សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលរដ្ឋជាង២០០គ្រួសារ​នៅខេត្ដក្រចេះ​ស្នើឱ្យ​អាជ្ញាធរ​ជួយ​ពន្លឿនដំណោះស្រាយ ក្រោយខកខានអាស្រ័យផលជាច្រើនឆ្នាំ

ផ្ទះពលរដ្ឋដែលត្រូវបានគ្រឿងចក្រក្រុមហ៊ុន កសិកម្មយុវជនស្វាយរៀង វាយកម្ទេចកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ នៅភូមិជើងពាត ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្ដក្រចេះ។ (រូបភាពផ្ដល់ឱ្យ)
ផ្ទះពលរដ្ឋដែលត្រូវបានគ្រឿងចក្រក្រុមហ៊ុន កសិកម្មយុវជនស្វាយរៀង វាយកម្ទេចកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ នៅភូមិជើងពាត ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្ដក្រចេះ។ (រូបភាពផ្ដល់ឱ្យ)

ពលរដ្ជជាង២០០គ្រួសារក្នុងស្រុកសំបូរ ខេត្ដក្រចេះ ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធពន្លឿនយន្ដការដោះស្រាយវិវាទដីធ្លីដ៏រ៉ាំរ៉ៃជាង៥០០ហិកតាជាមួយក្រុមហ៊ុន កសិកម្មយុវជនស្វាយរៀង ដោយ​សារពួកគេកំពុងធ្លាក់ខ្លួនក្នុងវិបត្ដិបំណុលបន្ទាប់ពីខកខានអាស្រ័យផលលើដីធ្លាប់ធ្វើ និងប៉ះពាល់ដល់ជីវភាពពួកគេយ៉ាងខ្លាំង។ 

លោក ប្រុក ភារម្យ រស់នៅភូមិកោះច្បារ ឃុំកោះខ្ញែរ ស្រុកសំបូរ បាន​ឱ្យដឹង​ថា ពលរដ្ឋបានកាន់កាប់ និងអាស្រ័យផលតាំងពីឆ្នាំ១៩៨២មក និងអ្នកខ្លះទៀតឆ្នាំ២០០៨មុននឹងរដ្ឋផ្ដល់ដីឱ្យក្រុមហ៊ុនវៀតណាមក្នុងការវិនិយោគ។ លោកបន្ដថា ពលរដ្ឋដែលកំពុងរស់នៅតំបន់នេះមាន៥ភូមិដែលរស់នៅពឹងផ្អែកលើការធ្វើស្រែចម្ការដើម្បីចឹញ្ចឹមជីវិត។ លោកថា ពលរដ្ឋមានជម្លោះជាង​២០០គ្រួសារលើទំហំដីជាង៥០០ហិកាតា។

យ៉ាងណាលោកថា ចាប់តាំងពីរដ្ឋបានវិនិយោគទៅឱ្យក្រុមហ៊ុនឯកជនមក ធ្វើឱ្យពលរដ្ឋមិនអាចទៅបាន និងបានបង្កភាពឈឺចាប់ដល់ពលរដ្ឋដោយយកគ្រឿងចក្រមកឈូសឆាយផ្ទះសម្បែង និងដំណាំគ្រប់ប្រភេទរបស់ពលរដ្ឋ និងហាមឃាត់មិនឱ្យពលរដ្ឋចូលទៅដីធ្លាប់អាស្រ័យ​ផលបាននោះទេ។ លោកបន្ដថា កន្លងមកពលរដ្ឋបានព្យាយាមដាក់លិខិតកិច្ចអន្ដរាគមន៍​ទៅលោកនាយករដ្ឋមន្រ្ដី លោក ហ៊ុន ម៉ាណែត និងស្ថាប័នថ្នាក់ជាតិ ប៉ុន្ដែគ្មានការឆ្លើយតបណាមួយនោះទេ។

លោកបន្ដថា៖ «ពួកខ្ញុំមានជាង២០០គ្រួសារបើសរុបមនុស្សជាង ១ ០០០នាក់បង។ ពួកខ្ញុំចង់បានតែដីមកវិញទេ សុំអាជ្ញាធរជួយពួកខ្ញុំផង ជាពិសេសេសម្ដេច ហ៊ុន ម៉ាណែត ជួយពួកខ្ញុំផង។ ដីនេះពួកខ្ញុំអាស្រ័យផលយូរហើយ អ្នកខ្លះ៨២ អ្នកខ្លះ៩០ជាង និង២០០៨ មុននឹងរដ្ឋឱ្យក្រុមហ៊ុនវៀតណាម»

កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ពោលមានរយៈពេលជាង២០០ទៅហើយដែលពលរដ្ឋទាំងនោះបាននាំគ្នាឡើងដាក់លិខិតកិច្ចអន្ដរាគមន៍ទៅក្រសួងពាក់ព័ន្ធនានា និងខុទ្ទកាល័យលោកនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត ប៉ុន្ដែតំណាងពលរដ្ឋអះអាងថា នៅមិនទាន់ដំណោះស្រាយ​ណាមួយនោះទេ។

យ៉ាងណាបន្ទាប់ពីបានដាក់ទៅស្ថាប័នពាក់ព័ន្ធទាំងមិនទាន់បានទទួលដំណោះស្រាយផងនៅថ្ងៃសៅរ៍ទី១០ ខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុនឯកជន កសិកម្មយុវជនស្វាយរៀង ដែលគេដឹងថា ជាក្រុមហ៊ុនរបស់វៀតណាមដែលទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាលកម្ពុជាបានយកគ្រឿងចក្រទៅវាយកម្ទេចផ្ទះសម្បែងពលរដ្ឋតាមទំនើងចិត្ដ និងបានគំរាមកំហែងពលរដ្ឋណាដែលហ៊ានថតសកម្មភាពនោះទៀតផង។

លោក លឹង ករុណា រស់នៅភូមិស្វាយចេក ឃុំកោះខ្ញែរ ស្រុកសំបូរ ដែលរងការគំរាមកំហែងពីក្រុមហ៊ុនវៀតណាម បាននិយាយថា សកម្មភាពដែលក្រុមហ៊ុនវាយកម្ទេចផ្ទះពលរដ្ឋ គឺជាការគំរាមកំហែងដល់ស្មារតីពលរដ្ឋ និងប៉ះពាល់ដល់ជីវភាព ខណៈពលរដ្ឋភាគីច្រើនកំពុងជាប់បំណុលធនាគារ។

យ៉ាងណាលោកបន្ដថា បើសកម្មភាពនេះនៅតែបន្ដដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរនោះទេ ពលរដ្ឋរាប់ពាន់គ្រួសារនឹងរស់នៅដោយភាពភ័យខ្លាច និងអត់ឃ្លានដោយសារគ្មានដីដាំដុះដើម្បីចឹញ្ចឹមជីវិត។ លោកស្នើឱ្យអាជ្ញាធរជួយពន្លឿនដំណោះស្រាយដល់ពលរដ្ឋដើម្បីអាចចូលទៅអាស្រ័យផលវិញបាន បើមិនបានទេវានឹងប៉ះពាល់ដល់ជីវភាព និងវិបត្ដិផ្លូវចិត្ដ វិបត្ដិបំណុលធ្ងន់ធ្ងរ។

លោក ករុណា អះអាងថា៖ «គេយកគ្រឿងចក្រមកវាយកម្ទេច​ផ្ទះ ទាំងម្ចាស់ផ្ទះអត់នៅបង។ ខ្ញុំថតបានគេដេញចាប់ខ្ញុំមិនឱ្យថត គំរាមខ្ញុំទៀត។ វាប៉ះពាល់ដល់ការរស់នៅ​ពួកខ្ញុំបង អត់ដីដាំដុះអី បានលុយណាបង់គេ ម្នាក់ៗជាប់លុយអង្គការសឹងតែគ្រប់គ្នា។ខ្ញុំស្នើដល់អាជ្ញាធរជួយពន្លឿនដំណោះស្រាយឱ្យពួកខ្ញុំផង»

លោក ញ៉ក់ នុល អាយុ៥០ឆ្នាំ រស់នៅភូមិជើងពាត ឃុំកោះខ្ញែរ ស្រុកសំបូរ ជាម្ចាស់ផ្ទះដែលក្រុមហ៊ុន កសិកម្មយុវជនស្វាយរៀង យកគ្រឿងចក្រវាយកម្ទេចកាលពីថ្ងៃទី១០ ខែសីហា ថា​ ផ្ទះរបស់គាត់ត្រូវបានគេវាយកម្ទេចដោយមិនបានប្រាប់លោកឱ្យបានដឹងមុននោះទេ ដើម្បីឱ្យលោករើអីវ៉ាន់ចេញ ខណៈលោកថា សកម្មភាពនេះលោកពិតជាឈឺចាប់ណាស់លើដីដែលខ្លួនបានកាន់កាប់តាំងពី២០០៨មក។ លោកស្នើឱ្យអាជ្ញាធរជួយទប់ស្កាត់ក្រុមហ៊ុននេះកុំបង្កផលប៉ះពាល់ដល់រូបលោក​ និងពលរដ្ឋផ្សេងទៀត។

លោកអះអាងថា៖ «ខ្ញុំអត់ដឹងគេមកវ៉ៃផង ខ្ញុំទៅស៊ីឈ្នួលដកដំឡូងឱ្យគេឆ្ងាយ ទៅទាំងអស់គ្នា។ យ៉ាងហោចក៏ត្រូវបា្រប់មុនដែរ។ គេយកអាអិចមកវ៉ៃខ្ទេចគ្មានសល់ទេបង។ ខ្ញុំឈឺចាប់ណាស់បង។ ខ្ញុំចង់ឱ្យអាជ្ញាធរជួយដោះស្រាយឱ្យខ្ញុំផងបង។ គេវ៉ៃតាំងថ្ងៃសៅរ៍ អាទិត្យមុនបង»

ខេមបូចា មិនអាចសុំការបំភ្លឺពីក្រុមហ៊ុន កសិកម្មយុវជនស្វាយរៀង បានទេលើករណីនេះដោយទូរសព្ទចូលគ្មានអ្នកលើក។

ខេមបូចា មិនអាចទាក់ទងលោក អ៊ុក សាវី មេឃុំកោះខ្ញែរ សុំការបំភ្លឺបានទេ ដោយទូរសព្ទជាច្រើនដងគ្មានអ្នកលើក។

លោក ចេង គឹមជប់ អភិបាលរងស្រុកសំបូរ បានប្រាប់ ខេមបូចា នារសៀលថ្ងៃទី១៥ ខែសីហានេះថា លោកបានដាក់នូវយន្ដការចំនួន២ចំណុចដើម្បីឱ្យភាគីក្រុមហ៊ុន និងពលរដ្ឋដោះស្រាយ​​គ្នាដោយក្នុងនោះរួមមាន ដោះស្រាយក្រៅប្រព័ន្ធ និងតាមប្រព័ន្ធតុលារ។ លោកបន្ដថា ក្រោយពីលោកដាក់ចេញនូវយន្ដការនេះ ភាគីទាំង២បានសម្រេចយកការដោះស្រាយក្រៅប្រព័ន្ធដើម្បីបញ្ចប់វិវាទនេះ។

លោកបន្ដថា អាជ្ញាធរកំពុងពន្លឿនយន្ដការដោះស្រាយបញ្ហាវិវាទនេះ តែលោកមិនបានបញ្ជាក់ថានឹងដោះចេញនៅពេលណានោះទេ។​ លោកបានបញ្ជាក់ថា​ ដីដែលរដ្ឋបាលស្រុក និងខេត្ដកំពុងដោះស្រាយមានទំហំជាង៥០០ហិកតា។ លោកបន្ដថា  ដីសល់ផ្សេងនៅមិនបានចុះវាស់វែងដូច្នេះលោកមិនអាចបញ្ជាក់ទិន្និន័យជាក់លាក់បានទេដោយរង់ចាំចុះវាស់សិន។

អភិបាលរងរូបនេះថ្លែងថា៖ «ខ្ញុំបានសម្របសម្រួលបញ្ហានេះហើយ​ ប៉ុន្ដែនៅមិនទាន់ត្រូវថ្លៃគ្នាដោយម្ចាស់ផ្ទះគាត់ទារសំណងច្រើនពេក ចឹងវាពិបាកដែរ។ ខ្ញុំនៅតែបន្ដសម្របសម្រួលក្នុងនាមជាអាជ្ញាធរ។ កំពុងដោះស្រាយហើយ ចាំមើលថ្នាក់លើសិន។ អ្វីដែលខ្ញុំអាចឆ្លើយបាន ខ្ញុំនឹងឆ្លើយជូនអរគុណ»

មន្រ្ដីខុទ្ទកាល័យនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត ចេញទទួលញត្ដិដែលពលរដ្ឋមកពីខេត្ដក្រចេះស្នើកិច្ចអន្ដរាគមន៍លើជម្លោះដីធ្លីរបស់ពួកគាត់។ រូបថតនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។ (រូបភាព៖ សមាគមអាដហុក)

ចំណែកលោក វ៉ា ថន  អភិបាលខេត្ដក្រចេះ ខេមបូចា មិនអាចសុំការបំភ្លឺបាននោះទេ ដោយទូរសព្ទចូល និងតាមប្រព័ន្ធតេឡេក្រាម គ្មានការឆ្លើយតប។​ តែលោកធ្លាប់ប្រាប់ ខេមបូចា ថា​ លោកនឹងបើកកិច្ចប្រជុំថ្នាក់ស្រុក និងខេត្ដដើម្បីពិនិត្យបញ្ហាឱ្យស៊ីជម្រៅ រួចបន្ដនីតិវីធីជាក់ស្ដែង​។

លោកថ្លែងថា៖ «អារឿងនេះត្រូវពិនិត្យ ដោះស្រាយជាក់ស្ដែងតាមរឿង វាអត់ទាន់ឆ្លើយបានទេ។ ត្រូវឱ្យក្រុមការងារស្រាវជ្រាវបន្ថែមទៀត ជជែកគ្នាថ្នាក់ស្រុកថ្នាក់ខេត្ដឡើងមកជជែកគ្នាសិន អរគុណ»

យោងតាមលិខិតបំភ្លឺមួយរបស់រដ្ឋបាលស្រុកសំបូរចេញកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅបញ្ជាក់ថា ក្រុមហ៊ុន កាម៉ាដេនូ វេនឈ័រ និងក្រុមហ៊ុន អិន ខេ អេហ្គ្រី បានទទួលសិទ្ធិវិនិយោគដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលតាមរយៈលិខិតចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០០៩ និងលិខិតចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០១០ និងបានចុះបញ្ជីដីឯកជនរបស់រដ្ឋនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១០ និងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣។

ក្នុងលិខិតដដែលបន្ដថា ក្នុងឆ្នាំ២០២២ដីក្រុមហ៊ុនដែលបានឈូសឆាយដើម្បីដាំដុះប្រមាណ៥០០ហិកតា និងមានប្រជាពលរដ្ឋ​៨១​គ្រួសារ​ចូលដាំដុះនឹងអាស្រ័យផលលើដីដែលឈូសឆាយរួច។ យ៉ាងណាលិខិតរដ្ឋបាលបានបញ្ជាក់ថា ពលរដ្ឋ៨១គ្រួសារក្នុងនោះមាន៤៥គ្រួសារព្រមចាកចេញក្រោយប្រមូលផលរួច និង៣២គ្រួសារបានប្រគល់ឱ្យក្រុមហ៊ុនវិញ សល់៤គ្រួសារ​​មិនព្រមទទួលយកដោយនៅតែបន្ដទាមទារកាន់កាប់បន្ដ ខណៈរដ្ឋបាលស្រុកនឹងបន្ដសម្របសម្រួលដោយសន្ដិវិធី និងបត់បែន។

ករណីនេះលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃធ្លាប់បានថ្លែងថា ការកាត់ឆ្វៀលដីមិនមែនជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃនោះ​ទេ។

លោក យ៉ុន អ៊ាម មន្រ្ដីសម្រសម្រួលសិទ្ធិមនុស្សនៃសមាគមអាដហុកប្រចាំខេត្ដក្រចេះ បានឱ្យ ខេមបូចា ដឹងថា ពលរដ្ឋដែលកំពុងរស់ក្នុងតំបន់ជម្លោះនេះកំពុងធ្លាក់ខ្លួនក្រីក្រដោយសារគ្មានដីអាស្រ័យផលដើម្បីចឹញ្ចឹមជីវិត ខណៈលោកស្នើឱ្យអាជ្ញាធរពន្លឿននូវយន្ដការដោះស្រាយឱ្យបានលឿន។

លោកស្នើថា៖ «យើងស្នើសុំឱ្យអាជ្ញាធរពន្លឿនក្នុងការដោះស្រាយបញ្ហាហ្នឹងកុំឱ្យទុកមានការអូសបន្លាយយូរ ធ្វើឱ្យពលរដ្ឋគាត់ប៉ះពាល់ដែរ។ ពួកគាត់អត់បានបង្កបង្កើនផលធ្វើឱ្យពួកគាត់មានជីវភាពខ្វះខាតក្រីក្រឡើយ»

លោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ បញ្ជាក់ថា  ការប្រើហិង្សា មិនមែនជាដំណោះស្រាយនោះទេ។​ លោកបន្ដថា រដ្ឋគួរតែពិនិត្យមើលក្រុមហ៊ុនឱ្យបានច្បាស់ថាពេលទទទួលបានសិទ្ធិវិនិយោគមិនធ្វើបាបពលរដ្ឋ។ លោកជំរុញឱ្យស្ថាប័នពាក់ព័ន្ធគិតគូរពីបញ្ហាដីធ្លីពលរដ្ឋឱ្យបានលឿនដើម្បីឱ្យពលរដ្ឋអាចទទួលបានដំណោះស្រាយល្អដោយកុំបន្ដអូសបន្លាយ ​វានឹងប៉ះពាល់ដល់ជីវភាពពួកគាត់។

លោក សំអាត ថ្លែងថា៖ «បញ្ហានេះបានក្លាយជាជំងឺរ៉ាំរ៉ៃហើយ។ រដ្ឋគួរតែពិនិត្យមើលក្ខខណ្ឌមុននឹងផ្ដល់វិនិយោគដល់ក្រុមហ៊ុនឯកជនណាមួយដើម្បីជៀសវាងបង្កការឈឺចាប់ដល់ពលរដ្ឋ។ ខ្ញុំយល់ថាអាជ្ញាធរគួរតែពន្លឿនដំណោះស្រាយជូនពួកគាត់ឱ្យបានលឿនជាជាងការអូសបន្លាយវានឹងប៉ះពាល់ដល់ការរស់នៅពួកគាត់ខ្លាំង»

កាលព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ពលរដ្ឋបានដាក់លិខិតកិច្ចអន្ដរាគមន៍ទៅស្ថាប័នថ្នាក់ជាតិ ដោយនិយាយថា ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ក្រុមហ៊ុន កសិកម្មយុវជនស្វាយរៀង បានយកគ្រឿងចក្រមកឈូសឆាយព័ទ្ធ និងបំផ្លាញដំណាំស្រូវ ដំឡូងមី និងដើមស្វាយចន្ទីដើម្បីយកដីពលរដ្ឋគេស្ថិតនៅឃុំកោះខ្ញែរស្រុកសំបូរខេត្ដក្រចេះបានប៉ះពាល់ពលរដ្ឋ៥ភូមិសរុបជាង២០០គ្រួសារ។

ក្នុងញត្ដិដដែលបន្ដថា ស្នើសុំឱ្យនាយករដ្ឋមន្រ្ដីលោក ហ៊ុន ម៉ាណែត អន្តរាគមន៍ ទៅក្រុមហ៊ុន ដើម្បីបញ្ឈប់ការរំលោភដីធ្លី និង​ឈូស​ឆាយដំណាំរបស់ពួកគាត់ ដែលសកម្មភាពរំលោភបំពាន​​បានកើតឡើងតាំងពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ដោយកាត់ឆ្វៀលទំហំដី​៥០០​ហិកតា​ឱ្យពលរដ្ឋអាចអាស្រ័យផងបានវិញ។ នៅក្នុងញត្តិក៏បានបញ្ជាក់ផងដែរថា ពួកគាត់ក៏កំពុងជាប់បំណុល ដែលពួកគាត់បានខ្ចីសម្រាប់​ធ្វើកសិកម្ម ហើយបច្ចុប្បន្នគ្មានលទ្ធភាពសងបំណុល​ទាំងនោះទេ។

យោងតាមញត្ដិបញ្ជាក់ថា ពលរដ្ឋជាង២០០គ្រួសារសរុបមនុស្ស១៣១៨នាក់បានរស់នៅភូមិបាយសំណុំ ភូមិជើងពាត ភូមិកំពង់ព្នៅ ភូមិកោះច្បារ និងស្វាយចេក ឃុំកោះខ្ញែរ ស្រុកសំបូរ ខេត្ដក្រចេះបានរស់នៅ និងកាន់កាប់ដីអាស្រ័យផលតាំងពីឆ្នាំ១៩៨០ និងពលរដ្ឋខ្លះរស់នៅ និងអាស្រ័យផលឆ្នាំ២០០៨មក។ ប៉ុន្ដែតំបន់ពួកគេត្រូវបានក្រុមហ៊ុន កាម៉ាដេនូ វេនឈ័រ ទទួលបានការវិនិយោគនៅឆ្នាំ២០១៣ ដើម្បីដាំដុះស្ករអំពៅ។

ជុំវិញបញ្ហានេះសមាគមសិទ្ធិមនុស្សអាដហុក និងអង្គការ លីកាដូ បានចេញសេចក្ដីថ្លែងការណ៍​របស់ខ្លួនថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ដោយបញ្ជាក់ថា សហគមន៍ដីធ្លីនៅខេត្តក្រចេះ ដាក់ញត្តិទៅកាន់រាជរដ្ឋាភិបាល សូមឱ្យបញ្ឈប់ការឈូសឆាយដី។

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ លោក វ៉ា ថន អភិបាលខេត្តក្រចេះ ដឹកនាំក្រុមការងារ ចុះពិនិត្យអំពីវឌ្ឍនភាពនៃការដាំដុះដំណាំអំពៅ និងរោងចក្រផលិតស្ករអំពៅ របស់ក្រុមហ៊ុនកាម៉ាដេនូ វេនឈ័រ សហការជាមួយក្រុមហ៊ុន កសិកម្មយុវជនស្វាយរៀង ស្ថិតនៅឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

ការដាំដុះជាជំហានដំបូង ក្រុមហ៊ុនបានដាំដុះចំនួន ៣ ០០០ហិកតា និងអនុវត្តតាមផែនការត្រូវដាំដុះបន្តចំនួន ១០ ០០០ហិកតា ប្រើប្រាស់កម្មករចំនួន ២ ០០០នាក់ ហើយនៅរដូវ​ប្រមូល​​​​ផលខាងមុខ ក្រុមហ៊ុនអាចស្រូបយកពលកម្មតាមបណ្តាក្រុងស្រុក សម្រាប់ធ្វើការក្នុងចម្ការ និងរោងចក្របន្ថែមទៀត៕

186 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មី

អត្ថបទពេញនិយម