សាលាដំបូងខេត្តឧត្តរមានជ័យបានចោទប្រកាន់បុគ្គល២នាក់ពីបទប៉ះពាល់កម្មសិទ្ធិរបស់ក្រុមហ៊ុនឯកជន បន្ទាប់ពីកងកម្លាំងប្រដាប់ដោយអាវុធជាច្រើននាក់បានគំរាមនិងបណ្តេញពលរដ្ឋចេញពីលំនៅឋានរបស់ពួកគេ ហើយព្រមទាំងដេញចាប់ពលរដ្ឋដែលពាក់ព័ន្ធនឹងជម្លោះដីធ្លីមួយកន្លែងក្នុងស្រុកត្រពាំងប្រាសាទ។
អ្នកនាំពាក្យសាលាដំបូងខេត្តឧត្តរមានជ័យ លោក ហង់ ហ៊ីដ្រ្តា មានប្រសាសន៍ថា ពិតជាមានការឃាត់ខ្លួនប្រជាពលរដ្ឋពិតមែន ប៉ុន្តែមិនមែន៧នាក់ទេ គឺឃាត់បុគ្គលតែ២នាក់ប៉ុណ្ណោះ។ បច្ចុប្បន្ន បុគ្គលទាំង២នាក់នេះ បានបញ្ជូនមកកាន់តុលាការខេត្តឧត្តរមានជ័យហើយ ពីបទប៉ះពាល់កម្មសិទ្ធិរបស់ក្រុមហ៊ុនឯកជន។
លោក ហ៊ីដ្រ្តា ថ្លែងថា៖ «ឃាត់ខ្លួនក្នុងករណីជាក់ស្ដែង ព្រោះជាក់ស្ដែងគឺប៉ះពាល់កម្មសិទ្ធិក្រុមហ៊ុនដែលរដ្ឋសម្បទានឱ្យទៅក្រុមហ៊ុនហ្នឹង ហើយឃាត់២នាក់ទេ អ្នកផ្សេងគាត់រត់បាត់»។
ប្រជាពលរដ្ឋបានឱ្យដឹងថា ពលរដ្ឋចំនួន៣១០គ្រួសារនៅខេត្តឧត្តរមានជ័យត្រូវបានអាជ្ញាធរគំរាម និងបណ្ដេញចេញពីលំនៅឋាន ខណៈមនុស្ស៧នាក់ត្រូវបានចាប់ឃុំខ្លួនជុំវិញបញ្ហាដីធ្លីនៅឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រសាទ។ ពលរដ្ឋអះអាងថា អាជ្ញាធរចុះមកបណ្ដេញពួកគេដោយប្រើអាវុធ និងហិង្សា ដោយមិនមានការជូនដំណឹង ឬបង្ហាញពីលិខិតស្នាមថាដីដែលពួកគេអាស្រ័យផលជាង១០ឆ្នាំមកនេះជារបស់អ្នកណាឡើយ ហើយអាជ្ញាធរមិនបង្ហាញជំហរក្នុងការរកដំណោះស្រាយទៀតផង។
បើតាមអ្នកស្រី ហ៊ិន សឿង អាយុ៣៣ឆ្នាំ ជាពលរដ្ឋមួយរូបដែលតាំងទីលំនៅលើដីចំកាដំឡូងប្រមាណ១០ឆ្នាំមកហើយ ប្រាប់ឱ្យដឹងថា អ្នកស្រីមកអាស្រ័យផលនៅតំបន់នេះមិនដែលមានបញ្ហាអ្វីឡើយ ប៉ុន្តែទើបតែថ្មីៗនេះមានសមត្ថកិច្ចបានចុះមកបណ្ដេញពលរដ្ឋកុំឱ្យស្នាក់នៅ និងអាស្រ័យផលនៅលើដីទាំងនេះបន្តទៀត ដោយបានប្រើអាវុធ និងហិង្សាមកលើពលរដ្ឋទៀតផង។
អ្នកស្រីបន្តថា ក្រៅតែពីការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរជាញឹកញយ ពលរដ្ឋផ្សេងទៀតដែលចេញមុខតវ៉ា ត្រូវប្រឈមមុខជាមួយផ្លូវច្បាប់។ មកទល់ពេលនេះ មានពលរដ្ឋចំនួនប្រមាណ៧នាក់ហើយ ដែលកំពុងជាប់ឃុំ។
អ្នកស្រីថ្លែងថា៖ «ដីអាស្រ័យផលហ្នឹងបងប្អូនខ្លះគាត់នៅ១០ឆ្នាំហើយ ខ្លះ៧ឆ្នាំហើយ ដល់ពេលនៅទៅមិនឮថាអ្នកណាជាម្ចាស់ដី ឬជាដីរបស់ក្រុមហ៊ុនណាទេ ស្រាប់តែបានអាស្រ័យផលមករហូតអ៊ីចឹងទៅស្រាប់មានទាហាន២ទៅ៣រូបចេញមកថាជាដីរបស់គេ។ គេមកដេញចាប់តែម្ដងមានកាំភ្លើង ឱ្យយើងរើចេញ»។
អ្នកស្រីបញ្ជាក់ថា អ្នកស្រីរស់នៅក្នុងភាពភ័យខ្លាច ហើយពលរដ្ឋផ្សេងទៀតដែលមកតាំងទីលំនៅគឺជាអ្នកក្រីក្ររកមួយថ្ងៃរស់មួយថ្ងៃ ដោយដាំដំណាំហូបផ្លែ ធ្វើស្រែបន្តិចបន្តួច និងនៅផ្ទះខ្ទមតូចៗប៉ុណ្ណោះ មិនគួរណាអាជ្ញាធរមានសមត្ថកិច្ចចុះមកចាប់ និងបង្រ្កាបដូច្នេះទេ។
អ្នកស្រីបន្តថា៖ «ខ្ញុំគិតថាគាត់ជាមន្រ្តីយោធាគាត់ធ្វើអ៊ីចឹងវាអត់ត្រូវ ព្រោះមន្រ្តីយោធាមានតួនាទីការពារប្រជាពលរដ្ឋ ដល់តែគាត់មកបំពានប្រជាពលរដ្ឋ ខ្ញុំមានតែម្រាមដៃ១០ស្នើសម្ដេចឱ្យជួយ»។ អ្នកស្រីបន្ថែមថា៖ «គេដេញចាប់ គេថាយើងបោះបោរ ហើយនៅពេលដែលចាប់យកទៅដាក់ក្នុងគុកហ្នឹង គេថាយើងឈូសបំផ្លាញផ្លូវ គេដាក់ផ្ទុយពីការពិតទៅវិញ។ គេឱ្យយើងរើចេញពីដី មានទាហាន ប៉េអឹម ប៉ូលិសចម្រុះមក មកវាយ ពួកខ្ញុំថតអីគេចាប់លុបចោល បាញ់គំរាមទៀត»។
ពលរដ្ឋមួយរូបទៀត គឺលោក សុង សៀក លើកឡើងស្រដៀងគ្នាថា លោកមកតាំងទីលំនៅប្រមាណជា១០ឆ្នាំមកហើយ ម្ដេចអាជ្ញាធរមិនចុះមកបង្ហាញថាដីដែលពលរដ្ឋអាស្រ័យផល ថាជាដីរបស់ក្រុមហ៊ុន ឬបុគ្គលណាម្នាក់ នៅពេលនោះទៅ? ហេតុអ្វីពេលពលរដ្ឋកាប់ឆ្កាដីព្រៃស្អាតហើយប្រើកម្លាំងប្រដាប់ដោយអាវុធមកដេញប្រជាជន និងប្រើហិង្សាដូច្នេះទៅវិញ។
លោក សៀក ថ្លែងថា៖ «តាំងពីខ្ញុំកាប់ព្រៃមកអត់មានរបស់ពីណាទេ ទើបចុងឆ្នាំ២០២០រហូត២០២២នេះ គេថាដីក្រុមហ៊ុន សុខ សំណាង។ គាត់ចុះមកអត់មានហេតុផល ចុះមកសម្លុតប្រជាជនចាប់យកៗ ឥឡូវនាំគ្នារត់តាមកណ្ដុបចម្ការដំឡូង»។
លោក សៀក ចាត់ទុកថា ទង្វើអាជ្ញាធរចុះមកចាប់ប្រជាជន គឺជារឿងអយុត្តិធម៌ ហើយលោកស្នើឱ្យអ្នកពាក់ព័ន្ធទាំងឡាយជួយដោះស្រាយជូនប្រជាជនជុំវិញបញ្ហាដីធ្លីនេះផងដែរ។
លោក សៀក ឱ្យដឹងទៀតថា៖ «ខ្ញុំចង់បានដំណោះស្រាយដោយយុត្តិធម៌ សូមអាជ្ញាធរដោះស្រាយដោយសន្តិវិធី ពេលចាប់អីហ្នឹងមិនឃើញមេឃុំ ស្រុកអីសួរនាំច្បាស់លាស់អីអត់ មកដល់ចាប់យកៗធ្វើដូចគ្នាលួចប្លន់អំពើខុសច្បាប់អ៊ីចឹង»។
ស្រ្តីមួយរូបដែលមានប្ដីកំពុងជាប់ឃុំ គឺអ្នកស្រី ហំ សី អាយុ៣៥ឆ្នាំ ថ្លែងថា ប្ដីអ្នកស្រីត្រូវបានអាជ្ញាធរចាប់បញ្ចូនទៅឃុំឃាំងចំនួន៤ថ្ងៃមកហើយ ដោយអាជ្ញាធរមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ឡើយ។
អ្នកស្រីបន្តថា៖ «ថ្ងៃអាទិត្យម៉ោង៨ និង៣៥នាទីព្រឹក សមត្ថកិច្ចចុះទៅចាប់ប្ដីខ្ញុំយកទៅដាក់ឃុំ ខ្ញុំអត់ដឹងមូលហេតុអី គេយកទៅដាក់គុកធំបាត់ហើយ»។
អ្នកស្រីបញ្ជាក់ថា មានមន្រ្តីយោធាម្នាក់អះអាងថាជាអ្នកតំណាងក្រុមហ៊ុន ហើយបានចុះមកបណ្ដេញពលរដ្ឋចេញពីដីដែលពលរដ្ឋស្នាក់អាស្រ័យផល ហើយអ្នកស្រីមិនដឹងថាជាក្រុមហ៊ុនរបស់បុគ្គលណាឡើយ។ ស្រ្តីរូបនេះបន្តថា ប្រសិនបើដីដែលអ្នកស្រីអាស្រ័យផលជាដីរបស់ក្រុមហ៊ុនពិប្រាកដមែន អ្នកស្រីសុខចិត្តចុះចេញ ហើយសុំដោះលែងប្ដីមកវិញតែប៉ុណ្ណោះ។
អ្នកស្រី បញ្ជាក់ថា៖ «គេអត់ណែនាំអីផង ចុះមកចាប់យកៗវាយតែម្ដង ខ្ញុំគិតថាជារឿងអត់ត្រឹមត្រូវធ្វើឱ្យពលរដ្ឋភ័យខ្លាច ចាប់ពលរដ្ឋរត់គេចខ្លួនចោលប្រពន្ធចោលកូន។ ខ្ញុំសូមតែឱ្យប្ដីខ្ញុំមកវិញទេ ដីក្រុមហ៊ុនខ្ញុំប្រគល់ឱ្យគេវិញ»។
ជុំវិញបញ្ហានេះ លោក ម៉ែន សួន មេឃុំត្រពាំងប្រាសាទ មានប្រសាសន៍ថា អាជ្ញាធរភូមិឃុំបាន ចុះអប់រំ និងណែនាំឱ្យពលរដ្ឋទាំងនោះចេញពីដីក្រុមហ៊ុន ជាយូរមកហើយ ប៉ុន្តែ អ្នកទាំងនោះមិនព្រមចេញ ទើបម្ចាស់ក្រុមហ៊ុនដាក់ពាក្យបណ្ដឹងទៅតុលាការរហូតមានការចុះចាប់ខ្លួន ព្រោះមានមេក្លោងពុះដីឡូតិ៍ក្រុមហ៊ុនលក់ទៅឱ្យពលរដ្ឋ និងជួលបន្តទៅឱ្យពលរដ្ឋដទៃទៀត។
លោក សួន ថ្លែងថា៖«រឿងដីនេះខ្ញុំបានធ្វើការរាប់ខែហើយ ប៉ុន្តែគាត់អត់ចេញពីដីក្រុមហ៊ុន សុខ សំណាង។ ខ្ញុំក្ដាប់វាមិនបានដែរទេរឿងចាប់ តុលាការគេអ្នកចាប់ប្រហែលជា៦នាក់ទេ មេក្លោងពុះជាឡូតិ៍ៗណា៎ តាមពិតប្រជាពលរដ្ឋមូលដ្ឋានតិចទេ តែច្រើនពលរដ្ឋមកពីឆ្ងាយ»។
ចំណែក អភិបាលស្រុកត្រពាំងប្រាសាទ លោក ហាំង មេង បញ្ជាក់ថា សមត្ថកិច្ចចុះមកចាប់ពលរដ្ឋទាំងនោះ គឺធ្វើតាមដីកាតុលាការ ត្បិតពលរដ្ឋទាំងនោះមករស់នៅលើដីក្រុមហ៊ុន សុខ សំណាង ខណៈអាជ្ញាធរតែងតែជូនដំណឹងឱ្យរើចេញជាញឹកញាប់ផងដែរ។
អភិបាលស្រុករូបនេះថ្លែងថា៖ «ការចាប់ខ្លួនតាមដីការតុលាការ ពួកគាត់ជាមេខ្យល់ មកយក ដីគេ ដាំដុះ ធ្វើរោង ភាគច្រើនជាអ្នកនៅស្រុកត្រពាំងប្រាសាទហ្នឹង ហើយចាប់ប៉ុន្មាននាក់ ខ្ញុំអត់ដឹងទេ ព្រះរាជអាជ្ញាគាត់អ្នកដឹកនាំ»។
ប្រធានតុលាការខេត្តឧត្ដរមានជ័យ គឺលោក អ៊ំ ចាន់ថុល អះអាងថា ពិតជាមានករណីចាប់ឃុំខ្លួនមែន ប៉ុន្តែរឿងលម្អិតលោកមិនច្បាស់ឡើយ។
លោក ចាន់ថុល ថ្លែងថា៖ «រឿងនៅចៅក្រម ពូអត់បានក្ដាប់អស់ទេអាអូនហ្អា៎»។
គួររំលឹកថា កំឡុងឆ្នាំ២០១២ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយកាត់ដីទំហំជិត២ពាន់ហិកតា ពីដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងខេត្តឧត្តរមានជ័យ សម្បទានទៅឱ្យក្រុមហ៊ុន សុខ សំណាង ដើម្បីវិនិយោគលើវិស័យដំណាំកសិ-ឧស្សាហកម្ម និងដំណាំកៅស៊ូ។
បើតាមមន្រ្តីសម្របសម្រួល សមាគមអាដហុកប្រចាំខេត្តឧត្ដរមានជ័យ លោក ស្រី ណារ៉េន យល់ឃើញថា បញ្ហានេះនៅមានភាពចម្រូងចម្រាស និងមិនទាន់អាចសន្និដ្ឋានភ្លាមៗបានទេ ដោយត្រូការពេលវេលាដើម្បីស្រាវជ្រាវឱ្យបានស៊ីជម្រៅ ថាតើពលរដ្ឋដែលមករស់នៅលើដីទាំងនោះខុស ឬក៏ត្រូវ ឬចាញ់បោកមេខ្យល់។
លោក ណារ៉េន បញ្ជាក់ថា៖ «ចំពោះរឿងដីធ្លីហ្នឹងខ្ញុំកំពុងធ្វើកិច្ចការហ្នឹង ចឹងអត់ទាន់ដឹងទាល់តែសម្ភាសនៅលើគ្រប់ភាគីពាក់ព័ន្ធទាំងអស់សិន ឥឡូវអត់ទាន់សន្និដ្ឋានថាម៉េចទេ»។
លោកបន្ថែមថា ចំពោះបញ្ហាដីធ្លីនេះ ជារឿងល្អប្រសិនបើអាជ្ញាធរមូលដ្ឋានធ្វើការស្រាវជ្រាវឱ្យបានច្បាស់ ថាប្រជាពលរដ្ឋទាំងនោះមករស់នៅរយៈពេលយូរប៉ុណ្ណាហើយ និងដោះស្រាយទៅតាមនីតិវិធីច្បាប់ ជាជាងប្រើអំពើហិង្សាមកលើពលរដ្ឋ៕