រោងចក្រចំនួនជាង១០កន្លែងបានបិទទ្វារនៅដើមឆ្នាំ២០២៣ និងចំនួនជិត៤០ផ្សេងទៀតបានព្យួរការងារកម្មករនិយោជិត និង៦០កន្លែងទៀតបានកាត់បន្ថយបុគ្គលិក ខណៈសង្គមស៊ីវិលមើលឃើញថា វាជាបញ្ហាសេដ្ឋកិច្ចរបស់កម្ពុជា ដែលអត្រាពលរដ្ឋអត់ការងារធ្វើកើនឡើង ដូច្នេះធ្វើឱ្យប៉ះពាល់ដល់ជីវភាព និងបញ្ហាផ្សេងៗគួរឱ្យព្រួយបារម្ភ។
យោងតាមការបញ្ជាក់របស់អង្គការសង្គមស៊ីវិលធ្វើការលើផ្នែកវិស័យការងារមួយចំនួនបានអះអាងថា ដើមឆ្នាំ២០២៣នេះ វិស័យកាត់ដេរក្នុងប្រទេសកម្ពុជាមួយចំនួនកំពុងតែប្រឈមខ្លាំងដោយសារតែកម្មករកម្មការនីអត់ការងារធ្វើកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
បើតាម លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានបញ្ជាក់ឱ្យខេមបូចាដឹងថា តាមរបាយការណ៍ពីសមាជិករបស់សហជីពខ្លួនបានបង្ហាញថា គឺមានរោងចក្រចំនួន១០បានបិទទ្វារ និងរោងចក្រចំនួន២០បានព្យួរការងារកម្មករ ខណៈប្រមាណ៦០រោងចក្រផ្សេងទៀតបានកាត់បន្ថយបុគ្គលិក។
ជុំវិញរឿងនេះលោក អាត់ ធន់ បានបន្តថា វាជាបញ្ហាប្រឈមធ្ងន់ធ្ងរមួយសម្រាប់ពលរដ្ឋកម្ពុជាដែលរស់ពឹងផ្អែកលើវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើង និងចង្វាក់ផលិតកម្មផ្សេងៗទៀតត្រូវបានបិទទ្វារទាំងស្រុង។ ការណ៍នេះវាធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាអាចនឹងជួបបញ្ហាប្រឈមខ្លាំង បើរោងចក្របន្ដបិទទ្វារ និងព្យួរបែបនេះ។ យ៉ាងណាលោកថា ករណីរោងចក្របិទទ្វារ និងព្យួរការងារដោយសារតែខ្វះការបញ្ជាទិញ ទើបបញ្ហាទាំងអស់នេះកើតឡើង។
លោកបន្ដថា៖ «ដោយសារកង្វះការបញ្ជាទិញ ទើបរោងចក្រមួយចំនួនបានបិទទ្វារ និងព្យួរ។ បញ្ហាពលរដ្ឋអត់ការងារធ្វើនឹងកើនឡើង ហើយសេដ្ឋកិច្ចនឹងជួបបញ្ហាច្រើន»។
លោកបានឱ្យដឹងថា ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះបាន ដំបូងក្រសួងការងារត្រូវសម្របសម្រួលក្នុងការដោះស្រាយសំណងតាមច្បាប់ការងារជូនកម្មករ កម្មការិនីដែលរោងចក្របានបិទទ្វារ ជាពិសេសលុយសង្គ្រោះពីរដ្ឋគួរតែផ្ដល់ឱ្យពួកគាត់។ ហើយរដ្ឋត្រូវតែរក្សាEBA ក្នុងការបញ្ជាទិញឱ្យបាន បើមិនអ៊ឹចឹងទេ វិបត្ដិសេដ្ឋកិច្ចនឹងកើតឡើង។
លោកបន្ថែមថា៖ «ក្រសួងគួរតែជួយអន្ដរាគមន៍ឱ្យពួកគាត់ដើម្បីងាយស្រួលស្វែងរកការងារផ្សេងធ្វើ។ ហើយការឧបត្ថម្ភពីរដ្ឋគួរតែផ្ដល់ឱ្យពួកគាត់។ រដ្ឋត្រូវតែរក្សាEBAឱ្យបាន ដើម្បីឱ្យការបញ្ជាទិញនៅតែបន្ដទើបអាចដោះស្រាយបញ្ហាទាំងហ្នឹងបាន»។
អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហជីពកម្ពុជា បានបញ្ជាក់ថា រោងចក្រដែលជាសមាជិករបស់អ្នកស្រីចំនួន២២ហើយមាន៣ត្រូវបានបិទទ្វារ និង១១ព្យួរការងារ ចំណែកផ្សេងទៀតអាចនឹងប្រឈម។
រីឯលោក គង់ អាទិត្យ ប្រធានសហជីពស៊ីខៅឌូ បានថ្លែងថា សមាជិកសហជីពលោកចំនួន៥៣រោងចក្រ ក្នុងនោះ១បានបិទទ្វារ និង៦បានព្យួរ ផ្សេងទៀតធ្វើការឆ្លាស់គ្នាធ្វើការ ប៉ុន្ដែអាចនឹងប្រឈមបញ្ហាផងដែរ។
កាលពីថ្ងៃទី២៤ខែមករានេះ សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC) បានប្រកាសឱ្យដឹងដែរថា ក្រុមហ៊ុន លីម ឡាញ អ៊ិនធើណេសិនណល (ខេមបូឌា) ហ្គាមេន (Lim Line International (Cambodia) Garment Co.,Ltd.) ស្ថិតនៅរាជធានីភ្នំពេញ ដែលមានកម្មករ-កម្មការិនីបម្រើការងារ ចំនួន៨៨៥នាក់ បានបិទទ្វារអាជីវកម្មរបស់ខ្លួនផងដែរ ដោយក្រុមហ៊ុនបានអះអាងថា «គ្មានអ្នកបញ្ជាទិញ»។
បន្ថែមលើនេះ កម្មកររោងចក្រមួយកន្លែងនៅខេត្ដកំពង់ឆ្នាំង ក៏បានផ្ទុះការតវ៉ាផងដែរ កាលពីថ្ងៃទី២៣ ខែមករា ក្រោយពីថៅកែបានព្យួរការងារកម្មករកម្មការិនីប្រមាណជិត ២ ០០០នាក់។ សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC) បានសំដែងការសោកស្តាយចំពោះការព្យួរការងារកម្មករខាងលើនេះ ដោយថា ការព្យួរការងារនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូល និងជីវភាពរបស់កម្មករ។
ជុំវិញរឿងនេះដែរ កញ្ញា យ៉ុង លាភ អគ្គលេខាធិការិនីនៃសហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC) បានឱ្យដឹងថា មានសហជីពចំនួន១៨ដែលជាសមាជិករបស់សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ហើយមាន១ត្រូវបានបិទទ្វារទាំងស្រុងនៅដើមសប្ដាហ៍នេះ និង២រោងចក្រផ្សេងទៀតបានព្យួរការងារកម្មករជិត ៣ ០០០នាក់ និងមានរោងចក្រផ្សេងទៀតក៏ប្រឈមក្នុងការបិទទ្វារឆាប់ៗដែរ។
យ៉ាងណាកញ្ញាថា បើក្រុមហ៊ុន និងរោងចក្របន្ដបិទនិងព្យួរការងារកម្មករ កម្មការិនីបន្ថែមទៀត នោះបញ្ហាសេដ្ឋកិច្ចរបស់កម្ពុជានឹងប្រឈមខ្លាំងដោយសារអត្រាអត់ការងារធ្វើកើនឡើង ពលរដ្ឋគ្មានប្រាក់ចំណូលដូច្នេះវិបត្ដិសេដ្ឋកិច្ចនឹងជួប។
កញ្ញាបន្ដថា៖ «ក្នុងនាមជាអង្គការសង្គមស៊ីវិល មានការព្រួយបារម្ភខ្លាំងពីបញ្ហាជីវភាពរបស់កម្មករ កម្មការិនី ព្រោះកម្មករខ្លះក្រោយពីឈប់ពីកន្លែងចាស់ពួកគាត់មិនអាចទៅរកការងារធ្វើកន្លែងផ្សេងបានទេ ដោយសារពួកគាត់អាយុច្រើនគឺពិបាកណាស់»។
កម្មការិនីម្នាក់ អ្នកស្រី លី ថារី អាយុ៣៨ឆ្នាំបានបម្រើការងារផ្នែកដេរអស់រយៈពេល១៣ឆ្នាំនៅក្រុមហ៊ុន លីម ឡាញ អ៊ិនធើណេសិនណល (ខេមបូឌា) ហ្គាមេន (Lim Line International (Cambodia) Garment Co.,Ltd.) និងជាស្រ្ដីមេម៉ាយដែលមានកូនក្នុងបន្ទុក៤នាក់ បានលើកឡើងថា ក្រោយពីរោងចក្របានបិទទ្វារទាំងស្រុងកាលពីដើមសប្ដាហ៍នេះដូច្នេះវាប្រាកដជាធ្វើឱ្យប៉ះពាល់ដល់ជីវភាពអ្នកស្រីហើយ។
អ្នកស្រីបន្តថា ប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារគឺអ្នកស្រីរកតែម្នាក់ឯងដោយពឹងផ្អែកលើការងាររោងចក្រនេះឯង កាលណាបិទដូច្នេះវាប៉ះពាល់ខ្លាំងណាស់។ យ៉ាងណាមិញអ្នកស្រីបានបញ្ជាក់ថា អ្នកស្រីចង់ស្វែងរកការងារនៅកន្លែងផ្សេងដែរ តែគេមិនយកឱ្យចូលធ្វើការងារនោះទេ ដោយសារតែអ្នកស្រីមានអាយុច្រើន ដូច្នេះវាជាបញ្ហាប្រឈមសម្រាប់កូនៗដែលកំពុងរៀន។
ស្រ្ដីមេម៉ាយរូបនេះត្អូញត្អែរថា៖ «ខ្ញុំមិនដឹងគិតម៉េចទេបង បើកន្លែងផ្សេងគេ[រោងចក្រ]អត់យកខ្ញុំទេ ព្រោះខ្ញុំអាយុច្រើន។ ខ្ញុំត្រូវចឹញ្ចឹមកូន៤នាក់សុទ្ធតែនៅរៀន និងបង់ធនាគារទៀត។ ខ្ញុំពឹងលើរោងចក្រ គ្រាន់បាន៣០០ដុល្លារទៅ៤០០ដុល្លារក្នុងមួយខែ តែឡូវចប់ហើយបង។ បើទៅស្រុកមិនដឹងធ្វើអី បើមានស្រែគ្រាន់ធ្វើ ចុះបើខ្ញុំអត់មានផង មិនដឹងទៅធ្វើអី»។
អ្នកស្រី ថារី បានស្នើសុំទៅក្រសួងការងារ និងរដ្ឋាភិបាលមេត្ដាជួយដោះស្រាយយ៉ាងណាឱ្យកម្មករកម្មការិនីដែលមានអាយុប្រហាក់ប្រហែលអ្នកស្រីអាចចូលធ្វើការនៅកន្លែងផ្សេងបាន ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗក្នុងជីវភាព។
កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ក្រសួងការងារបានចេញសេចក្ដីជូនដំណឹង ស្ដីពីការបើកប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការរាជរដ្ឋាភិបាល(លើកទី៨៨)។
ក្នុងលិខិតដដែលបានបញ្ជាក់ថា មានរោងចក្រសហគ្រាសចំនួន១២បានព្យួរ ហើយកម្មករនិយោជិត៨៦៦នាក់ដែលបានព្យួរការងារអាចបើកប្រាក់ឧបត្ថម្ភៈដោយរដ្ឋ។ ការព្យួរការងារចាប់ពី១១ថ្ងៃទៅ២០ថ្ងៃគឺទទួល១២ម៉ឺនរៀល ឬស្មើ៣០ដុល្លារ។ ការព្យួរការងារចាប់ពី២១ថ្ងៃទៅ១ខែត្រូវទទួលបានប្រាក់១៦ម៉ឺន២ពាន់រៀល ស្មើនឹង៤០ដុល្លារ។
លោក សេង សក្ដា ប្រតិភូរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកការងារនៃក្រសួងការងារ បានបញ្ជាក់ថា លោកមិនបានទទួលបន្ទុកលើផ្នែកហ្នឹងនោះទេ ដោយលោកអ្នកសារព័ត៌មានខេមបូចាទៅសួរឯកឧត្ដម ហេង សួរ ជាអ្នកទទួលបន្ទុកលើកិច្ចការងារអស់ហ្នឹង។
លោក សក្ដាបន្ដថា៖ «បងអត់ទទួលបន្ទុករឿងហ្នឹងទេ អាចសួរឯកឧត្ដម ហេង សួរ ព្រោះគាត់អ្នកទទួលបន្ទុកលើការងារហ្នឹង បងអត់ដឹងទេ»។
ជុំវិញរឿងនេះ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ មិនបានឆ្លើយតបនឹងសំណួររបស់ ខេមបូចានោះទេ ដោយលោកបានឱ្យអ្នកសារព័ត៌មានទៅមើលច្បាប់ស្ដីពីការងារជំនួសវិញ។
លោកថ្លែងយ៉ាងខ្លីថា៖ «ប្អូនទៅមើលច្បាប់ការងារចុះ ខ្ញុំមិនមានអីនិយាយទេ»។
យោងតាមច្បាប់ស្ដីពីការងារ មាត្រា៩១ ឱ្យដឹងថា ការរំលាយកិច្ចសន្យាការងារតាមឆន្ទៈផ្ទាល់នៃភាគីណាមួយ ដោយគ្មានហេតុផលត្រឹមត្រូវនោះ អាចបើកសិទ្ធិឱ្យភាគីម្ខាងទៀតទាមទារសំណងសោហ៊ុយជំងឺចិត្តបាន។
ចំណែកលោក កាំង មូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បានមានប្រសាសន៍ថា បញ្ហាដែលរោងចក្របានបិទទ្វារ និងព្យួរការងារនេះគឺគ្រប់គ្នាបានដឹងហើយថាដោយសារតែវិបត្ដិសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប និងអាមេរិកក្រោយពីមានសង្គា្រមរវាងអ៊ុយក្រែន និងរុស្សី ព្រោះរាល់ការផលិតបានត្រូវនាំចេញទៅតំបន់ទាំងនោះ។
លោកបន្ដថា ពាក់ព័ន្ធនឹងបញ្ហានេះ វាអាចមានផលអវិជ្ជមានខ្លះ ប៉ុន្ដែមិនរហូតដល់ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះទាំងស្រុងដែរ។ លោកថាបញ្ហានេះមិនមែនតែកម្ពុជាតែមួយនោះទេ មានទាំងប្រទេសវៀតណាម បង់ក្លាដេស និងមានប្រទេសផ្សេងៗទៀត ក៏កំពុងជួបបញ្ហានេះដែរ ដូច្នេះវាមិនមែនជាបញ្ហាធំដុំដែលគួរឱ្យព្រួយបារម្ភនោះទេ។
លោក មូលីកា បន្ដថា៖ «យើងដឹងហើយថាបញ្ហាសេដ្ឋកិច្ចនៅអឺរ៉ុបកំពុងតែជួបបញ្ហាអាក្រក់ដោយសារសង្រ្គាមនៅអ៊ុយក្រែនដែលនាំឱ្យតម្រូវការធ្លាក់ចុះ ហើយការបញ្ជាទិញក៏មិនសូវមាន ទើបប៉ះពាល់បងប្អូនកម្មករយើង។ ខ្ញុំគិតថាមានបញ្ហាអវិជ្ជមាន ក៏ប៉ុន្ដែខ្ញុំមិនទាន់គិតថាវាស្ថិតនៅកម្រិតមួយដែលអាចបង្កជាចលាចលទេ បាទ!»។
បើតាមលោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភា បានពន្យល់ប្រាប់ថា បញ្ហានាំចេញទៅសហភាពអឺរ៉ុប មិនមានអ្វីជាបញ្ហានោះទេ លោកឃើញទំហំនៃវិស័យកាត់ដេរគឺមានកំណើនរហូត។ លោកបន្ដថា បញ្ហាបិទរោងចក្រនេះ មិនមែនដោយសារតែ សង្គ្រាមអ៊ុយក្រែនទេ ប៉ុន្ដែអ្វីដែលជាបញ្ហាសំខាន់គឺការអស់ផលិតភាពនៃកម្លាំងពលកម្មដោយសារកម្មករកម្មការិនីពួកគាត់មានវ័យចាស់នឹងមិនអាចដេរបានបន្ដទៀតទេ គេហៅថា ការធ្លាក់ចុះនៃផលិតភាពក្នុងវិស័យកាត់ដេរ។
លោក សេរីវឌ្ឍន៍ ថា៖ «រោងចក្រមួយចំនួនត្រូវព្យួរការងារសម្រាប់ពួកគាត់ហើយនឹងរើសការងារថ្មីក្មេងមានកម្លាំងដើម្បីបង្កើនផលិតភាព។ អ៊ឹចឹងហើយ រដ្ឋាភិបាលបានផ្ដល់នូវប្រាក់ឧបត្ថម្ភដើម្បីជួយជាសាច់ប្រាក់ផង និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីឱ្យគាត់ប្ដូរពីផលិតកម្មនៃវិស័យកាត់ដេរទៅវិស័យផ្សេងទៀត បាទ!»៕