សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សហជីពប្រចាំណាហ្គាវើលដ៍ដាក់ពាក្យបណ្ដឹងទៅក្រសួងការងារ ស្នើឲ្យក្រុមហ៊ុនបញ្ចប់ការបញ្ឈប់បុគ្គលិក

តំណាងបុគ្គលិកណាហ្គាវើលដ៍បានដាក់ញត្តិនៅក្រសួងការងារដើម្បីឲ្យផ្ដល់ការងារដល់បុគ្គលិក១៣០០នាក់វិញ ដែលអ្នកទាំងនេះកន្លងមកត្រូវក្រុមហ៊ុនជូនដំណឹងពីការបញ្ឈប់ពីការងារ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ
តំណាងបុគ្គលិកណាហ្គាវើលដ៍បានដាក់ញត្តិនៅក្រសួងការងារដើម្បីឲ្យផ្ដល់ការងារដល់បុគ្គលិក១៣០០នាក់វិញ ដែលអ្នកទាំងនេះកន្លងមកត្រូវក្រុមហ៊ុនជូនដំណឹងពីការបញ្ឈប់ពីការងារ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

បុគ្គលិកកាស៊ីណូណាហ្គាវើលដ៍ រួមទាំងមេដឹកនាំសហជីពប្រចាំក្រុមហ៊ុន បានដាក់ពាក្យបណ្ដឹងជាផ្លូវការទៅក្រសួងការងារ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ ខណៈដែលថ្នាក់គ្រប់គ្រងក្រុមហ៊ុនកំពុងបញ្ឈប់បុគ្គលិកជាលក្ខណៈទ្រង់ទ្រាយធំ ជាង១៣០០នាក់។

ចំនួនបុគ្គលិកដែលត្រូវបញ្ឈប់នេះមានចំនួនប្រហែលជាមួយភាគប្រាំមួយនៃចំនួនបុគ្គលិកសរុបប្រហែល៨ ០០០នាក់។  ការសម្រេចរបស់កាស៊ីណូមួយនេះបានប្រកាសឲ្យដឹងកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ដោយអ្នកគ្រប់គ្រងអះអាងថាមកពីការធ្លាក់ចុះចំណូលដោយសារតែវិបត្តិកូវីដ១៩។ ការរាលដាលជាសកលរបស់វីរុសកូវីដ១៩ បានធ្វើឲ្យប៉ះពាល់ដល់ប្រតិបត្តិការរបស់ក្រុមហ៊ុនជិតមួយឆ្នាំ មុនមានការបិទដំណើរការជាបណ្ដោះអាសន្នកាលពីខែមីនា បន្ទាប់ពីមានបុគ្គលិកតេស្តវិជ្ជមានកូវីដ១៩។

កាលពីខែមុន សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍(LRSU) បានច្រានចោលគម្រោងបញ្ឈប់បុគ្គលិកនេះ ដោយសារតែគម្រោងនេះមិនបានអនុញ្ញាតឲ្យសហជីពចូលរួមក្នុងការចរចា។ នៅថ្ងៃអង្គារ តំណាងសហជីពចំនួនប្រាំរូប បានដាក់ញត្តិដោយមានស្នាមមេដៃបុគ្គលិកប្រហែល២០០០នាក់ ជាសមាជិកនៃសហជីព ទៅកាន់ក្រសួងការងារប្រឆាំងនឹងការបញ្ឈប់បុគ្គលិកនេះ។

បណ្ដឹងដែលខេមបូចាទទួលបាន សហជីពទាមទារចំនួនប្រាំចំណុច ទីមួយទាមទារឲ្យបញ្ឈប់ការបញ្ឈប់បុគ្គលិក បញ្ឈប់ការគំរាមកំហែងបុគ្គលិកដោយហៅអ្នកទាំងនោះទៅនិយាយម្ដងម្នាក់អំពីការបញ្ឈប់ពីការងារ និងត្រូវផ្ដល់ប្រាក់អតីតភាពការងារឲ្យបានសមរម្យចំពោះអ្នកដែលត្រូវបញ្ឈប់ពីការងារ។ ក្នុងញត្តិនោះក៏បានទាមទារឲ្យមានការទូទាត់ប្រាក់សំណងដូចដែលមានចែងក្នុងច្បាប់ ហើយសម្រាប់ក្រុមហ៊ុនណាហ្គាវើលដ៍ត្រូវអនុវត្តតាមវិធានការក្រសួងសុខាភិបាលដើម្បីការពារកុំឲ្យមានការឆ្លងរាលដាលជំងឺកូវីដ១៩។

