សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

ជនជាតិដើមភាគតិចកួយទាមទាររកដំណោះស្រាយជុំវិញវិវាទដីធ្លីនៅខេត្តព្រះវិហារ

ប្រជាសហគមន៍ជនជាតិដើមភាគតិចកួយប្រមូលផ្ដុំគ្នាធ្វើសន្និសីទសារព័ត៌មាន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥​ ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាវិវាទដីធ្លីដែលសង្ស័យថាពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់ថ្នាក់ខេត្តម្នាក់នៅខេត្តព្រះវិហារ។ (ខេមបូចា/ព្រីង សំរាំង)
ប្រជាសហគមន៍ជនជាតិដើមភាគតិចកួយប្រមូលផ្ដុំគ្នាធ្វើសន្និសីទសារព័ត៌មាន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥​ ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាវិវាទដីធ្លីដែលសង្ស័យថាពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់ថ្នាក់ខេត្តម្នាក់នៅខេត្តព្រះវិហារ។ (ខេមបូចា/ព្រីង សំរាំង)

សមាជិកប្រជាសហគមន៍ជនជាតិដើមភាគតិចក្នុងខេត្តព្រះវិហារបានស្វែងរកការអន្តរាគមន៍ចំពោះដីសហគមន៍របស់ពួកគេ ដោយចោទថា មានក្រុមហ៊ុនមួយដែលមានម្ចាស់ជាមន្ត្រីជាន់ខ្ពស់ខេត្តបានកាប់ទន្ទ្រាន ប៉ុន្តែការលើកឡើងនេះត្រូវបានមន្ត្រីមូលដ្ឋានច្រានចោល ហើយអះអាងថា វាពាក់ព័ន្ធនឹងអ្នកវិនិយោគឯកជន។

តំណាងជនជាតិដើមភាគតិចកួយចំនួន១៥នាក់ បានស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធអន្តរាគមន៍ដើម្បីបញ្ឈប់ការកាប់ទន្ទ្រានដីដែលធ្លាប់ជាដីចម្ការវិលជុំ ក៏ដូចជាព្រៃអ្នកតារបស់ពួកគេ។

បើតាមការលើកឡើងរបស់ពួកគេបានឱ្យដឹងថា អ្នកវិនិយោគឯកជនដែលពាក់ព័ន្ធនឹងការកាប់ទន្ទ្រានដីនោះ គឺជាអភិបាលរងខេត្តព្រះវិហារ លោក អ៊ុក គឹមសាន ដែលចោទថាជាម្ចាស់ក្រុមហ៊ុន សានតាណា អាហ្រ្គោ ប្រូដាក់ ឯ.ក។ ក្រុមហ៊ុននេះ បានកាប់ទន្ទ្រានដីព្រៃអស់ជាច្រើនហិកតា ហើយក៏បានប៉ះទង្គិចជាមួយប្រជាពលរដ្ឋនៅភូមិចំនួនពីរ គឺភូមិដងផ្លិត និងភូមិណារ៉ុង ក្នុងស្រុកឆែប កាលពីខែមករាកន្លងទៅ។

«ពួកយើងតែងតែប្រមូលផល[ចម្ការវិលជុំ]នៅតំបន់នោះ»។ នេះជាសម្ដីរបស់ លោក កុង ណៃ អាយុ៤៦ឆ្នាំ ដែលបានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៣ ក្នុងរាជធានីភ្នំពេញ។ លោកបន្តថា «ពួកយើងនឹងបាត់បង់ធនធានធម្មជាតិ អនុផលព្រៃឈើ[..] ហើយកូនចៅជំនាន់ក្រោយរបស់យើងនឹងមិនមានអ្វីត្រូវពឹងផ្អែក[សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ] ទៀតឡើយ»

លោកបន្ថែមថា កន្លងមកជនជាតិដើមភាគតិចចំនួន២០០ ទៅ៣០០គ្រួសារ បានប្រមូលផលដំណាំនៅលើដីព្រៃសហគមន៍ប្រមាណ ១ ០០០​ហិកតា ក្នុងឃុំឆែប II តែក្រោយមកតំបន់នោះក៏រងការគំរាមកំហែងពីការបាត់បង់។

ជនជាតិដើមភាគតិចម្នាក់ទៀតគឺ កញ្ញា សឹម ស្រីនាត ក៏បានលើកឡើងពីបញ្ហាស្រដៀងគ្នាដែលកើតឡើងក្នុងតំបន់ដែលអ្នកស្រីរស់នៅផងដែរ។

កញ្ញា បាននិយាយថា៖ «បើសិនជាគេឈូសឆាយដីហ្នុងអស់ ប្រជាពលរដ្ឋអត់អាច​​ចូលធ្វើស្រែសចម្ការ អត់មានដីសម្រាប់គោ និងក្របី ទៅរកអនុផលព្រៃឈើ​សម្រាស់​ចិញ្ចឹមជីវិតប​ន្តទៀតបានទេ»

បើតាមការកត់ត្រារបស់ក្រសួងពាណិជ្ជកម្ម ក្រុមហ៊ុនសានតាណា អាហ្រ្គោ ប្រូដាក់ ឯ.ក បានចុះបញ្ជីក្នុងឆ្នាំ២០១៧ ដោយមានលោក គឹមសាន ជាប្រធានតែម្នាក់គត់។ ក្រោយមកក្នុងឆ្នាំ២០២២ លោក គឹមសាន ត្រូវបានតែងតាំងជាអភិបាលរងខេត្តព្រះវិហារ

ក្រុមហ៊ុន សានតាណា អាហ្រ្គោ ប្រូដាក់ ឯ.ក ត្រូវបានប្រជាសហគមន៍ជនជាតិដើមភាគតិចចោទប្រកាន់ថាជាប់ពាក់ព័ន្ធនឹងសកម្មភាពកាប់ឈើ និងរំលោភយកដី។ នេះបើតាមការរាយការណ៍របស់អង្គភាពសារព័ត៌មាន Mongabay

អភិបាលរងខេត្តព្រះវិហារម្នាក់ទៀត គឺលោក គឹម ចាន់បញ្ញា​ បានច្រានចោលការចោទប្រកាន់របស់អ្នកភូមិអំពីវិវាទដីធ្លីពាក់ព័ន្ធនឹងលោក គឹមសាន ដោយថា «គ្មានឯកសារ» ដែលបង្ហាញថាលោកបានទិញដីនោះ។ ផ្ទុយទៅវិញ លោកថាដីនោះត្រូវបានទិញដោយអ្នកវិនិយោគឯកជន។

លោកមានប្រសាសន៍ថា៖ «តើអ្វី​ជា​ចេតនា​ពិត​របស់​ពួកគេ​ក្នុង​ការ​ការពារ​ដី​ដែល​អ្នក​ផ្សេង​ដែលប្រជាជនអាស្រ័យផល»។ ​ដោយ​បដិសេធ​មិន​បង្ហាញ​អត្តសញ្ញាណ​របស់អ្នកវិនិយោគ​ដែល​បាន​ទិញ​ដី​ពី ៦០០ ទៅ ៧០០ ហិកតា​នោះ។

លោក ចាន់បញ្ញា បន្តថា៖ «យើងបានមើលដើមហេតុនៃករណីនេះ ប្រជាពរដ្ឋនៅខាងក្នុងបានលក់ដីរបស់ពួកគេទៅឱ្យប្រជាពលរដ្ឋនៅក្រៅស្រុក[អ្នកវិនិយោគ] ហើយអ្នកក្រៅ​ហ្នឹង​គាត់​ចូល​មកសម្អាតដីគាត់»

ទោះជាយ៉ាងនេះក្ដី លោកបានលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធ រួមទាំងអ្នកភូមិដែលកាន់កាប់ដីសម្រាប់ធ្វើស្រែចម្ការ ត្រូវប្រកាសពីតំបន់ និងទំហំដីរបស់ខ្លួនទៅកាន់អាជ្ញាធរ ដើម្បីបញ្ជាក់ពីផលប្រយោជន៍របស់ពួកគេជាមួយអ្នកវិនិយោគរូបនោះ។

លោកបន្តថា រហូតមកទល់ពេលនេះ មានប្រជាពលរដ្ឋចំនួន៥៨គ្រួសារបានប្រកាសទំហំដីរួចរាល់ សរុបប្រមាណ២៩៣ហិកតា ហើយដីដែលប្រជាពលរដ្ឋទាមទារនោះជាដីសហគមន៍ គឺស្ថិតនៅក្នុងតំបន់ការពារព្រៃព្រះរកា។ ក្នុងនោះផ្នែកខ្លះនៃតំបន់ការពារត្រូវបានកំណត់ជាតំបន់សហគមន៍សម្រាប់ការដាំដុះអាស្រ័យផល។

លើកឡើងដូចគ្នាទៅនឹង លោក ចាន់បញ្ញា មេឃុំឆែប២ លោក ជៀន ចាន់ ចែករំលែកថា អ្នកភូមិយល់ខុសថា «ដីមានជម្លោះ» ជាប់ពាក់ព័ន្ធជាមួយលោក គឹមសាន។

លោកឱ្យដឹងថា៖ «ក្រុមហ៊ុននេះមិនមែនជារបស់គាត់ [លោក អ៊ុក គឹមសាន] ទេ។ ហើយគាត់គ្រាន់តែទៅ​វាយ​តម្លៃ​ផល​ប៉ះ​ពាល់​ជាមួយ​អ្នក​ភូមិប៉ុណ្ណោះ» ដោយ​ពន្យល់​ថា អាជ្ញាធរ​ខេត្ត​បាន​បង្គាប់ឱ្យ​លោក គឹម សាន ក្នុង​នាម​ជា​អភិបាល​រង​ខេត្ត ធ្វើ​ការ​សិក្សា​ពី​ផល​ប៉ះពាល់ និង​រៀបចំ​ដី​ជាង ១ ០០០ហិកតា​សម្រាប់​អ្នក​វិនិយោគ។

លោកបន្ថែមថា៖ «ដី​ណាជាប់ពាក់ព័ន្ធជាមួយអ្នក​ភូមិ។ ពួកគេ​នឹង​ត្រូវ​ផ្តល់​សំណង​ជា​ប្រាក់ ហើយ​ប្រសិនបើ​ពួកគេ​មិន​យល់ព្រម​លក់​ទេ ពួកគេ​ក៏មិនរងការបង្ខំដែរ»

មន្ត្រី​សម្របសម្រួលនៃ​អង្គការ​ជនជាតិដើម​ភាគតិច​កម្ពុជា (CIPO) ប្រចាំ​ខេត្ត​ លោក គឹម ប៊ុន​ថង បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ត្រូវ​បាន​រំលោភ​បំពាន ជាពិសេស​ដី​សម្រាប់​ដាំដុះ​ត្រូវ​បានកាន់កាប់ដោយ​ក្រុមហ៊ុន​ឯកជន និង​បុគ្គល​។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «យើង​ព្រួយ​បារម្ភ​អំពី​ការ​បាត់​បង់​ទំនៀម​ទម្លាប់ វប្បធម៌ និង​អនុផល​ព្រៃឈើ រួម​ទាំង​ដី​សម្រាប់​ដាំដុះ​របស់ពួកគេ»

លោក អ៊ុក គឹមសាន មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Kuy Indigenous Demand Resolution Over Land Dispute in Preah Vihear

69 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម