សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កូដករណាហ្គាវើលដ៍ប្រមូលផ្តុំគ្នាតវ៉ាដោយចងក្រណាត់ខៀវលើក្បាលសរសេរថា «កុំយកលុយ ទិញសិទ្ធិ»

កូដករណាហ្គាវើលដ៍ប្រមាណជាង១០០នាក់បានតវ៉ា ដោយចងក្រណាត់ខៀវលើក្បាលសរសេរថា«កុំយកលុយ ទិញសិទ្ធិ» រួមទាំងលើកបដាទាមទារ ក្បែរស្ថានទូតរុស្សី ផ្លូវសុធារស រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ
កូដករណាហ្គាវើលដ៍ប្រមាណជាង១០០នាក់បានតវ៉ា ដោយចងក្រណាត់ខៀវលើក្បាលសរសេរថា«កុំយកលុយ ទិញសិទ្ធិ» រួមទាំងលើកបដាទាមទារ ក្បែរស្ថានទូតរុស្សី ផ្លូវសុធារស រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

កូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ប្រមាណជាង១០០នាក់នៅថ្ងៃអង្គារ បានប្រមូលផ្ដុំ​គ្នា​​តវ៉ា ដោយ​ចងក្រណាត់ខៀវលើក្បាលសរសេរ​ថា«កុំយកលុយ ទិញសិទ្ធិ»។ ទន្ទឹម​នឹងការតវ៉ានេះ ក្រុមកូដករត្រូវបានអាជ្ញាធរប្រើប្រាស់អំពើហិង្សា ខណៈអាជ្ញាធរ​បាន​ចោទ​កូដករវិញ​ថា បាន​ប្រើប្រាស់អំពើហិង្សាមកលើសមត្ថកិច្ច។

មិនខុសពីសព្វមួយដង កូដករណាហ្គាវើលដ៍ចេញធ្វើការតវ៉ានៅម៉ោង២រសៀល ដើម្បីទាមទារ​ឱ្យថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ ចេញដោះស្រាយវិវាទការងារដ៏រុំារ៉ៃឱ្យបានឆាប់។ ពិសេស​គឺ​ទទួលយកមេដឹកនាំ និងសកម្មជនសហជីពឱ្យចូលធ្វើការវិញ។

ចំណែកនៅថ្ងៃអង្គារ គឺជាថ្ងៃទីពីរហើយ ដែលពួកគេបានចេញតវ៉ាដោយធ្វើដំណើរពីផ្សារ​ទំនើប​អ៊ីអន ឆ្ពោះទៅក្បែររបងក្រុមហ៊ុនណាហ្គាវើលដ៍។ក៏ប៉ុន្តែអាជ្ញាធរជាច្រើននាក់ រួមមាន​កម្លាំងស៊ីវិល ប៉ូលិសចរាចរណ៍ និងសមត្ថកិច្ច បានដាក់របាំងរារាំងមិនឱ្យពួកគេបន្តដំណើរ​ទៅមុខ។

អ្នកស្រី ម៉ម សុវឌ្ឍិន ជាកូដករមួយរូបបានថ្លែងប្រាប់ ខេមបូចា ថា អ្នកស្រីចាត់ទុកថាទង្វើ​រារាំង និងការប្រើប្រាស់អំពើហិង្សាវាយដំ មកលើកូដករគឺជារឿងអាក្រក់បំផុត ដែលអ្នកស្រី​មិនអាច​ទទួលយកបានឡើយ។ ហើយការចេញធ្វើកូដកម្មនេះ គឺជាសិទ្ធិស្របច្បាប់​របស់​កម្មករ​ក្នុង​ការ​ទាមទារសិទ្ធិការងារនៅកន្លែងធ្វើការ ក្នុងករណីដែលអាជ្ញាធររារាំងកូដករ គឺបាន​បង្ហាញថា​អាជ្ញាធរ​លំអៀងទៅលើក្រុមហ៊ុន។

អ្នកស្រីឱ្យដឹងថា៖ «សម្រាប់ខ្ញុំចាត់ទុកថាសមត្ថកិច្ចដូចជាមនុស្សញៀនថ្នាំអ៊ីចឹង ព្រោះគ្មាន​ធម៌​មេត្តា និងសតិជាមនុស្ស ពួកយើងមិនមានកំហុសអីទេគ្រាន់តែអនុវត្តសិទ្ធិធ្វើកូដកម្ម​ដែលមាន​ចែងនៅក្នុងច្បាប់»។អ្នកស្រីបន្តថា៖ «ម្សិលមិញហ្នឹងចេញមកបោចសក់ ទាត់ធាក់ ទាញរុញ​ច្រាន  យកអាយកូមវាយក្បាលកូដករ និយាយទៅគឺពិបាកភ្នែកមើលមែនទែន ហើយខ្ញុំមិន​ធ្លាប់​ជួបមកពីមុនដែរ ទង្វើនឹងវាព្រៃផ្សៃមិនធ្លាប់ជួប»

អ្នកស្រី សុវឌ្ឍិន បញ្ជាក់ថា ពាក្យ «កុំយកលុយ ទិញសិទ្ធិ» ដែលក្រុមកូដករសរសេរលើ​ក្រណាត់​រុំក្បាល គឺដោយសារតែនៅពេលប្រជុំចរចាជាមួយក្រសួងការងារ និងក្រុមហ៊ុន​ណាហ្គាវើលដ៍ តែងតែបង្ខំបុគ្គលិកឱ្យយកលុយដើម្បីបញ្ចប់រឿងវិវាទការងារនេះ។

អ្នកស្រីក៏បានបដិសេធយ៉ាងដាច់ខាតថា ការចេញតវ៉ាធ្វើកូដកម្មកន្លងមកនេះ គឺពុំមាន​អ្នក​រៀបចំ ឬបញ្ចុះបញ្ចូលឡើយ គឺធ្វើឡើយដោយស្របតាមស្មារតីជារួមរបស់កូដករ និងស្រប​តាម​ច្បាប់ការងារតែប៉ុណ្ណោះ។

កូដករវ័យក្មេងមួយរូបទៀត គឺកញ្ញា​ ឈឹម រដ្ឋា ថ្លែងថា ទង្វើដែលអាជ្ញាធរ ដែលបាន​ធ្វើមក​លើក្រុមកូដករ គឺលើសពីតួនាទីជាសមត្ថកិច្ច ព្រោះបាន​បង្ហាញថាគាំទ្រថៅកែក្រុមហ៊ុន​បរទេស​ដែលមករកស៊ីលើទឹកដីខ្មែរ។

កញ្ញាអះអាងថា ការចេញសេចក្ដីប្រកាសរបស់សាលាក្រុងភ្នំពេញដែលចោទថាជាកូដកម្ម​ខុសច្បាប់ និងបានប្រើប្រាស់ហិង្សា ក៏ដូចជាលួចវត្ថុមានតម្លៃសមត្ថកិច្ច គឺជារឿងផ្ទុយ​ស្រឡះ​ពីការពិតជាក់ស្ដែង ព្រោះកូដកម្មដែលបុគ្គលិកណាហ្គាវើលដ៍កំពុងធ្វើ គឺមានចែងនៅក្នុងច្បាប់ និងមិនបានបង្ករចលាចលនៅក្នុងសង្គមឡើយ។ ហើយកម្មករគ្មានកម្លាំង និងអាវុធឯណា​ទៅ​វាយ​ដំសមត្ថកិច្ចទេ។

កញ្ញា រដ្ឋា ប្រាប់ថា៖ «ពួកខ្ញុំដើរអស់និតិវិធីច្បាប់៨ខែមកហើយ ហើយកូដកម្មនេះគឺស្របច្បាប់ ហើយពួកខ្ញុំជាប្រជាពលរដ្ឋដែលគេរំលោភសិទ្ធិការងារ ត្រូវគេរើសអើងសហជីពឯករាជ្យ គឺ​ពួកខ្ញុំ​មានសិទ្ធិធ្វើកូដកម្ម»។កញ្ញាបន្តថា៖«គាត់[អាជ្ញាធរ]ពាក់ឯកសណ្ឋានក្នុងនាមជាអ្នក​ការពារ​ប្រជាពលរដ្ឋ តែបែរជាស្លៀកពាក់ឯកសណ្ឋានក្នុងជួររដ្ឋ មកវាយធ្វើបាប ជេប្រមាថ​ពួកខ្ញុំទាំងស្រ្តីទាំងបុរស»

យ៉ាងណាមិញ កញ្ញានៅតែរក្សាជំហថានឹងបន្តធ្វើកូដកម្ម រហូតមានការដោះស្រាយ​ឱ្យ​សម​ស្រប​និងទទួលយកបាន ថ្វីបើមានការរារាំងពីសំណាក់អាជ្ញាធររដ្ឋក៏ដោយ។ ចំណែកឯការ​ទាមទាររបស់កម្មករ គឺទទូចឱ្យក្រុមហ៊ុនយកបុគ្គលិកដែលនៅសេសសល់ជាង២០០នាក់​ឱ្យ​ចូលធ្វើការវិញ និងទម្លាក់បទចោទមកលើថ្នាក់ដឹកនាំសហជីព និងសកម្មជនសហជីព​ទាំង​១៥រូប ព្រមទាំងទូទាត់សំណងឱ្យត្រឹមត្រូវតាមច្បាប់ការងារ។

កញ្ញាបញ្ជាក់ថា៖ «គោលជំហរពួកខ្ញុំនៅតែបន្តធ្វើកូដកម្ម។ ពួកខ្ញុំមានវិវាទតែជាមួយក្រុមហ៊ុន​ទេ តែស្ថាប័នរដ្ឋពាក់ព័ន្ធលូកដៃកាងក្រុមហ៊ុនបរទេសមួយនេះ ហើយធ្វើបាបកូដករនិងប្រើ​អំពើហិង្សាគ្រប់រូបភាព»។

កូដករណាហ្គាវើលដ៍ត្រូវបានចាប់ខ្លួនរុញដាក់ចូលក្នុងឡានក្រុង នៅពេលដែលពួកគេ​ព្យាយាមទៅធ្វើកូដកម្មនៅមុខសណ្ឋាគារ និងកាស៊ីណូណាហ្គាវើលដ៍ ក្នុងរាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

គួរជម្រាបជូនថា កាលពីថ្ងៃចន្ទ ទី២៧ មិថុនា រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដី​ប្រកាស​ថា​ ក្រុមបាតុករជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏ ប្រមាណជា ៧០នាក់ បានបន្តមកប្រមូលផ្តុំគ្នានៅកណ្តាលមហាវិថីសម្តេច សុធារស ដោយដើរលើទ្រូងផ្លូវ ចាប់ពី​មុខ​ចំណុចផ្សារទំនើបអ៊ីអន១ មកដល់ស្តុបនាគបាញ់ទឹក គឺជាបាតុកម្មខុសច្បាប់។

រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថាសកម្មភាពក្រុមកូដករដែលយកក្រណាត់ខៀវរុំក្បាល គឺជាការរៀបចំផែនការទុកមុនពីអ្នកក្រៅ ដើម្បីបង្កជាការប៉ះពាល់សណ្ដាប់ធ្នាប់ និងរបៀប​រៀប​រយសាធារណៈ រហូតកើតមានជាការប្រើអំពើហិង្សាមកលើសមត្ថកិច្ច។

សេចក្ដីប្រកាសបញ្ជាក់ថា៖ «ក្រុមបាតុករបាននាំគ្នាចងក្រណាត់ពណ៌ខៀវរុំក្បាល ភ្ជាប់នូវ​ពាក្យ​ស្លោកដូចៗគ្នាថា កុំយកលុយ ទិញសិទ្ធិ ដែលនេះបង្ហាញថា ក្រុមនេះបាន​ត្រៀម​លក្ខណៈ រួចជាស្រេច ក្រោមការរៀបចំផែនការទុកជាមុន​របស់មនុស្សមួយក្តាប់តូច​ដើម្បី​បង្កើតព្រឹត្តិការណ៍មិនល្អមកលើអាជ្ញាធរមានសមត្ថកិច្ច»។

ចំណែកលោក មេត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ សុំមិនបញ្ចេញការឆ្លើយ​តបណាមួយទាក់ទងនឹងការចេញធ្វើកូដកម្មសារជាថ្មីរបស់បុគ្គលិកណាហ្គាវើលដ៍ទេ ដោយ​លោកប្រាប់ឱ្យទៅមើលសេចក្ដីប្រកាសព័ត៌មានកាលពីម្សិលមិញ(ថ្ងៃចន្ទ)របស់រដ្ឋបាល​រាជធានីភ្នំពេញដែលទាក់ទងនឹងបញ្ហានេះ។

ទាក់ទងនឹងការបាត់បង់សម្ភារៈផ្សេងៗរបស់សមត្ថកិច្ចនេះ លោកបានបញ្ជាក់ថា ទោះបីក្នុង​នាម​ជាសមត្ថកិច្ចក៏ដោយ ប៉ុន្តែសាមីខ្លួន​មានសិទ្ធិក្នុងការប្ដឹងទាក់ទងនឹង​ការបាត់បង់សម្ភារៈ​ទាំងនេះ។

លោក មាសភក្តីថ្លែងថា៖ «ការដាក់ពាក្យប្ដឹងទាក់ទងនឹងការបាត់បង់របស់របរនេះ វាជារឿង​ឯកជនរបស់សមត្ថកិច្ចដែលជាម្ចាស់សម្ភារៈ»។ លោកបានបន្តថា៖ «គាត់(សមត្ថកិច្ច) ដូចជា​បានដាក់ពាក្យបណ្តឹងទៅខាងនគរបាលដើម្បីឱ្យស្រាវជ្រាវទៅលើករណីទាំងអស់ហ្នឹង»

យ៉ាងណាមិញ លោកបានបញ្ជាក់ថា កុំប្រើពាក្យថាកូដករជាអ្នកលួច ដោយគ្រាន់តែការធ្វើ​កូដកម្មនេះបានបណ្ដាលឱ្យបាត់បង់សម្ភារៈរបស់អាជ្ញាធរដែលជាអ្នករៀបចំសណ្ដាប់ធ្នាប់ពិតមែន ហើយទាក់ទងជាមួយការច្រានចោលរបស់កូដករវិញ លោកបានប្រាប់ថា វាជាការលើក​ឡើងរបស់កូដករតែប៉ុណ្ណោះ។

លោក ឃុន​ ថារ៉ូ មន្ត្រី​គ្រប់​គ្រង​កម្ម​វិធី​ការ​ងារ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅកាត់ថា(សង់ត្រាល់) យល់ឃើញថា វាមិនមែនជារឿងថ្មី និងចំឡែកទេ ដែល​អាជ្ញាធរធ្វើការចោទប្រកាន់ និងលាបពណ៍មកលើក្រុមកូដករកន្លងមក។

លោកសង្កត់ធ្ងន់ថា អ្វីដែលមិនអាចទទួលយកបាននោះគឺ អាជ្ញាធរមានសមត្ថកិច្ច ដែលមាន​តួនាទី​បម្រើពលរដ្ឋ បានប្រើប្រាស់អំពើហិង្សា​ដើម្បីបង្រ្កាបកម្មករក្នុងការប្រើប្រាស់​សិទ្ធិដែល​មានចែងក្នុងច្បាប់មកធ្វើកូដកម្មទៅវិញ។

លោកបានឱ្យដឹងថា៖ «អ្វីដែលចំឡែកនោះគឺយើងមើលឃើញថា ការប្រើប្រាស់នូវ​អំពើហិង្សា​ទៅលើកូដករកាន់តែអាក្រក់ទៅៗ ដែលអាជ្ញាធរធ្វើការលើសពីកាតព្វកិច្ចកំណត់ដោយ​ច្បាប់» លោកបន្តថា៖ «ដូចកាលពីម្សិលមិញនេះ ការប្រើអាយកូមគប់មកលើកូដករ ការចាប់បោចសក់កូដករជារឿងមិនអាចទទួលយកបាន»។

យ៉ាងណាមិញលោកថា ការប្រើប្រាស់អំពើហិង្សាពីសំណាក់អាជ្ញាធរជាបន្តបន្ទាប់មកលើ​ក្រុម​កូដករ គឺជាភាពមិនប្រក្រតីរបស់អាជ្ញាធរ។ ករណីនេះ គួរណាតែមានការស៊ើបអង្កេត ថា​ដើមចមអ្វីបានជាមន្រ្តីសាធារណៈមកប្រើប្រាស់អំពើហិង្សាមកលើកូដករ។

យោងតាមក្រុមកូដករ ក្រុមហ៊ុនណាហ្គាវើលដ៏បានបញ្ឈប់កម្មករនិយោជិត​រួមទាំងមេដឹកនាំ​សហជីព និងប្រតិភូបុគ្គលិកចំនួន១ ​៣២៩នាក់ កាលពីខែមេសា ឆ្នំា២០២១ ក្រោមហេតុផល​រងវិបត្តិកូវីដ១៩។​ ដោយឡែក ក្រោមការសម្របសម្រួលពីក្រសួងការងារអស់១១ដង នៅតែមិនអាចស្វែងរក​ដំណោះស្រាយរួមឃើញចំពោះវិវាទមួយនេះ។ ហើយកាលពីពេលថ្មីៗនេះ ក្រុមកូដករបាន​យក​ញត្តិទៅដាក់នៅខុទ្ទកាល័យនាយករដ្ឋមន្រ្តី និងរដ្ឋសភា ដើម្បីសុំការអន្តរាគមន៍ ប៉ុន្តែគិតត្រឹមពេលនេះ មិនទាន់មានការឆ្លើយតបឡើយ៕​

189 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម