ក្រសួងការងាររក្សាការសម្រេចបញ្ឈប់ថ្នាក់ដឹកនាំ និងសកម្មជនសហជីព នៅរោងចក្រមួយក្នុងខេត្តសៀមរាប

កម្មកររោងចក្រផេកធីក (Pactics) ម្នាក់កាន់បដាអំពាវនាវឲ្យខាងរោងចក្រទទួលយកថ្នាក់ដឹកនាំសហជីពពីរនាក់ចូលធ្វើការវិញក្នុងអំឡុងពេលធ្វើកូដកម្មកាលពីថ្ងៃទី១ ខែកញ្ញា នៅសៀមរាប។ (បញ្ញា ឆព័ណ្ណ)
កម្មកររោងចក្រផេកធីក (Pactics) ម្នាក់កាន់បដាអំពាវនាវឲ្យខាងរោងចក្រទទួលយកថ្នាក់ដឹកនាំសហជីពពីរនាក់ចូលធ្វើការវិញក្នុងអំឡុងពេលធ្វើកូដកម្មកាលពីថ្ងៃទី១ ខែកញ្ញា នៅសៀមរាប។ (បញ្ញា ឆព័ណ្ណ)
Share on facebook
Share on twitter
Share on linkedin
Share on telegram
Share on whatsapp

ក្រ​សួង​ការងារ​កាលពីថ្ងៃទី​១១ ខែ​កញ្ញា បាន​រក្សាការ​សម្រេ​ចិត្ត​របស់​ថ្នាក់​ដឹកនាំ​រោងចក្រកាត់ដេផេកធីក (Pactics) ដែល​បាន​បញ្ឈប់​ថ្នាក់ដឹក​នាំ និង​សកម្មជន​សហជីព​ពី​ការងារ ដោយ​បាន​ចាត់ទុក​​ការ​សម្រេច​នេះត្រឹម​ត្រូវ​តាម​ច្បាប់។

លោក ទូច កុសល ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​និយោជិត​វិស័យ​ទេសចរណ៍​កម្ពុជា​ បាន​បញ្ជាក់ថា​ក្រ​សួង​ការ​ងារ​បាន​រក្សា​ការ​សម្រេច​របស់​ភាគី​រោង​ចក្រ បន្ទាប់​ពី​​វិវាទ​រវាង​ភាគី​សហជីព និង​ម្ចាស់​រោងចក្រ ​នាំឲ្យ​​មាន​ការ​ធ្វើ​កូដកម្ម​ជាង​មួយ​សប្ដាហ៍កាលពី​ចុង​ខែ​សីហា។​​

លោក កុសល​ និយាយថា៖ «រដ្ឋមន្ត្រី​ក្រ​សួង​ការងារ[លោក អ៊ិត សំហេង] បាន​ឯក​ភាព​ទៅ​​នឹង​ការ​សម្រេច​ចិត្ត​របស់​មន្ទី​រការងារ​ខេត្ត ដែល​បាន​គាំទ្រភាគី​រោង​ចក្រ​រឿង​បណ្ដេញ​ថ្នាក់​ដឹក​នាំ​សហជីព​ម្នាក់ និង​សកម្មជន​សហជីព​ម្នាក់ពី​ការងារ»។​

ប្រធាន​សហជីព​ឯករាជ្យ​សាមគ្គី​និយោជិត​ប្រចាំ​រោង​ចក្រ​ ផេ​កធីក លោក ម៉េ​ត រ៉ា​ត់ និង​សកម្មជន​សហជីព​លោក ពឹង ទាវ ត្រូវបាន​បញ្ឈប់​ពី​ការងារ​កាលពី​ចុង​ខែ​មិថុនា។ ការ​បញ្ឈប់​នេះ​ធ្វើ​ឡើង​បន្ទាប់​ពីអ្នក​​គ្រប់​គ្រង​រោងចក្រ​ថា​លោក​ ម៉េត រ៉ាត់ បាន​ផ្សព្វ​ផ្សាយ​ព័ត៌មានដែលធ្វើឲ្យប៉ះពាល់ផលប្រយោជន៍​​របស់​រោងចក្រ ហើយ​លោក ពឹង ទាវ ឈប់​សម្រាកពី​ការងារ​ដោយពុំមានការអនុញ្ញាត។

មន្ទីរ​ការងារ​ខេត្ត​សៀមរាប កាលពី​ថ្ងៃទៅ​៣០ ខែ​មិថុនា បាន​ចាត់ទុក​ថា​ការបញ្ឈប់​អ្នក​ទាំង​ពីរ​នេះ​ជា​រឿង​ត្រឹម​ត្រូវ ប៉ុន្តែ​ខាង​សហជីព​បាន​ជំទាស់​នឹង​ការ​យល់ឃើញ​នេះ និង​បាន​ប្ដឹង​បន្ត​មក​ក្រ​សួង​ការងារ​កាលពី​ថ្ងៃទី​១០ ខែ​កញ្ញា។

បុគ្គលិកសណ្ឋាគារឡឺមេរីឌានអង្គរ ធ្វើការបួងសួងកាលពីថ្ងៃទី១១ ខែកញ្ញា ដើម្បីឲ្យមានការទទួលយកថ្នាក់ដឹកនាំសហជីពចំនួនបីនាក់ចូលធ្វើការវិញ បន្ទាប់ពីត្រូវបញ្ឈប់កាលពីខែកក្កដា(បញ្ញា ឆព័ណ្ណ)

លោកឲ្យ​ដឹង​ដែរ​ថា​កម្មករ​រោងចក្រ​ផេកធីក បាន​ផ្អាក​ការ​ធ្វើ​កូដកម្ម​តាំង​ពី​ថ្ងៃទី​៥ ខែ​កញ្ញា តាម​សំណើ​របស់​ក្រសួង​​ការងារ និង​អាជ្ញាធរ​ខេត្ត បន្ទាប់​ពី​ខាង​រោង​ចក្រ​បាន​យល់ព្រម​ផ្ដល់​ប្រាក់ខែ​ពេញលេញ និង​ប្រាក់​​អតីតភាព​ការងារ​ នៅ​ឆ្នាំ​២០២១ ស្រប​តាម​ការ​សម្រេច​របស់​ក្រ​សួង​ការងារ​ដែល​អនុញ្ញាត​ឲ្យ​មានការ​ពន្យា​បែប​នេះ ដោយសារ​តែ​បញ្ហា​សេដ្ឋកិច្ច​នា​ពេលបច្ចុប្បន្ន។​

លោក កុសល បន្ថែមថា៖ «ទោះ​យ៉ាង​ណា នៅ​មានចំណុច​មួយគឺ​​ខាង​រោងចក្រ​មិន​ព្រម​ទទួល​យក​កម្មករពី​រនាក់​ឲ្យ​ចូលធ្វើការវិញ»។ លោក​ថា​កម្មករ​បាន​ពិភាក្សា​ថា​នឹង​ត្រូវ​ធ្វើ​អ្វី​បន្ត​ទៀត​នៅ​ពេល​ខាង​មុខ។​

លោក​ឲ្យ​ដឹង​ទៀតថា​ខាង​ក្រសួង និង​មន្ត្រី​មន្ទីរការងារ​ខេត្ត​​ហាក់​មិន​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ទាម​ទារ​របស់​កម្មករ ទាក់ទង​នឹង​សមាជិក​សហជីព​ទាំង​ពី​រនេះ។​

​លោក ​កុសល បន្តថា៖ «ខ្ញុំ​គិត​ថា​ដំណោះ​ស្រាយ​គឺ​ថា​​អនុញ្ញាត​ឲ្យ​អ្នក​ទាំងពីរ​ចូល​ធ្វើការវិញ។ វា​ដូច​ជាមិន​មាន​បញ្ហាអ្វីទេ ពីព្រោះអ្នក​ទាំងពីរ​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​ធ្ងន់ធ្ងរ​ផង»។​

​កម្មករ​ជិត​៤០០​នាក់​ក្នុង​ចំណោម​កម្មករ៥០០​នាក់​នៅ​រោងចក្រ​នេះ បានចាប់​ផ្ដើម​ធ្វើ​កូដកម្ម​កាលពី​ថ្ងៃទី​២៨ ខែសីហា ដោយ​ទាម​ទារ​ឲ្យ​រោងចក្រទទួល​លោក រ៉ាត់ និង​ លោក ទាវ ចូល​ធ្វើ​ការ​វិញ ដែលអ្នក​ទាំង​ពីរ​ជា​​ផ្នែក​មួយ​​របស់សហព័ន្ធ​​សហជីព​កម្មករ​និយោជិត​វិស័យ​ទេសចរណ៍​​កម្ពុជា។​ កម្មក​រ​ទាំង​នោះ​ក៏​បាន​អំពាវ​នាវ​ឲ្យ​ភាគី​និយោជក​ផ្ដល់​ប្រាក់ខែ និង​ទទួល​យក​កម្មករ​៨០​នាក់​ផ្សេងទៀត ដែល​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ដោយ​សារ​តែ​បញ្ហា​សេដ្ឋកិច្ច​បង្ក​ដោយ​វិបត្តិកូវីដ១៩ លើ​ការ​នាំទំនិញចេញ​របស់​ឧស្សាហ៍កម្មកាត់ដេរ។ ទោះ​យ៉ាងណា តំណាង​​​សហជីព​ថា ត្រឹម​​ថ្ងៃទី​១១ ខែ​កញ្ញា ខាង​និយោជក​បាន​ផ្ដល់​ការងារ​ឲ្យ​កម្មករ​ខ្លះ​ក្នុង​ចំណោម​ទាំង​៨០​នាក់​នោះ​វិញ​ហើយ​ដែរ។

លោក រ៉ាត់ និយាយឲ្យ​ដឹង​កាលពី​ដើម​ខែ​នេះ​ថា លោក និង​លោក ពឹង ទាវ ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​កាលពី​ដើម​ខែ​មិថុនា បន្ទាប់ពី​លោក និង​ក្រុម​កម្មករ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​ក្រុម​ប្រឹក្សាអាជ្ញាកណ្ដាល​ ទាក់​ទង​នឹង​ការ​បញ្ឈ់​កម្មករ​កាលពី​ខែ​មេសា​ កន្លងទៅ។​

លោក រ៉ាត់ និយាយ​នៅថ្ងៃទី​១១ ខែ​កញ្ញា​ នេះ​ថា​មាន​​កម្មករ​ខ្លះ​ក្នុង​ចំណោម​កម្មករ​ទាំង​៨០​នាក់​ត្រូវ​បាន​ឲ្យត្រឡប់​ទៅ​ធ្វើ​ការ​វិញ ហើយ​​វាអយុត្តិធម៌​សម្រាប់​លោក និង​លោក​ទាវ ដែល​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​ធ្វើការ​វិញ។​

លោក​ រ៉ាត់ និយាយថា៖ «​ខ្ញុំ​គិតថា​វាមិន​យុត្តិធម៌ទេ ព្រោះនេះ​មិនមែនជាកំហុសធ្ងន់​ធ្ងរ​អ្វីទេ។ ខ្ញុំ​ស្នើ​ឲ្យ​មន្ទីរ​ការងារ និង​ក្រ​សួង​ការងារគួរ​តែ​ពិចារណា​ឡើង​វិញ​ពី​រឿង​បញ្ឈប់​ខ្ញុំ និង​សកម្មជន​សហជីព​ផ្សេង​ទៀត ហើយអនុញ្ញាត​ឲ្យ​ត្រលប់​ចូល​ធ្វើការ​វិញ»

ប្រធានមន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តសៀមរាប លោក ច័ន្ទ សុ​ខុម​ចិន្តា បានមានប្រសាសន៍​ថា រោងច្រផេកធីក បាន​អនុវត្ត​តាម​ច្បាប់​ ក្នុង​ករណី​បញ្ឈប់​សមាជិក​សហជីពទាំង​ពីរ​នេះ។

​លោក​ សុ​ខុម​ចិន្តា មានប្រសាសន៍ថា៖ «ផ្អែម​តាម​ការ​ធ្វើអធិការកិច្ច មន្ទីរ​ការងារ​ឯកភាពជាមួយ​ភាគី​និយោ​ជក​រឿង​បញ្ឈប់​កម្មករ​ទាំងពីរ»។​

​លោក​បន្ថែមថាមន្ទីរ​ការងារ​មាននាទី​ត្រឹម​ជា​អ្នក​សម្របសម្រួល ហើយ​ភាគី​ពាក់​ព័ន្ធ​គួរ​តែ​អនុវត្ត​តាម​ការ​សម្រចក្រសួង​ការងារ។

​ សុ​ខុម​ចិន្តា បានបន្ថែមថា៖ «ខ្ញុំសូម​អំពាវ​នាវ​ដល់ភាគី​ពាក់​ព័ន្ធ​ទទួល​យក​នីតិវិធី​របស់​ច្បាប់»។ លោក​ក៏​សង្ឃឹម​​ដែរថា​ភាគីទាំងពីរ​នឹង​ព្រម​ទទួល​យក​ដំណោះ​​ស្រាយ​នា​ពេល​ថ្មីៗ​នេះ។​

អ្នក​នាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ មិន​អាច​ទាក់​ទង​សុំ​អត្ថាធិប្បាយ​ជុំវិញរឿង​នេះ បានទេ នៅថ្ងៃទី១១ ខែ​កញ្ញា​។​

លោក ឃុន ថារ៉ូ អ្នក​គ្រប់គ្រង​កម្មវិធី​នៃ​អង្គការសង់ត្រាល់ បាន​និយាយថា​វា​ជារឿង​គួរ​ឲ្យ​សោក​ស្ដាយ​ដែល​ក្រសួង​ការងារ​ឯកភាព​ទៅ​តាម​ការ​សម្រេច​របស់​មន្ទីរ​ការងារ​ខេត្ត។​

លោក ថារ៉ូ និយាយាថា៖ «​ការ​សម្រេច​ចិត្ត​របស​រដ្ឋ​មន្ត្រី​ក្រសួងការងារ​គឺ​ប៉ះពាល់​ដល់​សេរីភាព​សហជីព ព្រោះ​ការ​សម្រេច​ចិត្ត​នេះ​ធ្វើ​ឡើង​ដោយផ្អែក​លើ​ព័ត៌មាន​របស់មន្ទីរ​ការងារ​ខេត្ត​សៀម​រាប»

លោកឲ្យ​ដឹង​ទៀត​ថា​នបុគ្គលិក​របស់​សណ្ឋា​គារ​ឡឺមេរីឌានអង្គរ និង​ភូមិ​វប្បធម៌​កម្ពុជា នៅ​បន្ត​ធ្វើ​កូដកម្ម​នៅឡើង និង​មិន​ទាន់​បាន​ទទួល​ដំណោះ​ស្រាយ​ណាមួយ​ទេ។​

លោក ថារ៉ូ និយាយថា៖ «​ខ្ញុំបាន​មើល​ឃើញ​ពី​ចំណុច​ខ្វះខាត​របស់​មន្ទីរ​ការងារ​ខេត្ត​ក្នុង​ការ​ស៊ើប​អង្កេត​បញ្ហា​ការងារ​នៅ​ទីនោះ» ។ លោក​ថា មន្ត្រី​មន្ទីរ​ការងារ​កន្លងទៅ​ក៏ធ្លាប់​គំរាម​កំហែង​ដល់​កម្មករ​ដែលបានធ្វើកូដកម្ម​ផង​ដែរ។​

​លោក ថារ៉ូ បានបន្តថា៖«ការ​សម្រេច​ចិត្ត​របស់​មន្ទីរ​ការងារប៉ះពាល់​ប្រយោជន៍​កម្មករ​រាប់​រយ​នាក់ និង​មន្ត្រី​សហជីព​ផង​ដែរ»

​លោក ថារ៉ូ​ឲ្យ​​ដឹងទៀតថា លោក​បាន​មើល​ឃើញ​ពី​ការ​ប្រើ​ប្រាស់អំណាចមិន​ត្រឹម​ត្រូវ​របស់​មន្ត្រី​មន្ទីរ​ការងារ ដែល​បាន​ទទួល​ប្រតិភូកម្មអំណាចពីច្បាប់ស្ដីពីការងារ។​

លោកបន្ថែម​ថា៖ «ច្បាប់​បាន​ធ្វើប្រតិភូកម្មអំណាច និង​តួរនាទីដល់​មន្ត្រី​នៅ​មន្ទីរការងារ ប៉ុន្តែពួកគាត់​បាន​ប្រើប្រាស់មិន​ត្រឹមត្រូវ…​ហើយពួកគាត់​មិន​ធ្វើ​តាម​នីតិវិធី​ច្បាប់​លើ​បណ្ដឹង​របស់​សហជីព។ ពួកគេ​ត្រូវ​ការ​យុត្តិធម៌ ប៉ុន្តែ​[មន្ទីរ]​បែរជា​ពន្យា​ពេល​លើនីវិធីទៅ​វិញ​»។​​

​ ករណី​កូដកម្ម​មួយ​ទៀត​​នៅ​ខេត្ត​សៀម​រាម​ដែរ គឺ​បុគ្គលិក​សណ្ឋា​គារ​ឡឺមេរីឌានអង្គរ (Le Meridien Angkor Hotel ) បាន​កូដ​កម្ម​ទាមទារ​ឲ្យ​ខាង​សណ្ឋា​គារ​ទទួល​យក​តំណាង​សហជីព​បីនាក់​ចូល​ធ្វើ​ការងារ​វិញ ដោយ​ថា​ការ​បញ្ឈប់​អ្នក​ទាំង​បី​ធ្វើ​ឡើង​ដោយ​មិន​សមហេតុ​ផល កាលពីខែ​កក្កដា កន្លងទៅ។​

​សកម្មជន​ទាំង​បី​នៅ​ក្នុង​សហជីព​ឡឺមេរីឌានអង្គរ កញ្ញា ឌឿម ឆៃយ៉ា អ្នកស្រី សុខ ណារ៉ែន និង អ្នកស្រី ខាំ ស្រីភ័ក្រ ត្រូវ​បាន​បញ្ឈប់​ពី​ការ​ងារ​ដោយ​រង​ការ​ចោទ​ប្រ​កាន់ថា​បាន​បញ្ចុះបញ្ចូល​កម្មករ​ផ្សេងទៀត​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ឲ្យ​គាំទ្រ​ការ​កាត់​ប្រាក់ខែ​ក្នុង​ចំនួន​តិច​តួច។ តាំងពី​ពេល​នោះ​​មក​បុគ្គ​លិក​ក៏​បាន​ធ្វើ​បាតុកម្ម​នៅ​មុខ​មន្ទីរ​ការងារ និង​សណ្ឋាគារ​ ហើយ​ក៏​មាន​ជំនួប​ជា​ច្រើន​បាន​ធ្វើ​ឡើង ដើម្បី​ដោះស្រាយ​បញ្ហា តែមិន​បាន​សម្រេច​នោះទេ។​

លោក លី លីនដា  ប្រធានសហជីព​ឡឺមេរីឌានអង្គរ បាន​និយាយថា​​បុគ្គលិក​សណ្ឋាគារ​បាន​ផ្ដើម​ធ្វើកូដ​កម្ម​ជាថ្មី​វិញ​កាលពី​ថ្ងៃទី​៩ ខែ​កញ្ញា ព្រោះ​អ្នក​ទាំង​នោះ​មិន​បាន​ទទួលដំណោះ​ស្រាយ​​ណាមួយ។​

លោក លីនដា ៖«​នៅ​ព្រឹក​ថ្ងៃទី​៩ ខែ​កញ្ញា ខ្ញុំ​ និង​អ្នក​តំណាងបុគ្គលិក​ផ្សេង​ទៀត​បាន​ទៅជួប​អ្ន​ក​ចាត់ការទូទៅ​សណ្ឋា​គារ​ដើម្បី​ស្នើ​ឲ្យ​គាត់​អនុញ្ញាត​ឲ្យ​តំណាង​សហជីព​ទាំង​បីនាក់​​ចូ​ធ្វើ​ការ​វិញ ប៉ុន្តែ​គាត់​បដិសេធ»។ លោក​បន្ថែមថា​ ដូច​នេះ ហើយ​បានជា​បុគ្គ​លិក​បាន​សម្រេច​​ធ្វើ​កូដ​កម្ម​ជា​ថ្មី​នៅ​រសៀល​ថ្ងៃនោះ។​

លោក​ឲ្យ​ដឹង​ទៀតថា​ ខាង​សណ្ឋា​គារ​ក៏​បាន​ត្រៀម​ពាក្យ​បណ្ដឹង​ ដាក់​ប្ដឹង​លោក​ថា​បាន​ដឹកនាំ​កូដកម្ម​នៅ​សណ្ឋា​គារ​ផង​ដែរ។​

លោក លីនដា បានបន្តថា៖ «ខ្ញុំ​សូម​សំណូម​ពរ​ឲ្យ​អភិបាលខេត្ត​សៀមរាប លោក ទៀ សីហា និង​ភាគី​ពាក់ព័ន្ធ​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ ហើយ​យើង​អាច​នឹង​ត្រឡប់​ចូលធ្វើការ​វិញ»។​ ​

អ្នក​ចាត់ការ​ទូទៅ​របស់​សណ្ឋាគារ​ឡឺមេរីឌានអង្គរ លោកស្រី Sabreena Jacob ​ បាន​លើកឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ខ្លួន​ថា​លោកស្រី​មិន​កែប្រែ​ការសម្រេច​ចិត្ត​ណាមួយ​ចំពោះ​ការ​បណ្ដេញ​បុគ្គលិក​ទាំង​បី​នោះទេ។​​

លោក​ស្រី​បាន​និយាយក្នុង​សេចក្ដី​ថ្លែងការណ៍ថា៖ «​យើង​មាន​ការ​ខក​ចិត្ត​ចំពោះ​សកម្មភាព​របស់​បុគ្គលិក​ទាំង​បី​នាក់​ដែល​ថ្មីៗ​នេះ​បាន​ជ្រើស​រើស​យក​ការ​ធ្វើ​កូដ​កម្ម​ដោយ​ខុស​ច្បាប់​ ជាជាង​ការ​ជួប​ចរចារ​ជាមួយ​ពួក​យើង ទោះបីជាមានការ​អញ្ចើញ​ឲ្យ​ចូល​រួម​ក៏​ដោយ»

លោក​ស្រី​បន្តថា៖ «​បើ​ទោះ​បីជា​មាន​ការ​ជូន​ដំណឹង​ពី​ខាង​សណ្ឋាគារ និង​អាជ្ញាធរ​​ថា​សកម្ម​ភាព​របស់​ពួក​គេ​ខុស​នឹង​ច្បាប់​ក៏​ដោយ ក៏​អ្នក​ទាំង​បី​នៅ​បន្ត​ធ្វើ​សកម្មភាព​កូដ​កម្ម​ដោយ​ខុស​ច្បាប់​ដដែល»។​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Ministry upholds firing of union leader, activist at Siem Reap factory

9 views
Share on facebook
Share on twitter
Share on linkedin
Share on telegram
Share on whatsapp
ព័ត៌មានទាក់ទង
ព័ត៌មានថ្មីៗ »
អត្ថបទពេញនិយម »