្នើឱ្យភាគីក្រុមហ៊ុនដកពាក្យបណ្ដឹងវិញ ក្នុងករណីមិនព្រម លោកក៏មិនដឹងត្រូវដោះស្រាយយ៉ាងណាដែរ។
អភិបាលរូបនេះថ្លែងថា៖ «ខ្ញុំឱ្យយន្ដការពួកគាត់២។ ទី១ព្រមចាកចេញពីដីរបស់ក្រុមហ៊ុន ទី២បើមិនព្រមគឺច្បាប់ ប៉ុន្ដែពួកគាត់នៅតែរឹងរូសទើបក្រុមហ៊ុនគេដាក់ទៅតុលាការចឹងទៅ។ ខ្ញុំនៅតែប្រើការដោះស្រាយក្នុងនាមជាអាជ្ញាធរបើពួកគាត់ព្រមមកសម្របសម្រួលនៅរដ្ឋបាលស្រុក ខ្ញុំនឹងស្នើទៅក្រុមហ៊ុនឱ្យដកពាក្យបណ្ដឹងដើម្បីបញ្ចប់។ ខ្ញុំនិយាយម្ដងទៀតតែក្នុងលក្ខខណ្ឌពួកគាត់ព្រមចាកចេញទេណា អរគុណ»។
មាត្រា៣៥នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរទាំង២ភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។
លោក យ៉ុន អ៊ាម មន្រ្ដីសម្រសម្រួលសិទ្ធិមនុស្សនៃសមាគមអាដហុកប្រចាំខេត្ដក្រចេះ បានឱ្យខេមបូចា ដឹងថា ក្នុងនាមជាអង្គការសង្គមស៊ីវិល ស្នើសុំឲ្យអាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីជំនាញរួមគ្នាធ្វើការដោះស្រាយបញ្ហាជម្លោះដីធ្លីជូនពួកគាត់ឲ្យឆាប់។ លោកបន្ដថា លោកមិនចង់ឃើញពលរដ្ឋណាម្នាក់ត្រូវជាប់ទោសដោយសារបញ្ហានេះទេ។
លោកបញ្ជាក់ថា៖ «បើសិនជាអាជ្ញាធរនៅពន្យាពេលតទៅទៀត ប្រជាពលរដ្ឋនឹងជួបបញ្ហាសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរឡើង ដោយសារតែពួកគាត់ម្នាក់ៗសុទ្ធតែជំពាក់បំណុលធនាគារ ហើយឥឡូវមិនមានដីធ្វើស្រែចម្ការទៀត តើឲ្យពួកគាត់សង្ឃឹមអ្វី»។
យោងតាមលិខិតបំភ្លឺមួយរបស់រដ្ឋបាលស្រុកសំបូរចេញកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅបញ្ជាក់ថា ក្រុមហ៊ុន កាម៉ាដេនូ វេនឈ័រ និងក្រុមហ៊ុន អិន ខេ អេហ្គ្រី បានទទួលសិទ្ធិវិនិយោគដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលតាមរយៈលិខិតចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០០៩ និងលិខិតចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០១០ និងបានចុះបញ្ជីដីឯកជនរបស់រដ្ឋនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១០ និងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣។
កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ពោលមានរយៈពេលជាង២០០ទៅហើយដែលពលរដ្ឋទាំងនោះបាននាំគ្នាឡើងដាក់លិខិតកិច្ចអន្ដរាគមន៍ទៅក្រសួងពាក់ព័ន្ធនានា និងខុទ្ទកាល័យលោកនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត ប៉ុន្ដែតំណាងពលរដ្ឋអះអាងថា នៅមិនទាន់ដំណោះស្រាយណាមួយនោះទេ។
យ៉ាងណាបន្ទាប់ពីបានដាក់ទៅស្ថាប័នពាក់ព័ន្ធទាំងមិនទាន់បានទទួលដំណោះស្រាយផងនៅថ្ងៃសៅរ៍ទី១០ ខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុនឯកជន កសិកម្មយុវជនស្វាយរៀង ដែលគេដឹងថា ជាក្រុមហ៊ុនរបស់វៀតណាមដែលទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាលកម្ពុជាបានយកគ្រឿងចក្រទៅវាយកម្ទេចផ្ទះសម្បែងពលរដ្ឋតាមទំនើងចិត្ដ និងបានគំរាមកំហែងពលរដ្ឋណាដែលហ៊ានថតសកម្មភាពនោះទៀតផង៕