សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

កម្លាំងប្រតិបត្តិបានរកឃើញសាកសពអ្នកបើកបរឧទ្ធម្ភាគចក្រទាំងពីរនាក់ហើយ និងត្រៀមបញ្ជូនទៅភ្នំពេញ

ឧទ្ធម្ភាគចក្រ Z-9 ត្រូវបានរកឃើញនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ដែលជាការបង្ហោះរូបថតនៅលើ TVK ។
ឧទ្ធម្ភាគចក្រ Z-9 ត្រូវបានរកឃើញនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ដែលជាការបង្ហោះរូបថតនៅលើ TVK ។

អ្នកបើកបរឧទ្ធម្ភាគចក្រទាំងពីរនាក់ត្រូវបានរកឃើញស្លាប់ជាបន្តបន្ទាប់នៅថ្ងៃទី២៩ និង៣០ ខែកក្កដានេះ នៅកន្លែងយន្តហោះធ្លាក់ លើភ្នំយ៉ាវយ៉ៃ។ យោងតាមលោក ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពល​ខេមរភូមិន្ទ បានប្រាប់សារព័ត៌មានក្នុងស្រុកមួយចំនួនដែលបានចុះទៅដល់តំបន់កើតហេតុ។

លោក សារ៉ាត់ បានថ្លែងថា នៅម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ កម្លាំងរុករកបានប្រទះឃើញសាកសពអាកាសយានិកម្នាក់ទៀតហើយ ដោយរូបគាត់មានឈ្មោះ ស៊ុន ផល្លា នៅចំណុចជើងភ្នំយ៉ាវយ៉ៃ ដែលមានចម្ងាយជាង២១០ម៉ែត្រ ពីកន្លែងឧទ្ធម្ភាគចក្រដែលធ្លាក់។

នាយកឧត្តមសេនីយ៍បានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកនៅព្រឹកថ្ងៃទី៣០​ ខែកក្កដា មុនពេលរកឃើញសាកសពម្នាក់ទៀតថា នៅថ្ងៃទី២៩ ខែកក្កដា កម្លាំងប្រតិបត្តិរកឃើញឧទ្ធម្ភាគចក្រ Z-9 ដែលបានបាត់ខ្លួននៅម្តុំភ្នំយ៉ាវយ៉ៃ ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ព្រមទាំងប្រទះឃើញសាកសពអាកាសយានិកម្នាក់ឈ្មោះ ខេង ឆៃយុទ្ធ បានស្លាប់នៅជាប់នឹងកៅអីរបស់ឧទ្ធម្ភាគចក្រ។

លោក សារ៉ាត់ ថ្លែងថា សាកសពអាកាសយានិកម្នាក់ឈ្មោះ ខេង ឆៃយុទ្ធ ត្រូវបានរកឃើញស្លាប់នៅជាប់នឹងកៅអីយន្តហោះ កាលពីរសៀសថ្ងៃទី២៩ ខែកក្កដា នៅលើភ្នំយ៉ាវយ៉ៃ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់​ ហើយកងកម្លាំងកំពុងរៀបចំវេចខ្ចប់ដើម្បីបញ្ជូនទៅភ្នំពេញ។

នាយកឧត្តមសេនីយ៍បានបញ្ជាក់ថា៖ «ម៉ោង៤ និង១០នាទីម្សិលមិញ [កម្លាំងរុករកបានរាយការណ៍ថា] បានរកឃើញ ភីឡតយើងម្នាក់ឈ្មោះ ខេង ឆៃយុទ្ធ បានពលីនៅលើនោះ ហើយពលីនោះសូមបញ្ជាក់ថា គឺនៅជាប់លើកៅអីយន្តតែម្តង»

លោកបន្តទៀតថា ម្នាក់ទៀតរកមិនឃើញថា អ៊ីចឹង គេសន្និដ្ឋានថា ពេលនោះប្រហែលជាគាត់នៅរស់ ហើយច្បាស់លាស់ណាស់ថា​ គាត់នៅរស់ ហើយមិនដឹងគាត់ដើរទៅណា ឥឡូវកម្លាំងប្រតិបត្តិកំពង់តែស្វែងរកបន្តទៀត។

លោក សារ៉ាត់​ បានបញ្ចាក់ទៀតថា រហូតមកដល់ពេលនេះ តំបន់នោះចុះអ័ព្ទខ្លាំង ហើយភ្លៀង ហើយក្នុងចម្ងាយ៥ម៉ែត្រ គឺមិនអាចមើលគ្នាឃើញទេ ប៉ុន្តែទោះបីយ៉ាងណាក៍ដោយ កម្លាំងនៅតែប្រឹងប្រែងរុករកបន្ត។

លោកលើកឡើងថា កងកម្លាំងបានវេចខ្ចប់សាកសពនាំយកទៅកន្លែងដែលឧទ្ធម្ភាគចក្រអាចចុះចតបានដើម្បីបញ្ជូនទៅភ្នំពេញ។ លោកបន្តថា ប្រតិបត្តិការរុករកមិនអាចបញ្ចប់ទេ លុះតែស្វែងឱ្យឃើញ លោក ស៊ុន ផល្លា ហើយឥឡូវ កងកម្លាំងកំពង់តែដោះយកប្រអប់ខ្មៅយន្តហោះ និងបំណែកសំខាន់ៗរបស់យន្តហោះយកមកទុក។

ក្រសួងការពារជាតិបានបញ្ជាក់ជាផ្លូវការនៅម៉ោងប្រហែល៤រសៀលថ្ងៃទី២៩ ខែកក្កដា ថា ឧទ្ធម្ភាគចក្រត្រូវបានរកឃើញក្នុងអំឡុងពេលប្រតិបត្តិការរុករក។ កម្លាំងថ្មើរជើងត្រូវបានដាក់ពង្រាយជាបន្ទាន់ ដើម្បីជួយសង្គ្រោះនាយទាហានជើងអាកាសពីររូបគឺ លោក ស៊ុន ផល្លា និងលោក ខេង ឆៃយុទ្ធ ទោះបីជាមានបញ្ហាប្រឈមភូមិសាស្ត្រ និងអាកាសធាតុក៏ដោយ។

ឧទ្ធម្ភាគចក្រនេះបានបាត់ខ្លួនកាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្នុងអំឡុងហ្វឹកហាត់ដែលបានចាប់ផ្តើមពីរាជធានីភ្នំពេញ ហើយគ្របដណ្ដប់លើតំបន់ថ្មដា ក្នុងខេត្តពោធិ៍សាត់ ហើយគ្រោងនឹងត្រឡប់មកទីក្រុងភ្នំពេញវិញ។

យោងតាមការព្យាករណ៍អាកាសធាតុ កាលពីថ្ងៃទី១២ ខែកក្កដា របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា អាចមានភ្លៀងធ្លាក់ និងផ្គរ រន្ទះ ជាមួយនឹងខ្យល់កន្ត្រាក់ នៅតំបន់ជួរភ្នំក្រវាញ និងតំបន់ខ្ពង់រាបជុំវិញក្នុងខេត្ត។

បន្ទាប់ពីទទួលបានព័ត៌មានអំពីការបាត់ខ្លួនកាលពីថ្ងៃទី១៣ ខែកក្កដា ក្រសួងបានបញ្ជាឱ្យអង្គភាពពាក់ព័ន្ធស្វែងរកឧទ្ធម្ភាគចក្រនេះ នៅក្នុងតំបន់ដែលមានទំហំ៥០គីឡូម៉ែត្រក្រឡា។ ទោះ​ជា​យ៉ាងណាក៏ដោយ សប្តាហ៍ដំបូងនៃការស្វែងរកបានបង្ហាញពីបញ្ហាប្រឈមដោយសារតែអាកាសធាតុមិនអំណោយផល។

កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៤ ឧទ្ធម្ភាគចក្រ​យោធា Z-9 ស្រដៀង​គ្នា​នេះ​បាន​ធ្លាក់​ក្នុង​ពេល​ធ្វើ​សមយុទ្ធ​សង្គ្រោះ​នៅ​ជាយ​រាជធានី​ភ្នំពេញ ដែលបណ្តាលឱ្យស្លាប់​មន្ត្រី​យោធា៤​នាក់។ សារព័ត៌មានក្នុងស្រុកមួយបានរាយការណ៍ថា កម្ពុជាបានទទួលឧទ្ធម្ភាគចក្រយោធា Harbin Z-9 ចំនួន១២គ្រឿងពីប្រទេសចិន ដែលសម្គាល់ដោយពិធីប្រគល់នៅមូលដ្ឋានទ័ពអាកាសមួយនៅខាងក្រៅរាជធានីភ្នំពេញក្នុងឆ្នាំ២០១៣។ ឧទ្ធម្ភាគចក្រនេះត្រូវបានគេនិយាយថា ជាកំណែរបស់ចិននៃការរចនាដោយជនជាតិបារាំង ដែលប្រើសម្រាប់បេសកកម្មមនុស្សធម៌ និងការងារជួយសង្គ្រោះក្នុងអំឡុងពេលគ្រោះមហន្តរាយធម្មជាតិ។

545 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម