សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

គណបក្សតូចៗបង្ហាញក្តីកង្វល់ពីលទ្ធិប្រជាធិបតេយ្យទៅកាន់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក W. Patrick Murphy ជួបជាមួយនឹងតំណាងគណបក្សតូចៗដើម្បីពិភាក្សាពីស្ថានភាពនយោបាយនៅកម្ពុជាកាលពីថ្ងៃអង្គារ ទី១៥ ខែធ្នូ។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក W. Patrick Murphy ជួបជាមួយនឹងតំណាងគណបក្សតូចៗដើម្បីពិភាក្សាពីស្ថានភាពនយោបាយនៅកម្ពុជាកាលពីថ្ងៃអង្គារ ទី១៥ ខែធ្នូ។

គណបក្ស​តូច​ចំនួន​ប្រាំ និង​ជំនួយការ​ផ្ទាល់​លោក​ កឹម សុខា បាន​ជួប​ជាមួយ​នឹង​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​លោក W. Patrick Murphy នា​សប្តាហ៍​នេះ ហើយនៅ​ក្នុង​ជំនួប​នេះ​ តំណាង​គណបក្ស​តូច​ៗបាន​បង្ហាញ​ការ​ព្រួយបារម្ភ​ពី​ការ​ធ្លាក់​ចុះ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក​ឯកអគ្គរដ្ឋទូត​ Murphy បាន​ជួប​ជាមួយ​នឹង​តំណាង​គណបក្ស​ខ្មែរ​ក្រោក គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​សំបុកឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​​ គណបក្ស​ហ៊្វុនស៊ិនប៉ិច​ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​លោក មុត ចន្ថា ​ជំនួយការ​ជាន់ខ្ពស់​របស់​អតីត​ប្រធាន​គណបក្ស​សង្រ្គោះជាតិ​លោក កឹម សុខា។

គណបក្ស​តូច​ទាំងប្រាំ​តំណាង​ឲ្យ​១៣​ភាគរយ​នៃ​សំឡេងឆ្នោត​សរុប​ពី​ការ​បោះឆ្នោត​ជាតិ​កាល​ពីឆ្នាំ ២០១៨ និង​មិន​ទទួល​បាន​កៅអី​នៅ​ក្នុង​រដ្ឋសភា និង​ព្រឹទ្ធសភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ គណបក្ស​សង្រ្គោះជាតិ​ត្រូវ​បាន​រំលាយ​កាល​ពី​ឆ្នាំ២០១៧ និង​មិនបាន​ចូលរួម​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ២០១៨​នោះ​ទេ។

លោក ម៉ម សូណង់ដូ ដែលដឹកនាំ​គណបក្ស​សំបុកឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បាន​មានប្រសាសន៍ថា លោក​បាន​ប្រាប់​ទៅ​លោក​ឯកអគ្គរដ្ឋទូត​ Murphy អំពី​ការ​ក្តោប​អំណាច​គ្រប់គ្រង​​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មក​លើ​មែកធាង​ទាំងបី​របស់​រដ្ឋាភិបាល ជាពិសេស​ប្រព័ន្ធ​​តុលាការ ដែល​លោក​​និយាយ​ថា ការ​ក្តោប​អំណាច​នេះ​បាន​ប៉ះពាល់​ដល់​ឯករាជ្យ​ភាព​របស់​តុលាការ​។

លោក​បាន​ថ្លែង​ថា៖ «ប្រសិន​បើ​យើង​មិន​អាច​ធានា​នូវ​ឯករាជ្យ​របស់​តុលាការ​ បញ្ហា​នៅ​តែ​បន្ត​កើតឡើង​ដូច​មុន ពីព្រោះ [តុលាការ] គឺ​ជា​ក្រុម​ដូចគ្នា​ [នឹង​គណបក្ស​ប្រជាជន​កម្ពុជា]»

លោក​សូណង់ដូ​ក៏​បាន​ចោទសួរ​លោក​ឯកអគ្គរដ្ឋទូត​ផងដែរ​​អំពី​គោលបំណង​របស់​សហរដ្ឋអាមេរិក​ក្នុង​​ដាក់​សម្ពាធ​មក​លើ​កម្ពុជា តាមរយៈ​ទណ្ឌកម្ម​សេដ្ឋកិច្ច ដើម្បី​ឲ្យ​មាន​ការ​កែប្រែ​ការ​ធ្លាក់​ចុះ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស។

​លោក យ៉េង វីរៈ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​មាន​គោលបំណង​ស្នង​តំណែង​គណបក្ស​សង្រ្គោះជាតិ បាន​និយាយ​ថា លោក​បាន​ពាំនាំ​ក្តីកង្វល់​របស់​ពលរដ្ឋ​កម្ពុជា​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស និង​បាន​សង្កត់ធ្ងន់​ពី​ការ​ប្រឹងប្រែង​របស់​គណបក្ស​លោក​ដើម្បី​​ប្រព័ន្ធ​ដឹកនាំ​បែប​ពហុបក្ស ដូច​មាន​​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។ ​

លោក វីរៈ បាន​ថ្លែង​ថា៖ «ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​គឺ​មាន​ឡើង​ចុះ ហើយ​មិនប្រព្រឹត្តទៅ​ដោយ​រលូន​នោះ​ទេ»

លោក អ៊ី សាំងឡេង អនុប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​មានប្រសាសន៍​ថា ប្រទេស​កម្ពុជា​មិន​មាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ ហើយ​សិទ្ធិ​មនុស្ស​មិន​ត្រូវ​បាន​គោរព​នោះ​ទេ។

លោក​បាន​ថ្លែង​ថា«លទ្ធិប្រជាធិបតេយ្យ​មាន​ន័យ​ថា ប្រជាជន​មាន​អំណាច ប៉ុន្តែ​តាម​ការ​ពិត​នៅ​កម្ពុជា ប្រជាជន​មិនមាន​អំណាច​នោះ​ទេ» ដោយ​បន្ថែម​ថា គ្រប់អំណាច​ទាំងអស់​គឺ​នៅ​ផ្តុំ​ជាមួយ​នឹង​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន។

លោក Chad Roedemeier អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា សហរដ្ឋអាមេរិក​បាន​ជួយ​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស ដែល​ជា​ចំណុច​ផ្តោត​ចម្បង​នៅ​ក្នុង​គោលនយោបាយ​ការបរទេស​របស់​សហរដ្ឋអាមេរិក ​នៅ​កម្ពុជា និង​ជុំវិញ​ពិភពលោក។

លោក​បាន​មាន​ប្រសាសន៍​​ថា៖«យើង​មិន​គាំទ្រ​ក្រុម ឬ​បុគ្គល​ណា​មួយ​នោះ​ទេ។ យើង​គាំទ្រ​ប្រជាជន​កម្ពុជា និង​សិទ្ធិ​តាម​រដ្ឋធម្មនុញ្ញ​របស់​ពួកគេ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​សេរីភាព​មូលដ្ឋាន»

​​លោក​ សុខ ឥសាន សមាជិក​ព្រឹទ្ធសភា​​ និង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា​ មិន​យល់ស្រប​ជាមួយ​នឹង​គំនិត​របស់​ក្រុម​គណបក្ស​តូច​អំពី​ចំណាត់​ថ្នាក់​របស់​កម្ពុជា​នៅ​ក្នុង​ផ្នែក​លទ្ធិប្រជាធិបតេយ្យ​​​នោះ​ទេ។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​សូម​និយាយ​ថា ប្រសិន​បើ​កម្ពុជា​ធ្លាក់​ចុះ​នូវ​លទ្ធិប្រជាធិបតេយ្យ នោះ​នឹង​មិនមាន​ស្ថិរភាព​នយោបាយ និង​សន្តិភាព​ដូចពេល​បច្ចុប្បន្ន​នោះ​ទេ។ ដូច្នេះ​ មិនមាន​ការ​ធ្លាក់​ចុះ​នូវ​លទ្ធិប្រជាធិបតេយ្យ និង​មិន​មាន​ការ​រំលោភបំពាន​សិទ្ធិ​មនុស្ស​ជា​ទូទៅ​នោះ​ទេ»

ក្រៅ​ពី​ការ​រំលាយ​គណបក្ស​សង្រ្គោះជាតិ​កាល​ពី​ឆ្នាំ​ ២០១៧ រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​បន្ត​ធ្វើ​ទុក្ខបុកម្នេញ ចាប់ខ្លួន និង​កាត់ទោស​សមាជិក​ និង​អ្នកគាំទ្រ​គណបក្ស​នេះ។ នា​ពេល​បច្ចុប្បន្ន តុលាការ​កំពុង​ជំនុំជម្រះ​សំណុំ​រឿង​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​អតីត​សមាជិក និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​​ចំនួន ១៣០​នាក់​ពី​បទ​ក្បត់ជាតិ។

​លោក​ប៉ា ចន្ទ​រឿន​ ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ បាន​មានប្រសាសន៍​ថា មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​កែប្រែ​បរិយាកាស​​នយោបាយ​គឺ​ ការ​ដាក់​បញ្ចូល​គណបក្ស​សង្រ្គោះជាតិ​តាមរយៈ​ការ​សម្រុះសម្រួល​ក្នុង​ទម្រង់​ណា​មួយ ពីព្រោះ​គណបក្ស​តូចៗ​មិន​អាច​ដណ្តើម​កៅអី​នៅ​ក្នុង​ការ​បោះឆ្នោត​តទល់​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​​នោះ​ទេ។

លោក​ចន្ទរឿន​បាន​ថ្លែង​ថា៖ «ប្រសិន​បើ​មិន​មាន​ដំណោះស្រាយ​នយោបាយជាកញ្ចប់ធំ [​ជាមួយ​នឹងគណបក្ស​សង្រ្គោះជាតិ] ខ្ញុំ​គិត​ថា គណបក្ស​តូចៗ​នា​ពេល​បច្ចុប្បន្ន​មិនមាន​កម្លាំង​គ្រប់គ្រាន់​ដើម្បី​ទាញ​យក​ជំនឿ​ទុកចិត្ត​ពី​សាធារណជន​ដូច​គណបក្ស​ប្រឆាំង [ដែល​ត្រូវ​បាន​រំលាយ] នោះ​ទេ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Minor political parties raise democratic concerns with U.S. ambassador

465 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម