សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

តុលាការកំពូលនឹងប្រកាសសាលដីកាថ្ងៃ​៣០​មេសា ករណីសកម្មជនមាតាធម្មជាតិស្នើសុំនៅក្រៅឃុំ

កញ្ញា ភួន កែវរស្មី សមាជិកនៃក្រុមមាតាធម្មជាតិដែលជាប់​ពន្ធនាគារ​ចាក​ចេញ​ពី​តុលាការ​កំពូល​បន្ទាប់​ពី​បើក​សវនាការ​នៅ​ថ្ងៃ​ទី២៣ ខែ​មេសា ឆ្នាំ​២០២៥។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)
កញ្ញា ភួន កែវរស្មី សមាជិកនៃក្រុមមាតាធម្មជាតិដែលជាប់​ពន្ធនាគារ​ចាក​ចេញ​ពី​តុលាការ​កំពូល​បន្ទាប់​ពី​បើក​សវនាការ​នៅ​ថ្ងៃ​ទី២៣ ខែ​មេសា ឆ្នាំ​២០២៥។ (ខេមបូចា/ សុវណ្ណ ស្រីពេជ្រ)

សកម្មជនបរិស្ថាននៃអង្គការមាតាធម្មជាតិប្រាំនាក់ដែលជាប់ពន្ធនាគារបានបង្ហាញខ្លួននៅតុលាការកំពូលកាលពីថ្ងៃទី២៣ ខែមេសាដើម្បីស្នើសុំឲ្យមានការដោះលែងក្រៅឃុំបណ្តោះអាសន្ន បន្ទាប់ពីជាប់ឃុំជិតមួយឆ្នាំ ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ​ពី​៦​ទៅ​៨ឆ្នាំពីបទរួមគំនិតក្បត់ និងប្រមាថ​ព្រះមហាក្សត្រ  មានការរិះគន់ជាច្រើនដោយក្រុមសិទ្ធិមនុស្សនិង សហគមន៍អន្តរជាតិ​។ 

សកម្មជន​ទាំង​នោះ​ត្រូវ​បាន​តុលាការ​បដិសេធការស្នើសុំនៅក្រៅឃុំម្ដងរួចមកហើយកាលពីខែកុម្ភៈកន្លងទៅ។

កញ្ញា ឡុង គន្ធា, លី ច័ន្ទតារាវុធ, ភួន កែវរស្មី, ថុន រដ្ឋា និង យឹម លាងហ៊ី គឺជាអតីតសមាជិកអង្គការមាតាធម្មជាតិ៥នាក់ ក្នុងចំណោម​១០នាក់ ដែលត្រូវបានកាត់ទោសក្នុងសំណុំរឿងនេះ ហើយឥឡូវនេះកំពុងស្វែងរកការដោះលែងឲ្យនៅក្រៅឃុំ ដោយពួកគេកំពុងប្រទះនឹងបញ្ហាសុខភាព និងតម្រូវការគ្រួសារបន្ទាន់។

លោក យឹម លាងហ៊ី បានប្រាប់តុលាការកាលពីថ្ងៃទី២៣ ខែមេសា ថា៖ «ខ្ញុំស្នើសុំនៅក្រៅឃុំគឺ ដោយសារស្ថានភាពគ្រួសារខ្ញុំលំបាក»។ លោកបន្តថា៖ «ឪពុករបស់ខ្ញុំមានវ័យចំណាស់ និងឈឺរ៉ាំរ៉ៃ ហើយថ្មីៗនេះខ្ញុំទើបតែដឹងថា ម្តាយរបស់ខ្ញុំមានជំងឺមហារីកដំណាក់កាលទី៣ ក្នុងពេលជាមួយគ្នានេះ ខ្ញុំមានសុខភាពមិនល្អ ហើយពន្ធនាគារក៏មានការចង្អៀតណែនផងដែរ»។ 

លោក លាងហ៊ី គឺជាអ្នកដែលនឹងត្រូវជាប់ឃុំខ្លួនយូរជាងគេក្នុងចំណោមទាំងអស់ ដោយលោកត្រូវជាប់ពន្ធនាគាររយៈពេល៨ឆ្នាំ។ លោកក៏​បាន​លើក​ឡើង​ពី​ការបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុរបស់គ្រួសារគាត់ផងដែរ ហើយ​បាន​អះអាង​ថា​កុំមានការបារម្ភថាគាត់នឹងរត់គេចខ្លួន​។

លោក ថុន រដ្ឋា ក៏បានលើកឡើងពីបញ្ហាសុខភាពដែលកាន់តែយ៉ាប់យ៉ឺនរបស់គាត់ និងការសម្រាលកូនរបស់ប្រពន្ធគាត់កាលពីខែមុន ដែលទាំងនេះជាមូលហេតុរបស់គាត់ក្នុងការស្នើសុំនៅក្រៅឃុំ។ 

លោកបានប្រាប់ចៅក្រមថា៖ «ឥឡូវនេះខ្ញុំមានកូនបីនាក់ ហើយទំនួលខុសត្រូវទាំងអស់ គឺត្រូវធ្លាក់ទៅលើប្រពន្ធរបស់ខ្ញុំ»។ លោកបន្តថា៖ «ខ្ញុំ​តែងតែ​ធ្វើ​តាម​ច្បាប់ ហើយ​មិន​ដែល​​បង្កបញ្ហាក្នុងសង្គម​ទេ។ ខ្ញុំ​នឹង​ធ្វើ​តាម​លក្ខខណ្ឌដែល​តុលាការ​បាន​កំណត់ ដូច្នេះខ្ញុំសូមមេត្តាឲ្យខ្ញុំបាននៅក្រៅឃុំ»។ 

លោក សំ ចំរើន មេធាវីការពារក្តីម្នាក់ក្នុងចំណោមមេធាវីការពារសកម្មជនបរិស្ថានទាំងប្រាំនាក់ដែលកំពុងជាប់ពន្ធនាគារបានអះអាងថា សេចក្តីសម្រេចពីមុនរបស់សាលាឧទ្ធរណ៍ក្នុងការបដិសេធការដោះលែងពួកគេខ្វះភស្តុតាងរឹងមាំ និងមូលដ្ឋានច្បាប់។

យ៉ាងណាមិញតុលាការកំពូលមិនបានចេញសេចក្តីសម្រេចភ្លាមៗលើសំណើសុំដោះលែងក្រៅឃុំបណ្តោះអាសន្ននោះទេ។ ចៅក្រម​បាន​និយាយ​ថា សេចក្តី​សម្រេច​នឹង​ត្រូវ​ប្រកាស​នៅ​សប្តាហ៍​ក្រោយ​នៅ​ថ្ងៃ​ទី៣០ ខែ​មេសា។

ជនជាប់ចោទទាំងប្រាំនាក់បច្ចុប្បន្នកំពុងជាប់ឃុំនៅក្នុងពន្ធនាគារខេត្តផ្សេងៗគ្នាដែលទង្វើនេះត្រូវបានគេមើលឃើញថាជាការដាក់ទណ្ឌកម្មដោយមិនចាំបាច់ ជាពិសេសចំពោះគ្រួសាររបស់ពួកគេ។

អ្នកស្រី ប៉ាត រស្មី ភរិយា​របស់​រដ្ឋា ​បាន​និយាយ​ថា ​នាង​មិនមានការរំពឹងខ្ពស់នោះទេ ប៉ុន្តែនៅតែរំពឹងថាតុលាការកំពូលនឹងធ្វើការសម្រេចជាថ្មីទៅលើការសម្រេចរបស់តុលាការថ្នាក់ក្រោម​។

អ្នកស្រី រស្មី និយាយថា៖ «ខ្ញុំគ្រាន់តែសង្ឃឹមថា រដ្ឋាភិបាល និងមន្ត្រីជាន់ខ្ពស់ពិចារណាឡើងវិញ ហើយដោះលែងពួកគេ ដើម្បីឱ្យពួកគេអាចត្រឡប់ទៅការពារបរិស្ថានវិញ»។ អ្នកស្រីបន្តថា៖ «ខ្ញុំ​ក៏​សង្ឃឹម​ថា តុលាការ​នឹង​ផ្តល់​យុត្តិធម៌ និង​ដោះលែង​គាត់​ឱ្យ​នៅ​ជាមួយ​ក្រុម​គ្រួសារ​វិញ»។ អ្នកស្រីបន្ថែមថា ការសម្រាលកូនដោយគ្មានប្តី ដែលជាប់ពន្ធនាគារមានចម្ងាយជិត ២០០គីឡូម៉ែត្រពីផ្ទះនៅខេត្តកណ្តាលកំពុងជួបការលំបាក ជាពិសេសពេលនេះអ្នកស្រីត្រូវមើលថែទាំកូន៣នាក់ដោយខ្លួនឯង។

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃ​អង្គការ​សិទ្ធិ​មនុស្ស​ លីកាដូ យល់ឃើញថា ការ​ចាប់​ខ្លួនអ្នកបរិស្ថានដាក់ពន្ធធនាគារមិនគួរកើតមានតាំងពីដំបូង ហើយកត់សម្គាល់ថាកាលពីដើមឡើយ តុលាការថ្នាក់ក្រោមធ្លាប់បានអនុញ្ញាតឲ្យពួកគេបាននៅក្រៅឃុំម្ដងរួចមកហើយ។ លោក​បាន​ថ្លែង​ថា​៖ «​ដូច្នេះ​វា​បង្ហាញ​ថា​ការ​ដោះលែង​ពួកគេ​នៅ​ក្រៅ​ឃុំ​មិន​មាន​បញ្ហា​ទេ​ហើយ​មិន​បង្ក​បញ្ហា​អ្វី​នោះ​ទេ​»​

លោក​បាន​អំពាវនាវ​ឱ្យ​បន្ត​គាំទ្រ​សកម្មជន​អង្គការ​មាតាធម្មជាតិ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ដោយ​និយាយ​ថា​ករណី​របស់​ពួកគេ​ គឺជាទម្រង់នៃ​ការ​បង្រ្កាប​មកលើអ្នកការពារបរិស្ថាន។ 

ក្នុងប៉ុន្មានខែបន្ទាប់ពីការកាត់ទោសរបស់ក្រុមបរិស្ថាននេះ មានអ្នកបរិស្ថានបីនាក់ទៀតត្រូវបានចាប់ខ្លួន អ្នកកាសែតកម្ពុជាម្នាក់ដែលរាយការណ៍អំពីការកាប់បំផ្លាញព្រៃឈើត្រូវបានសម្លាប់ និងអ្នកកាសែតជនជាតិអង់គ្លេសម្នាក់ ដែល​ស៊ើប​អង្កេត​ និងរាយការណ៍អំពីបទ​ល្មើស​បរិស្ថាន​នៅ​កម្ពុជា ត្រូវ​បាន​ដាក់​ក្នុង​បញ្ជី​ខ្មៅ និង​ហាម​មិន​ឲ្យ​ចូល​ប្រទេសកម្ពុជា។

ជាងមួយឆ្នាំមុន មុនពេលពួកគេជាប់ពន្ធនាគារ សមាជិកអង្គការមាតាធម្មជាតិបានទទួលពានរង្វាន់  Right Livelihood  សម្រាប់ «សកម្មភាពដែលមិនមានការភ័យខ្លាច និងចូលរួម» ដើម្បីការពារបរិស្ថានរបស់កម្ពុជា។ មូលនិធិស៊ុយអែត នៃពានរង្វាន់នេះ បានធ្វើការថ្កោលទោសការចាប់ខ្លួន និងការកាត់ទោសរបស់ពួកគេ។

ទោះបីជាត្រូវបានលុបឈ្មោះដោយក្រសួងមហាផ្ទៃក្នុងឆ្នាំ២០១៧ក៏ដោយ ក៏អង្គការមាតាធម្មជាតិបានបន្តប្រតិបត្តិការក្នុងប្រទេសកម្ពុជា៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Mother Nature Activists Seek Provisional Release Again; Top Court to Rule April 30

73 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម