កម្មករនិយោជិតប្រមាណជាងមួយពាន់នាក់ បានធ្វើកូដកម្មនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ថ្ងៃទី១៨ ខែធ្នូនេះ បើទោះបីខាងសាលាក្រុងចចារឱ្យផ្អាកមិនឱ្យមានការប្រមូលផ្ដុំធ្វើកូដកម្ម ដើម្បីទាមទារដំណោះស្រាយ ដែលក្រុមហ៊ុនមិនអនុវត្តតាមច្បាប់ស្តីពីការងារកន្លងមក។
ការធ្វើកូដកម្មនេះ ដោយសារតែខាងក្រុមហ៊ុនណាហ្គាវើលដ៍ មិនទាន់មានដំណោះស្រាយណាមួយជាក់លាក់សម្រាប់កម្មករនិយោជិតប្រមាណ៣៧៣នាក់ ដែលមិនព្រមទទួលកញ្ចប់សំណង ពីព្រោះពួកគេទាមទារឱ្យក្រុមហ៊ុនយកពួកគេចូលធ្វើការវិញ បន្ទាប់ពីក្រុមហ៊ុនបានបញ្ឈប់កម្មករនិយោជិតប្រមាណ១៣២៩នាក់ នៅចុងខែមេសា ឆ្នាំ២០២១ ក្រោមហេតុផលវិបត្តិកូវីដ១៩។
ភាគច្រើននៃបុគ្គលិកដែលត្រូវបានបញ្ឈប់ពីការងារបានទទួលយកកញ្ចប់ប្រាក់ដែលទូរទាត់ចំពោះការបញ្ឈប់ពីការងារក្រោមអ្វីដែលក្រុមហ៊ុនជំពាក់ពួកគេ ដោយសារអ្នកទាំងនោះគ្មានជម្រើស សល់តែបុគ្គលិកសហជីពចំនួន៣៧៣នាក់កំពុងទាមទារឲ្យទទួលយកពួកគេចូលបម្រើការងារវិញ ហើយនិយាយថា ពួកគេកំពុងត្រូវបានធ្វើទុក្ខបុកម្និញដោយសារការចូលរួមជាមួយសហជីពរបស់ពួកគេ។
កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន ណាហ្គាវើល បានថ្លែងថា ក្រុមសមាជិកនែសហជីពបានបោះឆ្នោតមិនយល់ព្រមលើសំណើររបស់សាលាក្រុង។ ពួកគេលើកឡើងថា ខាងសាលាក្រុងស្នើសុំឱ្យមានការពន្យាពេលធ្វើកូដកម្មនេះ ដើម្បីលេសមិនចង់ដោះស្រាយ ខណៈពួកគេបានតស៊ូគ្រប់វិធីដើម្បីរកយុត្តិធម៌អស់រយៈពេលជាង៨ខែមកហើយ។
កញ្ញា ស៊ីថរ ប្រាប់ឱ្យដឹងថា៖ «ក្រុមការងារសហជីពបានប្រជុំអនឡាញបន្ទាន់មួយនៅម៉ោង៥ល្ងាច ជាមួយកម្មករនិយោជិត ដែលមានអ្នកចូលរួមចំនួន៨២៣នាក់។ សហជីពបានរៀបរាប់ដំណើរការប្រជុំ ព្រមទាំងសារផ្សេងៗដែលអាជ្ញាធរលើកឡើង និងស្នើសុំពន្យាពេលធ្វើកូដកម្ម»។កញ្ញា ស៊ីថរ បន្តថា៖ «ក្រុមការងារសហជីពបានបោះឆ្នោតមិនយល់ព្រម លើសំណើរ ពន្យាពេលធ្វើកូដកម្មផងដែរ។ ជាលទ្ធផលនៃការបោះឆ្នោត មានកម្មករនិយោជិតចំនួន៨១៣នាក់ ស្មើនឹង៩៨,៨០សំឡេង បដិសេធន៍សំណើរសុំពន្យាពេលធ្វើកូដកម្មពីអាជ្ញាធរ»។
ចំណែកកញ្ញា ស៊ុន ស្រីពេជ្រ ជាសកម្មជនសហជីពណាហ្គាវើលដ៍ បានលើកឡើងថា ពួកគ មិនអាចពន្យាតាមការស្នើរបស់សាលាក្រុងទេ ដោយសារពួកគេបានតស៊ូមតិ ស្នើទៅក្រសួងពាក់ព័ន្ធនានាដើម្បីអន្តរាគមន៍ តែដូចជាមិនបានលទ្ធផលសោះ ដូច្នេះកម្មករនិយោជិតទាំងអស់ មកធ្វើកូដកម្មដោយសន្តិវិធីតាមពេលវេលាដែលបានជូនដំណឹងកន្លងមក។
សកម្មជនសហជីពរូបនេះបានប្រាប់ឱ្យដឹងថា៖ «យើងបានត្រៀមទាំងអស់ ទាំងពាក្យស្លោក ការលើកបដាក្រដាស បដាក្រណាត់ និងមានមេក្រូសម្រាប់និយាយ តែខាងអាជ្ញាធរបានផ្អាកមិនឱ្យយើងប្រើមេក្រូ នៅពេលដែលទាមទារចំណុចដែលកម្មករចង់បាន គឺគាត់ចុចបិទមេក្រូតែម្ដង»។
កញ្ញា បានប្រាប់ឱ្យដឹងទៀតថា ព្រឹកមិញនេះមានអ្នករាយការណ៍មកថា នឹងមានកិច្ចប្រជុំគណប្រតិភូបុគ្គលិក តែកញ្ញាសង្កេតមើលទៅដូចជាមិនឃើញអ្វីទេ ហើយខាងកម្មករនិយោជិតនៅតែរក្សាជំហរមិនបញ្ចប់កូដកម្មទេ ទាល់តែមានដំណោះស្រាយ និងទាមទារឱ្យក្រុមហ៊ុនទទួលយកសហជីពរបស់ពូកគេវិញ។
កញ្ញា ស្រីពេជ្រ អះអាងថា៖ «កំឡុងពេលដែលទាមទាស្នើសុំកុំឱ្យក្រុមហ៊ុនកាត់បុគ្គលិកមក ឃើញថាមានការគម្រាម មានការបញ្ចុះបញ្ចូលផងអីផង ដើម្បីដាក់សម្ពាធឱ្យកម្មករទទួលយកលុយ ទាំងដឹងថាកញ្ចប់លុយដែលបញ្ចប់កិច្ចសន្យាហ្នឹងមិនគ្រប់»។
យ៉ាងណាមិញ ខេមបូចា មិនអាចសុំការបកស្រាយបានទេពីលោក Hein Dames ប្រធានផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ និងបុគ្គលិកផ្នែកធនធានមនុស្សផ្សេងទៀតមានលោក ឌី សីហា និង រស់ ប៊ុនឡេង។
យោងតាមសេចក្ដីថ្លែងការរបស់សហជីព បានឱ្យដឹងថា ក្រុមហ៊ុនណាហ្គាវើលដ៍បានបញ្ឈប់កម្មករនិយោជិតដោយបង្ខំចំនួន១៣២៩នាក់ នៅចុងខែមេសា ឆ្នាំ២០២១ ក្រោមហេតុផល វិបត្តិកូវីដ១៩ ដោយមិនព្រមអង្គុយពិភាក្សាជាមួយសហជីពពីនីតិវិធីពាក់ព័ន្ធផ្សេងៗតាមផ្លូវច្បាប់ ថែមទាំងជ្រើសរើសឈ្មោះកម្មករ តាមការចង់បានរបស់ខ្លួន ដែលមានថ្នាក់ដឹកនាំសហជីព និងសមាជិកសហជីពភាគច្រើន ដោយមិនគោរពច្បាប់ស្តីពីការងារ និងបទដ្ឋានអន្តរជាតិ។
សេចក្ដីថ្លែងការណ៍ដដែល៖ « វិវាទនេះ សហជីពបានព្យាយាមដោះស្រាយដោយសន្តិវិធី ទាំងនៅក្នុងក្រុមហ៊ុន នៅក្រសួងការងារ និងនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល អស់រយៈពេលជាង៨(ប្រាំបី)ខែ នៅតែមិនមានដំណោះស្រាយ។ ដោយគ្មានជម្រើសបន្តទៅទៀត សហជីព និងសមាជិកបោះឆ្នោតសម្ងាត់សំរេចធ្វើកូដកម្ម ដោយមានកម្មករនិយោជិតចូលរួមចំនួន១៦៥៣នាក់ស្នើនឹង៩៧% ដើម្បីទាមទារដំណោះស្រាយចំនួន ៩(ប្រាំបួន)ចំណុចធំៗ ដែលក្រុមហ៊ុនណាហ្គាវើលដ៍មិនអនុវត្តតាមច្បាប់ស្តីពីការងារកន្លងមក»។
សេចក្ដីថ្លែងការនេះ បញ្ជាក់ទៀតផងដែរថា នេះជាលទ្ធផលនៃការបរាជ័យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលគ្មានចេតនាជំរុញឲ្យក្រុមហ៊ុនគោរពសិទ្ធិរបស់កម្មករនិយោជិត ដោយអនុឡោមតាមច្បាប់ជាតិ ក៏ដូចជា អនុសញ្ញាអង្គការពលកម្មអន្តរជាតិ (ILO) លេខ៨៧ និងលេខ៩៨។
កញ្ញា ស៊ីថរ អះអាងថា ទាំងអ្នកគ្រប់គ្រងក្រុមហ៊ុនណាហ្គាវើលដ៍ និងមន្ត្រីក្រសួងការងារ បាននិយាយម្តងហើយម្តងទៀតថា អ្វីគ្រប់យ៉ាងគឺស្របច្បាប់ និងតាមច្បាប់កម្ពុជា។ នេះបញ្ជាក់ឲ្យឃើញច្បាស់ថា ការអនុវត្តច្បាប់នៅកម្ពុជាមិនបានបំពេញតាមស្តង់ដារដែលតម្រូវក្រោមអនុសញ្ញាអង្គការពលកម្មអន្តរជាតិ(ILO) លេខ៨៧ និងលេខ៩៨ ឡើយ។
កញ្ញា ស៊ីថរ ប្រាប់ថា៖ « ប្រសិនបើការបដិសេធមិនទទួលស្គាល់តំណាងសហជីព ការបដិសេធមិនចរចាជាមួយសហជីពលើប្រាក់ឈ្នួល លក្ខខណ្ឌការងារ ការកាត់បន្ថយបុគ្គលិក ការបដិសេធលើការធានាថាការកាត់បុគ្គលិកដោយយុត្តិធម៌ និងតម្លាភាព បដិសេធមិនស្វែងរកលទ្ធផលដែលបានព្រមព្រៀងគ្នាជាមួយសហជីព ហើយបដិសេធមិនឲ្យមាន តំណាងកម្មករនិយោជិត នោះកម្មករនិយោជិតនឹងរងផលប៉ះពាល់នឹងភាពអយុត្តិធម៌យ៉ាងធ្ងន់ធ្ងរ»។
តំណាងឱ្យក្រុមចរចា ស៊ីថរ ថា ពិតជាសោកស្តាយនូវការរំពឹងទុករបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលកម្មករមិនឯកភាពតាមសំណើរក្នុងការពន្យាពេលកូដកម្ម ដោយក្រុមកម្មករលើកឡើងថា រឿងរបស់ពួកគាត់បានចំណាយពេលជិតមួយឆ្នាំហើយ និងមិនអាចពន្យាពេលតទៅទៀតបានទេ។
ចំណែកលោក ឃុន ថារ៉ូ អ្នកសម្របសម្រួលកម្មវិធីនៅមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សបានមានប្រសាសន៍ថា លោកមានការសោកស្ដាយ ដែលក្រសួងការងារហៅជួបចំនួនពីរលើក ក្នុងនោះក៏មានសាលាក្រុងដែរ តែមិនមានជាលទ្ធផលអ្វីទេ។
លោកមានប្រសាសន៍ថា៖ «អ្វីដែលខ្ញុំមើលឃើញកម្មករគាត់ប្រហែលជាគ្មានជម្រើសអីក្នុងការប្រើសិទ្ធិធ្វើកូដកម្មដែលធានាដោយច្បាប់ស្ដីពីការងារ សិទ្ធក្នុងការធ្វើកូដកម្មដោយសន្តិវិធី និងអហិង្សាហ្នឹងហើយ»។
លោកយល់ឃើញថា មានតែវិធីនេះទេ ដែលអាចដាក់សម្ពាធទៅលើនិយោជកដើម្បីចូលតុចចារដោយស្មោះ ហើយអាចឈានទៅដល់ការសប្បទានណាមួយ ស្របពេលសហជីពបានប្រឹងអស់ពីសមត្ថភាពហើយក្នុងការចចារ និងដើរអស់ពីនិតិវិធីច្បាប់។
លោកថា៖ «បើយើងមើលពីលក្ខណៈវិជ្ជាជីវៈ សហជីពគាត់ព្យាយាមអស់ពីលទ្ធភាពរបស់គាត់ហើយ។ ហើយអ្វីដែលខ្ញុំមើលឃើញ គឺឆន្ទៈរបស់ណាហ្គាក្នុងការដោះស្រាយបញ្ហាហ្នឹង»។
លោកមើលឃើញថា គ្មានដំណោះស្រាយណាអាចសះជាបានទេ លុះត្រាតែក្រុមហ៊ុនណាហ្គាវើលដ៍មានភាពស្មោះត្រង់ចូលតុចចារ ធ្វើការសប្បទានជាមួយសហជីព។
ទាក់ទងនឹងបញ្ហានេះ លោកម៉េត មាសភក្ភី អ្នកនាំពាក្យសាលារាជធានីភ្នំ មិនអាចធ្វើការអត្ថាធិបាយបានទេ។
ចំណែក លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹង ថា បញ្ហាដែលកើតមានឡើងរវាងណាហ្គាវើលដ៍ និងកម្មករនិយោជិតនេះ ខាងក្រសួង និងក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានដោះស្រាយទៅតាមនិតិវិធី និងច្បាប់ការងារ។
លោកមានប្រសាសន៍ថា៖ «ក្រសួងមានតែអំពាវនាវអ្នកដែលធ្វើកូដកម្មឱ្យគោរពទៅតាមនិតិវិធីនៃការដោះស្រាយវិវាទការងារ ដើម្បីជ្រើសយកគោលការណ៍រួមក្នុងច្បាប់ការងារ ដែលមានចែងថាការបញ្ចប់ការងារកម្មករគឺជាជម្រើសនិយោជិត និងនិយោជក ហើយកម្មករ និយោជិតទាំងអស់មានសិទ្ធិសម្រេចរៀងៗខ្លួនទោះបីនិយោជិតនោះជាសមាជិសហជីពក៏ដោយ»។
កន្លងមកនេះ ក្រសួងមើលឃើញថាមានស្ថានភាពខុសបន្តិចត្រង់ថាការបញ្ឈប់កម្មករនិយោជិតជាងមួយពាន់នាក់ តែអ្វីតាមដែលក្រសួងទទួលបានគឺមានតែបីរយនាក់ជាងតែប៉ុណ្ណោះ មិនដឹងថាទូរលេខខាងសហជីពទទួលបានមកពីណានោះទេ។ លោកបន្តថា អ្វីដែលមិនអាចបញ្ចប់ទៅបាននោះ គឺការទាមទាអ្វីដែលលើសពីចំណុចទូទៅនៃទីផ្សារការងារបរិបទកូវីដ១៩ ហើយសូមឱ្យកម្មករនិយោជិតទៅមើលច្បាប់ការងារឡើងវិញ ព្រោះមិនមានច្បាប់ការងារណាចែងថា ក្រុមហ៊ុនត្រូវតែទទួលអ្នកនោះធ្វើការមួយជីវិតនោះទេ។
លោកថា៖ «ខ្ញុំសូមបញ្ជាក់ឡើងវិញថា បើគ្រប់គ្នាមិនអនុវត្តច្បាប់ ហើយយកកូដកម្ម ឬបាតុកម្មជាចំណាប់ខ្មាំង យើងមិនអាចដោះស្រាយបញ្ហាបានទេ។ ខ្ញុំគិតថា នៅក្នុងការជួបគ្នាកន្លងមកនេះអ្វីដែលត្រូវធ្វើ និងអ្វីដែលត្រូវបូក អ្វីដែលត្រូវដកគឺបានបញ្ចាំងនៅលើក្ដាខៀនយើងឃើញទាំងអស់គ្នាហើយ»។
ទាក់ទងនឹងបញ្ហានេះ កន្លងមកមានអង្គការសង្គមស៊ីវិលចំនួន២៥ រួមមានសហជីពប្រចាំណាហ្គាវើលដ៍ អង្គការសង់ត្រាល់ អាដហុក លីកាដូ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អង្គការបណ្ដាញយុវជនកម្ពុជា និងអង្គការសង្គមស៊ីវិលមួយចំនួនទៀត បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ដោយបានចោទថាការបញ្ឈប់បុគ្គលិកនេះជាការបំពានសិទ្ធិការងារ និងសេរីភាពជាមូលដ្ឋានរបស់កម្មករសហជីពនៅកាស៊ីណូណាហ្គាវើលដ៍យ៉ាងធ្ងន់ធ្ងរ។
សេចក្ដីថ្លែងការណ៍បន្ថែមថា៖ «ទុក្ខវេទនា និងការរងអំពើអយុត្តិធម៌របស់កម្មករនិយោជិតនៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ គឺជាការឆ្លុះបញ្ចាំងការអនុវត្តច្បាប់ក្នុងប្រទេសកម្ពុជា ហើយវាក៏ជាគំរូអាក្រក់ទៅដល់និយោជកផ្សេងទៀតអនុវត្តតាមបទពិសោធន៍របស់ក្រុមហ៊ុនណាហ្គាវើលដ៍ដូចគ្នា»៕