មនុស្សជាង ៦០០នាក់ រួមមានអ្នកសារព័ត៌មានមួយចំនួនដែលបានទៅយកព័ត៌មានពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសហុងគ្រី កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ត្រូវបានធ្វើតេស្តរកឃើញថា មិនមានឆ្លងជំងឺកូវីដ ១៩ នោះទេ គិតមកត្រឹមថ្ងៃទី០៤ ខែវិច្ឆិកានេះ ខណៈមនុស្សមួយចំនួនទៀតកំពុងរង់ចាំលទ្ធផលតេស្ត។
កាលពីថ្ងៃទី០៥ ខែវិច្ឆិកា អ្នកសារព័ត៌មាន ដែលបានចូលរួម បានបញ្ជាក់ថា ពួកគេបានចាប់ផ្តើមនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ បន្ទាប់ពីបានទៅយកព័ត៌មានពីដំណើរទស្សនកិច្ចមួយថ្ងៃរបស់លោក Peter Szijjarto រដ្ឋមន្រ្តីការបរទេសនិងពាណិជ្ជកម្មហុងគ្រី។
នៅក្នុងដំណើរទស្សនកិច្ចនេះ លោក Peter Szijjarto បានជួបជាមួយនឹងថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជានៅវិមានសន្តិភាព និងបានធ្វើទស្សនកិច្ចនៅធនាគារជាតិ និងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុនៅក្បែរនោះ។ រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រីរូបនេះត្រូវបានធ្វើតេស្តរកឃើញថា មានផ្ទុកវីរុសកូរ៉ូណាកាលពីល្ងាចថ្ងៃទី០៣ ខែវិច្ឆិកា ពេលទៅដល់ប្រទេសថៃ។
អ្នកសារព័ត៌មានក្នុងស្រុកមួយរូបឈ្មោះ វុទ្ធី ដែលបានទៅយកព័ត៌មាននៅក្នុងពិធីជួបសំណេះសំណាល និងចុះហត្ថលេខារវាងគណៈប្រតិភូរបស់លោករដ្ឋមន្រ្តី Szijjarto និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមួយនឹងរដ្ឋមន្រ្តីមួយចំនួនទៀត បាននិយាយថា លោក និងសហការីចំនួនបីនាក់ផ្សេងទៀត ដែលបានសម្ភាសន៍ និងថតរូបជាមួយនឹងឥស្សរជនហុងគ្រី ត្រូវបានធ្វើតេស្តរកឃើញថា មិនបានឆ្លងវីរុសកូរ៉ូណានោះទេ។
លោក វុទ្ធី បាននិយាយថា៖ «ខ្ញុំបានធ្វើតេស្តរកឃើញថា អវិជ្ជមាន ហើយក្រុមគ្រូពេទ្យក្រសួងសុខាភិបាលបានស្នើឲ្យខ្ញុំធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ ដូច្នេះខ្ញុំកំពុងធ្វើចត្តាឡីស័កនៅផ្ទះ» ដោយបានបន្ថែមថា ភរិយា និងកូនរបស់លោកកំពុងស្នាក់នៅដោយឡែកនៅផ្ទះអ្នកជិតខាងមួយរយៈ។
ភរិយា និងកូនរបស់លោកមិនទទួលបានការធ្វើតេស្តនោះទេ ពីព្រោះក្រសួងសុខាភិបាលបានប្រាប់លោកថា ប្រសិនបើលោកមិនមានរោគសញ្ញា នោះលោកមិនអាចចម្លងទៅអ្នកដទៃបាននោះទេ។ លោកវុទ្ធីបានបន្ថែមថា លោក និងអ្នកសារព័ត៌មានដទៃទៀត ដែលបានជួបជាមួយនឹងលោក Szijjarto ត្រូវបានប្រាប់ឲ្យជួបជាមួយនឹងវេជ្ជបណ្ឌិតជាបន្ទាន់ ប្រសិនបើកំណត់ឃើញមានរោគសញ្ញាណាមួយ។
លោក វុទ្ធី បាននិយាយថា៖ «ក្រុមពួកយើងបានពាក់ម៉ាស់នៅពេលយើងសម្ភាសន៍លោករដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី ប៉ុន្តែយើងបានដោះម៉ាស់ចេញនៅពេលយើងថតរូបជាមួយគាត់»។
យោងទៅតាមសេចក្តីថ្លែងការណ៍ពីក្រសួងសុខាភិបាលចុះកាលពីថ្ងៃទី០៥ ខែវិច្ឆិកា បន្ទាប់ពីទទួលបានព័ត៌មានថា លោក Szijjarto ត្រូវបានធ្វើតេស្តរកឃើញថា មានជំងឺកូវីដ១៩ ក្រសួងសុខាភិបាលបានធ្វើតេស្តលើអ្នកដែលបានប្រាស្រ័យទាក់ទងជាមួយនឹងលោករដ្ឋមន្រ្តី ហើយបានបញ្ជូនសំណាកពីការធ្វើតេស្តនោះទៅកាន់វិទ្យាស្ថានប៉ាស្ទ័រ។
សេចក្តីថ្លែងការណ៍ខាងលើបានសរសេរថា៖ «គិតមកត្រឹមម៉ោង១១យប់ ថ្ងៃទី០៤ ខែវិច្ឆិកា មនុស្សចំនួន ៦២៨នាក់ ត្រូវបានធ្វើតេស្តដោយវិទ្យាស្ថានប៉ាស្ទ័រ និងទទួលបានលទ្ធផលជំងឺកូវីដ១៩ អវិជ្ជមាន»។
វីដេអូមួយបង្ហោះនៅទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានបង្ហាញថា លោក Szijjarto បានចាប់ដៃជាមួយនឹងរដ្ឋមន្រ្តីក្រសួងកសិកម្មលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងធនធានទឹកលោក លឹម គានហោ និងរដ្ឋមន្រ្តីទទួលបន្ទុកអាកាសចរណ៍ស៊ីវិលលោក ម៉ៅ ហាវណ្ណាល់ ដែលភាគច្រើនមិនបានពាក់ម៉ាស់នោះទេ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានចូលរួមជាអធិបតីអំឡុងពេលពិធីចុះហត្ថលេខាផងដែរ ដែលក្នុងនោះអនុស្សារណៈចំនួនបីត្រូវបានចុះហត្ថលេខា។
អ្នកសារព័ត៌មានមួយរូបទៀត ដែលសុំត្រឹមឲ្យឈ្មោះថា សាម៉ន ដែលបានទៅយកព័ត៌មានពីពិធីខាងលើផងដែរ បាននិយាយថា លោកបានទៅធ្វើតេស្តរកជំងឺកូវីដ១៩ កាលពីព្រឹកថ្ងៃ០៥ ខែវិច្ឆិកា។
លោក សាម៉ន បាននិយាយថា៖ «ខ្ញុំបានទៅធ្វើតេស្តនៅក្រសួងសុខាភិបាលដោយមិនយកថ្លៃ ប៉ុន្តែខ្ញុំមិនទាន់ទទួលបានលទ្ធផលនោះទេ»។
លោក សាម៉ន បានបន្តថា លោកស្ថិតនៅក្នុងចំណោមអ្នកសារព័ត៌មានជាង ២០នាក់ផ្សេងទៀត ដែលបានទៅយកព័ត៌មានពីជំនួបរវាងរដ្ឋមន្រ្តីការបរទេសហុងគ្រីលោក Szijjarto និងឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងការបរទេស លោក ប្រាក់ សុខុន ប៉ុន្តែលោកមិនបានដឹងថា អ្នកសារព័ត៌មានចំនួនប៉ុន្មាននោះទេបានយកព័ត៌មានពីជំនួបបន្ទាប់រវាងលោករដ្ឋមន្រ្តីការបរទេសហុងគ្រី និងលោកនាយករដ្ឋមន្រ្តីហ៊ុន សែន។
លោក សាម៉ន បានបន្ថែមថា លោកមិនមានការព្រួយបារម្ភពីការឆ្លងជំងឺកូវីដ១៩ ពីព្រោះលោកឈរនៅឆ្ងាយពីលោក Szijjarto។
លោកសាម៉ុនបាននិយាយថា៖ «ខ្ញុំមិនព្រួយបារម្ភនោះទេ ពីព្រោះខ្ញុំមិនបានប្រាស្រ័យទាក់ទងដោយផ្ទាល់នោះទេជាមួយនឹងរដ្ឋមន្រ្តីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី ប៉ុន្តែគ្រួសារខ្ញុំបារម្ភពីសុវត្ថិភាពរបស់ខ្ញុំ។ ខ្ញុំបានឈរប្រហែល ៣ ទៅ ៤ម៉ែត្រឆ្ងាយពីគាត់»។
លោក អ៊ិត សូធឿត នាយកនៃនាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយ CCIM បាននិយាយថា នាពេលបច្ចុប្បន្ន អ្នកសារព័ត៌មានគួរដឹងថា ជំងឺកូវីដ១៩ នៅមានវត្តមាននៅឡើយ ហើយគួរប្រុងប្រយ័ត្ន និងគោរពតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក។
លោកបានលើកឡើងថា លោកបានដឹងថា អ្នកសារព័ត៌មានដែលបានចូលរួមក្នុងកិច្ចជំនួបនោះត្រូវបានធ្វើតេស្តដោយក្រសួងសុខាភិបាល និងត្រូវឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ។
លោក សុធឿត បាននិយាយថា៖ «ខ្ញុំគិតថា រដ្ឋាភិបាលគួរផ្តល់ជំនួយដល់ពួកគាត់ និងគ្រួសាររបស់ពួកគាត់ ខណៈពួកគាត់ធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ»។
លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ បាននិយាយថា ជំងឺកូវីដ១៩ នៅតែបង្កជាការគំរាមកំហែងនៅជុំវិញពិពលោក ហើយលោករដ្ឋមន្រ្តី Szijjarto បានធ្វើដំណើរពីតំបន់ដែលមានហានិភ័យខ្ពស់។
លោក គឹមអេង បាននិយាយថា៖ «យើងមានការសោកស្តាយដែលមន្រ្តីរបស់យើងមិនមានធ្វើឲ្យបានគ្រប់គ្រាន់ទៅតាមសេចក្តីណែនាំរបស់អង្គការសុខាភាពពិភពលោក ដើម្បីបញ្ចៀសការព្រួយបារម្ភដូចនេះ»។
លោកបានបន្ថែមថា រដ្ឋាភិបាលកម្ពុជាគួរតែចាត់ទុកស្ថានភាពនេះជាមេរៀនមួយសម្រាប់ពេលអនាគត ពីព្រោះការណ៍នេះបង្ហាញថា មន្រ្តីរដ្ឋាភិបាល និងពលរដ្ឋទូទៅនៅតែប្រឈមនឹងការឆ្លងប្រសិនបើពួកគេមិនប្រកាន់ខ្ជាប់នូវវិធានការរក្សាគម្លាត។
លោក គឹមអេង បានបន្ថែមថា៖ «ប្រសិនបើករណីឆ្លងជំងឺកូវីដ១៩ កើនឡើង នោះនឹងមានផលវិបាកធ្ងន់ធ្ងរមកលើកម្ពុជា»។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បានបញ្ជាក់ថា មានអ្នកសារព័ត៌មានក្នុងចំណោមមនុស្សសរុប ៦២៨នាក់ ដែលបានប្រាស្រ័យទាក់ទង់ជាមួយនឹងលោក Szijjarto ហើយលោកបានស្នើឲ្យអ្នកសារព័ត៌មានទាំងអស់ប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ និងគោរពតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលពាក់ព័ន្ធនឹងជំងឺកូវីដ១៩។
នៅក្នុងសារបង្ហោះមួយនៅលើទំព័រហ្វេសប៊ុកផ្លូវការកាលពីថ្ងៃទី០៤ ខែវិច្ឆិកា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានមានប្រសាសន៍ថា លោក និងក្រុមគ្រួសារ ក៏ដូចជាមនុស្សមួយចំនួនទៀត ដែលបានប្រាស្រ័យទាក់ទងជាមួយនឹងលោករដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងគ្រី បានធ្វើតេស្តរកឃើញថា មិនមានឆ្លងជំងឺកូវីដ១៩នោះទេ។
លោកបានសរសេរថា៖ «ទោះបី ខ្ញុំមិនមានឆ្លងកូវីដ១៩ក្តី តែដើម្បីសុវត្ថិភាពទាំងអស់គ្នា គ្រូពេទ្យតម្រូវឱ្យខ្ញុំរស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ សូម្បីតែភរិយា កូន និងចៅ
ក៏មិនអាចជួបបានដែរ»។
សាររបស់លោកនាយករដ្ឋមន្រ្តីបានបន្តថា លោកនឹងលុបចោលការចូលរួមក្នុងពិធីផ្សេងៗទៀត រួមមានពិធីបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា និងគម្រោងជួបជាមួយនឹងជនរងគ្រោះដោយសារទឹកជំនន់ក្នុងខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។
កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានចេញសេចក្តីថ្លែងការណ៍មួយ ដោយលើកឡើងថា គ្រប់ថ្នាក់ដឹកនាំ និងមន្រ្តីរបស់ក្រសួងបានធ្វើតេស្តរកជំងឺកូវី១៩ ហើយទទួលបានលទ្ធផលអវិជ្ជមាន និងត្រូវធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ។ នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃ០៣ ខែ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានលើកឡើងថា សមាជិកគណៈប្រតិភូហុងគ្រីមានវិញ្ញាបនបត្របញ្ជាក់ថា គ្មានវីរុសកូវីដ១៩ មុនពេលចាកចេញពីប្រទេសហុងគ្រី មកកាន់ប្រទេសកម្ពុជា៕