អ្នកស្រី ឈុន សុខា អនុប្រធាន សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ មានប្រសាសន៍ថាបុគ្គលិកដែលបានទទួលដំណឹងពីការបញ្ឈប់ពីការងារនឹងបន្តទាមទាររហូតដល់មានដំណោះស្រាយ។ គិតមកដល់ពេលនេះ អ្នកស្រីថា ថ្នាក់គ្រប់គ្រងក្រុមហ៊ុនបានដកសហជីពចេញពីការចរចា និងថាបុគ្គលិក១ ៣២៩នាក់ គិតត្រឹមថ្ងៃទី២៩ ខែឧសភា ត្រូវបានបញ្ឈប់ ដោយក្រុមហ៊ុនបានផ្ញើសារទៅចរចាជាមួយបុគ្គលិកម្នាក់ៗ ដោយមិនមានការចូលរួមពីតំណាងរបស់សហជីព។

អ្នកស្រីនិយាយថា៖ «ស្នាមមេដៃទាំងនេះបានប្រមូលមកពីបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ ពីព្រោះពួកគាត់មិនយល់ស្របជាមួយនឹងការបញ្ឈប់បុគ្គលិក»។ អ្នកស្រីថា ការបញ្ឈប់បុគ្គលិកនេះមិនមានហេតុផលសមរម្យទេ ដែលក្រុមហ៊ុនថាមកពីធ្លាក់ចុះចំណូលដោយសារកូវីដ១៩ ខណៈដែលរបាយការណ៍បង្ហាញថាក្រុមនហ៊ុននៅតែទទួលបានប្រាក់ចំណេញ និងជាពិសេសគម្រោងតម្លៃបួនពាន់លានរបស់គម្រោងណាហ្គា៣ នៅកំពុងបន្តសាងសង់នៅឡើយ។

អ្នកស្រីបានបន្ថែមថា៖ «ក្នុងករណីក្រសួងការងារមិនអាចសម្របស្រួលជម្លោះនេះបាន យើងនឹងបន្តដាក់ពាក្យបណ្ដឹងទៅកាន់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលទៀត»។

សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កន្លងមកធ្លាប់បានបង្ហាញពីប្រសិទ្ធភាពការងាររបស់ខ្លួន រួមមានកាលពីឆ្នាំ២០១៩ ពេលដែលសមាជិកខ្លួនបានតស៊ូការពារដោយជោគជ័យលើការដែលក្រុមហ៊ុនចង់បញ្ឈប់ប្រធានសហីព អ្នកស្រី ឈឹម ស៊ីថរ ហើយនៅពេលនេះអ្នកស្រី ក៏ស្ថិតក្នុងចំណោមបុគ្គលិកដែលនឹងត្រូវបញ្ឈប់ពីការងារដែរ។

កាលពីខែមិថុនា ឆ្នាំមុន បុគ្គលិកណាហ្គាវើលដ៍ជាង២០០នាក់បានដាក់ញត្តិទៅកាន់ក្រសួងការងារ ដោយបានស្នើឲ្យដំឡើងប្រាក់ឈ្នួលប្រចាំខែ៤០ដុល្លារបន្ថែមទៀត ខណៈដែលចំណូលរបស់ក្រុមហ៊ុននាពេលនោះនៅតែអាចទប់ទល់បានទោះមានការឆ្លងរាលដាលកូវីដ១៩។

ណាហ្គាវើលដ៍ បានចាប់ផ្ដើមដំណើរការផ្នែកខ្លះរបស់ខ្លួនឡើងវិញក្នុងខែកក្កដា បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថាកាស៊ីណូទូទាំងប្រទេសអាចបើកដំណើរការឡើងវិញបាននៅពេលនោះ។ យ៉ាងណា មិនមែនគ្រប់បុគ្គលិកទាំងអស់វិលចូលធ្វើការវិញនោះទេ នៅមានបុគ្គលិកជាច្រើនពាន់នាក់ទៀតនៅទាមទារជំនួយសង្គ្រោះបន្ទាន់។

ថ្នាក់គ្រប់គ្រងណាហ្គាវើលដ៍ ទាំងប្រធានប្រតិបត្តិបុគ្គលិក លោក Mike Ngai និងប្រធានផ្នែកធនធានមនុស្ស លោក Hein Dames មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេនៅថ្ងៃអង្គារនេះ។

លោក និន វណ្ណៈ អគ្គលេខាធិការរងគណៈកម្មមាធិការដោះស្រាយវិវាទ និងកូដកម្មនៃក្រសួងការងារ បានបញ្ជាក់ប្រាប់ខេមបូចាថា ក្រសួងបានទទួលពាក្យបណ្ដឹងរបស់បុគ្គលិកណាហ្គាវើលដ៍ហើយ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំមិនទាន់ច្បាស់ដែរ[ថាក្រសួងឆ្លើយតបពេលណា] ប៉ុន្តែយើងនឹងពន្លឿនលើបញ្ហានេះ»។ លោកថា ក្រុមមន្ត្រីជំនាញកំពុងធ្វើការលើរឿងនេះ។

លោកបន្ថែមថាក្រសួងកំពុងធ្វើការដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ប៉ុន្តែលោកមិន​បានអត្ថាធិប្បាយបន្ថែមលើជម្លោះនៅណាហ្គាវើលដ៍ទេ។

អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានឆ្លើយតាមសារជាអក្សរថាក្រសួងនឹងធ្វើតាមនិវិធីដោះស្រាយជម្លោះបន្ទាប់ពីបានទទួលពាក្យបណ្ដឹង។

តាមរយៈសារជាអក្សរនោះលោកបន្ថែមថា៖ «យើងមិនអាចធ្វើអ្វីបានក្រៅពីធ្វើតាមនិវិធីទេ មិនថាជាជម្លោះអ្វីនោះទេ ពួកគេមិនអាចត្រូវវាយតម្លៃរហ័សពេកទេ»

បើតាមច្បាប់ លោក ហេង សួរ ថាក្រុមហ៊ុនមានសិទ្ធិក្នុងការបង្កើន ឬកាត់បន្ថយចំនួនបុគ្គលិកផ្អែកទៅតាមស្ថានភាពសេដ្ឋកិច្ច ដោយពួកគេបានធ្វើតាមគោលការណ៍នៃការបញ្ចប់កិច្ចសន្យាការងារ។

សកម្មជនសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ អ្នកស្រី ហៃ សុភាព មានវ័យ៣៣ឆ្នាំ ជាបុគ្គលិកម្នាក់ក្នុងចំណោមបុគ្គលិកផ្សេងទៀតដែលនឹងត្រូវបញ្ឈប់ពីការងារ បន្ទាប់ពីបានទទួលសារជូនដំណឹងពីថ្នាក់គ្រប់គ្រង។ អ្នកស្រីបានធ្វើការជាអ្នកគ្រប់គ្រប់ផ្នែកលេងល្បែងអស់រយៈពេល១៤ឆ្នាំ នៅកាស៊ីណូណាហ្គាវើលដ៍។ អ្នកស្រី ប្រាប់ខេមបូចា ថាអ្នកស្រីសង្ឃឹមថាក្រសួងការងារនឹងអន្តរាគមន៍ជួយដោះស្រាយលើជម្លោះនេះ។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំជំទាស់ទៅនឹងការបញ្ឈប់បុគ្គលិកនេះ ព្រោះក្រុមហ៊ុនមិនធ្វើទៅតាមច្បាប់ចំពោះបុគ្គលិកដែលបានយល់ព្រមបញ្ចប់កិច្ចសន្យាការងាររបស់ពួកគេ»។ អ្នកស្រី និយាយដោយ​លើក​ឡើង​ថា​ ក្រុមហ៊ុនមិនបានទូទាត់ប្រាក់បំណាច់ត្រឹមត្រូវដោយផ្អែកលើប្រាក់សំណង និងប្រាក់អតីតភាពការងារ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ NagaWorld union files complaint to Labour Ministry asking casino execs to stop mass layoff

324 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម