ប្រជាពលរដ្ឋរស់នៅតំបន់សំបុកចាបក្នុងខេត្តប៉ៃលិន កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈពលរដ្ឋជាង២០នាក់ក្នុងចំណោមជាង១០០គ្រួសារ ត្រូវបានសាលាដំបូងខេត្តប៉ៃលិនកោះហៅឱ្យចូលខ្លួនពាក់ព័ន្ធនឹងបញ្ហាដីធ្លី។
ដីតំបន់សំបុកចាបនេះស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅខេត្តប៉ៃលិន តំបន់នេះមានចម្ងាយតែប៉ុន្មានរយម៉ែត្រប៉ុណ្ណោះពីច្រកអន្តរជាតិព្រំ ដែលជាច្រកសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ខេត្តប៉ៃលិន។
ប្រជាពលរដ្ឋលោក កែវ សុវណ្ណ អាយុ ៤៨ឆ្នាំ ដែលមានដីកាកោះក្នុងចំណោមប្រជាពលរដ្ឋទាំងជាង២០នាក់ បាននិយាយថា គាត់មានការតក់ស្លុតណាស់នៅពេលដែលមានមន្រ្តី ប្រៃណីយ៍ម្នាក់បានយកដីកាមកឱ្យនាល្ងាចថ្ងៃទី១៥ ខែសីហា ចោទប្រកាន់ថាពួកគាត់ប្រើប្រាស់ហិង្សាលើម្ចាស់អចលនវត្ថុដោយសុចរិតដូច្នេះ។
លោក សុវណ្ណ បានបញ្ជាក់ថា គាត់និងប្រជាជនមិនដែលបានប្រើប្រាស់អំពើហិង្សាលើ អ្នកណានោះទេ បើមានការប្រើហិង្សាមែន សមត្ថកិច្ចម្តេចមិនចាប់ខ្លួនពួកគាត់តាំងពីពេលនោះមក។
លោក កែវ សុវណ្ណ បានលើកឡើងថា៖ «ចោទពួកខ្ញុំប្រើអំពើហិង្សាទាំងពួកខ្ញុំអត់ដឹងអីសោះ បើសិនពួកខ្ញុំប្រើអំពើហិង្សា ម្តេចសមត្ថកិច្ចជុំវិញទិសហេតុអ្វីមិនចាប់តាំងពីពេលនោះ បើប្រើអំពើហិង្សាទូទាំងភូមិទៅហើយ វាមិនដែលសមត្ថកិច្ចមិនដឹង»។
លោក សុវណ្ណ បញ្ជាក់ថា នៅព្រឹកថ្ងៃទី១៧ ខែសីហាប្រជាពលរដ្ឋមួយចំនួនបានឡើងទៅតុលាការតាមដីកាកោះហៅ តែប្រជាពលរដ្ឋដែលមានដីការកោះហៅទាំងជាង២០នាក់ មិនបានត្រូវសាកសួរអ្វីនោះទេ ដោយ មន្រ្តីតុលាការរំសាយឱ្យត្រឡប់ទៅផ្ទះវិញសិនដោយលើកទៅពេលក្រោយវិញ។
លោក សុវណ្ណ បានបន្ថែមថា៖ «ពេលដល់តុលាការមានតែប្រជាពលរដ្ឋម្នាក់ប៉ុណ្ណោះត្រូវបានគេហៅឱ្យចូលជួប រួចឱ្យមកប្រាប់តៗគ្នាថាឱ្យទៅផ្ទះវិញដោយគេថារំសាយសិន តែខ្ញុំនៅតែព្រួយបារម្ភថាគេប្រាកដជាកោះហៅលើកក្រោយទៀតមិនលើកលែងទេ»។
ដីកាបង្គាប់ឱ្យចូលខ្លួនរបស់សាលាដំបូងខេត្តប៉ៃលិនចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ របស់ លោក គឹម ម៉េង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តប៉ៃលិន បានបង្គាប់ឱ្យប្រជាពរដ្ឋឈ្មោះ នូ ខេមរ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ ឈ្មោះ ចន កូឡាប ភេទស្រី ឈ្មោះ យ៉ុន សីហា ភេទប្រុស ឈ្មោះ ទេស ចេក ភេទប្រុស និង បក្សពួក២៤នាក់ទៀត ចូលខ្លួននៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។
ពលរដ្ឋទាំងនេះត្រូវបានរងការចោទប្រកាន់ទាក់ទងបទ «ហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត» ដែលប្រព្រឹត្តនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពី អំឡុង ២០១០ រហូតមកដល់អំឡុងឆ្នាំ២០១៦។ បទល្មើសព្រហ្មទណ្ឌនេះមានចែងឱ្យមានទោសតាមបទបញ្ញតិមាត្រា២៥៣នៃច្បាប់ភូមិបាល។
ក្នុងមាត្រា២៥៣នៃច្បាប់ភូមិបាលជនណាដែលប្រើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្តុដោយសុចរិត ទោះមិនទាន់បានធ្វើបណ្ណរឺកំពុងមានទំនាស់ក៏ដោយ ត្រូវផ្តន្ទាទោសពិន័យជា ប្រាក់១លាន៥សែនរៀលដល់២៥លានរៀល និងដាក់ពន្ធនាគារពី៦ខែដល់២ឆ្នាំ ដោយពុំទាន់គិតបញ្ចូលនូវទោសប្រព្រឹត្តអំពើហិង្សាប្រឆាំងមនុស្ស។
អ្នកសារព័ត៌មានខេមបូចា បានធ្វើដំណើរស្កាត់ទៅជួបប្រជាពលរដ្ឋមួយក្រុម៧នាក់ដែលខ្លះមានដីកាកោះហៅនៅភូមិសំបុកចាបផ្ទាល់ ពួកគាត់បានហៅអ្នកព័ត៌មានទៅក្រោយផ្ទះក្រោមដើមឈើដើម្បីផ្តល់ព័ត៌មាន និងឯកសារផ្សេងៗ។ ប្រជាពលរដ្ឋទាំងនេះមានទឹកមុខស្រង៉ូតស្រង៉ាត់ ហាក់មានការភ័យខ្លាចដោយស្នើសុំនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ និង សំឡេងដើម្បីសុវត្ថិភាព។
ពលរដ្ឋដែលមានដីកាកោះម្នាក់ក្នុងចំណោមនោះបាននិយាយថា ពួកគាត់រស់នៅទីនេះតាំងពីឆ្នាំ១៩៩៨មក ក្រោយពីអាជ្ញាធរបានផ្លាស់ប្តូរពីតំបន់ព្រំដែនក្បែរនោះឱ្យមករស់នៅទីនេះ។
ពួកគាត់និយាយថានៅសុខៗ ឃើញគេយកដីកាពីតុលាការមកឱ្យដល់ផ្ទះ ពួកគាត់ស្រឡាំងកាំងគ្រប់គ្នានឹងមានការភ័យខ្លាចជាខ្លាំង ដោយពួកគាត់ថាមិនបានប្រើអំពើហិង្សាលើអ្នកណានោះទេនាពេលកន្លងមក។ ហើយក៏មិនស្គាល់អ្នកណាជាម្ចាស់ដីពិតប្រាកដនោះទេ ដឹងតែដីនេះអាជ្ញាធរបានផ្ទេរឱ្យប្រជាពលរដ្ឋមករស់នៅទីនេះជាង២០ឆ្នាំមកហើយ។
ពលរដ្ឋម្នាក់នោះថ្លែងថា៖ «កន្លងទៅអាជ្ញាធរធ្លាប់ប្រាប់បន្តបន្ទាប់ថា ដីសំបុកចាបនេះជារបស់ឥស្សរជន ហើយក្រោយមកថាជាដីរបស់ក្រុមហ៊ុន តែមិនដឹងឈ្មោះក្រុមហ៊ុនមួយណា ក្រោយមកថាជាដីរបស់ជំទាវបានស្រីមុំ ម្តងថាដីរបស់ឯកឧត្តម អ៊ី ឈាន មិនដឹងមួយណា?»។
ប្រជាពលរដ្ឋបានប្រាប់ថា នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ មុនមួយថ្ងៃដែលត្រូវតុលាការខេត្តប៉ៃលិនកោះហៅឱ្យចូលខ្លួន ប្រជាពលរដ្ឋជាច្រើននាក់បានលើកគ្នាទៅមុខសាលាខេត្តប៉ៃលិន ដើម្បីឱ្យអាជ្ញាធរខេត្តជួយដោះស្រាយ កុំឱ្យតុលាការកោះហៅពួកគាត់ទៀត និងស្នើសុំធ្វើប្លង់កម្មសិទ្ធិដីធ្លីជូនពួកគាត់។ នៅពេលនោះអាជ្ញាធរខេត្តបានអនុញ្ញាតឱ្យពលរដ្ឋចំនួន៨នាក់ចូលជួបលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនផ្ទាល់តែម្តង។
ក្នុងជំនួបនោះ ប្រជាពលរដ្ឋបានប្រាប់ដំណើររឿងជម្រាបជូនលោកជំទាវអភិបាលខេត្ត ដោយសុំឱ្យតុលាការបញ្ឈប់ការចេញដីកាកោះហៅប្រជាពលរដ្ឋទៀត និងសុំធ្វើប្លង់កម្មសិទ្ធិដីធ្លីជូនដល់ប្រជាពលរដ្ឋ ។
ការឆ្លើយតបពេលនោះ តាមប្រជាពលរដ្ឋបញ្ជាក់ថា លោកជំទាវអភិបាលខេត្តបានមានប្រសាសន៍ថា៖ «ដីតំបន់សំបុកចាបនេះជាដីរបស់ឯកឧត្តម អ៊ី ឈាន គាត់ខំធ្វើការបរិច្ចាគ ឱ្យប្រជាពលរដ្ឋហើយ ប្រជាពលរដ្ឋត្រូវជួយគាត់វិញ គឺត្រូវបោះឆ្នោតជួនគណបក្សប្រជាជនក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តឆ្នាំ២០២៣ខាងមុខឱ្យជាប់១០០ភាគរយ គាត់នឹងធ្វើប្លង់ដីឱ្យ គឺធ្វើមួយខែហើយៗ នឹងធ្វើផ្លូវបេតុងឱ្យទៀត » ។
អ្នកស្រី ហម ស្រីនាង ជាពលរដ្ឋម្នាក់ដែលបានចូលជួបអភិបាលខេត្តប៉ៃលិនពេលនោះដែរបាននិយាយថា នេះជាលើកទី១ហើយដែលគាត់លឺពេញត្រចៀកពីមាត់របស់លោកជំទាវអភិបាលខេត្តប៉ៃលិនថា ម្ចាស់ដីតំបន់សំបុកចាបនេះ ជារបស់លោក អ៊ី ឈាន ដែលអតីតអភិបាលខេត្តប៉ៃលិន ។
អ្នកស្រី ហម ស្រីនាង ថ្លែងថា៖ «លើកទី១ហើយដែលលឺដូច្នេះ ហើយលោកជំទាវថាអាជ្ញាធរជួយហើយ ប្រជាពលរដ្ឋត្រូវជួយខ្លួនឯងផង គឺត្រូវបោះឆ្នោតតំណាងរាស្រ្តខាងមុខឱ្យគណបក្សប្រជាជន»។
ពលរដ្ឋម្នាក់ទៀតរស់នៅតំបន់សំបុកចាប លោក កែវ សុវណ្ណ អាយុ៦៨ឆ្នាំ បាននិយាយថា ពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាព នៅពេលដែលមានដីកាកោះហៅ ដូច្នេះវាផ្ទុយស្រឡះដែលអាជ្ញាធរសន្យាធ្វើប្លង់កម្មសិទ្ធិដីធ្លីស្របច្បាប់ឱ្យប្រជាពលរដ្ឋកាលពីមុនបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អណ្តតិនេះ។
លោកបញ្ជាក់ថា នៅថ្ងៃឃោសនាបោះឆ្នោតលោក សៅ សារ៉ាត់ តំណាងរាស្រ្តមណ្ឌលខេត្ត ប៉ៃលិនរបស់គណបក្សប្រជាជន និងអាជ្ញាធរតំបន់នោះបានសន្យាថាធ្វើប្លង់កម្មសិទ្ធិដីធ្លីឱ្យពលរដ្ឋជាង១០០គ្រួសាររស់នៅតំបន់នេះឱ្យតែបោះឆ្នោតជូនគណបក្សបានជាប់និងបានសុំទោសបើមានមន្រ្តីរាជការធ្វើឱ្យប៉ះពាល់លើប្រជាពលរដ្ឋកន្លងមក សូមកុំខឹងសម្បាអី លោកនឹងណែនាំអប់រំបន្ថែម។ ប្រជាពលរដ្ឋបញ្ជាក់ថាតាមប្រសាសន៍របស់អ្នកតំណាងរាស្រ្តខាងលើនេះប្រាប់ពលរដ្ឋពេលនោះថា ដីតំបន់សំបុកចាបនេះជារបស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន។
លោក សុវណ្ណ បញ្ជាក់ថា៖ «នៅពេលក្រោយបោះឆ្នោត ហើយបាត់យូរមិនឃើញធ្វើប្លង់ឱ្យ ប្រជាពលរដ្ឋទៅសួរស្រុក គាត់ថាគេចាំតែធ្វើប្លង់ឱ្យតើ ប្រជាពលរដ្ឋក៏នាំគ្នាផ្តិតមេដៃសុំទៅអាជ្ញាធរខេត្តធ្វើប្លង់កម្មសិទ្ធិតាមការសន្យា ក្រោយពីដាក់ពាក្យស្នើសុំប៉ុន្មានថ្ងៃបែរជាមានដីកាកោះហៅប្រជាពលរដ្ឋជាង២០នាក់ទៅវិញ»។
លោក កែវ សុវណ្ណ បានបន្តថា ក្រោយពីជួបជាមួយអភិបាលខេត្តប៉ៃលិនហើយ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ប្រជាពលរដ្ឋបានឡើងទៅកាន់តុលាការតាមដីកាកោះហៅ ដោយមានប្រជាពលរដ្ឋច្រើននាក់ទៅអមជាមួយឈរនៅមុខតុលាការខេត្តប៉ៃលិន។
លោក សុវណ្ណ បានឱ្យដឹងថា៖ «នៅព្រឹកនោះ មានតែប្រជាពលរដ្ឋម្នាក់ប៉ុណ្ណោះឈ្មោះ យុត ទ្រី ត្រូវបានអនុញ្ញាតឱ្យចូលជួប តែមន្រ្តីតុលាការមិនបានសាកសួរអីទេ គ្រាន់តែប្រាប់ឱ្យឈ្មោះទ្រីហ្នឹង ប្រាប់តៗគ្នាឱ្យរំសាយសិន លើកទៅពេលក្រោយទៀត ដោយមិនបានលាយលក្ខណ៍អក្សរនោះទេ»។
លោក សុវណ្ណ បានបន្ថែមថា ក្រោយមកដោយព្រួយបារម្ភពីផ្លូវច្បាប់ ដោយសារមន្រ្តីតុលាការ មិនបានលាយលក្ខណ៍អក្សរលើលិខិតបញ្ជាក់ថាឱ្យប្រជាពលរដ្ឋត្រឡប់ទៅផ្ទះវិញនោះ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ប្រជាពលរដ្ឋបានទៅតុលាការខេត្តប៉ៃលិនម្តងទៀតដើម្បីបញ្ជាក់។
យោងតាមលិខិតមួយច្បាប់ មន្រ្តីតុលាការសរសេរនៅជ្រុងខាងក្រោមប៉ែកខាងឆ្វេងលើដីកាកោះហៅប្រជាពលរដ្ឋនោះ តាមការស្នើសុំរបស់ប្រជាពលរដ្ឋ តែមិនបានបញ្ជាក់ឈ្មោះអ្នកសរសេរនោះទេ ដោយមានខ្លឹមសារខ្លីថា៖ «លើកពេលទៅថ្ងៃក្រោយ ១៨/០៨/២០២២»។
ខេមបូចា បានទូរសព្ទទៅលោក គឹម ម៉េង ប្រធានសាលាដំបូងខេត្តប៉ៃលិន និងជាចៅក្រមស៊ើបសួរក្នុងរឿងក្តីខាងលើនេះ ប៉ុន្តែលោកទាំងពីរបានចុចផ្តាច់ទូរសព្ទ នៅពេលដែលអ្នកសារព័ត៌មានសាកសួរជុំវិញការចេញដីកាកោះហៅពលរដ្ឋនៅតំបន់សំបុកចាប។
ចំណែកលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន មិនអាចទំនាក់ទំនងដើម្បីបំភ្លឺតាមទូរស័ព្ទបានទេ។
ទោះបីយ៉ាងណានៅលើផេកផ្លូវការរបស់រដ្ឋបាលខេត្តប៉ៃលិន បានសរសេរកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ថា៖ «លោកជំទាវ បាន ស្រីមុំ អភិបាលខត្តប៉ៃលិន បានអញ្ជើញជួបសវនាការជាមួយប្រជាពលរដ្ឋដែលមានបញ្ហាទំនាស់ដីធ្លីនៅភូមិផ្សារព្រំ(សំបុកចាប) ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅខេត្តប៉ៃលិន» ។
បើតាមលោក សៅ សារ៉ាត់ តំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន នៃគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ប្រាប់ ខេមបូចា យ៉ាងខ្លីថា ដីតំបន់សំបុកចាបជាដីរបស់ឯកឧត្តម អ៊ី ឈាន ហើយអាជ្ញាធរបានជួបដោះស្រាយជាមួយប្រជាពលរដ្ឋចប់អស់ហើយ។
លោក សៅ សារ៉ាត់ ថ្លែងថា៖« លោកជំទាវអភិបាលខេត្តបានជួបដោះស្រាយជាមួយប្រជាពលរដ្ឋហើយ ចាំជួបពួកគាត់ទៅដឹងហើយ គាត់បានដោះស្រាយហើយ កុំឱ្យពិបាកបញ្ជាក់តគ្នាអី ពួកគាត់ទទួលយកបានហើយ គាត់ឯកភាពគ្នាអស់ហើយ គ្រាន់តែដឹងប៉ុណ្ណឹងទៅបានហើយ» ។
ខេមបូចា មិនអាចទំនាក់ទំនងលោក អ៊ី ឈាន អតីតអភិបាលខេត្តប៉ៃលិន ដែលបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងការពារជាតិ ដែលគេស្គាល់ថាជាស្វាមីរបស់លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បាននោះទេ។
ស្ថានភាពបច្ចុប្បន្ននិងប្រវត្តិដីតំបន់សំបុកចាប
ដីតំបន់សំបុកចាបនេះស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន តំបន់នេះមានចម្ងាយតែប៉ុន្មានរយម៉ែត្រប៉ុណ្ណោះពីច្រកអន្តរជាតិព្រំ ដែលជាច្រកសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ខេត្តប៉ៃលិន។ នៅក្បែរតំបន់សំបុកចាកនេះ ឃើញមានការអភិវឌ្ឍសំណង់តូចធំព្រោងព្រាត មានសណ្ឋាគារ កាស៊ីណូ ផ្សារ បូរី និងហាងលក់ទំនិញតូចធំនានាប្រៀបបានកូនទីក្រុងមួយដូច្នេះដែរ។
ថ្វីត្បិតតែតំបន់នេះមានការអភិវឌ្ឍ តែប្រជាពលរដ្ឋរស់នៅតំបន់សំបុកចាបភាគច្រើន ផ្ទះសំបែងរបស់ពួកគាត់មិនមានសំណង់រឹងមាំនោះទេ ភាគច្រើនប្រក់ដំបូល និងជញ្ជាំងសង្ខ័សី ខ្លះបាំងក្រឡាត់ ខ្លះគ្មានជញ្ជាំងជាដើម។ មុខរបរពួកគាត់ភាគច្រើនស៊ីឈ្នួលបេះផ្លែឈើ កម្មករសំណង់ក្នុងស្រុក ឆ្លងទៅប្រទេសថៃ វិលល្ងាចជាដើម ដែលរស់ស៊ីមួយថ្ងៃរស់មួយថ្ងៃប៉ុណ្ណោះ។ ទីនេះឃើញមានលំនៅដ្ឋានប្រជាពលរដ្ឋតិចតួចប៉ុណ្ណោះជាប់នឹងផ្លូវជាតិ មានជញ្ជាំងថ្មខ្លះនិងដាក់លក់ម្ហូបអាហារ លក់ខោអាវ និងសម្ភារៈនានា។
ពលរដ្ឋ អ៊ឹម សុជាតិ អាយុ៥៥ ឆ្នាំ បានឱ្យដឹងថា ប្រជាពលរដ្ឋមករស់នៅតំបន់សំបុកចាបនេះ តាំងពីឆ្នាំ១៩៩៨មកម៉្លេះ ក្រោយពីអាជ្ញាធរបានផ្ទេរពួកគាត់មកពីចំណុចកាស៊ីណូជាប់ព្រំដែនកម្ពុជាថៃ ក្បែរច្រកអន្តរជាតិព្រំ។
លោកបញ្ជាក់ថា បច្ចុប្បន្ននេះមានប្រជាពលរដ្ឋសល់១០៥គ្រួសារ រស់នៅលើផ្ទៃដីជាង មួយហិកតាប៉ុណ្ណោះ ដោយកន្លងទៅប្រជាពលរដ្ឋស្ទើរពាក់កណ្តាល បានសុខចិត្តដោះដូរ ទៅនៅតំបន់លូរដាច់ ដែលមានចម្ងាយប្រហែលបីគីឡូម៉ែត្រពីទីនេះបួនប្រាំឆ្នាំមកហើយ ដោយមួយគ្រួសារទទួលបានអង្ករមួយការ៉ុង តង់១ លុយ២០០ដុល្លារ និងដីមួយឡូត៍ទំហំ ៥ម៉ែត្រគុណ១៦ម៉ែត្រ។ ចំណែកប្រជាពលរដ្ឋដែលរស់នៅតំបន់សំបុកចាបបច្ចុប្បន្ននេះ គឺសុទ្ធសឹងតែអ្នកមិនយល់ព្រមដោះដូរ ។
លោក សុជាតិ បន្ថែមថាប្រជាពលរដ្ឋរស់នៅតំបន់សំបុកចាបនេះអាជ្ញាធរមិនមានចេញបណ្ណកម្មសិទ្ធិឱ្យនៅឡើយទេ ហើយគ្មានសិទ្ធិលក់ដូរ រឺផ្ទេរកម្មសិទ្ធិ។ បន្ថែមពីនោះ អាជ្ញាធរហាមមិនឱ្យសាងសង់សំណង់រឹងមាំ សូម្បីតែទឹករដ្ឋក៏មិនទាន់តឱ្យដែរ គឺតឱ្យតែតំណាងប៉ុន្មាននាក់ប៉ុណ្ណោះ ។
លោក សុជាតិ បន្ថែមថា៖ «គេតឱ្យតែតំណាងក្រុម៣នាក់ទេ ហើយប្រជាពលរដ្ឋសុំតចែកគ្នាប្រើពីតំណាង ប្រជាពលរដ្ឋនោះបានប្រើតៗគ្នា ហើយពលរដ្ឋសាងសង់សំណង់រឹងក៏មិនបាន ចង់យកឯកសារដីធ្លីទៅបញ្ចាំធនាគារដើម្បីយកលុយមករកស៊ីក៏មិនបានដែរ គេមិនធ្វើឱ្យទេ»។
អតីតទាហានសម័យរដ្ឋកម្ពុជាលោក កែវ សុវណ្ណ ឱ្យដឹងថា តំបន់សំបុកចាបនេះពីមុនជាព្រលានឈើ ដែលក្រុមហ៊ុនថៃឡើងមកកាប់លើភ្នំ សុទ្ធតែឈើប្រណិតៗធំៗ យកមកគរដូចភ្នំនៅទីនេះក្នុងសម័យខ្មែរក្រហមកាន់កាប់ ហើយក្រោយមកត្រូវបានដឹកចេញទៅប្រទេសថៃ ក្រោយពីដោះស្រាយបញ្ចប់សង្គ្រាម។
លោកបញ្ជាក់ថា អាជ្ញាធរផ្ទេរឱ្យប្រជាពលរដ្ឋមកនៅទីនេះ មុនដំបូងសុទ្ធតែព្រៃ និងគ្រាប់មីនដែលរាយប៉ាយ ប្រជាពលរដ្ឋនាំគ្នាប្តូរកាប់ឆ្ការព្រៃត្រែង នឹង ដោះមីនដើម្បីបានសាកសង់ផ្ទះរស់នៅដោយវេទនាណាស់។
លោក កែវ សុវណ្ណ ឱ្យដឹងថា៖ «ប្រជាពលរដ្ឋវេទនាណាស់ទំរាំមកដល់បច្ចុប្បន្ន មិនទាន់មានបណ្ណកម្មសិទ្ធិទៀត បច្ចុប្បន្ននេះប្រជាជនចាស់ៗក៍ខ្លះស្លាប់ ខ្លះសល់កូន សល់ប្រពន្ធរស់នៅបច្ចុប្បន្ននៅទីនេះបន្ត និងមានអ្នកថ្មីមករស់នៅដែរ»។
បើតាមប្រជាពលរដ្ឋបានឱ្យដឹងថាកាលពីឆ្នាំ២០១៣និង២០១៥កន្លងទៅពួកគាត់ធ្លាប់បានដាក់ពាក្យសុំអន្តរាគមន៍ពីរដ្ឋសភាជាតិ ប្រមុខរាជរដ្ឋាភិបាល និងក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ជាដើម ដើម្បីដោះស្រាយបញ្ហាដីធ្លីរបស់គាត់ និង សុំបណ្ណកម្មសិទ្ធកាន់កាប់ស្របច្បាប់។
ក្នុងលិខិតមួយច្បាប់របស់គណៈកម្មាធិការសិទ្ធិមនុស្សទទួលពាក្យបណ្តឹងនិងអង្កេត និងទំនាក់ទំនងព្រឹទ្ធសភារដ្ឋសភា ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០១៣ ចុះហត្ថលេខាដោយសម្តេច ហេង សំរិន ប្រធានរដ្ឋសភាជាតិ បានជម្រាបជូនអភិបាលខេត្តប៉ៃលិន ឱ្យដោះស្រាយតាមការគួរទៅតាមលិខិតសុំអន្តរាគមន៍របស់តំណាងប្រជាពលរដ្ឋ១៩២គ្រួសារលើផ្ទៃដីជាង២ហិកតា រស់នៅភូមិផ្សារព្រំ (តំបន់សំបុកចាប) ដែលសុំបណ្ណកម្មសិទ្ធិរស់នៅស្របច្បាប់។
លិខិតនោះបញ្ជាក់ថា ពេលដោះស្រាយបានលទ្ធផលយ៉ាងណា សូមផ្ញើរបាយការណ៍ដោះស្រាយមកគណៈកម្មាធិការវិញផង ដើម្បីមានមូលដ្ឋានជម្រាបជូនម្ចាស់សំណើរវិញ។
ក្នុងលិខិតមួយច្បាប់របស់ខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តីហ៊ុនសែន ចុះថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០១៣ ដែលចុះហត្ថលេខាដោយលោក ហូ សិទ្ធី ក៏បានជម្រាបជូនអភិបាលខេត្តប៉ៃលិនផងដែរ ឱ្យជួយដោះស្រាយតាមសំណូមរបស់ប្រជាពលរដ្ឋ ដែលស្នើរសុំកម្មសិទ្ធស្របច្បាប់របស់ប្រជាពលរដ្ឋខាងលើផងដែរ។
ទោះបីមានការដាក់លិខិតស្នើសុំអន្តរាគមន៍ពីថ្នាក់ដឹកនាំជាតិកំពូលៗជាបន្តបន្ទាប់អស់រយៈពេលជាច្រើនឆ្នាំមកទល់នឹងបច្ចុប្បន្ន នេះប្រជាពលរដ្ឋបានអះអាងថា ពួកគាត់នៅតែមិនទាន់មាន បណ្ណកម្មសិទ្ធរស់នៅស្របច្បាប់ពីអាជ្ញាធរនៅឡើយ ហើយប្រជាពលរដ្ឋខ្លះរស់នៅដោយភ័យខ្លាច ដោយសារនៅជាប់រឿងក្តីក្តាំនៅតុលាការមិនចេះចប់។
លោក ព្រាប សារុន មេភូមិផ្សារព្រំជើង បានឱ្យដឹងថា បច្ចុប្បន្ននេះមានប្រជាពលរដ្ឋទាំងចាស់និងថ្មី រស់នៅតំបន់សំបុកចាបនេះ ចំនួន២២៧គ្រសារលើផ្ទៃដី១ហិកតាកន្លះ។ កន្លងទៅប្រជាពលរដ្ឋខ្លះក៏មានការដោះដូរទៅរស់នៅតំបន់ផ្សេង ខ្លះក៏ទៅហើយត្រឡប់មកនៅកន្លែងដើមវិញក៏មាន។
លោកមេភូមិបញ្ជាក់ថា ដីតំបន់សំបុកចាបនេះ ពីដើមឡើយជាដីរបស់ឯកឧត្តម អ៊ី ឈាន អាជ្ញាធរក៏មានការដោះស្រាយជាបន្តបន្ទាប់ដែរ នឹងត្រៀមធ្វើប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋតាមការសន្យា មុនបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ដែរ តែដោយសារមានរឿងប្តឹងផ្តល់នៅតុលាការ ដែលក្នុងនាមអាជ្ញាធរក៏មិនដឹងថាខាងណាជាម្ចាស់ដើមបណ្តឹងនៅឡើយទេ។
លោកមេភូមិបន្ថែមថា ក្នុងនាមអាជ្ញាធរលោកតែងតែកាន់ជើងប្រជាពលរដ្ឋ ព្រោះការប្តឹងផ្តល់ នៅតុលាការប៉ះពាលដល់ជីវភាពប្រជាពលរដ្ឋ ពួកគាត់ចំណាយពេលវេលាឡើងចុះតុលាការ ខាតពេលវេលារកចំណូល ព្រោះប្រជាពលរដ្ឋតំបន់សំបុកចាបនេះក្រីក្ររ រកព្រឹកខ្វះល្ងាច។
លោកមេភូមិបន្ថែម៖ «ខ្ញុំក៏បន់ស្រន់ដែរឱ្យដោះស្រាយឱ្យបានរួចរាល់ជូនប្រជាពលរដ្ឋឆាប់ៗ ខ្ញុំក៏សប្បាយចិត្តដែរ »។
ទាក់ទងករណីនេះដែរ អភិបាលស្រុកសាលាក្រៅ លោក សំ សារ៉េត បានឱ្យដឹងថាអាជ្ញាធរនៅចាំតែធ្វើប្លង់កម្មសិទ្ធិ ជូនប្រជាពលរដ្ឋប៉ុណ្ណោះ តែវានៅមានរឿងក្តីក្តាំនៅតុលាការ ។
លោកអភិបាលស្រុកបន្ថែមថា៖ «រឿងចេញដីកាកោះហៅរបស់តុលាការអាជ្ញាធរមិនហ៊ានលូកដៃទេ» ។
លោក អ៊ិន គង់ជិត មន្រ្តីស៊ើបអង្កេតអង្គការសិទ្ធមនុស្ស លីកាដូ ប្រចាំខេត្តបាត់ដំបងនិងប៉ៃលិន ដែលបានចុះស៊ើបអង្កេតករណីខាងលើបានឱ្យដឹងថា តាមការចុះស៊ើបអង្កេតស្រាវជ្រាវ និងពិនិត្យដល់ទីតាំងជាក់ស្តែង លោករកឃើញថា ដីនៅចំណុចសំបុកចាបនេះគឺ ជាដីឯកជនរបស់រដ្ឋ កាលពីមុនជាដីព្រលានសំរាប់ផ្ទុកឈើ ដោយបានផ្ទេរប្រជាពលរដ្ឋជាង២០០គ្រួសារ មកពីតំបន់កាស៊ីណូ តែក្រោយមកដោយដីនៅទីនោះមានតម្លៃខ្ពស់នៅលើទីផ្សារ(ជាដីចំកណ្តាលក្រុង)ត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធជាទីក្រុង។
លោកបន្ថែមថា បន្ទាប់មកក៏មានអ្នកមានអំណាច និងតួនាទីនាសម័យក្រោយការធ្វើសមាហរណកម្ម ចេះតែចាប់យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ព្យាយាមជន្លៀសគ្រួសារប្រជាពលរដ្ឋចេញពីទីនោះទៀត តែពួកគេមិនព្រមចេញ ព្រោះបានកាន់កាប់ដោយសុចរិតជាប់លាប់ពិតប្រាកដ។
លោក គង់ជិត បន្តថា ក្នុងនាមសង្គមស៊ីវិលលោកយល់ឃើញថាអាជ្ញាធរខេត្តប៉ៃលិនគួរតែផ្តល់បណ្ណកម្មសិទ្ធិដល់ពួកគេទាំងអស់គ្នា តាមការសន្យា ដូចកាលពីអំឡុងពេលឃោសនាបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ។
លោក គង់ជិត បន្ថែមថា៖ «ម្យ៉ាងទៀតតុលាការខេត្តប៉ៃលិន គួរតែទំលាក់បទចោទប្រកាន់លើប្រជាពលរដ្ឋទាំង២៨នាក់ ព្រោះពួកគេមិនដែលពីបានប្រព្រឹត្តដូចការចោទប្រកាន់នោះឡើយ ដោយសារ ប្រជាពលរដ្ឋ មិនដែលបានស្គាល់ឈ្មោះ និងឃើញម្ចាស់ដីមកបង្ហាញមុខម្តងណាឡើយ។ ព្រោះការចេញដីកានេះ ជាការគំរាមកំហែងបំបាក់ស្មារតីពួកគាត់ឱ្យមានការភ័យខ្លាចស្មើនឹងការបណ្តេញពួកគាត់ចេញពីលំនៅដ្ឋាន» ៕