អ្នកស្នងមរតកក្បាច់គុនល្បុក្កតោនៅក្នុងខេត្តសៀមរាប កំពុងជួបបញ្ហាប្រឈម ក្នុងការបណ្តុះបណ្តាលធនធានកីឡាករ កីឡាការិនី ជាអ្នកបន្តវេន ខណៈដែលសៀមរាប ក៏ជាខេត្តមួយមានមូលដ្ឋានរឹងមាំជាងគេ ក្នុងការចងក្រងឯកសាររស់ រហូតកម្ពុជាទទួលបានជោគជ័យជាប្រវត្តិសាស្រ្តក្នុងការដាក់ «គុនល្បុក្កតោ» ចូលក្នុង «បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ»របស់អង្គការយូណេស្កូ ក្នុងឆ្នាំ២០២២។
ក្រុមគ្រូបង្វឹក បារម្ភខ្លាច «គុនល្បុក្កតោ» លែងមានវត្តមាននៅខេត្តសៀមរាបទៀត ហេតុនេះពួកគាត់ បានដង្ហោយឱ្យមានការជួយទំនុកបម្រុងពីភាគីពាក់ព័ន្ធ ដើម្បីឱ្យសាលាគុនក្នុងខេត្តនេះ មានលទ្ធភាពបណ្តុះបានធនធានបន្តវេនកាន់តែច្រើន ហើយនេះក៏សកម្មភាព ជួយពង្រឹងគុណភាពក្រុមគុនល្បុក្កតោ ឈានទៅដណ្តើមបានមេដាយជូនជាតិ នៅលើឆាកអន្តរជាតិផងដែរ។
បន្ទាប់ពីគុនល្បុក្កតោបានចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមកីឡាករ កីឡាការិនីគុនល្បុក្កតោ រួមគ្នាដណ្តើមបានមេដាយមាស៨ ប្រាក់៨ និងសំរឹទ្ធ៣ ពីការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅលើទឹកដីខ្លួនឯង ជាលើកដំបូង គួរជាទីមោទនភាព។
សិស្សគណរបស់គ្រូតាក្រមាមាស សាន គឹមស៊ាន លោក ពក អៀង និងប្អូនប្រុស លោក ពក សំអេង និងលោក ពក ផល្លី ដែលបានរួមគ្នាបើកសាលាគុនល្បុក្កតោស្រីជ័យដំរីសាមពាន់ តាំងពីឆ្នាំ២០១៨មកនោះ បានមើលឃើញជារួមថា គុនល្បុក្កតោ នៅពេលនេះមានភាពផុសផុលច្រើនជាងមុនមែន ប៉ុន្តែដំណើរការបណ្តុះបណ្តាលធនធានអ្នកបន្តវេន ពិតជាមានការពិបាក ដែលធ្វើឱ្យសាលាគុនមួយចំនួន នៅក្នុងខេត្តសៀមរាបបានបិទទ្វារ។
ប្រធានសាលាគុនល្បុក្កតោស្រីជ័យដំរីសាមពាន់ លោក ពក អៀង បានឱ្យដឹងថា សាលារបស់លោក បានបិទកាលកូវីដ១៩មួយរយៈ រួចក៏បើកវិញក្រោយកូវីដ ហើយបច្ចុប្បន្ន មានកូនសិស្សចូលហាត់ជាង៣០នាក់ ប៉ុន្តែការបើកក្លិបមួយៗ ជួបការពិបាកទៅលើការជួលទីតាំងហ្វឹកហាត់ ថ្លៃសម្ភារហាត់ រីឯការរកចំណូល ដើម្បីផ្គត់ផ្គង់ដល់សាលាគុន ក៏មានបញ្ហា និងការពិបាកច្រើន។
លោកបានបញ្ជាក់ថា៖ «ពីមុននៅខេត្តសៀមរាបនេះ មានក្លិបច្រើនដែរ ប៉ុន្តែដោយសារវិបត្តិផ្សេងៗ ធ្វើឱ្យចំនួនក្លិបដែលបន្តមានសកម្មភាពដល់សព្វថ្ងៃ សល់ត្រឹម៤ទៅ៥ក្លិប ព្រោះជាធម្មតាការបើកក្លិបរបស់ពួកយើង អត់មានទទួលបានការជួយឧបត្ថម្ភគាំទ្រពីខាងណាទេ យើងធ្វើដោយចិត្តស្រឡាញ់ ចង់ជួយផ្សព្វផ្សាយ និងពង្រីកគុនល្បុក្កតោឱ្យបានធំទូលាយ តែនៅពេលគាត់មានខ្ទង់ចំណាយច្រើន តែរកចំណូលទ្រទ្រង់អត់បាន គាត់នឹងបិទក្លិបវិញហើយ»។
ចំពោះការបើកក្លិប ឬសាលាគុនល្បុក្កតោ នៅខេត្តសៀមរាប លោក ពក អៀង បានទម្លាយថា ម្ចាស់ក្លិបត្រូវហ៊ានលះបង់ទាំងពេលវេលា និងថវិកា ទើបអាចឈរជើងបានយូរ។ ជាក់ស្តែងដូចរូបលោកផ្ទាល់ បើទោះបីជាមានទីកន្លែងហ្វឹកហាត់ខ្លួនឯង ក៏ត្រូវឆ្លៀតទៅធ្វើការងារបន្ថែម ដើម្បីរកថវិកាមកទ្រទ្រង់ដល់សាលាគុន ដែលក្នុង១ខែៗ ត្រូវចំណាយចន្លោះពី១៥០ទៅ២០០ដុល្លារ។
លោកនិយាយថា៖ «យើងជាអ្នកចេះក្បាច់គុនខ្មែរបុរាណ ហើយយើងចង់បន្តពូជឱ្យរីកចម្រើនទៅមុខទៀត អ៊ីចឹងយើងត្រូវហ៊ានលះបង់។ ជាក់ស្តែងខ្ញុំផ្ទាល់ គឺត្រូវចំណាយថវិកាខ្លួនឯងបន្ថែមរហូត ដើម្បីជួយឱ្យសាលាគុនអាចឈរជើងដល់ពេលនេះ»។
តែទោះបីជាយ៉ាងណា លោក អៀង បានអះអាងថា ការស្វែងរកចំណូលប្រចាំរបស់លោកនាពេលនេះ ក៏មានបញ្ហា ដែលមិនអាចធានាបន្តបើកក្លិបបានយូរដូចគ្នា។ «តាមស្ថានភាពបច្ចុប្បន្ន មានភាពតានតឹងដែរក្នុងការរកចំណូល។ បើសិនជាមានសិស្សចេញទៅប្រកួត ឬសម្តែងច្រើន យើងអាចរកបានចំណូលមកផ្គត់ផ្គង់ ដើម្បីបន្តដំណើរបានវែងឆ្ងាយទៅមុខទៀត ប៉ុន្តែបើគ្មានចំណូលក្រៅ ក៏ពិបាកដែរ គឺយើងមិនអាចឈរជើងបានយូរទៀតនោះទេ»។
លោក អៀង រំពឹងថា ស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា នឹងមានភាពប្រសើរឡើងវិញ ហើយសិស្សរបស់លោកនឹងទទួលបានឱកាសចេញប្រកួត និងសម្តែងកាន់តែច្រើន នៅតាមព្រឹត្តិការណ៍ផ្សេងៗ ដើម្បីអាចទទួលបានចំណូលបន្ថែមមកទ្រទ្រង់ដល់សាលាគុនបន្តទៀត ព្រោះលោកចង់ឃើញ គុនល្បុក្កតោ នៅខេត្តសៀមរាប មានការរីកចម្រើនបន្តទៅមុខទៀត។
លោកបញ្ជាក់ថា៖ «តាមឆន្ទៈរបស់យើង គឺចង់ខាំស្មៅបន្តទៅមុខទៀត! ទោះបីជាឥឡូវសេដ្ឋកិច្ចរាងពិបាកបន្តិច តែយើងអត់ចង់បោះបង់ទេ យើងចង់បន្តទៀត ព្រោះអាណិតទឹកចិត្តកូនសិស្ស ដែលចង់ចេះ ចង់ហាត់រៀន ហើយបើយើងចេះហើយ មិនព្រមជួយបង្ហាត់ដល់អ្នកជំនាន់ក្រោយ មានអារម្មណ៍ថា មិនស័ក្តិសមក្នុងការជួយបង្កើនធនធានមនុស្ស»។
សិស្សរបស់សាលាគុនល្បុក្កតោស្រីជ័យដំរីសាមពាន់ មានសមត្ថភាពល្អ ព្រោះពួកគេមានលទ្ធភាពប្រកួតដណ្តើមបានទាំងមេដាយមាស ប្រាក់ និងសំរឹទ្ធ ពីការប្រកួតកីឡាគុនល្បុក្កតោ ជើងឯកថ្នាក់ជាតិ ប៉ុន្តែបញ្ហាសំខាន់ អត់សូវមានព្រឹត្តិការណ៍ប្រកួត គឺភាគច្រើនពួកគេមានឱកាសត្រឹមសម្តែងពីការប្រើបច្ចេកទេស និងស្នៀត នៅតាមកម្មវិធីមួយចំនួន។
នៅត្រង់ចំណុចនេះ លោក ពក អៀង ចង់ឱ្យសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងភាគីពាក់ព័ន្ធ រៀបចំឱ្យមានការប្រកួតថ្នាក់តំបន់ នៅតាមខេត្តយ៉ាងហោច១ខែឱ្យបានម្តង ដើម្បីផ្តល់ឱកាសកីឡាករ កីឡាការិនីគុនល្បុក្កតោ បានបញ្ចេញសមត្ថភាព និងបានប្រាក់ចំណូលផង ព្រោះកាលណាពួកគេចង់ឈ្នះ ដើម្បីបានប្រាក់រង្វាន់ គឺនឹងកាន់តែខិតខំហ្វឹកហាត់ អ៊ីចឹងសមត្ថភាពក៏នឹងមានការកើនឡើងទៅតាមហ្នឹងដែរ។
លោកបន្តទៀតថា ផ្ទុយទៅវិញ បើនៅតែខ្សត់ការប្រកួត គឺការបណ្តុះបណ្តាលធនធានកីឡាករ កីឡាការិនីក៏មានការធ្លាក់ចុះ ហើយបញ្ហានេះ អាចនឹងធ្វើឱ្យប៉ះពាល់ដល់ការរក្សាឈ្មោះ «គុនល្បុក្កតោ» នៅអង្គការយូណេស្កូ (UNESCO) ផងដែរ បើទោះបីជា គុនល្បុក្កតោ ត្រូវបានចុះក្នុង «បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ» របស់អង្គការយូណេស្កូ នាកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាល សម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌អរូបីលើកទី១៧ នៅក្រុង Rabat ប្រទេសម៉ារ៉ុក តាំងពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក៏ដោយ។
លោក ពក អៀង ដែលជាបុគ្គលម្នាក់បានរួមចំណែកចងក្រងឯកសារ «គុនល្បុក្កតោ» ដាក់ទៅ UNESCO ផងនោះ បានបញ្ជាក់ថា៖ «កាលគុនល្បុក្កតោ មិនទាន់បានចូលយូណេស្កូ យើងបានខំប្រឹងស្រាវជ្រាវ ចងក្រងជាឯកសារជាច្រើន ទម្រាំមានការទទួលស្គាល់ពីយូណេស្កូ អ៊ីចឹងបើយើងបានចូលហើយ យើងបោះបង់ចោល យើងមិនជួយបំផុសបំផុលឱ្យកាន់តែខ្លាំង គឺថ្ងៃណាមួយ គេអាចនឹងដកយើងចេញវិញ»។
លោក អៀង បានបន្ថែមថា៖ «នេះជាកាតព្វកិច្ចរបស់យើងជាគ្រូៗ ក្នុងការជួយជំរុញបន្ថែមទៀត ដើម្បីឱ្យគេឃើញថា គុនល្បុក្កតោរបស់យើង មានការរីកចម្រើនទៅមុខទៀត ដើម្បីកុំឱ្យគេកាត់ចេញពី UNESCO វិញ ព្រោះឯកឧត្តម វ៉ាត់ ចំរើន ធ្លាប់បានបញ្ជាក់ថា នៅពេលយើងបានចូលយូណេស្កូហើយ បែរជាមិនព្រមខំប្រឹងផ្សព្វផ្សាយ ដើម្បីធ្វើឱ្យគុនល្បុក្កតោ បន្តមានសកម្មភាពផុសផុល ក៏គេអាចកាត់ចេញទៅវិញបានដែរ»។

ជុំវិញការងារនេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ធ្លាប់បានប្រាប់ថា «គុនល្បុក្កតោ» អាចនឹងត្រូវដកចេញពីបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់ UNESCO មែន បើសិនជាកម្ពុជាមិនអាចរក្សាបាននូវទម្រង់ដើមជាប្រពៃណីរបស់គុនល្បុក្កតោ នៅក្នុងសហគមន៍ ក៏ដូចជាធ្វើឱ្យកីឡានេះ មានភាពផុសផុល ហេតុនេះទើបកម្ពុជា បានដាក់បញ្ជូលគុនល្បុក្កតោ ទៅក្នុងកម្មវិធីសិក្សារបស់សាលារដ្ឋ ដើម្បីធ្វើឱ្យមាននិរន្តរភាពនៃគុនល្បុក្កតោរបស់កម្ពុជា។
លោក វ៉ាត់ ចំរើន ដែលជារដ្ឋលេខាធិការក្រសួងអប់រំផងនោះ បានបញ្ជាក់ថា៖ «ជាគោលការណ៍របស់ UNESCO គឺសុំឱ្យយើងពង្រីកការថែរក្សាក្បាច់គុនហ្នឹង ដោយគេបានដាក់កម្រិតឱ្យសហគមន៍របស់គុនល្បុក្កតោ កាន់តែស្រឡាញ់ចូលចិត្ត និងកាន់តែផុសផុលឡើង អ៊ីចឹងការដាក់គុនល្បុក្កតោ នៅក្នុងសាលារដ្ឋ នឹងធ្វើឱ្យសិស្សានុសិស្ស មានផ្នត់គំនិត និងបេះដូង ស្រឡាញ់ជាតិ ស្រឡាញ់វប្បធម៌ជាតិ ហើយនាំគ្នាថែរក្សាដួងព្រលឹងក្បាច់គុនល្បុក្កតោ ពីមួយជំនាន់ទៅមួយជំនាន់ មិនឱ្យសាបសូន្យ»។
ចំណែកកីឡាការិនីជាម្ចាស់មេដាយមាស ស៊ីហ្គេម ឆ្នាំ២០២៣ ស៊ិន សៀវសៀន ដែលជាអ្នកគ្រប់គ្រងសាលាគុនល្បុក្កតោសុវណ្ណអង្គរនាគរាជ ជំនួសគ្រូៗជំនាន់មុន តាំងពីឆ្នាំ២០២០មកនោះ បានឱ្យដឹងថា ការបើកសាលាគុន នៅខេត្តសៀមរាប ពិតជាជួបការពិបាកច្រើន ព្រោះត្រូវជួលកន្លែងគេ ថ្លៃភ្លើង និងការចំណាយទៅលើសម្ភារ ដែលក្នុង១ខែៗអស់ជាង២៥០ដុល្លារ តែសាលា មិនយកថវិកាពីសិស្សគណនៅក្នុងភូមិទេ អ៊ីចឹងចំណូលត្រូវពឹងលើថវិកាបានពីការសម្តែងនៅតាមសណ្ឋាគារ និងកម្មវិធីផ្សេងៗ ដែលវាមិនរលូនឡើយ។
សៀវសៀន និយាយថា៖ «វាហត់នឿយ ប៉ុន្តែយើងមិនចង់បោះបង់ ព្រោះយើងបានដំណើរការយូរហើយ ពិសេសពួកខ្ញុំនៅតែចង់បង្ហាត់ក្មេងៗ សម្រាប់បន្តវេន ហើយនេះជាកម្លាំងចិត្តយ៉ាងសំខាន់ ដែលនៅតែជំរុញឱ្យពួកខ្ញុំខំប្រឹងជម្នះឧបសគ្គ ដើម្បីបន្តទៅមុខទៀតជាមួយគ្នា ព្រោះពីមុនយើងធ្លាប់ពិបាកខ្លាំងជាងហ្នឹងទៀត អ៊ីចឹងយើងត្រូវចាប់ផ្តើមឡើងវិញ ដើម្បីរកអ្នកចូលហាត់ ចំណែកអ្នកគ្មានថវិកាបង់ក៏យើងទទួលគាត់ឱ្យហាត់»។
ជាមួយគ្នានេះ សៀវសៀន និងមិត្តភក្តិជាអ្នកហាត់គុនល្បុក្កតោជាមួយគ្នា ក៏ទើបតែបានបើក សាលាគុនល្បុក្កតោមត៌កតេជោរុនតាឯក នៅរុនតាឯក ស្រុកបន្ទាយស្រីផងដែរ។ ទោះសាលាគុនថ្មីនេះ មិនទាន់បើកការហ្វឹកហាត់ជាផ្លូវការ ប៉ុន្តែ សៀវសៀន អះអាងថា នឹងបង្ហាត់ក្មេងៗនៅទីនោះដោយមិនយកប្រាក់ ដើម្បីឱ្យពួកគេអាចប្រើជំនាញនេះទៅរកចំណូល ក៏ដូចជាទាក់ទាញភ្ញៀវទេសចរទៅទស្សនាការសម្តែងគុនល្បុក្កតោនៅទីនោះ និងអាចផ្តល់ជាថវិកាបានខ្លះៗដល់អ្នករស់នៅរុនតាឯកផង។
កញ្ញា សៀវសៀន បញ្ជាក់ថា៖ «អ្វីដែលយើងធ្វើនេះ គឺកើតចេញពីទឹកចិត្តអាណិតស្រឡាញ់ ដើម្បីជួយដល់អ្នករស់នៅរុនតាឯកផ្ទាល់ អ៊ីចឹងការបង្កើតក្លិបនៅទីនោះ គឺយើងចង់បណ្តុះជំនាញដល់ក្មេងៗដោយមិនយកប្រាក់ ដើម្បីឱ្យពួកគេអាចប្រើប្រាស់ក្បាច់គុននេះរកចំណូលបានផង និងអភិវឌ្ឍការហាត់នេះទៅជាជំនាញតែម្តង»។
ចំពោះការហែលឆ្លងឧបសគ្គ និងការលំបាក ដើម្បីបន្តដំណើរការបើកសាលាគុនល្បុក្កតោ នៅខេត្តសៀមរាប ជាច្រើនឆ្នាំមកនេះ ស៊ិន សៀវសៀន បានទម្លាយថា នាងចង់ឈប់ម្តងៗដែរ ប៉ុន្តែការមិនចង់ឃើញវប្បធម៌ក្បាច់គុនដូនតាបាត់បង់ វានៅតែជំរុញឱ្យស្រ្តីរូបនេះ ខំប្រឹងប្រែងបន្តទៅមុខទៀត ក្នុងការបណ្តុះបណ្តាលអ្នកបន្តវេន នៅខេត្តមួយនេះឱ្យបានកាន់តែច្រើន ដើម្បីជួយគ្នាជ្រោង គុនល្បុក្កតោ កុំឱ្យបាត់បង់។
កញ្ញា សៀវសៀន បានសង្កត់ធ្ងន់ថា៖ «បើសិនជាម្នាក់ៗ គិតតែបោះបង់ ខ្ញុំគិតថា គុនល្បុក្កតោ នឹងអាចបាត់បង់ ព្រោះសៀមរាបជាខេត្តទាក់ទាញភ្ញៀវទេសចរ ហើយជាខេត្តនៅជាប់នឹងវប្បធម៌ក្បាច់គុនហ្នឹងខ្លាំងបំផុត ដែលយើងអាចរៀនពីប្រវត្តិសាស្រ្តទាំងនោះបាន និងមានភាពអំណោយផលជាងខេត្តផ្សេងៗ ក្នុងការបង្កើតឱ្យមានសកម្មភាពបណ្តុះបណ្តាលក្បាច់គុនដល់ក្មេងៗជំនាន់ក្រោយ»។
កញ្ញាបន្ថែមថា៖ «អ៊ីចឹងបើយើងអត់ប្រឹងព្យាយាមធ្វើទេ វាអាចនឹងមានផលអវិជ្ជមានប៉ះពាល់ដល់ក្បាច់គុនរបស់យើង ជាពិសេសប៉ះពាល់ដល់ការអភិរក្សគុនល្បុក្កតោ នៅក្នុងអង្គការយូណេស្កូ ហេតុនេះហើយទើបយើងប្រឹងប្រែងបណ្តុះបណ្តាលដល់ក្មេងៗ នៅក្នុងខេត្តសៀមរាប ឱ្យក្លាយជាទំពាំងស្នងឫស្សីគុនល្បុក្កតោ ទៅថ្ងៃខាងមុខ»។
ជុំវិញការអភិវឌ្ឍគុនល្បុក្កតោ នៅលើទឹកដីអង្គរនេះ លោក ប្រាក់ សោភ័ណ ជាអភិបាលខេត្តសៀមរាប ធ្លាប់បានសន្យាថា លោកនឹងជួយគាំទ្រដល់ការអភិវឌ្ឍកីឡាអត្តសញ្ញាណជាតិនេះឱ្យបានយូរអង្វែង។ ការនិយាយបែបនេះ នៅពេលលោកបានជួបសំណេះសំណាលជាមួយក្រុមគុនល្បុក្កតោ និងក្រុមប្រដាល់គុនខ្មែរ ដែលបានចុះទៅពិនិត្យមើល និងស្រាវជ្រាវពីប្រវត្តិក្បាច់គុនបុរាណខ្មែរ នៅតាមប្រាង្គប្រសាទអង្គរ ជាមួយក្រុមការងាររបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។
លោក ប្រាក់ សោភ័ណ បានថ្លែងថា៖ «ខ្ញុំចង់ជួយគាំទ្រដល់ពួកគាត់ (ក្រុមគុនល្បុក្កតោខេត្តសៀមរាប) គឺលទ្ធភាពយើងមានប៉ុន្មាន យើងនឹងជួយទៅតាមហ្នឹង ប៉ុន្តែអ្វីដែលអាចជួយគាត់បានច្រើន គឺរកអ្នកដែលមានលទ្ធភាពច្រើន ជួយដល់គាត់ឱ្យមាននិរន្តរភាពទៅថ្ងៃខាងមុខទៀត»។
លោក សោភ័ណ បានបន្ថែមថា៖ «កុំជួយបានតែមួយឆាវៗ រួចក៏បាត់ទៅវិញ គឺយើងចង់ជួយពួកគាត់ឱ្យបានយូរអង្វែង ហើយបានបណ្តុះដល់ប្អូនៗ ជាអ្នកដែលស្រឡាញ់ និងសិស្សសាលា អាចមកហាត់ព្រឹក រៀនល្ងាច ឬហាត់ល្ងាចរៀនព្រឹក ដើម្បីឱ្យពួកគេបានស្គាល់ផង និងជួយរក្សាកេរដំណែលគុនល្បុក្កតោនេះបានយូរអង្វែង»។
លោក ពក អៀង ដែលបានចូលជួបសំណេះសំណាលផ្ទាល់ជាមួយលោក ប្រាក់ សោភ័ណ កាលពីខែសីហានោះ បានបញ្ជាក់ឡើងវិញ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នេះថា លោកគ្រោងនឹងដាក់សំណើទៅកាន់លោក ប្រាក់ សោភ័ណ ក្នុងសប្តាហ៍នេះ ដើម្បីសុំឱ្យថ្នាក់ដឹកនាំខេត្តរូបនេះ ជួយដល់សកម្មភាពការហ្វឹកហាត់ និងដំណើរការប្រកួតគុនល្បុក្កតោ នៅខេត្តសៀមរាប ហើយការពន្យារពេលការស្នើសុំមកដល់ពេលនេះ ព្រោះកាលពីចុងឆ្នាំ២០២៤ និងដើមខែមករា ឆ្នាំ២០២៥នេះ លោកមើលឃើញថា ថ្នាក់ដឹកនាំខេត្ត មានការរវល់ច្រើន ហេតុនេះមិនទាន់ចង់រំខាន។
លោក អៀង និយាយថា៖ «យើងសប្បាយចិត្ត ដែលឯកឧត្តមជាអភិបាលខេត្ត បានបើកភ្លើងខៀវ ក្នុងការជួយដល់យើង ហើយយើងនឹងធ្វើការទំនាក់ទំនងជាមួយគាត់បន្ថែមទៀត ព្រោះយើងមិនត្រឹមតែចង់ឱ្យគាត់ជួយដល់សាលាគុនរបស់យើងមួយនោះទេ ប៉ុន្តែយើងចង់ជួយដល់សាលាគុនផ្សេងៗទៀត នៅក្នុងខេត្តសៀមរាបនេះ ដើម្បីយើងអាចបន្តដំណើរទៅមុខជាមួយគ្នាទាំងអស់គ្នា»។
តាមគម្រោង លោក ពក អៀង ចង់ឱ្យថ្នាក់ដឹកនាំខេត្ត រៀបចំការប្រកួតគុនល្បុក្កតោថ្នាក់តំបន់ ជាពិសេសការប្រកួតថ្នាល នៅក្នុងខេត្តសៀមរាប ឱ្យបានញឹកញាប់ យ៉ាងហោចឱ្យបាន៣ទៅ៤ដង ក្នុង១ឆ្នាំៗ ដើម្បីឱ្យកីឡាករ កីឡាការិនី មានសមត្ថភាពកើនឡើង ព្រមទាំងទាក់ទាញភ្ញៀវទេសចរផង ព្រោះសៀមរាប ជាខេត្តទេសចរណ៍ ដ៏សំខាន់មួយរបស់កម្ពុជា ដែលមានភ្ញៀវជាតិ និងអន្តរជាតិទៅទស្សនាមិនដាច់។
ជាមួយគ្នានេះគ្រូបង្វឹកវ័យក្មេង ស៊ិន សៀវសៀន បានទទួលស្គាល់ថា រយៈពេលជាង១ឆ្នាំនេះ ក្រុមគុនល្បុក្កតោ បានចូលរួមក្នុងព្រឹត្តិការណ៍ ដែលរៀបចំដោយក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងស្ថាប័នផ្សេងៗទៀតបានច្រើន ប៉ុន្តែការបង្កើតឱ្យមានការប្រកួតគុនល្បុក្កតោជាប្រចាំឆ្នាំ នៅខេត្តសៀមរាប ពិតជាសំខាន់ ក្នុងការជួយឱ្យការហ្វឹកហាត់គុនល្បុក្កតោ នៅខេត្តសៀមរាប មានភាពផុសផុល។
កញ្ញាបញ្ជាក់ថា៖ «បើសិនជាថ្នាក់ដឹកនាំរបស់ខេត្តយើង រៀបចំឱ្យព្រឹត្តិការណ៍គុនល្បុក្កតោប្រចាំឆ្នាំនៅលើទឹកដីអង្គរ វាជារឿងល្អបំផុត ដើម្បីលើកទឹកចិត្ត និងផ្តល់ឱកាសឱ្យក្មេងៗបានបញ្ចេញសមត្ថភាព និងជួយឱ្យសកម្មភាពហ្វឹកហាត់គុនល្បុក្កតោ មានភាពផុសផុលឡើងវិញហើយពួកយើង ក៏នឹងមានផែនការរៀបចំឱ្យមានព្រឹត្តិការណ៍ប្លែកៗ សម្រាប់បង្ហាញក្នុងកម្មវិធីហ្នឹង ដើម្បីទាក់ទាញដល់ភ្ញៀវទេសចរដូចគ្នា»៕